-
អ្នកកាសែតនឹងលើកយកបញ្ហាប្រឈមនានាទៅជជែកក្នុងទិវាសេរីភាពអ្នកសារព័ត៌មាន
- Issue Date 05-May-2015
អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ ហៅកាត់ថា យូណេស្កូ (UNESCO) នឹងបើកឱកាសឲ្យមានការជួបជជែកគ្នាអំពីបញ្ហាប្រឈមនានាជុំវិញវិស័យសារព័ត៌មាននៅកម្ពុជា នៅថ្ងៃទី៤ ឧសភា ខាងមុខ ដើម្បីប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក។ក្នុងជំនួបនេះ មានការចូលរួមពីក្រុមអង្គការសង្គមស៊ីវិល និងស្ថាប័នដែលធ្វើការងារលើប្រព័ន្ធផ្សព្វផ្សាយជាច្រើន ក្នុងនោះរួមមានក្លឹបអ្នកកាសែតកម្ពុជា ជាដើម។ទិវាសេរីភាពសារព័ត៌មានពិភពលោកនៅកម្ពុជា ឆ្នាំ២០១៥ នេះ ធ្វើឡើងក្រោមប្រធានបទ "អ្នកសារព័ត៌មាន និងសិទ្ធិទទួលបានព័ត៌មាន"។ អង្គការយូណេស្កូ នឹងប្រារព្ធទិវានេះនាសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅថ្ងៃទី៤ ឧសភា ដោយមានការចូលរួមពីឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ក្លឹបអ្នកកាសែតកម្ពុជា សមាគមកម្ពុជា ការពារអ្នកកាសែត ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ហៅកាត់ថា ឌីអឹមស៊ី (DMC) រួមទាំងស្ថាប័នជាច្រើនទៀតដែលធ្វើការលើវិស័យនេះ។បើតាមសេចក្តីប្រកាសរបស់អង្គការយូណេស្កូ ផ្សព្វផ្សាយនៅថ្ងៃទី១ ឧសភា បានបង្ហាញថា គោលបំណងនៃការប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោកឆ្នាំនេះ គឺដើម្បីផ្តល់ឱកាសឲ្យតំណាងប្រព័ន្ធផ្សព្វផ្សាយ និងអ្នកអនុវត្តន៍ផ្ទាល់ លើកយកបញ្ហាប្រឈមនានាក្នុងការបញ្ជូនព័ត៌មានទៅសាធារណជន ទៅជជែក និងដើម្បីរំឭកដល់អ្នកសារព័ត៌មានដែលបានបាត់បង់ជីវិតក្នុងវិជ្ជាជីវៈសារព័ត៌មានរបស់ពួកគេ។លោក ប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានថ្លែងប្រាប់វិទ្យុអាស៊ីសេរី ថា ក្នុងឱកាសនោះលោកនឹងជជែកអំពីច្បាប់ទទួលបានព័ត៌មាន និងផលល្អ និងផលអាក្រក់នៃច្បាប់នេះ។ លោក ប៉ែន បូណា បន្ថែមថា ប្រធានបទត្រូវបានលើកឡើងខាងលើ គឺវាចំបរិបទប្រទេសយើង ដែលយើងគ្រប់គ្នាកំពុងទន្ទឹងរង់ចាំច្បាប់ស្ដីពីការទទួលបានព័ត៌មាននឹងឯង។ ដូច្នេះ នៅពេលជួបជុំគ្នានៅថ្ងៃទី៤ ឧសភា គេនឹងជជែកពិភាក្សាគ្នាថា តើច្បាប់ស្ដីពីសិទ្ធីទទួលបានព័ត៌មាននេះ យើងត្រូវរង់ចាំដល់ពេលណា ហើយថាមានផលល្អអី អាក្រក់អីយ៉ាងម៉េចទៀត?និយាយពីសេរីភាព ឬវិស័យសារព័ត៌មានទាំងមូលនៅកម្ពុជា ប្រធានក្លឹបអ្នកកាសែតកម្ពុជា រូបនេះ បានលើកឡើងថា បច្ចុប្បន្ននេះកំពុងតែរីកចម្រើនទៅមុខ ប៉ុន្តែករណីដោយឡែកៗខ្លះ ការប្រកបអាជីពវិជ្ជាជីវៈសារព័ត៌មាននៅតែមានបញ្ហា ដូចជាការគំរាមកំហែង និងរងអំពើហិង្សា ជាដើម។ដោយឡែក លោក សោម រតនា ប្រធានដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ នៅមិនទាន់អាចបញ្ជាក់បាននៅឡើយទេពីប្រធានបទ ដែលលោកនឹងត្រូវលើកជជែកក្នុងទិវានេះ។ បើតាមដំណឹង ការជួបជុំគ្នានៅថ្ងៃទី៤ ឧសភា នោះ ក៏មានតំណាងភាគីរដ្ឋាភិបាលចូលរួមដែរ។នៅមុនទិវាសេរីភាពសារព័ត៌មាននេះមកដល់ ក្រុមអង្គការសង្គមស៊ីវិលដែលធ្វើការងារលើប្រព័ន្ធផ្សព្វផ្សាយ បានរកឃើញថា អ្នកបំពេញកិច្ចការលើវិស័យសារព័ត៌មាននៅតែពុំទាន់មានភាពឯករាជ្យពេញលេញ ក្នុងអាជីពរបស់ខ្លួននៅឡើយ។ អង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់ បានបង្ហាញរបាយការណ៍ថា ចាប់តាំងពីឆ្នាំ២០១២ មកដល់ឆ្នាំ២០១៥ មានអ្នកសារព័ត៌មាន ១៣នាក់ហើយត្រូវបានសម្លាប់ និង ២៥នាក់ឋិតក្រោមការគំរាមកំហែង៕ដកស្រង់ពីវិទ្យុអាស៊ីសេរី ចេញផ្សាយថ្ងៃទី ០២ ខែ ឧសភា ឆ្នាំ ២០១៥ ។