• ក្រសួង​ការងារ​អះអាងថា​ច្បាប់​សហជីព​នឹង​ការពារ​ប្រយោជន៍​របស់​ភាគី​ពាក់ព័ន្ធ​

    • Issue Date 29-May-2015

    ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​សុក្រ​នេះ បាន​អំពាវនាវ​កុំ​ឲ្យ​មានការ​ជំទាស់​នឹង​សេចក្តីព្រាងច្បាប់​សហជីព​ដែល​ត្រូវបាន​រៀបចំឡើង​តាំងពី​ឆ្នាំ​២០០៨ ដោយ​អះអាងថា​សេចក្តីព្រាងច្បាប់​នេះ​ត្រូវបាន​ធ្វើឡើង​ស្របតាម​រដ្ឋធម្មនុញ្ញ​ក​ម្ពុ​ជា និង​ធានា​ប្រយោជន៍​របស់​ភាគី​ពាក់ព័ន្ធ​។​​សេច​កី្ត​ប្រកាស​ព័ត៌មាន​របស់​ក្រសួង ចេញផ្សាយ​នៅ​ថ្ងៃទី​២៩ ខែឧសភា​នេះ ឲ្យ​ដឹងថា នាពេល​ថ្មីៗ​នេះ អង្គការ​វិជ្ជាជីវៈ​មួយចំនួន​«​ដោយមាន​ការគាំទ្រ​ពី​អង្គការ​បរទេស​»​បាន​បញ្ចេញមតិ​ជំទាស់​ទៅនឹង​ការអនុម័ត​ច្បាប់​ស្តីពី​សហជីព ដែល​ត្រូវបាន​រៀបចំឡើង ចំនួន​៧​ឆ្នាំ​មកហើយ និង​ឈានដល់​ការបញ្ចប់​ជា​ស្ថាពរ​ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ​។ សេចក្តីប្រកាស​បន្តថា​ច្បាប់​សហជីព​នេះ​បង្កើតឡើង​ដោយមាន​គោលដៅ​ការពារ​សិទ្ធិ និង​ផលប្រយោជន៍​របស់​កម្ម​ករ​និយោជិត ធានា​នូវ​សិទ្ធិសេរីភាព​នៃ​អង្គការ​វិជ្ជាជីវៈ​របស់​កម្មករ និយោជិត និង​និយោជក ជំរុញ​ឲ្យ​មាន​សុខដុមរមនា​នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ រួមចំណែក​ក្នុងការ​បង្កើត​ការងារ​សមរម្យ និង​បង្កើន​ផលិតភាព ដើម្បី​អភិវឌ្ឍ​ប្រទេសជាតិ និង​លើកកម្ពស់​ជីវភាព​រប​ស់កម្មករ​និយោជិត​។​​បើតាម​សេចក្តីប្រកាស​ព័ត៌មាន ក្រសួង​បាន​សហការ​ជាមួយ​តំណាង​អង្គការ​អន្តរជាតិ​ខាង​ការងារ​(ILO) និង​បាន​ដាក់ជូន​ភាគី​ពាក់ព័ន្ធ​ជាពិសេស​សហជីព និង​និយោជក ពិនិត្យ និង​ពិភាក្សា​ជា​បន្តបន្ទាប់ និង​បានរៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ជា​សាធារណៈ​ចំនួន​០៧​លើក ហើយ​មតិយោបល់​របស់​ភាគី​នីមួយៗ ត្រូវបាន​យកមក​បញ្ចូល​ក្នុង​ខ្លឹមសារ​នៃ​សេចក្តីព្រាងច្បាប់​នេះ​។ ក្រសួង​បន្តថា​ក្នង​នោះ​ក្រុម​សហជីព​ដែល​កំពុង​ជំទាស់​នឹង​ច្បាប់​នេះ ក៏បាន​ចូលរួម​ពិភាក្សា​ផងដែរ​។​​ក្រសួង​ការងារ​បាន​បញ្ជាក់ថា​ខ្លឹមសារ​នៃ​ច្បាប់​នេះ​ត្រូវបាន​កសាងឡើង​ដោយ​ឈរលើ​រដ្ឋធម្មនុញ្ញ​កម្ពុ​ជា អនុសញ្ញា​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ​(ILO) និង​បទពិសោធន៍​របស់​បណ្តា​ប្រទេសមួយ​ចំនួន​លើ​ពិភពលោក​។ ក្រសួង​បន្តថា​សេចក្តីព្រាងច្បាប់​នេះ​មាន​ទម្រង់ និង​លក្ខណៈ ស្របតាម​បទដ្ឋាន​អន្តរជាតិ ជាពិសេស​ស្របតាម​តម្រូវការ​ជាក់ស្តែង​រប​ស់​កម្ពុជា​។​​ក្រសួង​បន្តថា​«​ច្បាប់​នេះ​ក៏មាន​គោលដៅ ទប់ស្កាត់​មជ្ឈដ្ឋាន​មួយចំនួន​តូច ដែលមាន​ចេតនា​អាក្រក់​ចង់​បន្ត​ប្រើប្រាស់​កម្មករនិយោជិត ឬ​វិស័យ​ទំនាក់ទំនង​វិជ្ជាជីវៈ​នៅ​កម្ពុជា​បម្រើ​ផលប្រយោជន៍​របស់ខ្លួន និង​បក្ខពួក​ដោយ​មិនបាន​គិត​អំពី​ផលប្រយោជន៍​ពិតប្រាកដ​របស់​កម្មក​រ​និយោជិត​ផងដែរ​»​។ ក្រសួង​ការងារ អំពាវនាវ​ដល់​អ្នកជំទាស់​នឹង​សេចក្តីព្រាងច្បាប់​នេះ​វិល​មក​គិត​ផលប្រយោជន៍​កម្មករនិយោជិត និង​ផលប្រយោជន៍​ជាតិ​ពិតប្រាកដ និង​ចូលរួម​គាំទ្រ​ដល់​ការកសាង​ច្បាប់​សហជីព​នេះ​»​។​​កាលពី​ថ្ងៃ​ព្រហស្បតិ៍ សហជីព​មួយចំនួន​បានចេញ​លិខិត​មួយច្បាប់ ដោយ​គ្រោង​នឹងដាក់​ទៅ​ក្រសួង​ការងារ ដើម្បី​បង្ហាញ​ជំហរ​បដិសេធ​នឹង​សេចក្តីព្រាងច្បាប់​សហជីព​នេះ​។ សហជីព​ទាំងនោះ​មាន​សហភាព​ការងារ​កម្ពុជា​របស់លោក​អាត់ ធន់ សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​របស់លោក ប៉ាវ ស៊ីណា សម្ព័ន្ធ​សហជីព​ជាតិ​របស់លោក ហ្វា សាលី តំណាង​សហព័ន្ធ​សហជីព និង​សមាគម របស់លោក យ៉ាង សុ​ភ័​ណ្ឌ និង​សហជីព​មួយចំនួនទៀត​។​​សហជីព​ទាំងនោះ​ក៏​នឹងដាក់​លិខិត​ទៅ​សហភាព​អឺរ៉ុប ដោយ​ស្នើ​ឲ្យ​ជួយ​ជំរុញ​រដ្ឋាភិបាល​កម្ពុជា និង​សភាជាតិ បញ្ឈប់​ការបង្កើត​ច្បាប់​ស្តីពី​សហជីព​នេះ​។ សហជីព​បានលើកឡើង​ថា​កម្ពុ​ជាមាន​រដ្ឋធម្មនុញ្ញ និង​អនុសញ្ញា​អន្តរជាតិ​ខាង​ការងារ ច្បាប់​ស្តីពី​ការងារ ប្រកាស និង​លិ​ខ​តិ​បទដ្ឋាន​គតិយុត្តិ​ផ្សេងៗ ដែល​ធានា​ដល់​ការងារ​ពារ និង​លើកកម្ពស់ សិទ្ធិសេរីភាព​ក្នុងការ​បង្កើត និង​ការចូលរួម​សហជីព​។សហជីព​ល​លើកឡើងថា​សេចក្តីព្រាងច្បាប់​នេះ​«​មិនបាន​ឆ្លុះបញ្ចាំង​ពី​ការការពារ លើកកម្ពស់​សិទ្ធិសេរីភាព និង​ផលប្រយោជន៍​ជូន​កម្មករ​ន​យោ​ជិត​នោះទេ ពីព្រោះ​មាន​មាត្រា​ជាច្រើន​មានការ​រិត​ត្បិត​ដល់​សិទ្ធិសេរីភាព​សហជីព ជ្រៀតជ្រែក​ដល់​កិច្ចការ​ផ្ទៃក្នុង​របស់​សហជីព​ពី​ស្ថាប័នរដ្ឋ និង​ភាគី​និយោជក និង​មាន​ចេតនា​ដាក់បន្ទុក​យ៉ាងធ្ងន់ធ្ងរ​ក្នុងការ​អនុវត្ត​សិទ្ធិ​សហជីព​យ៉ាងពិត​ប្រាកដ​»​។​​គួរ​បញ្ជាក់ថា​សេចក្តីព្រាងច្បាប់​ស្តីពី​សហជីព​នេះ ត្រូវបាន​តាក់តែងឡើង​តាំងពី​ឆ្នាំ​២០០៨ ដែលមាន​៩១​មាត្រា ក្នុងនោះ​យ៉ាងតិច​៣០​មាត្រា ត្រូវបាន​សហជីព​ជំរុញ​ឲ្យ​កែប្រែ​សម្រួល​ឲ្យ​ស្របតាម​បទដ្ឋាន​អន្តរជាតិ​៕​ដកស្រង់​ពី​សារព័ត៌មាន​សម្លេង​ប្រជាធិបតេយ្យ ចេញផ្សាយ​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៥​។