• រដ្ឋាភិបាល​ធ្វើ​សេចក្តីព្រាងច្បាប់​មិន​បើកចំហរ ទើប​សង្គម​ស៊ីវិល​ព្រួយបារម្ភ​?

    • Issue Date 25-May-2015

    សេចក្តីព្រាងច្បាប់​ស្តីពី​អង្គការ​មិនមែន​រដ្ឋាភិបាល ត្រូវបាន​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បាន​អះអាង ថា​នឹងមិន​មានការ​គាបសង្កត់ រឺ​រារាំង​ដល់​សកម្មភាព ទៅលើ​អង្គការក្រៅរដ្ឋាភិបាល​នោះទេ​។ បើទោះបីជា​មានការ​អះអាង​ពី​លោក​ហ៊ុន សែន​បែបនេះ​ក្តី ក៏​នៅតែមាន​អង្គការ​សង្គម​ស៊ីវិល​ទាំង​ជាតិ និង​អន្តរជាតិ នៅតែមាន​ការភ័យខ្លាច និង​ការព្រួយបារម្ភ ពី​សេចក្តីព្រាងច្បាប់​នេះ​។​​លោក​អ៊ូ វីរៈ ប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវ​គោលនយោបាយ​សាធារណៈ​បាន​អះអាងថា មូលហេតុ ចំបង​ដែល​ធ្វើ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល ភ័យខ្លាច និង​ការព្រួយបារម្ភ ពេលដែល​រដ្ឋាភិបាល​ក​ម្ពុ​ជា​ធ្វើ​សេចក្តីព្រាងច្បាប់​ម្តងៗ គឺ​ដោយសារតែ​រដ្ឋាភិបាល ធ្វើ​សេចក្តីព្រាងច្បាប់​អ្វីមួយ មាន​ភាព​លាក់លៀម និង​មិនមាន​ជជែក​គ្នា​ជា​ចំហ​។​ ចំណែក​លោក​កែម ឡី អ្នកតាមដាន​ស្ថានការណ៍​សង្គម​កម្ពុជា​បាន​សង្កត់ធ្ងន់ថា នេះ​គឺ​ដោយសារតែ​រដ្ឋាភិបាល​ក​ម្ពុ​ជា អត់​បង្កើត​ច្បាប់​ស្តីពី​នីតិវិធី​នៃ​ការតាក់តែង​ច្បាប់​។ ការបង្កើត​ច្បាប់​នីមួយៗ ត្រូវតែមាន​ការចូលរួម​ពិគ្រោះ​យោបល់​ទូលំទូលាយ ទើប​ច្បាប់​នោះ មាន​ភាព​ស្តង់ដា សម​នឹង​ប្រទេស ប្រកាន់​របប​ប្រជាធិបតេយ្យ និង​មាន​នីតិរដ្ឋ​។​​យ៉ាងណាក្តី​សេចក្តីព្រាងច្បាប់​ដ៏​ចម្រូងចម្រាស​ស្តីពី​សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល ដែលមាន​៩ ជំពូក និង ៣៤ មាត្រា​នេះ កំពុង​ត្រៀម​បញ្ជូនទៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បី​ប្រជុំ ពិភាក្សា នឹង​បញ្ជូនទៅ​រដ្ឋសភា ធ្វើការ​អនុម័ត​។ សេចក្តីព្រាងច្បាប់​នេះ​ក៏មាន​ចែង​ដែរ​ថា សមាគម ឬ​អង្គការ​មិនមែន​រដ្ឋាភិបាល​ត្រូវ​បង្ហាញ​ព័ត៌មាន​លម្អិត​ទៅកាន់ ក្រសួងមហាផ្ទៃ ក្នុងនោះ​ក៏មាន​ប្រភពធនធាន និង​ទ្រព្យសម្បត្តិ​ផងដែរ​៕​ដកស្រង់​ពីសារ​ព័​ត៍​មាន​វាយោ ចេញផ្សាយ​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៥​។​