• ឧបការី​អាមេរិក​អះអាងថា​ច្បាប់​អង្គការ​មិនទាន់​ចាំបាច់​សម្រាប់​កម្ពុជា​នោះទេ​

    • Issue Date 02-Jun-2015

    ឧបការី​រង​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក​ដែល​ទទួលបន្ទុក​ផ្នែក​លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​ការងារ លោក​Scott Busby បាន​អះអាងថា​ច្បាប់​សមាគម និង​អង្គការក្រៅរដ្ឋាភិបាល មិនទាន់​ចាំបាច់​មាន​សម្រាប់​កម្ពុជា​នៅពេលនេះ​នោះទេ​។​​លោក​Scott Busby​បាន​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ដោយ​លោក​បាន​ជួប​ជាមួយ​តំណាង​អង្គការ​សង្គម​ស៊ីវិល និង​រដ្ឋមន្ត្រីក្រសួង​ការ​បរ​ទស​កម្ពុជា លោក ហោ ណាំហុង​។ ដំណើរ​ទស្សនកិច្ច​រប​ស់លោក ធ្វើឡើង​ស្របពេល​ដែល​សង្គម​ស៊ីវិល​កំពុងតែ​រិះគន់​លើ​សេចក្តីព្រាងច្បាប់​សមាគម និង​អង្គការក្រៅរដ្ឋាភិបាល ដោយ​សង្គម​ស៊ីវិល​បានទាមទារ​ឲ្យ​រដ្ឋាភិបាល​បញ្ចេញ​សេចក្តីព្រាង​ជា​សាធារណៈ ដើម្បី​ខ្លួន​អាច​ផ្តល់យោបល់​។ ដំណើរ​ទស្សនកិច្ច​នេះ​ក៏​ធ្វើឡើង​ស្របពេល​ដែល​សហជីព​កំពុងតែ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ឈប់​ការធ្វើ​សេចក្តីព្រាងច្បាប់​ស្តីពី​សហជីព ដោយ​ចាត់ទុកថា​ច្បាប់​នេះ​នឹង​រឹតត្បិត​សេរីភាព​សហជីព​។​​ក្នុង​សន្និសីទ​សារព័ត៌មាន​ដែល​ធ្វើឡើង​នៅ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក Scott Busby មានប្រសាសន៍ថា​លោក​បារម្ភ​ពី​សេចក្តីព្រាងច្បាប់​សមាគម និង​អង្គការក្រៅរដ្ឋាភិបាល ដោយ​លោក​គិតថា​ច្បាប់​នេះ​នឹង​រឹតត្បិត​សិទ្ធិសេរីភាព​របស់​សង្គម​ស៊ីវិល​។ លោក​បន្តថា​លោក​មិន​ជឿថា​ច្បាប់​នេះ​នឹង​ជួយ​ដល់​កិច្ចសហប្រតិបត្តិការ​រ​វាង​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល ដូច​ការអះអាង​របស់​រដ្ឋាភិបាល​កម្ពុជា​នោះទេ​។ លោក​បាន​បញ្ជាក់ថា​«​យើង​គាំទ្រ​កិច្ចសហប្រតិបត្តិការ​បែបនេះ តែ​ដូច​អ្វីដែល​យើង​និយាយ​ទៅកាន់​រដ្ឋមន្ត្រី​[​ហោ ណាំហុង​]​ថា យើង​មិន​ជឿថា​ច្បាប់​ថ្មី​នេះ​ត្រូវការ ដើម្បី​សម្រេច​កិច្ច​សហ​ប្រតិការ​នេះ​ទេ​។ ខ្ញុំ​ជំរុញ​ឲ្យ​មានការ​ពិចារណា​ឡើងវិញ​ថា​តើ​សង្គម​ស៊ីវិល​ពិតជា​ត្រូវការ​ច្បាប់​នេះ នៅពេលនេះ​ឬ​យ៉ាងណា ដោយសារ​កម្ពុជា​មានច្បាប់​ដែល​ប្រឆាំងនឹង​ភេរវកម្ម សកម្មភាព​ឧក្រិដ្ឋ ក៏ដូចជា​ក្រមព្រហ្មទណ្ឌ​ដែល​ដោះស្រាយ​បញ្ហា​ព្រួយបារម្ភ ដែល​សេចក្តីព្រាងច្បាប់​អង្គការ​មានបំណង​ដោះស្រាយ​នឹង​ដោះស្រាយ​បញ្ហា​ទាំងនេះ​»​។​​លោក​Scott Busby​បញ្ជាក់​បន្ថែមថា​«​យើង​មិន​ជឿថា​ច្បាប់​នេះ​មិនទាន់​ចាំបាច់​នោះទេ​។ តែ​ប្រសិនបើ​វា​ចាំបាច់​សម្រាប់​ការអនុម័ត​ច្បាប់​នេះ ច្បាប់​នេះ​នឹង​ជួយ​អង្គការ​សង្គម​ស៊ីវិល មិនមែន​រឹតត្បិត​នោះទេ​»​។​​លោក​Scott Busby​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ចេញ​សេចក្តីព្រាងច្បាប់​នេះ​ជា​សា​ធាណៈ​កាន់តែ​ឆាប់​បំផុត ដើម្បី​ឲ្យ​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ អាច​ចូលរួម​ជា​យោបល់ មុននឹង​បញ្ជូនទៅ​រដ្ឋសភា ដើម្បី​អនុម័ត​។ លោក​បញ្ជាក់​បន្ថែមថា​ពិភពលោក​កំពុងតែ​មើល​មក​កម្ពុជា​លើ​កិច្ចការ​នេះ​។ លោក​ក៏បាន​ជំរុញ​ឲ្យ​កម្ពុជា​គោរព​នូវ​ការទទួលស្គាល់​ជា​អន្តរជាតិ​លើ​សេរីភាព​ភាព​នៃ​ការបញ្ចេញមតិ និង​លើ​ការប្រមូលផ្តុំ​។​​នៅពេល​សួរ​សំណួរ​ថា​តើ​ប្រសិនបើ​សេចក្តីព្រាងច្បាប់​នេះ​ត្រូវ​បានអនុម័ត សហ​អាមេរិក​នឹង​កាត់​ជំនួយ​ពី​កម្ពុជា ឬ​យ៉ាងណា លោក​Scott Busby មានប្រសាសន៍ថា​រហូត​មកដល់ពេលនេះ លោក​មិនទាន់​បានឃើញ​សេចក្តីព្រាងច្បាប់​នេះ​នៅឡើយ​ទេ ដូច្នេះ​លោក​មិនទាន់​អាច​និយាយ​នៅពេលនេះ​ថា​តើ​នឹងមាន​ផលប៉ះពាល់​អ្វី​លើ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​។​​ក្នុង​ពិធី​សម្ពោធ​ផ្លូវ​នៅ​ខេត្តកំពង់ស្ពឺ នៅ​ថ្ងៃ​អង្គារ​នេះ លោកនាយក​រដ្ឋមន្ត្រី​មានប្រសាសន៍ថា កន្លងទៅ​មាន​អង្គការក្រៅរដ្ឋាភិបាល​រាប់រយ​បានផ្តល់​ប្រាក់កម្ចី​ដល់​ប្រជាពលរដ្ឋ ហើយ​លោក​ថា​បច្ចុប្បន្ននេះ អង្គការក្រៅរដ្ឋាភិបាល​មួយចំនួន​បាន​ខ្ចីប្រាក់​ពី​ប្រជាពលរដ្ឋ ដោយ​យល់ព្រម​ផ្តល់​អត្រា​ការប្រាក់​១០​ភាគរយ​ក្នុង​មួយខែ​។ លោកនាយក​រដ្ឋមន្ត្រី​ចាត់ទុក​ទង្វើ​នេះ​ថា​ជាការ​បោកប្រាស់​។ លោក​បន្ថែមទៀតថា​ច្បាប់​អង្គការ​នេះ​នឹង​អាច​ទប់ស្កាត់​ករណី​អង្គការ​ណាមួយ​ដែលមាន​បំណង​ធ្វើ​ភេរវកម្ម​ផងដែរ​។​​លោកនាយក​រដ្ឋមន្ត្រី​បាន​ថ្លែងថា​«​អញ្ចឹងទេ​បានជា​ប្រទេស​របស់​យើង​ត្រូវ​មានច្បាប់​គ្រប់​គ្រប់គ្រង​អង្គការក្រៅរដ្ឋាភិបាល និង​សមាគម​មួយ​ជាក់លាក់ យើង​អត់​ចង់​សម្លាប់​មាន់​យក​ពង​ទេ យើង​ចង់​ចិញ្ចឹម​មាន់​ឲ្យ​ធាត់ ដើម្បី​ផ្តល់​ពង ផ្តល់​សាច់ បានសេចក្តីថា​ច្បាប់​ស្តីពី​អង្គការក្រៅរដ្ឋាភិបាល ឬ​សមាគម គឺជា​ច្បាប់​ដែល​ទ្រទ្រង់​ឲ្យ​សកម្មភាព​ទាំងឡាយ​របស់​អង្គការក្រៅរដ្ឋាភិបាល​ឬ​សមាគម ប្រព្រឹត្តទៅ​ដោយមាន​ច្បាប់​ធានា និង​ការពារ និង​លើកទឹកចិត្ត​ឲ្យ​ធ្វើ​សកម្មភាព​»​។​​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​អំពាវនាវ​កុំ​ឲ្យ​សមាគម និង​អង្គការក្រៅរដ្ឋាភិបាល​មាន​ក្តីបារម្ភ​ចំពោះ​ច្បាប់​នេះ ។ លោ​កថា​ច្បាប់​នេះ​នឹង​ការពារ និង​បើកទូលាយ​ឲ្យ​អង្គការ សមាគម ទាំងនេះ​ធ្វើ​សកម្មភាព​ដោយ​ទូលាយ​ទៅតាម​ផ្លូវច្បាប់ និង​មានច្បាប់​គ្រប់គ្រង​។​​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃស៊ី​ផាន ធ្លាប់​អះអាងថា​សេចក្តីព្រាងច្បាប់​នេះ​នឹងត្រូវ​ដាក់​ឆ្លង​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​សុក្រ​សប្តាហ៍​នេះ ហើយនឹង​ត្រូវ​បញ្ជូនទៅ​រដ្ឋសភា​ពីរ​បី​ថ្ងៃ​បន្ទាប់ ប្រសិនបើ​មិនមាន​ការកែប្រែ​លើ​សេចក្តីព្រាងច្បាប់​នេះ​។​​បើតាម​លោក ហោ ណាំហុង អង្គការ​សមាគម​ដែល​ចុះបញ្ជី​ជាមួយ​ក្រសួង​ក​ហា​ផ្ទៃ​មាន​ចំនួន​ជាង​៣​ពាន់​អង្គការ​-​សមាគម និង​អង្គការ​អន្តរជាតិ​ដែល​បាន​ចុះបញ្ជី​ជាមួយ​ក្រសួងការបរទេស​កម្ពុ​ជាមាន​ជាង​៤០០ ។ លោក​អះអាង​ប្រាប់​ទៅ​ឧបការី​រង​ក្រសួងការបរទេស​អាម​រិ​កថា​ចំនួន​នេះ​ជា​ចំនួន​ដ៏​ច្រើន ដែល​មិនមាន​ប្រទេស​ណា​ក្នុង​សកលលោក​មាន​ចំនួន​ច្រើន​ដូច​កម្ពុជា ។​​គួរ​បញ្ជាក់ថា ថ្មីៗ​នេះ ក្រសួងមហាផ្ទៃ​បាន​អះអាង​សេចក្តីព្រាងច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ត្រូវបាន​ធ្វើឡើង​ផ្អែកលើ​មូលដ្ឋាន​រដ្ឋធម្មនុញ្ញ​ក​ម្ពុ​ជា និង​កតិកាសញ្ញា​អន្តរជាតិ ដោយ​អំពាវនាវ​កុំ​ឲ្យ​មានការ​ព្រួយបារម្ភ​ពាក់ព័ន្ធ​នឹង​ការ​រឹតត្បិត​សេរីភាព​៕​ដកស្រង់​ពី​សារព័ត៌មាន​សម្លេង​ប្រជាធិបតេយ្យ ចេញផ្សាយ​ថ្ងៃទី​០២ ខែមិថុនា​ឆ្នាំ​២០១៥​។​