• តុលាការ​កោះហៅ​លោក មា​ជ សុវណ្ណារ៉ា ឡើង​សវនាការ​ថ្ងៃទី ១៩

    • Issue Date 11-May-2015

    ​ភ្នំពេញៈ សាលាដំបូង​រាជធានី​ភ្នំពេញ​នឹង​សម្រេច​លើ​ជោគវាសនា​របស់លោក មា​ជ សុវណ្ណារ៉ា មន្ត្រីជាន់ខ្ពស់ និង​ជា​ប្រធាន​នាយកដ្ឋាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​គណបក្ស​ប្រឆាំង​ថា តើ​គាត់​មាន​ពិរុទ្ធភាព ឬ​អត់ នៅក្នុង​ខែ​នេះ បន្ទាប់ពី​គាត់​ត្រូវបាន​ចោទប្រកាន់​ពីបទ​ដឹកនាំ​អំពើ​បះបោរ​។​​លោក មា​ជ សុវណ្ណារ៉ា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​ប្រចាំខេត្ត​បន្ទាយមានជ័យ ត្រូវបាន​កោះ​ដោយ​លោក កែវ សុជាតិ ព្រះរាជអាជ្ញារង​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​បំភ្លឺ​ក្នុង​សវនាការ​ជំនុំជម្រះ ដែល​នឹង​រៀបចំឡើង​នៅ​ថ្ងៃ​អង្គារ​ទី ១៩ ។​​លោក មា​ជ សុវណ្ណារ៉ា ថា លោក​បានទទួល​ដីកាកោះ​ពី​តុលាការ​រួចហើយ លោក​នឹង​បង្ហាញខ្លួន​តាម​ការ​កោះ ដោយ​លោក​រំពឹងថា លោក​នឹង​ត្រូវបាន​លើកលែង​ឲ្យ​រួច​ផុតពី​ការចោទប្រកាន់ ដោយសារតែ​ករណី​លោក គឺជា​ករណី​នយោបាយ ហើយ​វិ​ប​តិ្ត​នយោបាយ​ត្រូវបាន​បញ្ចប់​រួចហើយ ដោយ​វប្បធម៌​សន្ទនា រវាង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ លោក​ថា​៖ «​មានការ​ឯកភាព​ជាតិ វប្បធម៌​សន្ទនា មិន​យក​ខ្មែរ​ជាស​ត្រូវ​ទេ ខ្ញុំ​នឹង​ត្រូវបាន​គេ​លើកលែងទោស​»​។​​លោក មា​ជ សុវណ្ណារ៉ា ត្រូវបាន​ចោទប្រកាន់​ពីបទ​ដឹកនាំ​ការបះបោរ និង​ចូលរួម​ក្នុង​អំពើ​បះបោរ បន្ទាប់ពី​មាន​បាតុកម្មហិង្សា​នៅ​ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំមុន​។ លោក​ត្រូវបាន​ចាប់ខ្លួន​នៅ​ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១៤ ហើយ​ត្រូវបាន​ដោះលែង​ពី​ពន្ធនាគារ​ព្រៃ​ស​នៅ​ថ្ងៃទី ១៣ ខែមេសា​។​​លោក ជូ​ង ជូ​ងី មេធាវី​ការពារ​លោក មា​ជ សុវណ្ណារ៉ា បាន​ថ្លែងថា ការជំនុំជម្រះ​នឹង​សម្រេច​ថា​តើ កូនក្តី របស់លោក​មាន​ពិរុទ្ធ ឬ​អត់ និង​ថា លោក​នឹង​ទៅ​ការពារ​កូនក្តី ប៉ុន្តែ​លោក​បាន​បដិសេធ​មិន​ធ្វើការ​អត្ថាធិប្បាយ​លើ​នីតិវិធី​របស់​តុលាការ​ទេ​៕ ​ដកស្រង់​ពី​សារព័ត៌មាន​ភ្នំពេញ​ប៉ុ​ស្តិ័ ចេញផ្សាយ​ថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ ២០១៥​។