• សាលាក្រុង​មិន​អនុញ្ញាត​ឲ្យ​ប្រារព្ធ​ខួប​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម​នៅ​ទីលាន​ប្រជាធិបតេយ្យ​

    • Issue Date 29-May-2015

    ​អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត​ឲ្យ​អង្គការ​-​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ធ្វើ​ពិធី​រំឭក​ខួប​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម នៅលើ​ទីលាន​ប្រជាធិបតេយ្យ​នៅ​ថ្ងៃទី​៤ ខែមិថុនា ដូច​ការស្នើសុំ​នោ​ជ្ញា​ធរ​អះអាងថា ទីលាន​ប្រជាធិបតេយ្យ​មិនមែនជា​កន្លែង​សម្រាប់​ប្រារព្ធ​ពិធី​បែប​សាសនា​ឡើយ​។​​តំណាង​អង្គការ​-​សមាគម​ខ្មែរ​កម្ពុជា​ក្រោម សម្ដែង​ការមិនសប្បាយចិត្ត​ចំពោះ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ដែល​មិន​អនុញ្ញាត​ឲ្យ​ខ្មែរក្រោម​រៀបចំ​ពិធីបុណ្យ​រំឭក​ខួប​បាត់បង់​ទឹកដី​នៅ​ទីសាធារណៈ ដូច​នៅលើ​ទីលាន​ប្រជាធិបតេយ្យ​។​​ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា ថ្លែង​នៅក្រោយ​ជំនួប​ជាមួយ​អាជ្ញាធរ​នៅ​សាលា​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី​២៨ ឧសភា ថា ការដែល​សាលា​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាត​នេះ ដោយ​ពួកគេ​លើក​ហេតុផល​ថា ទីលាន​ប្រជាធិបតេយ្យ គឺជា​កន្លែង​សម្រាប់ធ្វើ​ការសម្ដែង​មតិ ប៉ុន្តែ​មិនមែនជា​ទីកន្លែង​សម្រាប់ធ្វើ​ពិធី​បែប​សាសនា​នោះឡើយ​។​​ចំណែក​មូលហេតុ​ផ្សេង​មួយទៀត​ដែល​សាលា​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត​នោះ គឺ​ដោយសារ​មាន​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដាច់ដោយឡែក​មួយទៀត ដែល​ដឹកនាំ​ដោយ​ប្រធាន​គណៈកម្មាធិការ​សម្របសម្រួល​ខ្មែរ​កម្ពុជា​ក្រោម លោក គឹម វ៉ាន់​ឆេង ក៏បាន​ស្នើសុំ​យក​ទីតាំង​ទីលាន​ប្រជាធិបតេយ្យ​សម្រាប់ធ្វើ​ពិធី​រំឭក​ខួប​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម នៅ​ថ្ងៃទី​៤ មិថុនា ក្នុងពេល​ជាមួយគ្នា​ដែរ​។ ដូច្នេះ សាលា​រាជធានី​ភ្នំពេញ មិនអាច​អនុញ្ញាត​ឲ្យ​មួយ អត់​មួយ​នោះទេ​។​​យ៉ាងណាក៏ដោយ លោក ថាច់ សេដ្ឋា មានប្រសាសន៍ថា ការអះអាង​របស់​អាជ្ញា​ធរ​ពុំ​សម​ហេតុផល​ឡើយ​។ លោក​ថា ការធ្វើ​ពិធីបុណ្យ​រំឭក​ខួប​បាត់បង់​ទឹកដី ក៏​ជា​សកម្មភាព​សម្ដែង​មតិ​មួយ​ផងដែរ​។ ចំណែក​រឿង​ដែល​អាជ្ញាធរ​លើកឡើងថា ដោយសារ​មានការ​ស្នើសុំ​ផ្ទួនគ្នា​នោះ លោក​ចាត់ទុកថា វា​គ្រាន់តែ​ជា​លេស​ប៉ុណ្ណោះ ដោយហេតុថា គណៈកម្មាធិការ​សម្របសម្រួល​ខ្មែរ​កម្ពុជា​ក្រោម​របស់ លោក គឹម វ៉ាន់​ឆេង ដែល លោក ថាច់ សេដ្ឋា អះអាងថា ស្និទ្ធ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា នោះ តែង​ស្នើសុំ​យក​ទីកន្លែង​ដូចគ្នា​ដែល​អង្គការ​-​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ស្នើ​ទៅ​អាជ្ញាធរ​ក្នុង​បំណង​រារាំង​ការ​ប្រារព្ធ​ពិធី​របស់​អង្គការ​-​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដទៃទៀត នៅតាម​ទីសាធារណៈ​ធំៗ​។​​ពិសេស​ជាងនេះទៅទៀត លោក ថាច់ សេដ្ឋា យល់ឃើញថា ការដែល​អាជ្ញាធរ​ខ្មែរ​មិន​អនុញ្ញាត​ឲ្យ​ខ្មែរក្រោម​រៀបចំ​ពិធី​រំឭក​ខួប​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម នៅតាម​ទីសាធារណៈ​ធំៗ​មួយ​លើក​ជា​ពីរលើក​នេះ គឺ​ដោយសារតែ​អាជ្ញាធរ​ខ្មែរ​ខ្លាច​ប្រទេស​វៀតណាម ខឹងសម្បារ​នឹង​ខ្លួន​៖ «​នៅតែ​បង្ហាញខ្លួន​ក្រោម​ឥទ្ធិពល​របស់​យួន ដដែល ខ្លាច​តែ​យួន អាក់អន់ស្រពន់ចិត្ត យើងខ្ញុំ​ដំបូង​សង្ឃឹមថា​វប្បធម៌​ចរចា​សំខាន់​ណាស់​ហើយ ប៉ុន្តែ​ដល់ទី​បំផុត​ទៅ នៅតែ​មិនបាន​ធ្វើ​អ្វី​ដែលជា​ប្រយោជន៍​របស់​ជាតិ​ដដែល​»​។​​លោក ថាច់ សេដ្ឋា បញ្ជាក់ថា មូល​ហេតុដែល​អង្គការ​-​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ស្នើសុំ​យក​ទីលាន​ប្រជាធិបតេយ្យ​ជា​កន្លែង​ប្រារព្ធ​ពិធី ព្រោះ​លោក​មើលឃើញថា ទីលាន​ប្រជាធិបតេយ្យ​មាន​ទីធ្លា​ធំ​ទូលាយ ងាយស្រួល​ក្នុងការ​ប្រារព្ធ​ពិធី និង​ក្នុងការ​ការ​សន្តិសុខ​សុវត្ថិភាព ជាដើម​។​​យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌី​ម៉​ង់ មានប្រសាសន៍ថា សាលា​រាជធានី​ភ្នំពេញ បានស្នើ​ឲ្យ​ខ្មែរក្រោម​ទៅធ្វើ​នៅ​ទីតាំង​ឯកជន​វិញ ដោយសារ​អាជ្ញាធរ​មើលឃើញថា ទីតាំង​ឯកជន​ដូចជា​វត្ត​អារាម ជាដើម មាន​ភាពងាយស្រួល​ក្នុងការ​ប្រារព្ធ​ពិធី​បែប​សាសនា​ជាង​នៅ​ទីលាន​ប្រជាធិបតេយ្យ​។ លើសពីនេះ លោក​ថា ដោយសារ​នៅ​ដើមខែ​មិថុនា ខាងមុខ អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ ក៏ត្រូវ​ជាប់​មមាញឹក​ក្នុងការ​រៀបចំ​សន្តិសុខសម្រាប់​ពិធី​ដង្ហែ​ព្រះ​គោរមងារ​របស់​ព្រះមហាក្សត្រ​នៅមុខ​ព្រះបរមរាជវាំង​ទៀតផង​។​​លោក ឡុង ឌី​ម៉​ង់ ក៏​អះអាង​ដែរ​ថា ការសម្រេច​មិន​អនុញ្ញាត​ឲ្យ​ខ្មែរក្រោម ធ្វើ​ពិធី​នៅលើ​ទីលាន​ប្រជាធិបតេយ្យ​នេះ គឺ​មិនមាន​ពាក់ព័ន្ធ​នឹង​ហេតុផល​នយោបាយ ឬ​ជាការ​ខ្លាចរអា​ប្រទេស​វៀតណាម អ្វី​នោះឡើយ ប៉ុន្តែ​លោក​ថា វា​គ្រាន់តែ​ជាការ​សម្រេចចិត្ត​បែប​រដ្ឋបាល​ប៉ុណ្ណោះ​៖ «​សូមបញ្ជាក់ថា យើង​អត់​បាន​គិតគូរ​ពី​បញ្ហានយោបាយ ឬក៏​ពី​បញ្ហា​ប្រវត្តិសាស្ត្រ​ទេ ការងារ​ក្នុង​ទំនាក់ទំនង​អន្តរជាតិ​អត់​ទេ យើងខ្ញុំ​គឺជា​មន្ត្រីរដ្ឋបាល យើងខ្ញុំ​ជា​ស្ថាប័ន​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដូច្នេះ​យើងខ្ញុំ​គិតគូរ​តែ​បញ្ហា​រដ្ឋបាល និង​បញ្ហា​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ​ប៉ុណ្ណោះ​»​។​​លោក ថាច់ សេដ្ឋា មានប្រសាសន៍ថា ដោយសារ​អាជ្ញាធរ​មិន​អនុញ្ញាត​ឲ្យ​ខ្មែរក្រោម​ប្រារព្ធ​ពិធី​នៅ​ទីលាន​ប្រជាធិបតេយ្យ លោក​បាន​ទៅ​ស្នើសុំ​ព្រះចៅអធិការ​វត្ត​ថ្មី ដែល​ឋិត​នៅ​ត្រើយម្ខាង​ទល់មុខ​ព្រះបរមរាជវាំង ដើម្បី​ធ្វើ​ពិធី​នៅ​ទីនោះ​។ លោក ថាច់ សេដ្ឋា អះអាងថា ព្រះចៅអធិការ​វត្ត​ថ្មី នេះ បានអនុញ្ញាត​ឲ្យ​ពួកលោក​រួចហើយ​។​​គិតដល់​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៥ គឺមាន​រយៈពេល ៦៦​ឆ្នាំ​ហើយ​ដែល​អាណានិគមនិយម​បារាំង បាន​កាត់​ទឹកដី​កម្ពុជា​ក្រោម ទៅ​ឲ្យ​ស្ដេច​យួន បាវ ដាយ កាលពី​ឆ្នាំ​១៩៤៩​។ ចាប់តាំងពី​ពេលនោះ​មក ខ្មែរក្រោម​បាន​យក​ថ្ងៃទី​៤ មិថុនា គឺជា​ទិវា​ចងចាំ​តៗ​រៀងមក​។​​លោក ថាច់ សេដ្ឋា មានប្រសាសន៍ថា ពិធីបុណ្យ​រំឭក​ខួប​បាត់បង់​ទឹកដី​ឆ្នាំនេះ អាចមាន​មនុស្ស​ច្រើន​ពាន់​នាក់​ចូលរួម ក្នុងនោះ​ព្រះសង្ឃ​ជិត ២​ពាន់​អង្គ ក៏​នឹងត្រូវ​និមន្ត​ចូលរួម​ក្នុង​ពិធីរាប់បាត្រ​ផងដែរ​។ លោក​ក៏បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ ចូលរួម​ក្នុង​ពិធីបុណ្យ​រំឭក​ខួប​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម​នេះ​ឲ្យ​បាន​ច្រើន​កុះករ ព្រោះ​លោក​ថា បញ្ហា​បាត់បង់​ទឹកដី មិនមែនជា​បញ្ហា​របស់​ខ្មែរក្រោម​តែមួយ​នោះទេ ប៉ុន្តែ​វា​ជា​បញ្ហា​របស់​ខ្មែរ​ទាំងអស់គ្នា​៕​ដក​ស្រ​ង់​ពី​វិទ្យុ​អាស៊ីសេរី ចេញផ្សាយ​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៥​។​