• អង្គការ​អន្តរជាតិ​ជំរុញ​ឲ្យ​ប្រទេស​ម្ចាស់ជំនួយ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា​ករ​ណី​ច្បាប់​អង្គការ​

    • Issue Date 03-Jun-2015

    អង្គការសិទ្ធិមនុស្ស​អន្តរជាតិ​ចំនួន​១១​ជំរុញ​ឲ្យ​ប្រទេស​ម្ចាស់ជំនួយ​របស់​កម្ពុជា និង​រដ្ឋាភិបាល​ដទៃទៀត ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ទម្លាក់ចោល​សេចក្ដីព្រាងច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដោយ​លើកឡើងថា ច្បាប់​នេះ​នឹង​គំរាមកំហែង​ដល់​សេរីភាព​របស់​អង្គការ​សមាគម ។​​សេចក្ដីប្រកាស​ព័ត៌មាន​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (Human Rights Watch) ចេញផ្សាយ​នៅ​ថ្ងៃទី​០១ ខែមិថុនា ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២៩ ខែឧសភា អង្គការ​នេះ និង​អង្គការសិទ្ធិមនុស្ស​ចំនួន​១០​ផ្សេងទៀត​បាន​ផ្ញើលិខិត​ទៅកាន់​សហភាព​អ៊ឺរ៉ុប និង​រដ្ឋាភិបាល​៤៤​ប្រទេស​ផ្សេងទៀត ដោយ​ជំរុញ​ឲ្យ​អ្នកផ្ដល់ជំនួយ និង​រដ្ឋាភិបាល​ទាំងនោះ​ដាក់​សម្ពាធ​ទៅ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​បញ្ឈប់​ការធ្វើ​សេចក្ដីព្រាងច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នេះ ។អង្គការ​ទាំងនោះ​ក៏បាន​លើកឡើង​ដែរ​ថា ច្បាប់​ថ្មី​នេះ​មិនមាន​ភាពចាំបាច់​នោះទេ ព្រោះថា​ច្បាប់​ដែលមាន​សព្វថ្ងៃ​បាន​ដោះស្រាយ​ពី​កង្វល់​របស់​រដ្ឋាភិបាល​ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ​របស់​អង្គការ សមាគម​ទាំងនោះ​រួចស្រេច​ទៅហើយ ។​​សេចក្ដីប្រកាស​ព័ត៌មាន​ដដែល​បន្ត​ដោយ​ដកស្រង់​សម្ដី​របស់​នាយក​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ប្រចាំ​តំបន់​អាស៊ី លោក ប្រេដ អាដាម (Brad Adams) ថា ប្រទេស​អ្នកផ្ដល់ជំនួយ និង​រដ្ឋាភិបាល​ទាំងនោះ​ត្រូវ​ហ៊ាន​និយាយ​ជា​សាធារណៈ ការពារ​សេរីភាព​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា ដើម្បី​ទុក​ឱកាស​ឲ្យ​ពួកគេ​បាន​បំពេញ​កិច្ចការ​ដ៏​មានតម្លៃ​ដូចជា​ការចូលរួម​កាត់​បន្ថយ​ភាពក្រីក្រ ការពារ​កុមារ ការពារ​សិទ្ធិមនុស្ស និង​វិស័យ​ផ្សេងៗ​ទៀត ។ លោក ប្រេដ អាដាម បន្តថា «​ពួកគេ​ត្រូវ​ប្រើ​ឥ​ទ្ធ​ពល​របស់​ពួកគេ​ដើម្បី​បញ្ចុះបញ្ចូល​រដ្ឋាភិបាល​ក​ម្ពុ​ជា​ឲ្យ​ដកខ្លួន​ចេញពី​ការព្យាយាម​ដ៏​គ្រោះថ្នាក់​នេះ ដែល​មានបំណង​រាំងស្ទះ​សេរីភាព​នៃ​ការជួបជុំ និង​ការបញ្ចេញមតិ​នៅក្នុង​ប្រទេស​» ។​​អង្គការ​ទាំង​១១​ដែល​បាន​ផ្ញើលិខិត​ទៅ​សហភាព​អ៊ឺរ៉ុប ប្រទេស​រដ្ឋាភិបាល​ទាំង​៤៤​ប្រទេស​នោះ​មាន អង្គការ Article 19 អង្គការ Asian Forum for Human Rights and Development (Forum Asia) អង្គការ Civil Rights Defenders អង្គការ Front Line Defenders អង្គការ Global Witness អង្គការ Human Rights Watch អង្គការ International Commission of Jurists អង្គការ International Federation for Human Rights (FIDH) អង្គការ Lawyers Rights Watch Canada អង្គការ Protection International និង​អង្គការ Southeast Asian Press Alliance ។​​គួរ​បញ្ជាក់ថា កាលពី​ព្រឹក​ម្សិលមិញ ឧបការី​រង​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក ទទួលបន្ទុក​ផ្នែក​លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​ការងារ លោក​Scott Busby ដែល​បានមក​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល​២​ថ្ងៃ បាន​លើកឡើងថា ច្បាប់​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល មិនទាន់​ចាំបាច់​មាន​សម្រាប់​កម្ពុជា​នៅពេលនេះ​នោះទេ ។ លោក​ក៏បាន​សម្ដែង​ការព្រួយបារម្ភ​ពី​សេចក្តីព្រាងច្បាប់​សមាគម និង​អង្គការក្រៅរដ្ឋាភិបាល ដោយ​លោក​គិតថា​ច្បាប់​នេះ​នឹង​រឹតត្បិត​សិទ្ធិសេរីភាព​របស់​សង្គម​ស៊ីវិល ។​​យ៉ាងណាក៏ដោយ ក្នុង​ពិធី​សម្ពោធ​ផ្លូវ​នៅ​ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃ​អង្គារ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​បាន​អំពាវនាវ​កុំ​ឲ្យ​សមាគម និង​អង្គការក្រៅរដ្ឋាភិបាល​មាន​ក្តីបារម្ភ​ចំពោះ​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ។ លោ​កថា​ច្បាប់​នេះ​នឹង​ការពារ និង​បើកទូលាយ​ឲ្យ​អង្គការ សមាគម ទាំងនេះ​ធ្វើ​សកម្មភាព​ដោយ​ទូលាយ​ទៅតាម​ផ្លូវច្បាប់ និង​មានច្បាប់​គ្រប់គ្រង​។​​ចំណែក​ក្រសួងមហាផ្ទៃ នាពេល​ថ្មីៗ​នេះ ក៏បាន​អះអាង​សេចក្តីព្រាងច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ត្រូវបាន​ធ្វើឡើង​ផ្អែកលើ​មូលដ្ឋាន​រដ្ឋធម្មនុញ្ញ​ក​ម្ពុ​ជា និង​កតិកាសញ្ញា​អន្តរជាតិ ដោយ​អំពាវនាវ​កុំ​ឲ្យ​មានការ​ព្រួយបារម្ភ​ពាក់ព័ន្ធ​នឹង​ការ​រឹតត្បិត​សេរីភាព ។​​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ី​ផាន បាន​អះអាងថា សេចក្តីព្រាងច្បាប់​នេះ​នឹងត្រូវ​ដាក់​ឆ្លង​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​សុក្រ​សប្តាហ៍​នេះ ហើយនឹង​ត្រូវ​បញ្ជូនទៅ​រដ្ឋសភា​ពីរ​បី​ថ្ងៃ​បន្ទាប់ ប្រសិនបើ​មិនមាន​ការកែប្រែ​លើ​សេចក្តីព្រាងច្បាប់​នេះ ។​​បើតាម​រដ្ឋមន្ត្រីក្រសួង​ការបរទេស លោក ហោ ណាំហុង ឲ្យ​ដឹងថា អង្គការ​សមាគម​ដែល​ចុះបញ្ជី​ជាមួយ​ក្រសួងមហាផ្ទៃ​មាន​ចំនួន​ជាង​៣​ពាន់​អង្គការ​-​សមាគម និង​អង្គការ​អន្តរជាតិ​ដែល​បាន​ចុះបញ្ជី​ជាមួយ​ក្រសួងការបរទេស​កម្ពុ​ជាមាន​ជាង​៤០០ ៕​ដកស្រង់​ពី​សារព័ត៌មាន​សម្លេង​ប្រជាធិបតេយ្យ ចេញផ្សាយ​ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០១៥​។​