• លោក ផៃ ស៊ី​ផាន ស្នើ​ក្រសួង​២​ចាត់វិធានការ​លើ​អ្នក​ប្រើពាក្យ​ប្រមាថ និង​វាយ​បរិហាកេរ្តិ៍​មន្ត្រី​រដ្ឋាភិបាល​

    • Issue Date 25-May-2015

    ​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ី​ផាន បានដាក់​ទៅ​លិខិត​ទៅ​ក្រសួង​ចំនួន​២ គឺ​ក្រសួងមហាផ្ទៃ និង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដើម្បី​ឲ្យ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ និង​ផ្លូវ​បច្ចេកទេស​លើ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​មួយចំនួន ដែល​លោក​ហៅថា​ជា​«​ជន​អគតិ និង​អសីលធម៌​» ករណី​ប្រមាថ និង​វាយប្រហារ​បរិហារកេរ្តិ៍​ទៅលើ​មន្ត្រីរាជការ និង​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​។​​លិខិត​ដែលមាន​ខ្លឹម​ស្រដៀង​គ្នា ចុះ​កាលបរិច្ឆេត​ថ្ងៃទី​២១​ខែឧសភា ឆ្នាំ​២០១៥ លោក ផៃ ស៊ី​ផាន បាន​លើកឡើងថា​ក្នុង​រយៈពេល​ថ្មីៗ​នេះ លោក​បាន​សង្កេតឃើញ​ជ​ន​មួយចំនួន​ប្រើប្រាស់​ប្រព័ន្ធ​សង្គម ដោយ​ប្រើពាក្យ​អសុរោះ ប្រមាថ​មាក់ងាយ បំផ្លើស​(​អក្សរ និង​រូបភាព​) និង​វាយ​បរិហារកេរ្តិ៍​ដល់​មន្ត្រីរាជការ​ដែលជា​ថ្នាក់ដឹកនាំ​មួយចំនួន​។ លោក​បន្តថា​ពាក្យ​ទាំងនោះ​មានចែង​នៅក្នុង​ក្រមព្រហ្មទណ្ឌ​កម្ពុជា និង​មាន​ទម្ងន់ទោស​ជា​ធរមាន​ស្រាប់​។​​លិខិត​របស់លោក​ផៃ ស៊ី​ផាន បញ្ជាក់ថា​ការប្រមាថ និង​ការបរិហារកេរ្តិ៍ គឺ​មិន​ស្ថិតនៅក្នុង​សេរីភាព​នៃ​ការបញ្ចេញ​យោបល់​នោះឡើយ ប៉ុន្តែ​វា​ជាការ​រំលោភសិទ្ធិ និង​សេចក្តីថ្លៃថ្នូរ​របស់​បុគ្គ​ល​ដែល​ត្រូវ​រង​ការប្រមាថ និង​បៀតបៀន​សេចក្តីថ្លៃថ្នូរ​។ លោក ផៃ​ស៊ី​ផាន បាន​បញ្ជាក់ថា​«​អាស្រ័យហេតុនេះ ខ្ញុំបាទ​សូម​ស្នើ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ចាត់វិធានការ​សមស្រប​ណាមួយ​ចំពោះ​រាល់​ជន​អគតិ និង​អសីលធម៌​ទាំងនោះ​។ បច្ចុប្បន្នកាល​នៃ​វប្បធម៌​ដៃគូ​សន្ទនា ជា​ទស្សនៈ​ប្រវត្តិសាស្ត្រ និង​មរតក​សម្រាប់​កម្ពុជា គឺជា​ទិសដៅ និង​បរិបទ​នៃ​ការកសាង​សង្គមជាតិ​ឲ្យ​ប្រាសចាក​ពី​វប្បធម៌​អរិភាព និង​ហិង្សា​(​ពាក្យសម្តី និង​សកម្មភាព​)»​។​​លោក ផៃ ស៊ី​ផាន បាន​សរសេរ​លិខិតផ្លូវការ​ស្នើសុំ​វិធានការ​ពី​ក្រសួង​២​នេះ បន្ទាប់ពី​លោក​បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​ជា​លក្ខណៈ​«​លិខិត​ចំហរ​ចំពោះ​ជន​អគតិ និង​អសីលធម៌​» កាលពី​ថ្ងៃ​ពុធ សំដៅ​ទៅរក​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​មួយចំនួន​ដែល​ប្រើប្រាស់​ពាក្យពេចន៍​ទាំងនោះ​។​VOD​មិនអាច​ទាក់ទង​លោក ផៃ ស៊ី​ផាន នៅ​ថ្ងៃ​សុក្រ​នេះ ដើម្បី​បញ្ជាក់បន្ថែម​លើ​លិខិត​របស់លោក​បាន​នៅឡើយ​ទេ​។​​កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៣ លោក ផែល ភា​រុណ ដែលជា​គ្រូបង្រៀន​ម្នាក់​ត្រូវបាន​កោះហៅ​ទៅ​តុលាការ​បន្ទាប់ពី​លោក​រិះគន់​មន្ត្រីនគរបាល​ចរចារ​ណ៍​រាជធានី​ភ្នំពេញ​លើ​ហ្វេ​ស​ប៊ុ​ក​របស់លោក​។ចំណែក​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៣ លោក ជេ​ត សុវិចិត្រ ជា​អ្នកគ្រប់គ្រង​ទីផ្សារ​ម្នាក់​ត្រូវបាន​ឃុំខ្លួន​នៅ​ខេត្តស្ទឹងត្រែង បន្ទាប់ពី​លោក​បាន​បង្ហោះ​រូបថត​របស់​មេបញ្ជាកា​រ​កងរាជអាវុធហត្ថ​ខេត្ត​នៅលើ​ហ្វេ​ស​ប៊ុ​ក ដោយ​ចោទប្រកាន់​ពី​ការ​ជម្រិត​ទារប្រាក់​។ ចំណែក​កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៤ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ពិន័យ សិល្បករ​មួយរូប អ្នកនាង ដួង ហ្សូ​រី​ដា ចំនួន​២​លាន​រៀល ដោយសារ​ការចោទប្រកាន់​គូបដិបក្ខ​នៅលើ​ហ្វេ​ស​ប៊ុ​កថា​បាន​លួច​បុគ្គលិក​របស់​អ្នកនាង​។​​របាយការណ៍​របស់​អង្គការ​លីកាដូ​ស្តី​ចេញផ្សាយ​នៅ​ខែឧសភា​នេះ បាន​លើកឡើងថា​ប្រទេស​កម្ពុជា​កំពុង​រីកសាយ​ភាយ​យ៉ាងខ្លាំង​នូវ​ការប្រើប្រាស់​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត ដោយសារ​កើនឡើង​នូវ​ប្រភេទ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន ងាយស្រួល​ភ្ជាប់​អ៊ី​ន​ធើ​ណែ​ត និង​មាន​បណ្តាញទូរស័ព្ទ​ចល័ត​យ៉ាង​ទូលំទូលាយ​។ របាយការណ៍​បន្តថា​ក្នុងនោះ​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត​នេះ ដើម្បី​ចែករំលែក​ព័ត៌មាន​ក្នុងសង្គម​រួមមាន ការប្រើ​ហិង្សា​របស់​នគរបាល និ​ទណ្ឌ​ភាព អំពើពុករលួយ និង​ការកាប់បំផ្លាញ​ព្រៃឈើ​ជាដើម​។ លីកាដូ​បាន​បញ្ជាក់ថា​សេរីភាព​នៃ​ការបញ្ចេញមតិ​ប្រភេទ​នេះ​កំពុង​ស្ថិតនៅក្រោម​ការគំរាមកំហែង ដោយសារ​រដ្ឋាភិបាល​បាន​បង្កើត​ក្រុម​អ្នកជំនាញ​លើ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត​(Cyber War Team) ដើម្បី​ត្រួតពិនិត្យ​ប្រមូល​ព័ត៌មាន​ពី​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ហ៊ុ​ក និង​តាមរយៈ​គេហទំព័រ​ផ្សេងទៀត​។​​មន្ត្រី​គម្រោង​សិទ្ធិ និង​អ្នកស្រាវជ្រាវ​នៅ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា កញ្ញា សន ម៉ា​រ៉ា​ណា មានប្រសាសន៍ថា​ជាគោលការណ៍​អន្តរជាតិ រាល់​ការបញ្ចេញមតិ​ត្រូវមាន​ព្រំដែន​កំណត់ ហើយ​ត្រូវ​ធានាថា​មិន​ប៉ះពាល់​ដល់​អ្នកដទៃ​។ យ៉ាងណាក៏ដោយ​កញ្ញា​យល់ថា​ប្រសិនបើ​រដ្ឋាភិបាល​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី​ឧក្រិដ្ឋកម្ម​អ៊ី​ន​ធើ​ណែ​ត និង​ទូរគមនាគមន៍ វា​ពិតជា​ប៉ះពាល់​ដល់​សិទ្ធិសេរីភាព​ជា​មូលដ្ឋាន​របស់​បុគ្គល​។​​កញ្ញា សន រ៉ា​ម៉ា​ណា ឲ្យ​ដឹង​ទៀត​ថាបើ​ច្បាប់​ស្តីពី​ឧក្រិដ្ឋកម្ម​អ៊ី​ន​ធើ​ណែ​ត និង​ទូរគមនាគមន៍ ត្រូវបាន​បង្កើតឡើង​ដើម្បី​ការពារ​សន្តិសុខ​សង្គម នោះ​ជាការ​ប្រសើរ តែបើ​បង្កើតឡើង​ដើម្បី​រឹតបន្តឹង​សេរីភាព​ប្រជាពលរដ្ឋ វា​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សិទ្ធិសេរីភាព​បុគ្គល​ក្នុងការ​បញ្ចេញមតិ​៕​ដកស្រង់​ពីសារ​ព័​ត៍​មាន​សម្លេង​ប្រជាធិបតេយ្យ ចេញផ្សាយ​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៥​។​