• អាជ្ញាធរ​ថា​មាន​អ្នក​ញុះញង់​ឲ្យ​មាន​អំពើហិង្សា ករណី​តវ៉ា​នៅ​ច្រក​អន្ដរជាតិ​ប៉ោយប៉ែត​

    • Issue Date 26-May-2015

    អាជ្ញាធរ​ថា ករណី​ផ្ទុះ​ហិង្សា​ក្នុង​បាតុកម្ម​តវ៉ា​នៅ​ច្រកទ្វារ​អន្ដរជាតិ​ប៉ោយប៉ែ​ត្រ នៅ​រសៀល​ចន្ទ​ថ្ងៃទី​២៥​ខែឧសភា​ម្សិលមិញ ដោយសារ​មានការ​ញុះញង់​ពី​ជន​មួយ​ក្ដាប់​តូច ។​​យោង​ខ្លឹម​សារលិខិត​លេខ​០៣២​កប​ប របស់​អភិបាលក្រុង​ប៉ោយប៉ែត លោក ង៉ោ ម៉េង​ជ្រួ​ន ផ្ញើជូន​គណៈ​អភិបាលខេត្ត​បន្ទាយមានជ័យ​មាន​ខ្លឹមសារ​ថា ក្រោយពី​កម្មករ​អូស​រទេះ​បាន​តវ៉ា​ដោយ​បិទផ្លូវ​អស់​រយៈពេល​ជាង​៣​ម៉ោង គឺ​នៅ​ម៉ោង​១២ និង​៣០​នាទី សមត្ថកិច្ច​បានសម្រេច​អូស​រទេះ​ទាំងនោះ​ចេញពី​ផ្លូវ ដើម្បី​សម្រួល​ឲ្យ​មានការ​ធ្វើចរាចរ​ជាធម្មតា​ឡើងវិញ ។​​លិខិត​នោះ​មិនបាន​បញ្ជាក់ថា មានការ​ប៉ះទង្គិច​កើតឡើង​ក្នុងការ​ដណ្ដើម​អូស​រទេះ​អ្នក​តវ៉ា​ចេញពី​ការបិទផ្លូវ​នោះទេ ប៉ុន្តែ​បាន​បន្តថា នៅ​ម៉ោង​១ និង​៥០​នាទី ដោយ​មានការ​ញុះញង់​ពី​ជន​មួយ​ក្ដាប់​តូច បាន​បញ្ឆេះ​កំហឹង​កម្មករ​ឲ្យ​ផ្ទុះ​សាជាថ្មី ដោយបាន​ទាញ​រទេះ​ផ្ញា​ជើង​បិទផ្លូវ​ជាតិ​លេខ​៥​ម្ដងទៀត និង​បាន​ដុត​ពូក និង​សំបក​កង់​រថយន្ត ។ លិខិត​បន្ថែមថា នៅ​ម៉ោង​២ និង​៤០​នាទី កម្មករ​បាន​គប់​ដុំថ្ម និង​សម្រុកចូល​ការិយាល័យ​គយ ធ្វើ​ឲ្យ​របួស​មន្ត្រី​គយ​ម្នាក់ និង​ខូចខាត​រថយន្ត​៧​គ្រឿង ។​​ថ្វីបើ​លិខិត​មិនបាន​ចោទប្រកាន់​ដោយ​ចំ​លើ​នរណាម្នាក់ ប៉ុន្តែ​បានធ្វើការ​កត់សម្គាល់ថា ការតវ៉ា​នោះ​ដឹកនាំ​ដោយ​មនុស្ស​មួយចំនួន​ដូចជា លោក ចៅ វាសនា ចៅសង្កាត់រង​ទី​២ សង្កាត់​ប៉ោយប៉ែត គណបក្ស​សង្គ្រោះ​ជាតិ លោក ឌិន ពុ​ទ្ធី ប្រធាន​សមាគម​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ប៉ោយប៉ែត និង​គូកន​មួយចំនួនទៀត​ដែល​មិន​ស្គាល់​អត្តសញ្ញាណ ។​​ចំណែកឯ​លិខិត​មួយទៀត របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋ​ករ​កម្ពុជា ចេញ​នៅ​ថ្ងៃ​២៥ ខែឧសភា​ម្សិលមិញ​ដែរ បញ្ជាក់ថា ការតវ៉ា​ដំបូង​ឡើយ​គ្មាន​អំពើហិង្សា​ទេ ប៉ុន្តែ​ដោយមាន​ការ​ញុះញង់​ពី​ក្រុម​ឆ្លៀតឱកាស បានធ្វើ​ឲ្យ​ការតវ៉ា​នោះ​ក្លាយជា​អំពើហិង្សា ធ្វើ​ឲ្យ​រងរបួស​ទាំងសងខាង និង​ខូចខាត​ទ្រព្យសម្បត្តិ​សាធារណៈ និង​ឯកជន​មួយចំនួន ពិសេស​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការប្រមូល​ពន្ធ និង​អាករ ។លិខិត​នោះ​បញ្ជាក់ថា សមត្ថកិច្ច​នឹង​ស្រាវជ្រាវ​រក​ការពិត​នៅ​ពីក្រោយ​អំពើហិង្សា​នោះ ។ ​លោក ង៉ោ ម៉េង​ជ្រួ​ន បញ្ជាក់ថា មាន​រូបភាព​សកម្មភាព​អ្នកធ្វើ​អំពើហិង្សា ហើយ​សមត្ថកិច្ច​នឹង​ចាប់​ឲ្យ​ទទួលខុសត្រូវ​តាមច្បាប់ ។ លោក​ថា «​ការប្រើ​អំពើហិង្សា​ក្រោម​ការដឹកនាំ​ដោយ​កម្លាំង របស់​ក្រុម​ដែល​គាត់​ធ្វើ​សកម្មភាព​ហ្នឹង អ៊ីចឹង​អ្វីដែល​ពាក់ព័ន្ធ​បញ្ហា​អំពើហិង្សា បង​ដឹង​ហើយ អំពើហិង្សា​អ៊ីចឹង​វា​ឈានដល់​កម្លាំង​សមត្ថកិច្ច ចាប់ផ្តើម​អនុវត្ត​នីតិវិធី​ផ្លូវច្បាប់ អ៊ីចឹង​អ្នកណា​ដែល​ប្រើ​អំពើហិង្សា ពីព្រោះ​ប្រជាពលរដ្ឋ​មួយចំនួន​គាត់​អត់​បាន​ប្រើ​អំពើហិង្សា​ទេ អ៊ីចឹង​ប្រើ​អំពើហិង្សា​តែ​បុគ្គល​មួយចំនួន​តូច អ៊ីចឹង​ឲ្យ​បុគ្គល​នោះ គាត់​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់ ក្រោយពី​ការ​បាន​រកឃើញថា គាត់​ជា​អ្នកដៃដល់ ជា​អ្នក​ប្រើ​អំពើហិង្សា ព្រោះ​ឃើញ​ភស្តុតាង​ទាំងអស់​រូបភាព​» ។​​ជាការ​កត់សម្គាល់ តាំងពី​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស បញ្ចូល​គ្នា​បង្កើតបានជា​គណបក្ស​សង្គ្រោះ​ជាតិ នៅ​មិនទាន់បាន​ឆ្លងកាត់​ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ​សង្កាត់​នៅឡើយ​ទេ ។ ​យ៉ាងនេះ​ក្ដី លោក ចៅ វាសនា មានប្រសាសន៍ថា លោក​ជា​ចៅសង្កាត់រង​ទី​២ សង្កាត់​ប៉ោយប៉ែត មកពី​គណបក្ស​សម រង្ស៊ី ។ លោក​ថា លោក​មិនបាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ញុះញង់​ឲ្យ​មាន​អំពើហិង្សា ដូច​ការចោទប្រកាន់រ​បស់​អភិបាលក្រុង​ប៉ោយប៉ែត​នោះទេ គឺ​លោក​គ្រាន់តែ​ទៅ​ឃ្លាំមើល​ការធ្វើ​បាតុកម្ម​របស់​ក​ម្មករ ដែលជា​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​របស់លោក​ប៉ុណ្ណោះ ។ លោក​បន្តថា លោក​មាន​ប្រជាពលរដ្ឋ​ជា​សាក្សី​បញ្ជាក់ថា លោក​មិន​ពាក់ព័ន្ធ​ក្នុង​រឿង​នោះ ។ ​លោក ចៅ វាសនា បញ្ជាក់ថា ក្នុងការ​ឃ្លាំមើល​នោះ លោក​បាន​ថត​សកម្មភាព​របស់​សមត្ថ​កិច្ច​បង្ក្រាប​ទៅលើ​អ្នក​តវ៉ា ដោយ​លោក​ចោទប្រកាន់ថា កងរាជអាវុធហត្ថ​ជា​អ្នកបង្ក​អំពើហិង្សា​នោះ ។ លោក​ថា «​ខ្ញុំ​ជា​ចៅសង្កាត់ តួនាទី​ខ្ញុំ​ឃ្លាំមើល​ប្រជាពលរដ្ឋ​ខ្ញុំ​ដែល​រស់នៅក្នុង​សង្កាត់ ដូច្នេះ​ខ្ញុំ​អត់​បាន​ញុះញង់ ឬមួយ​ដឹងថា​គេ​នោះ​បាតុកម្ម​នៅ​ថ្ងៃ​ណា ម៉ោង​ណា​ទេ ប៉ុន្តែ​នៅពេលដែល​បាតុកម្ម គឺ​ខ្ញុំ​ដឹង​ប្រជាពលរដ្ឋ​គាត់​តេ​ប្រាប់ថា មាន​គេ​បាតុកម្ម​នៅ​រង្វង់​មូល ក៏​ខ្ញុំ​ទៅ​ឃ្លាំមើល​តែ​ប៉ុន​នោះឯង តែ​ការដែល​បង្កើត​អំពើហិង្សា​ហ្នឹង ខ្ញុំ​បាន​ថត​ច្បាស់លាស់​ណាស់ ប៉េអឹម​ជា​អ្នកបង្ក​រឿង​មុខ​គេ​ទាំងអស់ ដែល​វ៉ៃ​ដល់​ប្រជាពលរដ្ឋ​ខ្ញុំ​» ។​​ចំណែកឯ​ប្រធាន​សមាគម​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ប៉ោយប៉ែត លោក ឌិន ពុ​ទ្ធី មានប្រសាសន៍ថា ពេល​មាន​បាតុកម្ម​នោះ លោក​មិនបាន​ចូលរួម​ទេ លុះត្រា​ឮដំណឹង​ថា មានការ​វាយ​បង្ក្រាប​លើ​បាតុករ ទើប​លោក​ទៅ​ចូលរួម​ឃ្លាំមើល គឺ​នៅ​ម៉ោង​ប្រមាណ​១១ និង​៣០​នាទី ។ លោក​បន្តថា បើ​លោក​ជា​អ្នកដឹកនាំ​ធ្វើបាតុកម្ម នោះ​លោក​នឹង​ជូនដំណឹង​ទៅ​សាលាខេត្ត ប៉ុន្តែ​លោក​មិនបាន​ជូនដំណឹង​ទេ ។ លោ​កថា​ការចោទប្រកាន់​លើ​រូបលោក គឺ​ចោទ​ទាំង​បំពាន ដោយ​គ្មាន​ភស្តុតាង ។​លោក ឌិន ពុ​ទ្ធី បន្តថា ក្រុមកម្មករ​អូស​រទេះ​ទាំងនោះ មូលមតិ​គ្នា​ប្រឆាំង​តវ៉ា​នឹង​មន្ត្រី​គយ ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ដោយសារ​មន្ត្រី​ទាំងនោះ​បង្ខំ​ជម្រិត​ទារលុយ​ពួកគេ ធ្វើ​ឲ្យ​ពួកគេ​គ្មាន​ប្រាក់ចំណូល​ចិញ្ចឹម​គ្រួសារ ។ លោក​បន្ថែមថា ពេល​កម្មករ​តវ៉ា កងរាជអាវុធហត្ថ​បាន​ចាត់ការ​បង្ក្រាប ជាហេតុ​នាំ​ឲ្យ​មាន​អំពើហិង្សា​នោះ​កើតឡើង ។ លោក​ថា «​គាត់​(​កម្មករ​អូស​រទេះ​)​អូស​រទេះ​មក​បាន​ប្រាក់ចំណូល​តិចតួច គឺ​មន្ត្រី​គយ​បង្ខំ​ឲ្យ​គាត់​បង់ពន្ធ ហើយ​មួយទៀត​បើ​មិន​បង់ពន្ធ​ទេ គឺ​ឲ្យ​បង់​ក្បាលរទេះ អ៊ីចឹង​គាត់​អត់​មាន​ប្រាក់ចំណូល​ចិញ្ចឹម​គ្រួសារ​របស់គាត់ ។ ដល់​គាត់​ក្តៅក្រហាយ គាត់​ទៅធ្វើ​បាតុកម្ម ពេលដែល​ធ្វើបាតុកម្ម​អាជ្ញាធរ​បញ្ជា​កម្លាំង កងរាជអាវុធហត្ថ​ឲ្យ​មក​បង្ក្រាប​ដោយ​អំពើហិង្សា សាហាវព្រៃផ្សៃ វ៉ៃ​ដល់​មនុស្ស​សន្លប់ មាន​របួសធ្ងន់ របួសស្រាល​ជាច្រើន​នាក់ ។ អ៊ីចឹង​ទង្វើ​ទាំងអស់​ហ្នឹងហើយ ដែល​ធ្វើ​ឲ្យ​កម្មករ​កាន់តែ​ក្តៅក្រហាយ ពុះកញ្ជ្រោល​» ។​​អ្នកសម្របសម្រួល​អង្គ​ការការពារ​សិទ្ធិមនុស្ស​អាដហុក ខេត្ដ​បន្ទាយមានជ័យ លោក ស៊ុំ ចាន់​គា យល់ថា ការប្រើ​ហិង្សា​មកលើ​ក្រុមអ្នកតវ៉ា ជា​រឿង​ខុសច្បាប់ ខណៈ​ការតវ៉ា​នោះ​ធ្វើឡើង​គ្រាន់តែ​ចង់រក​កម្រៃ​មួយ ដើម្បី​ផ្គត់ផ្គង់​គ្រួសារ​ប៉ុណ្ណោះ ។ លោក​ថា ក្រុមកម្មករ​ផ្ទុះ​ការតវ៉ា​ញឹកញាប់​កន្លងមក​នោះ ដោយសារ​អាជ្ញាធរ និង​មន្ដ្រី​ជំនាញ​មិន​អនុវត្ដ​តាម​ការសន្យា ។​​សូមបញ្ជាក់ថា នៅ​សៀ​ល​ថ្ងៃ​ចន្ទ ទី​២៥ ខែឧសភា ម្សិលមិញ សមត្ថកិច្ច​ចម្រុះ​ក្រុង​ប៉ោយប៉ែត​បាន​បង្ក្រាប​ការធ្វើ​បាតុកម្ម​របស់​ក​ម្មករ​អូស​រទេះ ដែល​ទាមទារ​ឲ្យ​មេ​គយ​បន្ធូរបន្ថយ​តម្លៃ​ទំនិញ និង​ថ្លៃ​ចេញចូល​ប្រទេស​ថៃ ជាហេតុ​ធ្វើ​ឲ្យ​មានការ​ប៉ះទង្គិច​គ្នា ហើយ​សមត្ថកិច្ច​បាន​ប្រើ​ស្វ័យ​កាំភ្លើង​វាយ​ទៅលើ​អ្នក​តវ៉ា នាំ​ឲ្យ​កម្មករ​៦​នាក់​រងរបួស ក្នុងនោះ​មាន​ម្នាក់​សន្លប់ ហើយ​ដឹក​ទៅ​សង្គ្រោះបន្ទាន់​ទាំង​ដៃ​ជាប់​ខ្នោះ ។ ក្នុងការ​ប៉ះទង្គិច​នោះ សមត្ថកិច្ច​ក៏មាន​របួស​ផងដែរ ៕​ដកស្រង់​ពីសារ​ព័​ត៍​មាន​សម្លេង​ប្រជាធិបតេយ្យ ចេញផ្សាយ​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៥​។​