-
ពលរដ្ឋនៅខណ្ឌជ្រោយចង្វារតវ៉ាប្រឆាំងក្រុមហ៊ុនចាក់ខ្សាច់លុបដីពួកគាត់
- Issue Date 30-Apr-2015
អ្នកភូមិច្រើនសង្កាត់ ក្នុងខណ្ឌជ្រោយចង្វារ នៅថ្ងៃ២៩ ខែមេសា ឆ្នាំ២០១៥ កាន់បដាតវ៉ានៅលើដីកសិកម្មរបស់ពួកគេ ដែលក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី បូមខ្សាច់ចាក់លុបរំលោភយក។ ពលរដ្ឋភូមិព្រែកលៀប លោក ស៊ុន ប៊ុនសុង ថ្លែងថា ដីចម្ការទំហំជិត ១ហិកតារ ត្រូវក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី ចាក់ដីលុបស្ទើរអស់ ហើយឲ្យសំណងតម្លៃ ១ម៉ែត្រការ៉េតែ ១៥ដុល្លារ ប៉ុន្តែគាត់មិនអាចលក់ដីឲ្យបាន ព្រោះដីនោះផ្ដល់ចំណូលពីការដាំកសិផលមួយឆ្នាំជាង ៥ពាន់ដុល្លារ។លោកបន្តថា បើក្រុមហ៊ុនដំឡើងប្រាក់ទិញដីនោះចន្លោះពី ៣០០ ទៅ ៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េនោះទើបអាចចរចាគ្នាបាន៖ «សាលាខណ្ឌ ឬក៏សាលាក្រុងហ្នឹង សហការជាមួយក្រុមហ៊ុនហ្នឹង មកដោះស្រាយជូនពួកយើងខ្ញុំឲ្យបានក្នុងពេលឆាប់ៗ»។ បុរសម្នាក់ទៀតនៅភូមិស្វាយជួរ ឈ្មោះ ណារិទ្ធ ដែលចូលរួមតវ៉ាដែរឲ្យដឹងថា ដីដែលក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី កំពុងចាក់លុបនេះ ពីមុនមិនលិចទឹកទេ អ្នកភូមិដាំពោត សណ្ដែក បានផលច្រើន។ តែឥឡូវនៅពេលក្រុមហ៊ុនវិនិយោគចាក់លុបដីធ្វើឲ្យប៉ះពាល់ពលរដ្ឋអស់ ១២គ្រួសារ ហើយបំពានដល់ដីគាត់ដាំដុះទៀត ទើបគាត់ និងអ្នកភូមិ ៥សង្កាត់លើកគ្នាមកទប់ស្កាត់គ្រឿងចក្ររបស់ក្រុមហ៊ុនកុំឲ្យបន្តសកម្មភាពនេះតទៅទៀត៖ «ការតវ៉ា បើសិនគាត់អត់ដោះស្រាយអ៊ីចឹង គាត់នៅតែមកឈូសឆាយទៀត គឺពួកខ្ញុំនឹងនាំគ្នាមកតវ៉ាកាន់តែធំជាងនេះ»។ទាក់ទងករណីនេះដែរ តំណាងសហគមន៍ព្រែកលៀប លោក ឃឹម ភុន ថ្លែងថា បើសហគមន៍ទាំងអស់មិនរួមគ្នាប្រឆាំងទេ ក្រុមហ៊ុនពង្រីកសកម្មភាពប្លន់យកដីពលរដ្ឋដោយមិនមានសំណងឡើយ។ លោកថា សហគមន៍ទាំងអស់ក្នុងខណ្ឌជ្រោយចង្វារ នឹងតវ៉ាទ្រង់ទ្រាយធំបើសិនគ្មានការចរចាទិញដូរដីពីប្រជាពលរដ្ឋតាមតម្លៃទីផ្សារសេរីដោយសន្តិវិធីទេនោះ៖ «អត់ទាន់មានដំណោះស្រាយ មានតែពីដំបូងមកឲ្យតែប្រជាពលរដ្ឋ ១ការ៉េ ១៥ដុល្លារ។ អ៊ីចឹងប្រជាពលរដ្ឋមិនអាចលក់ជូនក្រុមហ៊ុនបានទេ ១៥ដុល្លារនោះ»។ នៅក្នុងព្រឹត្តិការណ៍តវ៉ានោះមានវត្តមានលោកអភិបាលរងខណ្ឌជ្រោយចង្វារ ឈ្មោះ ហ៊ុយ សារុន ទៅបញ្ឈប់គ្រឿងចក្រច្រើនគ្រឿងរបស់ក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី ដែលកាយចាក់ខ្សាច់មកលើដីអ្នកភូមិ។ លោកអភិបាលរងរូបនោះប្រាប់ថា លោកមិនមានភារកិច្ចដោះស្រាយរឿងនេះក្រៅតែពីសម្របសម្រួលកុំឲ្យមានបញ្ហាកើតអំពើហិង្សានៅទីនោះ។លោកបន្តថា ការដោះស្រាយគឺសម្រេចលើក្រុមហ៊ុន និងអភិបាលខណ្ឌជ្រោយចង្វារ លោក ឃ្លាំង ហួត។ប៉ុន្តែក្នុងករណីនេះ មេធាវីអង្គការសិទ្ធិលំនៅឋាន លោក ណន អូនី ថ្លែងថា ដើម្បីកុំឲ្យមានការតវ៉ាពីពលរដ្ឋមូលដ្ឋានក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី ត្រូវចរចាតម្លៃដែលពលរដ្ឋចង់លក់ដីឲ្យ និងក្រុមហ៊ុនចង់ទិញដីឲ្យបានស្រុះស្រួលគ្នា ទើបជំរុញឲ្យការអភិវឌ្ឍនៅទីក្រុងរណបជ្រោយចង្វារ មួយនេះ បានជោគជ័យ៖ «តម្លៃចរចាគឺជាតម្លៃមួយដែលអាចុះតទៅទៀត តែសំខាន់តើឆន្ទៈរបស់ក្រុមហ៊ុនហ្នឹងគាត់គួរតែដោះស្រាយបញ្ហា ឬក៏ទុកបញ្ហាហ្នឹង? ហើយបើសិនជាគាត់ការពារជំហរ ១៥ដុល្លារនោះ ខ្ញុំគិតថា វាមិនអាចទៅរួចទេ ព្រោះ ១៥ដុល្លារនោះ គឺវាមានតម្លៃដែលទាបជាងតម្លៃដែលរដ្ឋតម្រូវឲ្យប្រជាពលរដ្ឋបង់ពន្ធទៅទៀត ព្រោះបង់ពន្ធនោះ គឺពី ១០០ដុល្លារ ទៅ ៥០០ដុល្លារ»។ទោះយ៉ាងណា នៅថ្ងៃដដែលនេះ អ្នកភូមិបានផ្អាកការតវ៉ាបណ្ដោះអាសន្ន ក្រោយពីគ្រឿងចក្រក្រុមហ៊ុនបានដកថយតាមបញ្ជាអាជ្ញាធរខណ្ឌជ្រោយចង្វារ ប៉ុន្តែអ្នកស្រុកនៅតែតាមឃ្លាំមើលការលួចបំពានចាក់ខ្សាច់មកលើដីពួកគាត់ ដែលភាគច្រើនខាងក្រុមហ៊ុនតែងធ្វើឡើងនៅពេលយប់៕ដកស្រង់ចេញពីវិទ្យុអាស៊ីសេរី ចេញផ្សាយថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០១៥ ។