-
អ្នកព័ត៌មានជើងចាស់មួយរូបលើកឡើងថា ដើម្បីឲ្យសារព័ត៌មានមានលក្ខណៈឯករាជ្យ និងឥតលម្អៀង គេត្រូវមានប្រភពធនធានគ្រប់គ្រាន់ និងភាពជាក់លាក់ ដើម្បីគាំទ្រដល់ការងារនោះ ។ និពន្ធនាយកសារព័ត៌មានខ
- Issue Date 05-May-2015
អង្គការសង្គមស៊ីវិលជាង២៥០ នៅថ្ងៃចន្ទនេះ ទាមទារឲ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ការអនុម័តពង្រាងច្បាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដោយស្នើឲ្យរដ្ឋាភិបាលបញ្ចេញសេចក្តីព្រាងជាសាធារណៈសម្រាប់ការពិគ្រោះយោបល់។អង្គការសង្គមស៊ីវិលទាំងនោះរួមមានវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា សម្ព័ន្ធសហគមន៍កសិករ កម្ពុជា គណៈកម្មាធិការនៃអង្គការ-សមាគមការពារសិទ្ធិមនុស្សកម្ពុជា អង្គការលីកាដូ អង្គការផេកកម្ពុជា និង អង្គការស្តារកម្ពុជា ជាដើម។សេចក្តីថ្លែងការណ៍របស់សង្គមស៊ីវិល ឲ្យដឹងថាអង្គការសង្គមស៊ីវិលបានធ្វើការភាពជាដៃគូជាមួយ រដ្ឋាភិបាលជាង៣០ឆ្នាំមកហើយ ក្នុងការស្តារ ការផ្សះផ្សារជាតិ ការកសាងសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមព្រមទាំងការអភិវឌ្ឍលើវិស័យផ្សេងៗទៀត។ បើតាមសេចក្តីថ្លែងការណ៍ ក្នុងឆ្នាំ២០១២ អង្គការសង្គមស៊ីវិលប្រមាណ១១៣០ បានចូលរួមចំណែកថវិកាចន្លោះពី ៦០០ទៅ ៧០០លានដុល្លារអាមេរិក ដើម្បីគាំទ្រការអភិវឌ្ឍប្រទេសកម្ពុជា។អង្គការសង្គមស៊ីវិលបានស្នើឲ្យផ្តល់សេចក្តីព្រាងច្បាប់ជាផ្លូវការដល់សាធារណជន និងទាមទារឲ្យបើកទូលាយក្នុងការពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធផ្សេងៗ។ សេចក្តីថ្លែងការណ៍បញ្ជាក់ថា«យើងខ្ញុំ អង្គការសង្គមស៊ីវិលសូមអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជាសូមលើកកម្ពស់ភាពជាដៃគូប្រកបដោយសមភាព និងការទទួលខុសត្រូវរវាងរាជរដ្សាភិបាល និងអង្គការសង្គមស៊ីវិល ព្រមទាំងភាគីពាក់ព័ន្ធផ្សេងៗទៀត។ យើងស្នើសុំការបន្តេជ្ញាចិត្តរបស់រដ្ឋាភិបាលឆ្ពោះទៅ រកវប្បធម៌នៃការសន្ទនា ការការពារសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់កម្ពុជា»។នាយកប្រតិបត្តិគណៈកម្មាធិការកិច្ចសហប្រតិបត្តិការកម្ពុជា លោក សឿង សារឿន មានប្រសាសន៍ថា រហូតមកដល់ពេលនេះអង្គការប្រមាណ២៧២ បានគាំទ្រសេចក្តីថ្លែងការណ៍រួមស្តីពីការបញ្ឈប់ពង្រាងច្បាប់ និងធ្វើការពិគ្រោះយោបល់។ ក្នុងនោះ អង្គការអន្តរជាតិចំនួន៥០បានគាំទ្រសេចក្តីថ្លែងការណ៍នេះ។ថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថាច្បាប់ស្តីពីការគ្រប់គ្រងអង្គការក្រៅរដ្ឋាភិបាលនឹងត្រូវឆ្លងគណៈរដ្ឋមន្ត្រី ក្នុងខែឧសភា ឆ្នាំ២០១៥ខាងមុខនេះ ដោយលោកអំពាវនាវឲ្យមានការផ្តល់យោបល់ជាជាងការរារាំងកុំឲ្យមានការអនុម័តច្បាប់នេះ។ លោកនាយករដ្ឋមន្ត្រីបានរិះគន់អង្គការក្រៅរដ្ឋាភិបាលមួយចំនួនដែលបានយកលុយពីបរទេស ដើម្បីនិយាយអាក្រក់ពីរដ្ឋាភិបាល។ លោកបន្តថាការបង្កើតច្បាប់នេះ គឺដើម្បីការគ្រប់គ្រងមួយ មិនមែនដើម្បីរារាំងសកម្មភាពរបស់អង្គការក្រៅរដ្ឋាភិបាលនោះទេ។លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា«អង្គការក្រៅរដ្ឋាភិបាលកុំជ្រួលជ្រើមពេក ល្មមៗបានហើយ អស់លោកមិនទាន់មានសិទ្ធិអនុម័តនោះទេ។ លោកចង់និយាយក៏និយាយទៅចុះ ក៏ប៉ុន្តែសិទ្ធិរបស់រាជរដ្ឋាភិបាល សិទ្ធិរបស់សភា គឺអនុម័តហើយ…ប្រហែលចាប់ពីខែ៥(ឧសភា)ហ្នឹងទៅ គឺប្រជុំដាក់ចូលគណៈរដ្ឋមន្ត្រីហើយចង់នរណាគាំទ្រឬមិនគាំទ្រ សំឡេងរបស់សមាជិកសភាដែលមានសិទ្ធិអនុម័ត៥០បូក១គឺគ្រប់គ្រាន់ដើម្បីនឹងអនុម័ត។ យល់ល្អផ្តល់មតិវិញ ជៀសវាងទប់ស្កាត់មិនឲ្យចេញ»។បើយោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃស្តីពីលទ្ធផលការងារឆ្នាំ២០១៤ និងទិសដៅការងារ ឆ្នាំ២០១៥ ឲ្យដឹងថា មកដល់បច្ចុប្បន្ននេះ សមាគមអង្គការមិនមែនរដ្ឋាភិបាលដែលបានចុះបញ្ជីនៅក្រសួង មានចំនួនសរុប៤៣៧៨(សមាគម១៧០៦ និងអង្គការមិនមែនរដ្ឋាភិបាល២៦៧២)។ របាយការណ៍បន្តថានៅក្នុងឆ្នាំ២០១៤ ក្រសួងមហាផ្ទៃ បានចុះបញ្ជីសមាគមអង្គការមិនមែនរដ្ឋាភិបាលចំនួន៥៣៩(សមាគម ១៧៧ និង អង្គការមិនមែនរដ្ឋាភិបាល៣៦២)។សេចក្តីព្រាងច្បាប់ស្តីពីសមាគម ឬអង្គការមិនមែនរដ្ឋាភិបាលដែលត្រូវបានផ្សព្វផ្សាយដោយសង្គម ស៊ីវិលក្នុងស្រុក ឲ្យដឹងថាសមាគម ឬអង្គការមិនមែនរដ្ឋាភិបាលដែលមានបំណងចុះបញ្ជី អាចប្តឹងតវ៉ាទៅតុលាការបាន នៅពេលក្រសួងមហាផ្ទៃមិនព្រមចុះបញ្ជីឲ្យ។ បើតាមសេចក្តីព្រាងច្បាប់ដែលមាន៣៤មាត្រា និង៩ជំពូក សមាគម ឬអង្គការមិនមែនរដ្ឋាភិបាលត្រូវបង្ហាញព័ត៌មានលម្អិតទៅកាន់ក្រសួងមហាផ្ទៃ ក្នុងនោះក៏មានប្រភពធនធាន និងទ្រព្យសម្បត្តិផងដែរ។បើតាមសេចក្តីពង្រាង បន្ទាប់ពីច្បាប់នេះចូលជាធរមាន សមាគម ឬអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកដែលបានតម្កល់សំណុំលិខិតនៅក្រសួងមហាផ្ទៃ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរស្តីពីការបន្តសកម្មភាពរបស់ខ្លួនយ៉ាងតិច៣៦៥ថ្ងៃ ដោយមានបញ្ជាក់អំពីឈ្មោះ អាសយដ្ឋានៃទីស្នាក់ការ អត្តសញ្ញាណថ្នាក់ដឹកនាំ និងលក្ខន្តិកៈកែប្រែចុងក្រោយ(បើមាន)។ បើហួសរយៈពេលដូចបានកំណត់ខាងលើនេះ ក្រសួងមហាផ្ទៃចាត់ទុកថាសមាគម ឬអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកនោះបានបោះបង់សកម្មភាពរបស់ខ្លួនហើយ។ចំណែកសមាគម ឬអង្គការមែនមែនរដ្ឋាភិបាលបរទេសដែលបានចុះអនុស្សរណៈជាមួយ ក្រសួងការ បរទេស និងសហប្រតិបត្តិការអន្តរជាតិរួចហើយ នៅមានសុពលភាពអនុវត្តរហូតដល់ថ្ងៃផុតកំណត់សុពលភាពអនុស្សារណៈ៕ដកស្រង់ពីសារព័ត៌មានសម្លេងប្រជាធិបតេយ្យ ចេញផ្សាយថ្ងៃទី ០៤ ខែ ឧសភា ឆ្នាំ២០១៥ ។