• ពលរដ្ឋ​នាំគ្នា​តវ៉ា​ប្រឆាំង​គ្រឿងចក្រ​របស់​រដ្ឋបាល​ព្រៃឈើ​ខេត្ដ​កំពង់ធំ​

    • Issue Date 20-May-2015

    ប្រជាពលរដ្ឋ​ជិត​៤០​នាក់ នៅ​ស្រុក​បារាយណ៍ ខេត្ដ​កំពង់ធំ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ បាន​ប្រមូល​ផ្ដុំគ្នា​តវ៉ា​មិន​ឲ្យ​គ្រឿងចក្រ​របស់​រដ្ឋបាល​ព្រៃឈើ​ខេត្ដ ឈូសឆាយដី​ដើម្បី​ដាំ​កូនឈើ​ក្រញូង ដោយ​ពួកគេ​អះអាងថា ប៉ះពាល់​ដីចម្ការ​ដំឡូង​ពួកគាត់ ។​​ពលរដ្ឋ​នៅ​ឃុំ​បក់​ក្ដារ ស្រុក​បារាយណ៍ ខេត្ដ​កំពង់ធំ លោក ខុន រិ​ទ្ធិ ប្រាប់ VOD ថា មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ខេត្ដ​កំពង់ធំ លោក តឹ​ប ញាតា បាន​យក​គ្រឿងចក្រ​ប្រហែល​៤​គ្រឿង មក​ឈូសឆាយ​ដីធ្លី​ដើម្បី​ដាំ​កូនឈើ​ក្រញូង ប៉ុន្ដែ​បាន​ប៉ះពាល់​ដល់​ដីចម្ការ​ដំឡូង​ពលរដ្ឋ​ជាង​៣០​គ្រួសារ ដែល​ពួកគាត់​កំពុង​អាស្រ័យ​រាល់ថ្ងៃ ។ លោក​បន្ដថា ចំណុច​ដី​ដែល​រដ្ឋបាល​ព្រៃឈើ​ឈូសឆាយ​បម្រុង​ទុក​ដាំ​កូនឈើ​នោះ មិនបាន​ដាំ​កូនឈើ​នោះទេ ពោល​មានតែ​ដើម​ដំឡូង​ប៉ុណ្ណោះ ។ជាមួយគ្នា​នោះដែរ​លោក​ថា ខាង​រដ្ឋបាល​ព្រៃឈើ​ខេត្ដ​បាន​ហាមឃាត់​ពលរដ្ឋ​មិន​ដាំដំឡូង​បន្ដទៀត និង​បាន​គំរាមកំហែង​ចាប់​ពួកគេ​ដាក់ពន្ធនាគារ​ផងដែរ ។​​ ​​ពលរដ្ឋ​មួយរូប​ទៀត លោក អៀង អៃ ឲ្យ​ដឹងថា​តាម​គម្រោង​រដ្ឋបាល​ព្រៃឈើ គ្រោង​ឈូសឆាយ​តែ​ជាង​១០​ហិកតា​ប៉ុណ្ណោះ ប៉ុន្ដែ​បាន​ឈូសឆាយ​រាលដាល​ដល់​ដី​ពលរដ្ឋ​ជិត​២០​ហិកតា ទើប​ពួកគាត់​តវ៉ា​ឲ្យ​រដ្ឋបាល​ព្រៃឈើ​បញ្ឈប់​គ្រឿងចក្រ ។​VOD មិនអាច​ទាក់ទង​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ខេត្ដ​កំពង់ធំ លោក តឹ​ប ញាតា ដើម្បី​សាកសួរ​ពី​បញ្ហា​នេះ​បាន​នៅឡើយ​ទេ ដោយ​លោក​ប្រាប់ថា​ជាប់រវល់​។​​ ​​បើតាម​ពលរដ្ឋ​ឲ្យ​ដឹងថា ដីចម្ការ​ពួកគេ​ដែលមាន​ជម្លោះ​ជាមួយ​រដ្ឋបាល​ព្រៃឈើ​នោះ មាន​ជាង​៦២​ហិកតា ស្ថិត​នៅជាប់​ព្រំប្រទល់ ឃុំ​បក់​ក្ដា ស្រុក​បារាយណ៍ និង​ឃុំ​ក្រយា ស្រុក​សន្ទុក ខេត្ដ​កំពង់ធំ ហើយ​ពួកគាត់​បាន​ដាំដំឡូង និង​ដំណាំ​ផ្លែឈើ​ជាច្រើន​មុខ​ទៀត​តាំងពី​ឆ្នាំ​២០១០ ៕​ដកស្រង់​ពីសារ​ព័​ត៍​មាន​សម្លេង​ប្រជាធិបតេយ្យ ចេញផ្សាយ​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៥​។​