-
ក្រសួងការបរទេសកម្ពុជាក្រើនរំឭកឯកអគ្គរដ្ឋទូតអាមេរិកពីការជ្រៀតជ្រែកកិច្ចការកម្ពុជា
- Issue Date 21-May-2015
ក្រសួងការបរទេសកម្ពុជា នៅថ្ងៃពុធនេះបានក្រើនរំឭកឯកអគ្គរដ្ឋទូតអាមេរិក លោក វាលៀម ថដ(William E. Todd) ពីការជ្រៀតជ្រែកកិច្ចការកម្ពុជា ពាក់ព័ន្ធនឹងករណីលោករិះគន់សេចក្តីព្រាងច្បាប់គ្រប់គ្រងអង្គការក្រៅរដ្ឋាភិបាល និងសមាគម ដែលរដ្ឋាភិបាលកំពុងធ្វើសេចក្តីព្រាង។ក្រសួងការបរទេសកម្ពុជាបានចេញកំណត់ទូតមួយចុះកាលបរិច្ឆេតថ្ងៃទី២០ខែឧសភា ឆ្នាំ២០១៥ ដាក់ទៅស្ថានទូតអាមេរិកប្រចាំប្រទេសកម្ពុជា ដែលមានជាភាសាខ្មែរ និងភាសាអង់គ្លេស។ កំណត់ទូតឲ្យដឹងថាលោក វាលៀម ថដ បានសរសេរនៅលើប្លករបស់លោក និងត្រូវបានដកស្រង់មកផ្សាយដោយកាសែតភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃអង្គារថា“ដើម្បីទាញយកផលប្រយោជន៍នេះ កម្ពុជាត្រូវបង្ហាញនូវរូបភាពដែលទាក់ទាញវិនិយោគទុនបរទេស បច្ចេកវិទ្យា និងធនធានមនុស្ស” “មុខមាត់របស់កម្ពុជាកំពុងទទួលឥទ្ធិពលពីសេចក្ដីព្រាងច្បាប់អង្គការក្រៅរដ្ឋាភិបាល” និង“ខ្ញុំចូលរួមការអំពាវនាវដើម្បីធ្វើសកម្មភាព”ទៅកាន់សហគមន៍អន្តរជាតិ ដើម្បីទាមទាររដ្ឋាភិបាលកម្ពុជាចេញផ្សាយនូវសេចក្ដីព្រាងច្បាប់អង្គការក្រៅរដ្ឋាភិបាល និងរៀបចំឲ្យមានការពិគ្រោះយោបល់ប្រកបដោយអត្ថន័យ។កំណត់ទូតបន្ថែមថា“នៅពេលដែលរដ្ឋាភិបាលកម្ពុជាពិចារណាអំពីជំហានបន្ទាប់របស់ខ្លួន វាជាការសំខាន់ដែលត្រូវដឹងថាពិភពលោកកំពុងឃ្លាំមើល”។នៅក្នុងកំណត់ទូតនោះ ក្រសួងការបរទេសបានរំឭកលោកវាលៀម ថដ ពីអនុសញ្ញាទីក្រុងវីយ៉ែនស្តីពីទំនាក់ទំនងការទូតដែលចែងថា«ដោយពុំមានប៉ះពាល់ដល់បុព្វសិទ្ធិ និងអភ័យឯកសិទ្ធិរបស់ពួកគេ អ្នកដែលទទួលបានបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិមានកាតព្វកិច្ចគោរពច្បាប់ និងបទប្បញ្ញត្តិរបស់ប្រទេសម្ចាស់ផ្ទះ។ អ្នកទាំងនោះក៏មានកាតព្វកិច្ចមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋនោះដែរ»។ ក្រសួងបញ្ជាក់បន្ថែមថា«ដូចនេះឯកអគ្គរដ្ឋទូតអាមេរិកត្រូវគោរពអនុសញ្ញានេះ ដែលប្រទេសរបស់គាត់បានផ្តល់សច្ចាប័នរួចហើយនៅឆ្នាំ១៩៧២»។ កំណត់ទូតបញ្ជាក់ថា«ពាក្យសម្តីរបស់ឯកអគ្គរដ្ឋទូតបរទេសប្រចាំប្រទេសកម្ពុជាមានលក្ខណៈព្រហើនខ្លាំង ទោះបីគាត់តំណាងប្រទេសធំមួយក៏ដោយ»។បើតាមកំណត់ទូត កម្ពុជាជានីតិរដ្ឋ ដូច្នេះរាល់សេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់ ត្រូវជូនរដ្ឋសភាពិនិត្យ អនុម័ត ស្របតាមការកំណត់របស់រដ្ឋធម្មនុញ្ញ។អ្នកនាំពាក្យក្រសួងការបរទេសលោក កុយ គួង ប្រាប់VODថា«[ការចេញកំណត់ទូតនេះ] ចង់ក្រើនរំឭកគាត់ឲ្យបានយល់ការងាររបស់អ្នកកាទូតទូទៅដែលបំពេញការងារនៅប្រទេសជាម្ចាស់ផ្ទះ»។អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា លោក ជេ រ៉ាមែន (Jay Raman) ប្រាប់VODតាមរយៈអ៊ីម៉េលនៅថ្ងៃពុធនេះថាស្ថានទូតមិនមានយោបល់អ្វីលើកំណត់ទូតនេះទេ។កំណត់ទូតរបស់ក្រសួងការបរទេសកម្ពុជា ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃអង្គារបានថ្លែងថារដ្ឋសភាកម្ពុជានឹងអនុម័តច្បាប់នានាតាមការគ្រោងទុក បើទោះជាមានការរិះគន់ពីសំណាក់សង្គមស៊ីវិលនានា និងទូតបរទេសក្នុងដំណើរការអនុម័តច្បាប់អ្វីមួយ។ លោកបានថ្លែងថា«យើងនឹងបន្តចេញច្បាប់តាមដែលការកំណត់របស់យើង ព្រោះមានតែរដ្ឋសភាទេ ដែលមានសិទ្ធិអនុម័តច្បាប់ មិនមែនអង្គការក្រៅរដ្ឋាភិបាល មិនមែនទូតបរទេសទេ ដែលមានសិទ្ធិអនុម័តច្បាប់នោះ។ ពិតមែនហើយ យើងស្តាប់មតិយោបល់ផ្សេងៗពីមជ្ឈដ្ឋាននានា ដើម្បីឈានទៅដល់ការកសាងនូវច្បាប់ ព្រោះច្បាប់មួយវាមិនពាក់ព័ន្ធតែរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែវាពាក់ព័ន្ធនឹងតួអង្គទាំងអស់ក្នុងប្រទេស»។កាលពីថ្ងៃអង្គារ លោក ជេ រ៉ា ប្រាប់VODតាមរយៈអ៊ីម៉េថាលោកមិនមែនអ្វីដែលត្រូវផ្តល់យោបល់លើការថ្លែងរបស់នាយករដ្ឋមន្ត្រីទេ ដោយលោកបង្វែរទៅសាររបស់ឯកអគ្គរដ្ឋទូតលើប្លក ដែលចេញផ្សាយកាលពីពេលថ្មីៗនេះ។កន្លងទៅ លោក វាលៀម ថដ បានសរសេរនៅលើប្លុករបស់លោកថាសង្គមស៊ីវិលនៅសហរដ្ឋអាមេរិកក៏ត្រូវគោរពការចុះបញ្ជី និងតម្រូវការផ្សេងៗស្របទៅតាមច្បាប់។ ប៉ុន្តែលោកថាបញ្ញត្តិរបស់អាមេរិកដែលនឹងមានឥទ្ធិពលលើសង្គមស៊ីវិលត្រូវបានធ្វើឡើងដើម្បីជួយសម្រួល និងគាំទ្រ មិនមែនបង្អាក់ទឹកចិត្តក្នុងការបង្កើត និងដំណើរការរបស់សង្គមស៊ីវិលនោះទេ។លោកបញ្ជាក់ថា«ខ្ញុំបន្តចែករំលែកការព្រួយបារមុ្ភដូចជាសមាជិកអង្គការសង្គមស៊ីវិលផ្សេងទៀតទាក់ទងនឹងច្បាប់អង្គការនេះ ហើយសង្ឃឹមថាសេរីភាពនៃការប្រមូលផ្តុំ និងការបញ្ចេញមតិនឹងត្រូវគោរព។ វាជាក្តីសង្ឃឹមដ៏ស្មោះត្រង់មួយដែលថាច្បាប់នេះនឹងជំរុញ និងជួយសម្រួលសង្គមស៊ីវិលក្នុងកិច្ចការសំខាន់ដែលពួកគេធ្វើ ដោយបន្តនូវគោលនយោបាយគតិបណ្ឌិតរបស់កម្ពុជាដែលអនុញ្ញាតឲ្យសង្គមស៊ីវិលរីកចម្រើន និងចូលរួមការអភិវឌ្ឍប្រទេស»៕ដកស្រង់ពីសារព័ត៍មានសម្លេងប្រជាធិបតេយ្យ ចេញផ្សាយថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៥។