• ឯកអគ្គរដ្ឋទូត​អាមេរិក​៖​ក្នុងសង្គម​ប្រជាធិបតេយ្យ មតិយោបល់​រិះគន់​ទាំងអស់​គួរ​ត្រូវបាន​ស្វាគមន៍​

    • Issue Date 27-May-2015

    ឯកអគ្គរដ្ឋទូត​អាមេរិក លោក វា​លៀម ថដ​(William E. Todd) បាន​លើកឡើងថា​លោក​សប្បាយចិត្ត​ដែល​សាធារណជន​ចាប់អារម្មណ៍​នឹង​សេចក្តីព្រាងច្បាប់​សមាគម និង​អង្គការក្រៅរដ្ឋាភិបាល ដោយ​លោក​ចាត់ទុកថា​ក្នុងសង្គម​ប្រជាធិបតេយ្យ រាល់​មតិយោបល់​រិះគន់​ទាំងអស់​គួរ​ត្រូវបាន​ស្វាគមន៍​។​​ថ្មីៗ​នេះ ក្រសួងការបរទេស​ក​ម្ពុ​ជា បាន​ផ្ញើលិខិត​មួយ​ទៅ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ដោយ​ក្រើនរំឭក​លោក វា​លៀម ថដ ពី​ការជ្រៀតជ្រែក​កិច្ចការ​កម្ពុជា​ពាក់ព័ន្ធ​នឹង​ការទិតៀន​សេចក្តីព្រាងច្បាប់​អង្គការ​។ ក្រសួងការបរទេស​ក​ម្ពុ​ជា​ចាត់ទុកថា​ការរិះគន់​នេះ​មាន​លក្ខណៈ​«​ព្រហើន​ខ្លាំង​»​។​​នៅលើ​ប្លុក​របស់លោក​វា​លៀម ថដ ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​២៤​ខែឧសភា លោក​មានប្រសាសន៍ថា​លោក​សប្បាយចិត្ត​នៅពេល​មានការ​ផ្តល់​មតិ និង​ប្រតិកម្ម​ជា​បន្តបន្ទាប់​លើ​អត្ថបទ​អត្ថាធិប្បាយ​របស់លោក​។ លោក​បន្តថា​ក្នុងចំណោម​ការផ្តល់​មតិ​ទាំងនោះ លោក​សង្កេតឃើញ​មានការ​ផ្តល់យោបល់​វិជ្ជមាន​ភាគច្រើន និង​អវិជ្ជមាន​មួយចំនួន​។​​លោក​បន្ថែមថា​«​ខ្ញុំ​សប្បាយចិត្ត​ដែល​ឃើញថា​អត្ថបទ​អត្ថាធិប្បាយ​របស់ខ្ញុំ​ត្រូវបាន​ចាប់អារម្មណ៍ និង​ត្រូវបាន​ផ្តល់យោបល់​»​។ លោក​មានប្រសាសន៍ថា​នេះ​បង្ហាញថា​សារ​ធាណ​ជន​ជាច្រើន​បាន​ចាប់អារម្មណ៍​នឹង​សេចក្តីព្រាងច្បាប់ ហើយ​ទទួលស្គាល់​ពីសារ​សំខាន់​នៃ​ការពិភាក្សា​ជា​សាធារណៈ​លើ​សេចក្តីព្រាងច្បាប់​។​​លោក​បញ្ជាក់ថា​«​ដោយសារតែ​ការពិភាក្សា និង​ការសន្ទនា​មាន​សារសំខាន់​សម្រាប់​សង្គម​ប្រជាធិបតេយ្យ ដូច្នេះ​ខ្ញុំ​គិតថា​គំនិត​ទាំង​ស់​គួរ​ត្រូវបាន​ស្វាគមន៍​។ ខ្ញុំ​នៅមាន​ជំនឿ​មុតមាំ​ថា​ការធ្វើការ​ជាមួយគ្នា​ក្នុងការ​សន្ទនា និង​ពិភាក្សា​លើ​ប្រធានបទ​សំខាន់ៗ​ដូចនេះ អាច​ពង្រឹង​លទ្ធផល​ចុងក្រោយ​»​។​​កាលពី​ថ្ងៃ​ចន្ទ ក្រសួងមហាផ្ទៃ​បាន​អះអាង​ជាថ្មីៗ​ថា​សេចក្តីព្រាងច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​កំពុង​រង​ការទិតៀន ត្រូវបាន​ធ្វើឡើង​ផ្អែកលើ​មូលដ្ឋាន​រដ្ឋធម្មនុញ្ញ​ក​ម្ពុ​ជា និង​កតិកាសញ្ញា​អន្តរជាតិ ដោយ​អំពាវនាវ​កុំ​ឲ្យ​មានការ​ព្រួយបារម្ភ​ពាក់ព័ន្ធ​នឹង​ការ​រឹតត្បិត​សេរីភាព​។ ការអះអាង​របស់​ក្រសួងមហាផ្ទៃ ធ្វើឡើង​បន្ទាប់ពី​អង្គការ​សង្គម​ស៊ីវិល​រាប់រយ​បានស្នើ​ឲ្យ​ផ្តល់​សេចក្តីព្រាងច្បាប់​ជា​ផ្លូវការ​ដល់​សាធារណជន និង​ទាមទារ​ឲ្យ​បើកទូលាយ​ក្នុងការ​ពិគ្រោះ​យោបល់​ជាមួយ​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ​។​​ពាក់ព័ន្ធ​នឹង​ការទិតៀន​សេចក្តីព្រាងច្បាប់​នេះ រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា លោក ហោ ណាំហុង បាន​កោះហៅ​តំណាង​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​ចំនួន​៤​ដែល​រិះគន់​សេចក្តីព្រាងច្បាប់​នេះ មក​សាកសួរ​។ ទីភ្នាក់ងារ​ទាំង​៤​នោះ​រួមមាន​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស​(OHCHR) មូលនិធិ​អង្គការសហប្រជាជាតិ ដើម្បី​កុមារ​(UNICEF) អង្គការសហប្រជាជាតិ ដើម្បី​ស្ត្រី​(UN Women) និង​មូលនិធិ​អង្គការសហប្រជាជាតិ​សម្រាប់​ប្រជាជន (UNFPA)​។​​កន្លងទៅ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងថា​ច្បាប់​ស្តីពី​ការគ្រប់គ្រង​អង្គការក្រៅរដ្ឋាភិបាល​នឹងត្រូវ​ឆ្លង​គណៈរដ្ឋមន្ត្រី ក្នុង​ខែឧសភា ឆ្នាំ​២០១៥​ខាងមុខនេះ ដោយ​លោក​អំពាវនាវ​ឲ្យ​មានការ​ផ្តល់យោបល់​ជាជាង​ការរារាំង​កុំ​ឲ្យ​មានការ​អនុម័ត​ច្បាប់​នេះ​។ លោក​បន្តថា​ការបង្កើត​ច្បាប់​នេះ គឺ​ដើម្បី​ការគ្រប់គ្រង​មួយ មិនមែន​ដើម្បី​រារាំង​សកម្មភាព​របស់​អង្គការក្រៅរដ្ឋាភិបាល​នោះទេ​។​​លោកនាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា​«​អង្គការក្រៅរដ្ឋាភិបាល​កុំ​ជ្រួលជ្រើម​ពេក ល្មមៗ​បាន​ហើយ អស់លោក​មិនទាន់មាន​សិទ្ធិ​អនុម័ត​នោះទេ​។ លោក​ចង់​និយាយ​ក៏​និយាយ​ទៅ​ចុះ ក៏ប៉ុន្តែ​សិទ្ធិ​របស់​រាជរដ្ឋាភិបាល សិទ្ធិ​របស់​សភា គឺ​អនុម័ត​ហើយ​…​ប្រហែល​ចាប់ពី​ខែ​៥(​ឧសភា​)​ហ្នឹង​ទៅ គឺ​ប្រជុំ​ដាក់ចូល​គណៈរដ្ឋមន្ត្រី​ហើយ​ចង់​នរណា​គាំទ្រ​ឬ​មិន​គាំទ្រ សំឡេង​របស់​សមាជិក​សភា​ដែលមាន​សិទ្ធិ​អនុម័ត​៥០​បូក​១​គឺ​គ្រប់គ្រាន់​ដើម្បី​នឹង​អនុម័ត​។ យល់​ល្អ​ផ្តល់​មតិ​វិញ ជៀសវាង​ទប់ស្កាត់​មិន​ឲ្យ​ចេញ​»​។​​បើ​យោងតាម​របាយការណ៍រ​បស់​ក្រសួងមហាផ្ទៃ​ស្តីពី​លទ្ធផល​ការងារ​ឆ្នាំ​២០១៤ និង​ទិសដៅ​ការងារ ឆ្នាំ​២០១៥ ឲ្យ​ដឹងថា មកដល់​បច្ចុប្បន្ននេះ សមាគម​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង មាន​ចំនួន​សរុប​៤៣៧៨(​សមាគម​១៧០៦ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​២៦៧២)​។ របាយការណ៍​បន្តថា​នៅក្នុង​ឆ្នាំ​២០១៤ ក្រសួងមហាផ្ទៃ​បាន​ចុះបញ្ជី​សមាគម​អង្គការ​មិនមែន​រដ្ឋាភិបាល​ចំនួន​៥៣៩(​សមាគម ១៧៧ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​៣៦២)៕​ដកស្រង់​ពី​សារព័ត៌មាន​សម្លេង​ប្រជាធិបតេយ្យ ចេញផ្សាយ​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៥​។​