-
ពលរដ្ឋខេត្តកោះកុងចោទក្រុមហ៊ុនចិនកាយប្រឡាយរំលោភដីអ្នកភូមិ២១គ្រួសារ
- Issue Date 18-May-2015
ប្រជាពលរដ្ឋចំនួន២១គ្រួសារ នៅខេត្តកោះកុង នៅថ្ងៃព្រឹកសៅរ៍នេះ បាននាំគ្នាតវ៉ាប្រឆាំងនឹងក្រុមហ៊ុនចិនមួយ ដែលបានយកគ្រឿងចក្រមួយគ្រឿងកាយប្រឡាយធ្វើព្រំដី ប៉ះពាល់ដល់ដំណាំអ្នកភូមិ ។ពលរដ្ឋម្នាក់ ក្នុងចំណោមអ្នកតវ៉ាទាំងនោះ លោក ទឹម ទុយ ប្រាប់ VOD នៅល្ងាចថ្ងៃសៅរ៍នេះថា ក្រុមហ៊ុនចិនយូញៀន ឌីវើឡុបមែន គ្រុប បានកាយប្រឡាយធ្វើព្រំដីកាត់ចំពាក់កណ្ដាលភូមិ ធ្វើឲ្យប៉ះពាល់ដល់ចម្ការអ្នកភូមិ២១គ្រួសារ នៅចំណុចកូនកុក ភូមិព្រែកស្មាច់ ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង ។ លោកថា ប្រជាពលរដ្ឋបានតវ៉ាអស់រយៈពេលជាច្រើនម៉ោង ទើបក្រុមហ៊ុនបញ្ឈប់សកម្មភាពរបស់ខ្លួននៅម៉ោងប្រហែល៣ល្ងាច ។ លោកបន្ថែមថា ប្រជាពលរដ្ឋបានរាយការណ៍ពីការរំលោភដីអ្នកភូមិនេះ ទៅដល់អាជ្ញាធរមូលដ្ឋាន មានប្រធានភូមិ មេឃុំ និងអភិបាលស្រុកផងដែរ ប៉ុន្តែមិនមានមន្ត្រីណាម្នាក់ជួយអន្តរាគមន៍នោះទេ ។លោក ទុយ ទឹម អំពាវនាវឲ្យអាជ្ញាធរ ដែលលោកប្រៀបប្រដូចនឹងអាណាព្យាបាលរបស់ប្រជាពលរដ្ឋនោះឲ្យចុះជួយប្រជាពលរដ្ឋ បញ្ឈប់ក្រុមហ៊ុនចិននោះកុំឲ្យរំលោភដីពួកគាត់បន្ថែមទៀត ។VOD ព្យាយាមទាក់ទងអភិបាលស្រុកគិរីសាគរ លោក ឃឹម ចន្ទឌី ដើម្បីបំភ្លឺករណីនេះ ប៉ុន្តែទូរសព្ទលោកមិនអាចទំនាក់ទំនងបាន ។យ៉ាងនេះក្ដី មន្ត្រីសម្របសម្រួលអង្គការសិទ្ធិមនុស្សលីកាដូប្រចាំខេត្តកោះកុង លោកអ៊ីន គង់ជិត ឲ្យដឹងថា លោកបានទាក់ទងអភិបាលស្រុកគិរីសាគរលោកឃឹម ចន្ទឌីនោះហើយ ដោយលោកថា លោកនឹងចុះទៅពិនិត្យមើលកន្លែងប៉ះពាល់នោះនៅថ្ងៃអាទិត្យស្អែកនេះ ៕ដកស្រង់ពីសារព័ត៍មានសម្លេងប្រជាធិបតេយ្យ ចេញផ្សាយថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៥។