• អង្គការ​អន្តរជាតិ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​លុបចោល​សេចក្ដីព្រាងច្បាប់​សមាគម​-​អង្គការ​

    • Issue Date 02-Jun-2015

    អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូ​មែន រ៉ៃ​ត៍ វ៉​ច្ឆ (Human Rights Watch) ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា លុបចោល​សេចក្ដីព្រាងច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ពីព្រោះ​សេចក្ដីព្រាងច្បាប់​មួយ​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សិទ្ធិសេរីភាព និង​ការងារ​របស់​អង្គការក្រៅរដ្ឋាភិបាល​។​​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​១ ខែមិថុនា បញ្ជាក់ថា អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូ​មែន រ៉ៃ​ត៍ វ៉​ច្ឆ រួមទាំង​អង្គការ​អន្តរជាតិ​ផ្នែក​សិទ្ធិមនុស្ស​ចំនួន ១០​ស្ថាប័ន​ផ្សេងទៀត បាន​ផ្ញើលិខិត​ជូន​រដ្ឋាភិបាល​ចំនួន ៤៤​ប្រទេស និង​សហភាព​អឺរ៉ុប កាលពី​ថ្ងៃទី​២៩ ខែឧសភា ស្នើ​ឲ្យ​រដ្ឋាភិបាល​ប្រទេស​ទាំងនោះ និង​ក្រុម​ប្រទេស​ផ្ដល់ជំនួយ​គាបសង្កត់​ដល់​រដ្ឋាភិបាល​កម្ពុជា ឲ្យ​បញ្ឈប់​សេចក្ដីព្រាងច្បាប់​នេះ និង​ហ៊ាន​និយាយ​ការពារ​ដល់​ក្រុម​អង្គការក្រៅរដ្ឋាភិបាល ដែល​កំពុង​បន្តការងារ​ដ៏​មានតម្លៃ ជួយ​កាត់បន្ថយ​ភាពក្រីក្រ ការពារ​សិទ្ធិ​កុមារ សិទ្ធិមនុស្ស និង​កិច្ចការងារ​ជាច្រើន​ទៀត​។​​លោក ប្រ៊ែ​ដ អាដាម (Brad Adams) នាយក​ប្រតិបត្តិ​ទទួលបន្ទុក​ផ្នែក​អាស៊ី នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូ​មែន រ៉ៃ​ត៍ វ៉​ច្ឆ បញ្ជាក់ថា រដ្ឋាភិបាល​និង​ក្រុម​ម្ចាស់ជំនួយ​ដល់​កម្ពុជា គួរប្រើ​ឥទ្ធិពល​របស់ខ្លួន ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ឈប់​ការព្យាយាម​ដ៏​គ្រោះថ្នាក់​នេះ ដើម្បី​ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​សិទ្ធិសេរីភាព និង​ការបញ្ចេញមតិ​របស់​ស​មា​គម និង​អង្គការក្រៅរដ្ឋាភិបាល​។​​គណៈរដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា គ្រោង​ពិភាក្សា​លើ​សេចក្ដីព្រាងច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល នៅ​ថ្ងៃ​សុក្រ ទី​៥ ខែមិថុនា បន្ទាប់ពី​បាន​ពិភាក្សា​ម្ដង​រួចមកហើយ កាលពី​ថ្ងៃទី​២៩ ខែឧសភា មុន​ដាក់ជូន​សភាជាតិ​អនុម័ត​៕​ដកស្រង់​ពី​វិទ្យុ​អាស៊ីសេរី ចេញផ្សាយ​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០១៥​។​