• ទិវា​សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា​ផ្តោតលើ​ការលំបាក​ប្រមូល​ព័ត៌មាន​សាធារណៈ​ដោយ​អ្នកកាសែត

    • Issue Date 05-May-2015

    ​ថ្ងៃទី​០៣ ខែឧសភា ជា​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក តាំងពី​ឆ្នាំ​១៩៩៣​មក​។ សម្រាប់​ឆ្នាំ​២០១៥​កម្ពុជា​ប្រារព្ធ​ទិវា​ដ៏​សំខាន់​នេះ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​០៤ ខែឧសភា​ស្អែក ក្រោម​ប្រធានបទ​សារព័ត៌មាន​និង​ច្បាប់​ស្តីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន​។ ការពិភាក្សាគ្នា​របស់​អ្នកតំណាង​ស្ថាប័ន​នានា និង​អ្នកអនុវត្ត​ផ្ទាល់ ដែល​គ្រោង​ធ្វើ​នៅឯ​សណ្ឋាគារ​កាំបូឌីយ៉ាណា​នោះ នឹង​ផ្តោតជាសំខាន់​លើ​ឧបសគ្គ​ទាំងឡាយ​ចំពោះ​អ្នកកាសែត​កម្ពុជា ក្នុងការ​ប្រមូល​ព័ត៌មាន​សាធារណៈ​យកមក​ផ្សព្វផ្សាយ​។​​តើ​អនាគត​ច្បាប់​ស្តីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន​របស់​កម្ពុជា នឹង​ចែង​អំពី​អ្វីខ្លះ​សម្រាប់​ជួយ​អ្នកកាសែត​ឱ្យបំពេញ​ការងារ​បាន​ស្រួល ដោយ​ឯករាជ្យ និង​ទាន់ពេលវេលា​? តើ​អ្វីខ្លះ​ជា​ឧបសគ្គ​ជាក់ស្តែង​បច្ចុប្បន្ន​ដែល​រារាំង​ការអនុវត្ត​ការងារ​របស់​អ្នករាយការណ៍​ដំណឹង​?​ទាំងនេះ​ជា​សំណួរ​ខ្លះៗ សម្រាប់​វេទិកា​ពិភាក្សាគ្នា​របស់​អ្នកអនុវត្ត​ការងារ​ទាក់ទង​នឹង​សារព័ត៌មាន និង​អ្នកតំណាង​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស វិទ្យាស្ថាន​សារគមនាគមន៍​កម្ពុជា ក្លឹប​អ្នកកាសែត​កម្ពុជា សមាគមន៍​កម្ពុ​ជាការ​ពារ​អ្នកកាសែត និង​ដេ​ប៉ា​តឺ​ម៉​ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​សារគមនាគមន៍​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។​ជំនួប​ដែល​គ្រោង​ធ្វើ​នា​ថ្ងៃ​ចន្ទ ទី​០៤ ខែឧសភា ក្នុង​សណ្ឋាគារ​កាំបូឌីយ៉ាណា ដើម្បី​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​នៅ​កម្ពុជា​នោះ ក៏​ឆ្លៀត​ពិចារណា​អំពី​សេរីភាព​នៃ​ការសម្ដែង​មតិ​ជាទូទៅ និង​អំពី​ព្រឹត្តិការណ៍​ដ៏​សោកសៅ​របស់​ទស្សនាវដ្ដី Charlie Hebdo នៅ​ប្រទេស​បារាំង​ផងដែរ​។​​នៅពេលដែល​កម្ពុជា​ប្រារព្ធ​ទិវា​ដ៏​សំខាន់​នេះ​ក្រោម​ប្រធានបទ «​សារព័ត៌មាន និង​ច្បាប់​ស្តីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន​» លោក បាន​គី​មូ​ន អគ្គលេខាធិការ​អង្គការសហប្រជាជាតិ អ្នកស្រី អ៊ី​រី​ណា បូ​កូ​វ៉ា (Irina Bokova) អគ្គនាយក​អង្គការ​យូណេស្កូ និង​លោក ហ្ស៊េ​ដ រ៉ា​អាដ អាល់​ហ៊ូ​សេន (Zeid Ra-ad Al Hussein) ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស បាន​ថ្លែង​សារ​រួមគ្នា​ថា​៖ «​ដើម្បីឱ្យ​សន្តិភាព​ស្ថិតស្ថេរ​យូរអង្វែង ហើយ​ការអភិវឌ្ឍ​មាន​និរន្តរភាព គេ​ត្រូវតែ​គោរព​សិទ្ធិមនុស្ស​។ គ្រប់គ្នា​ត្រូវតែមាន​សេរីភាព​ស្វែងរក ទទួល និង​ផ្សាយ​ចំណេះដឹង និង​ព័ត៌មាន តាម​គ្រប់​មធ្យោបាយ​ផ្សព្វផ្សាយ ទាំង​លើ​ប្រព័ន្ធ​អ៊ិន​ធើ​ណិ​ត ទាំង​ក្រៅ​ប្រព័ន្ធ​អ៊ិន​ធើ​ណិ​ត​។ សារព័ត៌មាន​ដែលមាន​គុណភាព​នាំឱ្យ​ប្រជាជន​ធ្វើការ​សម្រេចចិត្ត​ដោយមាន​ព័ត៌មាន​ពេញលេញ​ទាក់ទង​នឹង​ការអភិវឌ្ឍ​សង្គម​របស់ខ្លួន​»​។​​ព្រឹត្តិការណ៍​នៅ​ថ្ងៃ​ចន្ទ ឯ​សណ្ឋាគារ​កាំបូឌីយ៉ាណា នឹងត្រូវ​ចូលរួម​ដោយ​លោក ខៀវ កាញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​កម្ពុជា អ្នកស្រី​អាន ឡឺ​ម៉េ​ស្ត្រ តំណាង​អង្គការ​យូណេស្កូ​នៅ​កម្ពុជា និង​ភ្ញៀវកិត្តិយស​សំខាន់ៗ​មួយចំនួនទៀត​ផងដែ​រ​៕​ដកស្រង់​ពី​វិទ្យុ​បាំ​រាំង​អន្តរជាតិ ចេញផ្សាយ​ថ្ងៃទី ០៣ ខែ ឧសភា ឆ្នាំ ២០១៥ ។​