-
វេទិកាសាធារណៈចំនួន២ត្រូវបានអាជ្ញាធរនៅខេត្ដព្រះវិហាររារាំង
- Issue Date 29-May-2015
មន្ដ្រីអង្គការមិនមែនរដ្ឋាភិបាល នៅខេត្ដព្រះវិហារឲ្យដឹងថា វេទិកាសាធារណៈចំនួនពីរ ដែលរៀបចំឡើងដើម្បីសម្ដែងមតិ និងផ្សព្វផ្សាយបទបញ្ជា០១១ដល់សហគមន៍ ទាក់ទងនឹងជម្លោះដីធ្លីពួកគាត់ ត្រូវបានអាជ្ញាធររារាំង ដោយអះអាងថាមិនមានច្បាប់រអនុញ្ញាត ។វេទិកានោះរៀបចំនៅស្រុកឆែប និងនៅស្រុករវៀង ខេត្ដព្រះវិហារ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ។មន្ដ្រីផ្នែកតស៊ូមតិនៃអង្គការពន្លកខ្មែរ លោក ប៉ិក សោភណ្ឌ ប្រាប់ VOD ថា វេទិកាសាធារណៈនោះរៀបចំឡើងដើម្បីពលរដ្ឋសម្ដែងមតិករណីជម្លោះដីធ្លី ដែលមានប្រជាពលរដ្ឋចូលរួម៣០០នាក់ មកពីឃុំចំនួន៣ រួមមាន ឃុំរួសរាន់ ឃុំរៀបរយ និងឃុំរតនៈក្នុងស្រុករវៀង។ លោកថា កន្លែងសំដែងមតិនោះ ធ្វើនៅក្នុងតំបន់ជម្លោះដីធ្លី ប៉ុន្ដែត្រូវបានសមត្ថកិច្ចប្រហែល២០នាក់ ប្រដាប់ដោយអាវុធរារាំង ដោយបង្វែរទៅកន្លែងផ្សេងទៅវិញ ។ ទោះយ៉ាងណា លោកថា ប្រជាពលរដ្ឋនៅតែមានះធ្វើការសម្ដែងមតិ ដើម្បីបង្ហាញការលំបាកនៃការបាត់បង់ដីធ្លី ។លោកបន្ថែមថា «ពលរដ្ឋអ្នកជម្នះធ្វើ បើតាមសមត្ថកិច្ច គឺគេមិនអនុញ្ញាតឲ្យធ្វើទេ ពីព្រោះវាមានលិខិតយោងពីសាលាស្រុក គេថាអត់ឲ្យធ្វើដាច់ខាត ប៉ុន្តែឥឡូវនេះពលរដ្ឋជម្នះធ្វើនៅហ្នឹងកន្លែង បើទោះបីជាសមត្ថកិច្ចបង្ក្រាប ឬរារាំងបែបណាក៏ពួកគាត់នៅតែជម្នះ ធ្វើការពិភាក្សាហ្នឹងឲ្យទាល់តែបាន» ។ដោយឡែកអ្នកសម្របសម្រួល សមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្ដព្រះវិហារលោក ឡោ ចាន់ ឲ្យដឹងថា នៅម៉ោង៧ព្រឹកថ្ងៃនេះ សមត្ថកិច្ចជាច្រើននាក់មកគំរាមកំហែងពលរដ្ឋ មិនឲ្យចូលរួមស្ដាប់វេទិការផ្សព្វផ្សាយបទបញ្ជា០០១របស់ប្រមុខរដ្ឋាភិបាល ដោយលើកឡើងថា មិនមានច្បាប់អនុញ្ញត ។ លោកថា ពលរដ្ឋរស់នៅតំបន់ជម្លោះដីធ្លី ក្នុងឃុំម្លូព្រៃ១ និងឃុំម្លូព្រៃ២ ស្រុកឆែបនោះ មិនទទួលបានព័ត៌មាននៃបទបញ្ជា០០១នោះទេ ដែលជាហេតុធ្វើឲ្យពួកគាត់បាត់បង់ដីធ្លី ទើបសង្គមស៊ីវិលចុះទៅផ្សព្វផ្សាយបទបញ្ជានេះ គោលបំណងចង់ឲ្យពួកគាត់យល់ដឹងពីបញ្ហដីធ្លី ។ ប៉ុន្ដែទោះយ៉ាងណា លោកបញ្ជាក់ថា ពលរដ្ឋមួយចំនួនបានចូលរួម និងខ្លះទៀតភ័យខ្លាចពេលអាជ្ញាចេញរារាំង ។ លោកថា «ធ្វើឲ្យគាត់មានការរអាភ័យខ្លាច មិនហ៊ានចូលរួមវគ្គផ្សព្វផ្សាយឲ្យបានច្រើនកុះករ ទី១ ។ ទី២ ជាគំនាបដើម្បីកុំឲ្យមានសិទ្ធិសេរីភាពពេញលេញក្នុងការផ្សព្វផ្សាយ ក៏ដូចជាពាក់ព័ន្ធទៅនឹងការបណ្តុះបណ្តាល ពង្រឹងចំណេះដឹងទៅសហគមន៍មួយចំនួនថែមទៀត» ។VOD ព្យាយាមទាក់ទងស្នងការខេត្ដព្រះវិហារ លោក ស៊ី គីរី ជាច្រើនលើកដែរដើម្បីអំភ្លីពីការរារាំងនេះ ប៉ុន្ដែមិនអាចទាក់ទងបាន ។ ចំណែកអភិបាលស្រុករវៀង លោក ឯ សារ៉ូ មានប្រសាសន៍ថា ការរារាំងនោះ ដោយសារមិនមានច្បាប់អនុញ្ញាតិ ។ លោកថា «គាត់ធ្វើវេទិកាហ្នឹង ជាតំណាងរបស់ប្រជាពលរដ្ឋ ហើយខ្ញុំថាប្រសិនគាត់ជាតំណាងប្រជាពលរដ្ឋ សូមឲ្យគាត់ទំនាក់ទំនងមកឃុំមក ព្រោះឃុំជាតំណាងប្រជាពលរដ្ឋ មកឃុំ ឬមកស្រុកមក ប៉ុន្តែសួរគាត់ថា អ្នកណា អង្គការណាអ្នកនាំធ្វើ? គាត់ថាអត់មានទេ» ។រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា៤១ចែងថា ពលរដ្ឋខ្មែរគ្រប់រូបមានសេរីភាពសម្ដែងមតិ សេរីភាពខាងប្រជុំ សេរីភាពខាងសារព័ត៌មាន ខាងបោះពុម្ពផ្សាយ ។ ជនណាក៏ដោយមិនអាចឆ្លៀត យកសិទ្ធិនេះដោយរំលោភនាំអោយប៉ះពាល់ដល់ទម្លៀមទម្លាប់ល្អ សណ្ដាប់ធ្នាប់សាធារណៈ និងសន្ដិសុខជាតិបានឡើយ ។ គួរបញ្ជាក់ថា នៅស្រុករវៀង និងស្រុកឆែប ខេត្ដព្រះវិហារជាតំបន់ជម្លោះដីធ្លីដ៍ធ្ងន់ធ្ងរ រវាងក្រុមហ៊ុនដាំអំពៅរបស់ចិន រ៉ូយហ្វេង និងក្រុមហ៊ុនដាំណាំឧស្សាហកម្ម ហើយមកដល់ពេលនេះ មិនទាន់មានដំណោះស្រាយនៅឡើយទេ បើទោះបីពួកគាត់ស្វែងរកអន្ដរាគមន៍ដល់រាជធានីភ្នំពេញក្ដី ៕ដកស្រង់ពីសារព័ត៌មានសម្លេងប្រជាធិបតេយ្យ ចេញផ្សាយថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៥។