• សមត្ថកិច្ច​គំរាម​សម្លាប់​ពលរដ្ឋ​ខណៈ​ប្រមូលផ្ដុំ​គ្នា​ដាក់​ញ​ត្ដិ​ជូន​អាជ្ញាធរ​ខេត្ដ​ព្រះវិហារ​ករណី​ជម្លោះដីធ្លី​

    • Issue Date 03-Jun-2015

    ​អ្នកមាន​ជម្លោះដីធ្លី​មកពី​ស្រុក​ត្បែងមានជ័យ ខេត្ដ​ព្រះវិហារ ឲ្យ​ដឹងថា​ពួកគាត់​ត្រូវបាន​សមត្ថកិច្ច​ខេត្ដ​នេះ​រារាំង និង​គំរាម​សម្លាប់ ព្រមទាំង​ហាមឃាត់​មិន​ឲ្យ​ជួបប្រជុំគ្នា ដាក់​ញ​ត្ដិ​ជូន​អាជ្ញាធរ​ខេត្ដ ដើម្បី​ជំរុញ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ដោះស្រាយ​ជម្លោះដីធ្លី​ពួកគេ​។​​សមាជិក​សហគមន៍​ជនជាតិដើម​ភាគតិច​គួ​យ នៅ​ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ អ្នកស្រី ស៊ឹង សាំ ប្រាប់​VOD​នៅ​ទី​រួម​ខេត្តព្រះវិហារ​នា​រសៀល​ថ្ងៃ​អង្គារ​នេះ​ថា​ក្រុម​សមត្ថកិច្ច​ចម្រុះ បាន​រារាំង គំរាមកំហែង​ចាប់​ដាក់​ខ្នោះ និង​សម្លាប់ចោល ខណៈដែល​ពួកគាត់​ជាច្រើន​នាក់​បានមក​ប្រមូលផ្ដុំ​គ្នា​នៅ​ទីរួមខេត្ដ ដាក់​ញ​ត្ដិ​ជូន​អភិបាលខេត្ដ លោក អ៊ុំ ម៉ា​រ៉ា ដើម្បី​ជំរុញ​ស្ថាប័ន​ពាក់ព័ន្ធ ជួយ​ដោះស្រាយ​ជម្លោះដីធ្លី ជាមួយ​ក្រុមហ៊ុន​ចិន​ឡាន​ហ្វេ​ង​។ អ្នកស្រី​បន្ដថា​ក្រុម​សមត្ថកិច្ច​ទាំងនោះ បាន​ហាមឃាត់ និង​បណ្ដេញ​ពួកគាត់​ឲ្យ​ត្រឡប់​ទៅ​គេហដ្ឋាន​វិញ ប៉ុន្ដែ​ពួកគាត់​មិន​ធ្វើតាម ហើយ​នៅតែ​ទាមទារ​ឲ្យ​អាជ្ញាធរ​បញ្ឈប់​ក្រុមហ៊ុន​រំលោភ​ដីធ្លី​ពួកគេ ។​​ប្រជា​សហគមន៍​ទាំងនោះ​ឲ្យ​ដឹង​ប្រហាក់ប្រហែលគ្នា​ថា​ពួកគាត់​បានធ្វើ​ដំណើរ​ដោយ​ថ្មើរជើង មកពី​ស្រុក​ត្បែងមានជ័យ ដើម្បី​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​ជម្លោះដីធ្លី​អូសបន្លាយ​ជាច្រើន​ឆ្នាំ​មកហើយ​នោះ ប៉ុន្ដែ​បែរជា​ត្រូវ​សមត្ថកិច្ច​ខេត្ត​នេះ​គំរាម​សម្លាប់​ទៅវិញ​។ ពួកគាត់​បញ្ជាក់ថា​បើទោះបី​មានការ​រារាំង និង​គំរាមកំហែង​ក្ដី ក៏​ពួកគេ​នៅតែ​បន្ត​ជួបប្រជុំគ្នា​ដដែល ដើម្បី​ទាមទារ​យុត្ដិធម៌ ។​​ជាមួយគ្នា​នោះដែរ ពលរដ្ឋ​មកពី​តាម​បណ្ដា​ស្រុក​ផ្សេងៗ​ទៀត ដូចជា​ស្រុក​គូលែន ស្រុក​រវាង ស្រុក​ជាំ​ក្សាន្ដ ជាដើម ក៏ត្រូវ​សមត្ថកិច្ច​ស្ទាក់ផ្លូវ និង​រារាំង​ពួកគាត់​មិន​ធ្វើដំណើរ​ចូល​ទីរួមខេត្ដ​ផងដែរ ក្រោម​ហេតុផល​ផ្សេង​។ ប៉ុន្ដែ​ទោះជា​យ៉ាងណា ពួកគាត់​ខ្លះ​នៅតែ​បន្ដ​ដោយ​ថ្មើរជើង​ដដែល ។​VOD មិនអាច​ទាក់ទង អភិបាលខេត្ដ​ព្រះវិហារ លោក អ៊ុំ ម៉ា​រ៉ា ដើម្បី​សាកសួរ​ពី​ករណីនេះ​បានទេ ដោយ​ទូរស័ព្ទ​នៅក្រៅ​សេវា ។ ចំណែក​ស្នងការ និង​ស្នងការរង​ខេត្ត គឺ​លោក ស៊ី គិរី និង​លោក កែវ ចំរើន ក៏​VOD មិនអាច​ទាក់ទង​ដើម្បី​សុំ​ការបំភ្លឺ​បានដែរ ។ ​អ្នកសម្របសម្រួល​សមា​គម​ការពារ​សិទ្ធិមនុស្ស​អាដហុក ខេត្ដ​ព្រះវិហារ លោក ឡោ ចាន់ យល់ថា​ករណីនេះ​ជាការ​គំរាមកំហែង​បំបិទ​សិទ្ធិសេរីភាព​ក្នុងការ​បញ្ចេញមតិ តាម​រដ្ឋធម្មនុញ្ញ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ពលរដ្ឋ ។ លោក​បន្ដថា​ជម្លោះដីធ្លី​នៅ​ខេត្ដ​នោះបាន​អូសបន្លាយ​ជាច្រើន​ឆ្នាំនេះ ដោយសារ​អាជ្ញាធរ​ហាក់​មិនមាន​ចេតនា ជួយ​ដោះស្រាយ​ជូន​ពួកគាត់ ។លោក​បញ្ជាក់ថា បើសិន​ជម្លោះដីធ្លី​នេះ នៅតែ​មិនមាន​ដំណោះស្រាយ​នោះ ពួកគាត់​នឹង​ឡើងទៅ​តវ៉ា​ដល់​រាជធានី​ភ្នំពេញ​បន្ដទៀត​។​​បើតាម​ពលរដ្ឋ ពួកគេ​មាន​គម្រោង​ជួបប្រជុំគ្នា ដើម្បី​ធ្វើការ​តវ៉ា​ឲ្យ​អាជ្ញាធរ​ជួយ​រក​ដំណោះស្រាយ​ដីធ្លី​នេះ មាន​រយៈពេល​២​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២ ដល់​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០១៥​នេះ ៕​ដកស្រង់​ពី​សារព័ត៌មាន​សម្លេង​ប្រជាធិបតេយ្យ ចេញផ្សាយ​ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០១៥​។​