• សង្គម​ស៊ីវិល​អំពាវនាវ​សុំ​ឲ្យ​រដ្ឋាភិបាល​លើកកម្ពស់​វិស័យ​សារព័ត៌មាន​

    • Issue Date 05-May-2015

    ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​ងារ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ អំពាវនាវ​សុំ​ឲ្យ​រដ្ឋាភិបាល និង​ភាគី​ពាក់ព័ន្ធ​ដទៃទៀត ផ្ដល់​សិទ្ធិ​ឲ្យ​បាន​ទូលំទូលាយ​ចំពោះ​វិស័យ​សារព័ត៌មាន ជាពិសេស​ត្រូវ​មានការ​គាំពារ​ដោយ​ច្បាប់​មួយ​ដ៏​ជាក់លាក់ និង​ត្រូវ​ហ៊ាន​ដាក់ទោស​ប្រឆាំង​អ្នក​បំពាន​លើ​អ្នកកាសែត ជាជាង​ត្រឹម​ចេញ​សេចក្ដីថ្លែងការណ៍​ថ្កោលទោស​។​​សារ​របស់​ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល ធ្វើឡើង​នៅពេលនេះ គឺ​ចំ​ថ្ងៃ​នៃ​ការ​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក ក្រោយពី​មហាសន្និបាត​អង្គការសហប្រជាជាតិ​កំណត់​ថ្ងៃទី​៣ ឧសភា ជា​ទិវា​រំលឹក​គុណ​ចំពោះ​អ្នកកាសែត ដែល​លះបង់​អាយុជីវិត និង​រង​ការគំរាមកំហែង​នៅ​ជុំវិញ​ពិភពលោក​។​​អង្គការ និង​សមាគម​ចំនួន ១៤​អង្គភាព​ដែល​ធ្វើ​កិច្ចការ និង​តាមដាន​យ៉ាង​ដិតដល់​ជុំវិញ​វិស័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា បង្ហាញ​កង្វល់​ពី​ភាព​ធូររលុង​នៃ​ការអនុវត្ត​ច្បាប់​របស់​រដ្ឋាភិបាល ដែល​ស្ថាប័ន​សង្គម​ស៊ីវិល​ទាំងនេះ ចាត់ទុកថា នៅតែមាន​អ្នកកាសែត​ត្រូវបាន​គេ​បាញ់សម្លាប់​ក្នុង​បុព្វហេតុ​បេសកកម្ម​របស់ខ្លួន និង​រង​ការគំរាមកំហែង​ពី​សុវត្ថិភាព ក៏ប៉ុន្តែ​អ្នកប្រព្រឹត្តិ​បទល្មើស​នៅតែ​ស្ថិត​ក្រៅ​ប្រព័ន្ធ​ច្បាប់ ហើយ​វា​បានក្លាយ​ទៅជា​វប្បធម៌​និទ្ទណ្ឌភាព​មួយ​ដ៏​ធ្ងន់ធ្ងរ​នៅ​កម្ពុជា​។​​នៅក្នុង​ថ្លែងការណ៍​រួម​របស់ខ្លួន កាលពី​ថ្ងៃទី​៣ ខែឧសភា ដែល​សេចក្ដីថ្លែងការណ៍​នោះ គឺ​ចេញ​ចំ​ថ្ងៃ​នៃ​ការ​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក អង្គការ និង​សមាគម​ទាំង ១៤​អង្គភាព​រកឃើញថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ មាន​អ្នកសារព័ត៌មាន និង​អ្នកធ្វើការ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក ត្រូវបាន​វាយប្រហារ ឃុំខ្លួន និង​ធ្វើឃាត ហើយ​រាល់​ការបោះពុម្ពផ្សាយ​ត្រូវបាន​ត្រួតពិនិត្យ​យ៉ាង​តឹងរ៉ឹង ឬ​អាច​ប្រឈម​ការបិទ​ទៀតផង​។ បន្ថែម​ពីលើ​នេះ​ទៀត ការ​រឹតត្បិត​សេរីភាព​សារព័ត៌មាន​បែបនេះ វា​គឺជា​ការរារាំង​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​សេរីភាព​ខាង​បញ្ចេញមតិ ដែលជា​មូលដ្ឋានគ្រឹះ​នៃ​ការអភិវឌ្ឍ​នៅក្នុង​សង្គម​ប្រជាធិបតេយ្យ​។​​ជាងនេះទៀត អង្គការ និង សមាគម​ទាំងនេះ​រកឃើញថា អ្នក​បំពេញ​កិច្ចការ​លើ​វិស័យ​សារព័ត៌មាន​នៅតែ​ពុំទាន់​មាន​ភាព​ឯករាជ​ពេញលេញ​ក្នុង​អាជីព​របស់ខ្លួន​នៅឡើយ​។ ក្រៅពីនេះ មាន​អង្គភាព​នៃ​ប្រព័ន្ធ​ព័ត៌មាន​មួយចំនួន​ត្រូវបាន​គេ​រកឃើញថា មាន​ទៅ​ទំនោរ​ទៅរក​គណបក្សកាន់អំណាច ហើយ​សេរីភាព​នៃ​ការបញ្ចេញមតិ ត្រូវបាន​រឹតត្បិត ជាពិសេស​អត្ថបទ​ត្រូវបាន​ត្រួតពិនិត្យ ដោយ​ភ្នាក់ងាររដ្ឋ​មុនពេល​ចេញផ្សាយ​ថែម​ទៀតផង​។​​អ្នកសម្របសម្រួល​គម្រោង​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា កញ្ញា ឆាយ ឈុនលី ថ្លែងថា ថ្វីបើ​ទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​មាន​មនុស្ស​កាន់តែច្រើន​ចាប់អារម្មណ៍​លើ​ជំនាញ​កាសែត ក៏​អាជីព​មួយ​នេះ​នៅតែ​ជា​ផ្នែក​មួយ​នៃ​ឧបសគ្គ ហើយ​ភាគច្រើន​ពួកគេ​ត្រូវ​ប្រឈម​ហានិភ័យ​ពី​អាយុជីវិត​ខ្ពស់​នៅឡើយ​។​​ឈុនលី បន្តថា អ្នកប្រព្រឹត្ត​បទល្មើស​សម្លាប់​អ្នកកាសែត​តិចតួច​ប៉ុណ្ណោះ ត្រូវបាន​គេ​នាំខ្លួន​មក​ផ្ដន្ទាទោស ប៉ុន្តែ​ការ​ប្រឈម​ចំពោះមុខ​នេះ អ្នក​ទាំងនោះ​នៅតែ​រកឃើញថា អាច​រស់​នៅក្រៅ​សំណាញ់​ច្បាប់​បាន​ដដែល​៖ «​ជាពិសេស​នៅ​ឆ្នាំមុន ឆ្នាំ​២០១៤ យើង​ឃើញ​មានរឿង​រ៉ាវ​ច្រើន មាន​អ្នកកាសែត​ដែល​ត្រូវ​រងរបួស មាន​អ្នកកាសែត​ដែល​ត្រូវគេ​សម្លាប់​អ៊ីចឹង​។ ប៉ុន្តែ​នៅមាន​ករណី​អ្នកកាសែត​មួយចំនួន​ដែល​កើតឡើង​មុន​ហ្នឹង ប៉ុន្តែ​សួរថា តើ​ករណី​អស់ហ្នឹង ត្រូវបាន​ស៊ើបអង្កេត​ដោយ​ជាក់លាក់​អត់​? គឺ​អត់​ទេ​»​។​​ទីប្រឹក្សា​ក្រសួង​ព័ត៌មាន លោក អ៊ុក គឹម​សេង បញ្ជាក់ថា គិត​មកដល់​ពេលបច្ចុប្បន្ន​នេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រមាណ​ជិត ៤០០​ស្ថាប័ន ដោយ​រាប់ទាំង​កាសែត​បោះពុម្ពផ្សាយ វិទ្យុ ទូរទស្សន៍ ព្រឹត្តិបត្រ គេហទំព័រ និង​ទស្សនាវដ្ដី​ជាដើម​ផង​។ ដោយឡែក សម្រាប់​វិទ្យុ​ទាំង​ផ្សាយ​ផ្ទាល់ ផ្សាយ​បន្ត​ប្រមាណ ២៤០​ស្ថានីយ​នៅ ទូទាំងប្រទេស ក្នុងនោះ​សម្រាប់​ភ្នំពេញ មាន​ស្ថានីយ​វិទ្យុ​ប្រមាណ ១០០​អង្គភាព​ទៅហើយ​។ ទន្ទឹមនឹងនេះ ទូរទស្សន៍​ចំនួន ២៤​ស្ថានីយ​។ ចំណែក​ទូរទស្សន៍​ខ្សែកាប​ចំនួន ១៥៣ ក្រុមហ៊ុន​កំពុងដំណើរការ​សព្វថ្ងៃ​។ ក្រៅពីនេះ នៅមាន​ភ្នាក់ងារ​កាសែត​បរទេស​ចំនួន ៤០​អង្គភាព​ទៀត​ក៏​កំពុង​ប្រតិបត្តិការ​របស់ខ្លួន​ដែរ​នៅ​កម្ពុជា​។​​ពាក់ព័ន្ធ​រឿងរ៉ាវ​នេះ ​​​​​អ្នកសម្របសម្រួល​គម្រោង​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា កញ្ញា ឆាយ ឈុនលី យល់ឃើញថា ថ្វីបើ​ស្ថាប័ន​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មើលទៅ​ហាក់​រីកលូតលាស់​ដែល​បញ្ជាក់​ពី​ប្រសិទ្ធភាព​ពេញលេញ​នៃ​ប្រជាធិបតេយ្យ តែ​ធាតុពិត​ការរីកដុះដាល​នេះ បានតែ​បរិមាណ​ប៉ុណ្ណោះ​។ បន្ថែម​ពីលើ​នេះ​ទៀត ឈុនលី ថ្លែងថា មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដ៏​តិចតួច​ណាស់​ឈរលើ​វិជ្ជាជីវៈ និង​ក្រុម​សីលធម៌​របស់ខ្លួន​សម្រាប់​បម្រើ​ឲ្យ​ប្រយោជន៍ សាធារណៈ​នោះ​។​​កញ្ញា ឆាយ ឈុនលី បន្តថា​៖ «​អ្វីដែល​យើង​សំដៅ​ហ្នឹង គឺ​ចង់​ឲ្យ​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដោយ​ឯករាជ្យ​។ ប៉ុន្តែ​សួរថា បើ​មើល​នៅក្នុង​សង្គម​យើង​បច្ចុប្បន្ន សួរ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​មាន​ប៉ុន្មាន ភាគរយ​ដែល​យើង​ជឿជាក់ថា​ឯករាជ្យ​?»​។​​ថ្លែង​នៅក្នុង​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក កាលពី​ព្រឹក​ថ្ងៃទី​៣០ មេសា កញ្ញា ស្រី សុធាវី នាយិកា​ប្រតិបត្តិការ​នៃ​អង្គការ​ក្រុមការងារ​ដើម្បី​ដោះស្រាយ​ទំនាស់​ឲ្យ​ដឹងថា បើទោះជា​រដ្ឋាភិបាល​បានទទួល​ស្គាល់​រួចហើយ​លើ​សេចក្ដីប្រកាស​ជា​សាកល​ស្តីពី​សិទ្ធិមនុស្ស​ដែល​កំណត់ដោយ​រដ្ឋធម្មនុញ្ញ​ក៏​សិទ្ធិសេរីភាព​នៃ​សារព័ត៌មាន​នៅតែ​ត្រូវបាន​រឹតត្បិត និង​រំលោភបំពាន​ដូច​មុន ជាពិសេស ប្រព័ន្ធ​ផ្សព្វផ្សាយ​នេះ​បាន​ធ្លាក់ចុះ ដែល​ពុំ​ធ្លាប់មាន​ក្នុង​រយៈពេល​មួយ​ទសវត្ស​ចុងក្រោយ​នេះ ក្រោយ​បោះឆ្នោត​ជា​សាកល​រួច​កាលពី​ឆ្នាំ​២០១៣​។ បន្ថែម​ពីលើ​នេះ​ទៀត ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅពេលនោះ ត្រូវ​ស្ថិតក្រោម​ការដាក់​កម្រិត​ការសង្កេត​ពី​រដ្ឋាភិបាល និង​ក្រសួង​ព័ត៌មាន​ថែមទៀត​ផង​។​​កញ្ញា ស្រី សុធាវី​៖ «​បច្ចុប្បន្ន​ថ្វីត្បិតតែ​សារព័ត៌មាន មានការ​រីក​លូត​សាស់ តែ​វិស័យនេះ ពុំមាន​ទាន់​មានឱកាស​ទូលំទូលាយ​ក្នុងការ​ប្រតិបត្តិ​តួនាទី​របស់ខ្លួន​ប្រកបដោយ​វិជ្ជាជីវៈ ក្រមសីលធម៌ ដោយ​សេរីភាព និង​ឯករាជភាព​នៅឡើយ​។ ស្ថាប័ន​ព័ត៌មាន​មួយចំនួន​នៅតែ​ស្ថិតក្នុង​ការគំរាមកំហែង​ជានិច្ច​។ អ្នកសារព័ត៌មាន និង​ចាងហ្វាង​កាសែត​មួយចំនួន ត្រូវបាន​ធ្វើឃាត ដកហូត​សិទ្ធិ បិទ​ស្ថាប័ន ប្រឈម​ការវាយប្រហារ ។​ល​។​»​។​​បើទោះជា​បែបណា របាយការណ៍​របស់​អង្គការ ហ្វ្រី​ដឹ​ម ហៅ​ស៍ (Freedom House) រកឃើញថា សិទ្ធិសេរីភាព​សារព័ត៌​មាននៅ​ប្រទេស​កម្ពុជា ទទួល​ចំណាត់ថ្នាក់​លេខ​រៀង ១៥៤ ក្នុងចំណោម​ប្រទេស ១៩៩ ជា​ប្រទេស​ដែល​ពុំមាន​សេរីភាព​ផ្នែក​សារព័ត៌មាន​ឡើយ​។​​សម្រាប់​របាយការណ៍​រួម​របស់​ក្រុម​អង្គការ និង​សមាគម​ទាំង ១៤​អង្គភាព​វិញ ដែល​ចេញផ្សាយ​ចំ​ថ្ងៃ​នៃ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក នៅ​ថ្ងៃទី​៣ ឧសភា ក្រៅពី​បង្ហាញ​ក្តីកង្វល់​ជុំវិញ​ស្ថានភាព​របស់​អ្នកកាសែត ថា​នៅតែ​ជា​ឧបករណ៍​ដ៏​គ្រោះថ្នាក់​នៅឡើយ​នោះ​។ ទន្ទឹមនឹងនេះ ស្ថាប័ន​ដែល​ធ្វើការ​យ៉ាង​ដិតដល់​រឿង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នេះ ក៏បាន​ដាក់ចេញ​នូវ​គោលការណ៍​ធំៗ ចំនួន ៧ ក្នុងនោះ​ក្រសួង​ព័ត៌មាន​គួរ​បង្កើត​ឲ្យ​មាន​អង្គភាព​ផ្ដល់​អាជ្ញា ប័ណ្ណ​ដោយ​តម្លាភាព ប្រព័ន្ធតុលាការ ត្រូវ​ចាត់វិធានការ​ដើម្បី​បញ្ចប់​អំពើ​និទ្ទណ្ឌភាព​ចំពោះ​អ្នកកាសែត និង​រដ្ឋសភា​គួរ​ធ្វើ​វិសោធនកម្ម​លើ​មាត្រា​មួយចំនួន​ក្នុង​ក្រមព្រហ្មទណ្ឌ បទ​បរិហារកេរ្តិ៍ មាត្រា ៣០៥ បទ​ប្រមាថ មាត្រា ៥០២ ការប្តឹង​បង្កាច់​បរិហារកេរ្តិ៍ មាត្រា ៣១១ និង​បទ​ធ្វើ​ឲ្យ​បាត់​ជំនឿ​លើ​សេចក្ដីសម្រេច​របស់​តុលាការ មាត្រា ៥២៣ ជាដើម​។​​ការផ្ដល់​អនុសាសន៍​ជាថ្មីទៀត​នៅពេលនេះ ស្ថាប័ន​ក្រៅ​រដ្ឋាភិបាល​ទាំងនោះ​យល់ឃើញថា ទាំង​រដ្ឋាភិបាល តុលាការ និង​ក្រសួង​ព័ត៌មាន​ផង នៅតែ​ខកខាន​នៅឡើយ​លើ​ចំណាត់ការ​របស់ខ្លួន​ដែល​ពុំទាន់​បាន​ធានា​លើ​អាជីព​ជា​អ្នកសារព័ត៌មាន ដើម្បី​អាច​ឲ្យ​ពួកគេ​បំពេញ​កិច្ចការ​ដោយ​ឯករាជ្យ និង​លើ​វិជ្ជាជីវៈ​។​​ដោយឡែក​លោក ប៉ា ងួនទៀង នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ថ្លែងថា ដោយ​មិនទាន់​គិត​ចំនួន​តួលេខ​នៃ​វិស័យ​សារព័ត៌មាន​នៅឡើយ​ផង ដែល​ត្រូវបាន​គេ​រកឃើញថា ធ្លាក់ចុះ​នោះ​។ ជាងនេះទៀត ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាពិសេស​សិទ្ធិសេរីភាព​នៃ​សារព័ត៌មាន ក៏​ទទួលរង​សម្ពាធ​ពី​បរិយាកាស​នយោបាយ​បាន​រុញច្រាន​ឲ្យ​វិស័យ​សារព័ត៌មាន​នេះ​ធ្លាក់ចុះ​យ៉ាងខ្លាំង​កាលពី​ឆ្នាំ​២០១៤ ដែរ​។ ទិដ្ឋភាព​ដូចនេះ ត្រូវបាន​លោក ប៉ា ងួនទៀង ប្រៀបធៀប​ថា គឺ​មិន​ខុសគ្នា​ឡើយ​ទៅនឹង​ព្រឹត្តិការណ៍​រដ្ឋប្រហារ កាល​ឆ្នាំ​១៩៩៧ ទេ​។​​អ្នកកាសែត​បានក្លាយ​ជា​មុខសញ្ញា​មួយ​បន្ថែមទៀត​ពី​ការសម្លាប់​បំបិទមាត់ ដោយ​យោធា​កាលណោះ​៖ «​ប្រទេស​កម្ពុជា មានការ​រងគ្រោះ​ដោយសារ​មាន​ការធ្វើ​រដ្ឋប្រហារ​មួយ​នៅក្នុង​រាជធានី​ភ្នំពេញ​។ កាលណោះ គឺ​បរិយាកាស​នយោបាយ​បាន​ចាក​ផុត​គន្លង​នៃ​លទ្ធិប្រជាធិបតេយ្យ ហើយ​ការសម្លាប់​រង្គាល ការបាត់​ខ្លួន​បានកើត​ឡើងជា​រៀងរាល់ថ្ងៃ​។ ដូច្នេះ​ឆ្នាំ​២០១៤ បើ​យើង​និយាយ​ពី​បរិយាកាស​វិញ​វា​ប្រហាក់ប្រហែល​អ៊ីចឹង គឺ​វា​ស្ថិតក្នុង​ការ​ភ័យ​ខ្លួន​មួយ​នៃ​អារម្មណ៍​អ្នកសារព័ត៌មាន ជាពិសេស​នៅ​កន្លែង​ទីលាន​ប្រជាធិបតេយ្យ និង​កន្លែង​ដែលមាន​ការប្រមូលផ្តុំ​តវ៉ា​មួយចំនួនទៀត​»​។​​វិទ្យុ​អាស៊ីសេរី ពុំ​អាច​សុំ​ការបំភ្លឺ​បាន​ភ្លាមៗ​ទេពី​មន្ត្រី​រដ្ឋាភិបាល ដើម្បី​បំភ្លឺ​ជុំវិញ​ចំណាត់​ការប្រឆាំង​អ្នក​សម្លាប់​មកលើ​អ្នកកាសែត​។ ក៏ប៉ុន្តែ កន្លងទៅ​លោក ខៀវ សុភ័គ មន្ត្រី​នាំពាក្យ​ក្រសួងមហាផ្ទៃ ធ្លាប់បាន​អះអាងថា សំណុំរឿង​ឃាតកម្ម​ទៅលើ​កាសែត នគរបាល​យុត្តិធម៌​ពុំដែល​បាន​បិទ​សំណុំរឿង​ទុក​ឡើយ​។ បើទោះជា​បែបនេះ​ក៏ដោយចុះ មាន​មនុស្ស​តិចតួច​ណាស់​ដែល​ត្រូវគេ​នាំខ្លួន​មក​ផ្ដន្ទាទោស​ចំពោះ​ការបាញ់សម្លាប់​ទៅលើ​អ្នកកាសែត និង​គំរាមកំហែង​ក្រោម​ហេតុផល​មួយចំនួន​។​​របាយការណ៍​ដែល​ចេញផ្សាយ​ដោយ​អង្គការ​ក្រុមការងារ​ដើម្បី​ដោះស្រាយ​ទំនាស់​បាន​បង្ហាញថា ចាប់តាំងពី​ឆ្នាំ​២០១២ មកដល់​ឆ្នាំ​២០១៥ មាន​អ្នកសារព័ត៌មាន​ជាង ១៣​នាក់​ហើយ ត្រូវបាន​សម្លាប់ និង ២៥​នាក់​ស្ថិតក្រោម​ការគំរាមកំហែង​។​​ជុំវិញ​រឿងនេះ ទីប្រឹក្សា​ក្រសួង​ព័ត៌មាន លោក អ៊ុក គឹម​សេង ទទួលស្គាល់ថា ក្រសួងសាមី​ពុំ​អាចធ្វើ​អ្វី​បាន​ក្រៅពី​សាច់ញាតិ​របស់​ជន​រងគ្រោះ​ដោយផ្ទាល់ តតាំង​តាម​យន្តការ​ច្បាប់​ដើម្បី​រក​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ​។ លើសពីនេះ​ទៀត​នេះ លោក​ថ្លែងថា អាច​មាននៅ​មធ្យោបាយ​មួយទៀត គឺ​កម្ពុជា​នៅមាន​សមាគម​អ្នកកាសែត និង ស្ថាប័ន​ពាក់ព័ន្ធ​ដទៃទៀត ត្រូវ​រួមគ្នា​ដើម្បី​ធ្វើយ៉ាងណា​ប្រឆាំង​រាល់​ការគំរាមកំហែង និង​ការសម្លាប់​ក្រៅ​ប្រព័ន្ធតុលាការ​មកលើ​អ្នកកាសែត​។​​លោក​ចាត់ទុកថា នេះ​ប្រហែលជា​វិធីសាស្ត្រ​អាចមាន​ប្រសិទ្ធភាព ហើយ​បន្ត​រក​យុត្តិធម៌ លុះត្រា​រកឃើញ​ស​ខ្មៅ​៖ «​ខ្ញុំ​គិតថា ទាំង​សមាគម​អ្នកសារព័ត៌មាន ទាំង​ក្រុមគ្រួសារ​ហ្នឹង ពួកគាត់​ត្រូវ​ប្រឹង​តស៊ូ​មតិ​។ ឧទាហរណ៍​ថា បើសិនជា​អ្នករងគ្រោះ​គាត់​នៅ​ស្ងៀម គេ​ហៅថា មិន​តស៊ូ​មតិ​ធ្វើ​អី​មួយ តើ​ក្រសួង​ធ្វើ​អី​កើត​អ៊ីចឹង​? សមាគម​អ្នកសារព័ត៌មាន​ទាំងអស់​ហ្នឹង​គួរតែ​រួមគ្នា​ទៅ​ថា តើ​យើង​ត្រូវធ្វើ​យ៉ាងម៉េច​ដើម្បី​ការស៊ើបអង្កេត​? ឬក៏​ករណី​ដែល​កើត​កន្លងមក​ហ្នឹង យើង​អាច​រកឃើញ​ខ្លះ​អ៊ីចឹង​»​។​​បើទោះជា​បែបណា លោក អ៊ុក គឹម​សេង យល់ឃើញថា បញ្ហា​ដែល​តែង​កើត​ចំពោះ​អ្នកកាសែត ដូច​ការបាញ់សម្លាប់​ក្រៅ​ប្រព័ន្ធតុលាការ និង​គំរាម​ប្រមាថ​អាយុជីវិត ភាគច្រើន​ណាស់ គឺជា​អ្នកកាសែត​ដែលមាន​ជាប់​ពាក់ព័ន្ធ​នឹង​ទំនាស់​ផលប្រយោជន៍ ដូចជា​ចាប់​ឈើ ឬ​ជំរិត​ទារប្រាក់​អី​ជាដើម​។ ក៏ប៉ុន្តែ​បើ​អ្នក​ដែល​បំពេញ​មុខងារ​តាម​វិជ្ជាជីវៈ​វិញ លោក​អះអាងថា កម្រ​ឃើញ​មាន​បញ្ហា​កើតឡើង​ណាស់​។​​មហាសន្និបាត​អង្គការសហប្រជាជាតិ បានប្រកាស​ឲ្យ​មាន​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​ជា​រៀងរាល់ឆ្នាំ នៅ​ថ្ងៃទី​៣ ខែឧសភា​។ មូលហេតុ​ដែល​ជំរុញ​ឲ្យ​មាន​ទិវា​នេះ​ឡើង គឺ​ដើម្បី​រំលឹក​គុណ​អ្នកកាសែត​ដែល​បាន​បូជាជីវិត​ក្នុង​បុព្វហេតុ​នៃ​ការបំពេញ​ការងារ​រប​ស់​ខ្លួន និង​លើកកម្ពស់​សិទ្ធិសេរីភាព ព្រមទាំង​ឯករាជភាព​របស់​ពួកគេ​៕​ដកស្រង់​ពី​វិទ្យុ​អាស៊ីសេរី ចេញផ្សាយ​ថ្ងៃទី ០៣ ខែ ឧសភា ឆ្នាំ ២០១៥​។​