-
តុលាការនឹងសាកសួរលោក មាជ សុវណ្ណារ៉ា នៅសប្ដាហ៍ក្រោយ
- Issue Date 21-May-2015
សាលាដំបូងរាជធានីភ្នំពេញបញ្ចប់ការសាកសួរសកម្មជនគណបក្សសង្គ្រោះជាតិ៥នាក់ ចំណែកលោក មាជ សុវណ្ណារ៉ា និងសកម្មជន ព្រមទាំងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ៥នាក់ផ្សេងទៀតនឹងត្រូវសាកសួរនៅថ្ងៃទី២៦ ខែឧសភា ។ចាប់ពីម៉ោង៨ព្រឹករហូតមកដល់ម៉ោង៥ល្ងាចនេះ តុលាការបានបញ្ចប់ការសាកសួរសកម្មជនគណបក្សសង្គ្រោះជាតិចំនួន៥នាក់រួមមានលោក អ៊ុក ពេជ្រសំណាង លោក អឿ ណារិទ្ធ លោក ឃិន ជំរឿន លោក កែ ឃីម និងលោក សាន សីហៈ ។ ចំណែកឯលោក មាជ សុវណ្ណារ៉ា និងអ្នកផ្សេងទៀតនឹងត្រូវសាកសួរនៅថ្ងៃទី២៦ ខែឧសភា ។ បន្ទាប់ចេញពីសវនាការនៅថ្ងៃនេះ លោក មាជ សុវណ្ណារ៉ា បានអះអាងថា លោកនឹងចូលខ្លួនមកបំភ្លឺនៅថ្ងៃទី២៦ ខែឧសភា តាមការកំណត់របស់តុលាការ ។មេធាវីរបស់គណបក្សសង្គ្រោះជាតិគឺលោក ជូង ជូងី មានប្រសាសន៍ថា ការសាកសួរនៅក្នុងសវនាការនាថ្ងៃនេះ ចៅក្រមបានប្រើការសង្កត់សំឡេង និងសំណួរធ្ងន់ៗ ក្នុងសាកសួរកូនក្ដីរបស់លោក ។ ទោះយ៉ាងណា លោកអះអាងថា នីតិវិធីនៃការសួរដេញដោលនាថ្ងៃនេះមានការល្អប្រសើរជាងមុន ។ លោកបន្តទៀតថា លោកសង្ឃឹមថាតុលាការនឹងឈរលើគោលការណ៍ឯករាជ្យក្នុងការជំនុំជម្រះ ហើយកូនក្ដីរបស់លោកទាំង១១នាក់នឹងរួចផុតពីការចោទប្រកាន់ ។ចំណែកលោក អ៊ុក ពេជ្រសំណាង បានថ្លែងទៅកាន់អ្នកសារព័ត៌មានថា ការកោះហៅរូបលោក និងសកម្មជនគណបក្សសង្គ្រោះជាតិផ្សេងទៀតមកសាកសួរនៅថ្ងៃនេះគឺធ្វើឡើងទៅតាមការប្រែប្រួលនៃស្ថានភាពនយោបាយប៉ុណ្ណោះ ។ លោកបន្តថា លោកសង្ឃឹមថាតុលាការនឹងធ្វើការដោយឈរលើគោលការណ៍ឯករាជ្យ ហើយទម្លាក់បទចោទលើរូបលោក ក៏ដូចជាសកម្មជន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិផ្សេងទៀត ។ គួរបញ្ជាក់ថា លោក មាជ សុវណ្ណារ៉ា និងសកម្មជនគណបក្សសង្គ្រោះជាតិផ្សេងទៀត ត្រូវបានអាជ្ញាធរចាប់ខ្លួន ក្នុងករណីហិង្សាលើសន្តិសុខខណ្ឌដូនពេញ នៅជិតទីលានប្រជាធិបតេយ្យកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ កន្លងទៅ ។ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៥ លោក មាជ សុវណ្ណារ៉ា និងសកម្មជនគណបក្សសង្គ្រោះជាតិផ្សេងទៀត ព្រមទាំងព្រះសង្ឃ៣អង្គ ត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ៕ដកស្រង់ពីសារព័ត៍មានសម្លេងប្រជាធិបតេយ្យ ចេញផ្សាយថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៥។