• សកម្មជន​ដីធ្លី​ពីរ​ក្រុម​ប្រមូលផ្តុំ​គ្នា​តវ៉ា​នៅមុខ​សាលា​រាជធានី​

    • Issue Date 30-Apr-2015

    ​អ្នកភូមិ​ប្រហែល​៥០​នាក់​មកពី​ភូមិ​បឹង​ឈូក ក្នុង​រាជធានី​ភ្នំពេញ​បានធ្វើ​ការតវ៉ា​នៅមុខ​សាលា​រាជធានី​កាលពី​ម្សិលមិញ ប្រឆាំងនឹង​ការព្យាយាម​របស់​អាជ្ញាធ​រ​មូលដ្ឋាន​ដើម្បី​បណ្តេញ​ពួកគាត់​ចេញពី​ផ្ទះសំបែង​របស់ខ្លួន​។​​អាជ្ញាធរ​ខណ្ឌឫស្សីកែវ​បាន​ចោទប្រកាន់​អ្នកភូមិ​ប្រហែល​៦០០​គ្រួសារ​ថា បាន​តាំង​ទីលំនៅ​ខុសច្បាប់​លើដី​របស់​រដ្ឋ​ហើយ​បាន​ជូនដំណឹង​ដដែលៗ​ឲ្យ​ពួកគាត់​ចាកចេញ ប៉ុន្តែ​គ្រួសារ​ទាំងនេះ​អះអាងថា ពួកគាត់​មាន​សិទ្ធិ​រស់នៅ​ទីនោះ​ហើយ​បដិសេធ​មិន​ព្រម​ចាកចេញ​ឡើយ​។​​យោងតាម​អ្នកភូមិ​បាន​ឲ្យ​ដឹងថា ការព្យាយាម​ចុងក្រោយរ​បស់​អាជ្ញាធរ​ដើម្បី​បណ្ដេញ​ពួកគាត់​ចេញ​នោះបាន​កើតឡើង​កាលពី​ថ្ងៃ​ច័ន្ទ នៅពេល​អភិបាលរងខណ្ឌ ជា ពិសី បានមក​ដល់​ជាមួយ​សន្តិសុខ​ខណ្ឌ​រារាំង​ពួកគាត់​មិន​ឲ្យ​ជួសជុលផ្ទះ​សំបែង​របស់​ខ្លួន​។​​លោក ទូច សំអុន ដែល​បាន​ចូលរួម​ធ្វើការ​តវ៉ា​នៅមុខ​សាលា​រាជធានី​កាលពី​ម្សិលមិញ​បាន​និយាយថា “​យើង​គ្រាន់តែ​ផ្លាស់ប្ដូរ​ដំបូល​ប្រក់​ស្លឹក​ចាស់​របស់​យើង​ទៅ​ប្រក់​ស័ង្កសី​តែប៉ុណ្ណោះ ដោយសារតែ​រដូវវស្សា​ខិតជិត​មកដល់​។ ប៉ុន្តែ​អាជ្ញាធរ​បាន​អះអាងថា ខ្ញុំ​បានរស់នៅ​ខុសច្បាប់​លើដី​រដ្ឋ ដូច្នេះ​ខ្ញុំ​គ្មាន​សិទ្ធិ​ជួសជុលផ្ទះ​របស់ខ្ញុំ​ឡើយ​”​។​​លោក សំអុន បាន​និយាយថា បន្ទាប់មក​អភិបាលរង​រូបនេះ​បាន​ទុកពេល​ឲ្យ​ខ្ញុំ​បី​ថ្ងៃ ដើម្បី​រុះផ្ទះ​របស់ខ្ញុំ​ទាំងស្រុង ដោយ​បង្ក​ឲ្យ​មាន​ការតវ៉ា​កាលពី​ម្សិលមិញ​។​​ក្រុមអ្នកតវ៉ា​បាន​ប្រមូល​ផ្ដុំគ្នា​នៅមុខ​សាលា​រាជធានី​រយៈពេល​ជាច្រើន​ម៉ោង ហើយ​ត្រូវបាន​រារាំង​ដោយ​ក្រុម​សន្តិសុខ​មិន​ឲ្យ​ចូលក្នុង​បរិវេណ​នោះ​ដើម្បី​ដាក់​ញត្តិ​សុំ​ឲ្យ​អាជ្ញាធរ​រាជធានី​ជួយ​អន្តរាគមន៍​ជំនួសមុខ​ឲ្យ​ពួកគាត់​។​​ទីបំផុត​ពួកគាត់​បាន​ចាកចេញ ហើយ​បានធ្វើ​ដំណើរ​ឆ្ពោះទៅកាន់​រដ្ឋសភា ដែល​នៅ​ទីនោះ​គណៈកម្មការ​សិទ្ធិមនុស្ស​ដែលមាន​គណបក្សប្រឆាំង​ជា​ប្រធាន​បានទទួល​យក​ញត្តិ​របស់​ពួកគាត់​។​​នៅ​សាលា​រាជធានី ក្រុម​អ្នកភូមិ​បឹង​ឈូក​ត្រូវបាន​ចូលរួម​ដោយ​សកម្មជន​ប្រហែល​៦០​នាក់​ទៀត ដែល​ត្រូវបាន​បណ្ដេញចេញ​រួចហើយ​ពី​តំបន់​បឹងកក់​ក្នុង​រាជធានី ហើយ​បានមក​ទាមទារ​សុំ​សំណង​បន្ថែម​។​​សាលា​រាជធានី​បាន​បណ្ដេញ​អ្នកភូមិ​ប្រហែល​៣.០០០​គ្រួសារ​ចេញពី​តំបន់​បឹងកក់ ដើម្បី​បើកផ្លូវ​សម្រាប់​គម្រោង​អចលនទ្រព្យ​ដែលមាន​តម្លៃ​ថ្លៃ​របស់លោក ឡាវ ម៉េង​ឃិន សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ក្នុងនោះ​លោក​បាន​ចំណាយ​ប្រាក់​៧៩​លាន​ដុល្លារ​ដើម្បី​ទទួលបាន​កិច្ចសន្យាជួល​តំបន់​នេះ​រយៈពេល​៩៩​ឆ្នាំ​កាលពី​ឆ្នាំ​២០០៧​។​​គ្រួសារ​អ្នកភូមិ​ត្រូវបាន​ផ្ដល់​ជម្រើស​រវាង​ប្រាក់​សំណង​៨.៥០០​ដុល្លារ ឬ​ប្រាក់​៥០០​ដុល្លារ និង​ផ្ទះមួយ​ល្វែង​នៅ​ជាយ​រាជធានី ជា​ជម្រើស​ដែល​ពួកគាត់​និយាយថា មិន​យុត្តិធម៌​។​​សៀ ណា​រ៉េត បាន​និយាយថា “​យើង​ទទួលបាន​សំណង​តិចតួច ហើយ​ត្រូវបាន​បង្ខំ​ឲ្យ​ចាកចេញ​។ យើង​គ្មាន​ជម្រើស​ទេ​។ ពួកគេ​បាន​ប្លន់​យក​ដី​របស់​យើង​។ ប្រសិនបើ​មិនមាន​ការផ្ដល់​សំណង​បន្ថែម​ទេនោះ យើង​នឹងមិន​ឈប់​តវ៉ា​ឡើយ​”​។​​ពី​សាលា​រាជធានី អ្នក​ដែល​រង​ការបណ្តេញចេញ​នៅ​តំបន់​បឹងកក់​បានធ្វើ​ដំណើរ​ទៅ​កន្លែងផ្ទះ​ចាស់​របស់​ពួកគាត់ ដែល​ឥឡូវនេះ​ក្លាយជា​ការដ្ឋាន​សំណង់ ហើយ​បានធ្វើ​ការតវ៉ា​នៅ​ទីនោះ​រហូតដល់​ប្រហែលជា​ថ្ងៃត្រង់​។​​លោក ឡុង ឌី​ម៉​ង់ អ្នកនាំពាក្យ​សាលា​រាជធានី​បាន​មានប្រសាសន៍ថា អាជ្ញាធរ​រាជធានី​មិនអាច​ធ្វើ​អ្វី​សម្រាប់​ក្រុម​ណាមួយ​បានទេ ពីព្រោះ​អ្នកភូមិ​បឹង​ឈូក​ជាច្រើន​គ្រួសារ​តាំងទី​លំនៅ​លើដីរ​ដ្ឋ​ដោយ​ខុសច្បាប់ ហើយ​អ្នកភូមិ​តំបន់​បឹងកក់​បានទទួល​សំណង​រួចហើយ​។​​លោក​បាន​មានប្រសាសន៍ថា ” យើង​មិនអាច​ដោះស្រាយ​បញ្ហា​ជូន​ពួកគាត់​បានទេ ពីព្រោះ​ពួកគាត់​បានទទួល​សំណង​រួចហើយ​។ នោះ​មិនមែន​មានន័យថា យើង​មិន​ចង់​ជួយ​ពួកគាត់​ឲ្យ​មានបាន​នោះទេ ប៉ុន្តែ​យើង​មិនអាច​ធ្វើ​បានឡើយ​”៕ ​​ដកស្រង់​ពី​សារព័ត៌មាន ខេ​ម​បូ​ឌា​ដេលី ចេញផ្សាយ​ថ្ងៃទី ២៩ ខែមេសា ឆ្នាំ​២០១៥ ។​