• លោក អ៊ុក ពេជ្រ​សំណាង ថា​លោក​នៅតែ​ជា​ចំណាប់ខ្មាំង​នយោបាយ​

    • Issue Date 26-May-2015

    ​សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក អ៊ុក ពេជ្រ​សំណាង លើកឡើងថា រូបលោក និង​សកម្មជន ព្រមទាំង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​១០​នាក់​ផ្សេងទៀត​នៅតែ​ជា​ចំណាប់ខ្មាំង​របស់​អ្នកនយោបាយ ហើយ​តុលាការ​នឹងមិន​ទម្លាក់​ការចោទប្រកាន់​មកលើ​ពួកលោក​នៅមុន​ការបោះឆ្នោត​ឆ្នាំ​២០១៨​នោះទេ ។​​លោក អ៊ុក ពេជ្រ​សំណាង បាន​ថ្លែង​បែបនេះ នៅមុខ​សាលាដំបូង​រាជធានី​ភ្នំ​ព​ញ នៅ​ម៉ោង​ប្រមាណ​១០​ព្រឹក​នេះ បន្ទាប់ពី​ចៅក្រម​បាន​ផ្អាក​ការសាកសួរ​សកម្មជន​ទាំង​១១​នាក់​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ ពាក់ព័ន្ធ​នឹង​ករណី​ហិង្សា​នៅ​ជិត​ទីលាន​ប្រជាធិបតេយ្យ​កាលពី​ខែ​កក្ត​ដា ឆ្នាំ​២០១៤ កន្លងទៅ ។​​លោក អ៊ុក ពេជ្រ​សំណាង បន្តថា បើសិនជា​អ្នកនយោបាយ​មិន​ទុក​ពួកលោក​ជា​ចំណាប់​ខ្មាំ​នោះទេ តុលាកា​ប្រហែលជា​ដោះលែង​ពួកលោក​ជាមិនខាន ។ លោក​បន្ថែម «​ពួក​ខ្ញុំ​ចំណាប់ខ្មាំង​សុទ្ធ អស់លោកអ្នក​សារព័ត៌មាន​ជឿថា​ពួក​ខ្ញុំ​ជា​ចំណាប់ខ្មាំង​ទេ ហើយ​ជឿថា​គេ​ដោះលែង​ពួក​ខ្ញុំ​ទេ គេ​មិន​ដោះលែង​ទេ គេ​ទុក​ពួក​ខ្ញុំ ពន្យា​ពេល​ដល់​ឆ្នាំ​២០១៨ បើ​អស់លោក​មិន​ហ៊ាន​សន្យា​ជាមួយ​ពួក​ខ្ញុំ​ទេ ខ្ញុំ​ហ៊ាន​សន្យា​ជាមួយ​ពួក​អស់លោក​» ។​​សកម្មជន​ម្នាក់ទៀត លោក សាន សីហៈ ដែល​ត្រូវ​ចៅក្រម​ធ្វើការ​សាកសួរ​នៅ​ព្រឹក​នេះ ឲ្យ​ដឹងថា តុលាការ​មិនទាន់បាន​បញ្ចប់​ការសាកសួរ​មកលើ​រូបលោក​ទេ​នៅ​ព្រឹក​នេះ ហើយនឹង​បន្ត​ការសាកសួរ​រូបលោក​នៅ​រសៀល​នេះ​បន្តទៀត ។ លោក​ថា សវនាការ​ត្រូវបាន​ផ្អាក​ដោយសារតែ​លោក អឿ ណា​រិ​ទ្ធ ដែលជា​សកម្មជន​ម្នាក់ទៀត​មាន​អាកា​រៈ​ឈឺពោះ ។ លោក​បន្តថា ការដែល​តុលាការ​នៅតែ​ធ្វើការ​សាកសួរ​រូបលោក​ជា​បន្តបន្ទាប់ និង​មិន​ព្រម​លើក​បទ​ចោទ​បែបនេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការប្រកប​របបរ​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ​របស់លោក ។​​មេធាវី​គណបក្ស​សង្គ្រោះ​ជាតិ លោក ជូ​ង ជូ​ងី មានប្រសាសន៍ថា តុលាការ​ចោទ​សកម្មជន​ទាំងនោះ​ពីបទ​ដឹកនាំ និង​ចូលរួម​ធ្វើ​កុប្បកម្ម​នៅ​ជិត​ទីលាន​ប្រជាធិបតេយ្យ​កាលពី​ខែ​កក្ត​ដា ឆ្នាំ​២០១៤ កន្លងទៅ ។ លោក​ថា សវនាការ​ជំនុំជម្រះ​អង្គសេចក្តី នៅថ្ងៃនេះ គឺជា​ការសួរដេញដោល​ដើម្បីរ​កថា​តើ​ជន​ទាំង​១១​នាក់​នោះ​មាន​កំហុស​ឬ​យ៉ាងណា បើសិនជា​គ្មាន​កំហុស​តុលាការ​នឹង​លើកលែង​បទ​ចោទ​លើ​ពួកគាត់ ។​​គួរ​បញ្ជាក់ថា លោក មា​ជ សុវណ្ណារ៉ា និង​លោក អ៊ុក ពេជ្រ​សំណាង ព្រមទាំង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ផ្សេងទៀត ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន ក្នុងករណី​ហិង្សា​លើ​សន្តិសុខ​ខណ្ឌដូនពេញ នៅ​ជិត​ទីលាន​ប្រជាធិបតេយ្យ​កាលពី​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៤ កន្លងទៅ ។ នៅ​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០១៥ លោក អ៊ុក ពេជ្រ​សំណាង និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ផ្សេងទៀត ព្រមទាំង​ព្រះសង្ឃ​៣​អង្គ ត្រូវបាន​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន ។​​គណបក្ស​សង្គ្រោះ​ជាតិ និង​សង្គម​ស៊ីវិល បាន​ហៅ​ការចាប់ខ្លួន និង​ការចោទប្រកាន់​លើ​សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ​នេះ​ថា​ជា​រឿង​នយោបាយ និង​ទាមទារ​ឲ្យ​ទម្លាក់​ការចោទប្រកាន់ ។ ទោះយ៉ាងណា គណបក្ស​ប្រជាជន​កម្ពុជា​បាន​បដិសេធ​ការចោទប្រកាន់​នេះ និង​អះអាងថា ចំណាត់ការ​របស់​តុលាការ​គឺ​ធ្វើ​ទៅតាម​នីតិវិធី​ច្បាប់ ៕​ដកស្រង់​ពីសារ​ព័​ត៍​មាន​សម្លេង​ប្រជាធិបតេយ្យ ចេញផ្សាយ​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៥​។​