• ឧបការី​អាមេរិក​បារម្ភ​ពី​ការ​រឹតត្បិត​សេរីភាព​នៅ​កម្ពុជា តាមរយៈ​ច្បាប់​ឧក្រិដ្ឋកម្ម​តាម​បច្ចេកវិទ្យា​

    • Issue Date 03-Jun-2015

    ​ឧបការី​រង​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក​ដែល​ទទួលបន្ទុក​ផ្នែក​លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​ការងារ លោក Scott Busby នៅ​ថ្ងៃ​អង្គារ​នេះ បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បង្ហាញ​សេចក្តីព្រាងច្បាប់​ឧក្រិដ្ឋកម្ម​តាម​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន ដើម្បី​ឲ្យ​សាធារណជន​បាន​ចូលរួម​ផ្តល់យោបល់​។​​លោក​Scott Busby​បាន​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ដោយ​លោក​បាន​ជួប​ជាមួយ​តំណាង​អង្គការ​សង្គម​ស៊ីវិល និង​រដ្ឋមន្ត្រីក្រសួង​ការ​បរ​ទស​កម្ពុជា លោក ហោ ណាំហុង​។ ដំណើរ​ទស្សនកិច្ច​រប​ស់លោក ធ្វើឡើង​ស្របពេល​ដែល​សង្គម​ស៊ីវិល​កំពុងតែ​រិះគន់​លើ​សេចក្តីព្រាងច្បាប់​សមាគម និង​អង្គការក្រៅរដ្ឋាភិបាល ដោយ​សង្គម​ស៊ីវិល​បានទាមទារ​ឲ្យ​រដ្ឋាភិបាល​បញ្ចេញ​សេចក្តីព្រាង​ជា​សាធារណៈ ដើម្បី​ខ្លួន​អាច​ផ្តល់យោបល់​។ ​ក្នុង​សន្និសីទ​សារព័ត៌មាន​ដែល​ធ្វើឡើង​នៅ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក Scott Busby មានប្រសាសន៍ថា​លោក​មក​ប្រទេស​កម្ពុជា​នេះ ដើម្បី​ពិនិត្យមើល​សេចក្តីព្រាងច្បាប់​ស្តីពី​អង្គការ​មិនមែន​រដ្ឋាភិបាល​(NGO) ព្រមទាំង​សេចក្តីព្រាងច្បាប់​ដទៃទៀត​ស្តីពី​សហជីព និង​បទល្មើស​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត ដែល​កំពុង​ត្រូវបាន​ពិចារណា​ដោយ​រដ្ឋាភិបាល​កម្ពុជា​។ លោក​បន្តថា​ក្នុងអំឡុង​ទស្សនកិច្ច​របស់លោករ​យៈ​ពេល​២​ថ្ងៃ​កន្លងទៅនេះ លោក​បាន​ជួប​ជាមួយ​តំណាង​នៃ​សង្គម​ស៊ីវិល និង​រដ្ឋាភិបាល ដើម្បី​ស្តាប់​យោបល់​របស់គេ​លើ​សេចក្តីព្រាងច្បាប់​ទាំងនេះ និង​ដំណើរការ​នៅ​ជុំវិញ​សេចក្តីព្រាងច្បាប់​ទាំងនេះ​។​​លោក Scott Busby ក៏បាន​ជំរុញ​ឲ្យ​មានការ​ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​ទាំងនេះ មុននឹង​បញ្ជូនទៅ​រដ្ឋសភា ដើម្បី​អនុម័ត​។ លោក​ក៏​បារម្ភ​ថា​សេចក្តីព្រាងច្បាប់​ទាំងនេះ​នឹង​រឹតត្បិត​សេរីភាព​របស់​ប្រជាពលរដ្ឋ​។ លោក​បាន​បញ្ជាក់ថា​«​ខ្ញុំ​សុំ​ឲ្យ​មានការ​ធ្វើតាម​ដំណើរការ​ដូចគ្នានេះ​ចំពោះ​ច្បាប់​ដែល​គេច​ង់​ឲ្យ​មាន​ឡើង ស្តីពី​សហជីព និង​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត ដែលជា​ផ្នែក​ពីរ​ទៀត​ដែលមាន​សារៈសំខាន់​សម្រាប់​ជោគជ័យ​យូរអង្វែង​របស់​ប្រទេស​កម្ពុជា​»​។​​កាលពី​ថ្ងៃទី​២៥​ខែឧសភា ឆ្នាំ​២០១៥ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បានចេញ​សច​ក្តី​បំភ្លឺ​មួយ ដោយ​លើកឡើងថា​នៅ​ពាក់កណ្តាល​ឆ្នាំ​២០១០ ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​បង្កើត​ក្រុមការងារ​មួយ ដើម្បី​បំពេញការងារ​តាក់តែង​សេចក្តីព្រាងច្បាប់​ឧក្រិដ្ឋកម្ម​តាម​បច្ចេកវិទ្យា ដោយមាន​អ្នកជំនាញ​ច្បាប់​ឧក្រិដ្ឋកម្ម​តាម​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​ពី​ក្រុមប្រឹក្សា​អឺរ៉ុប​។ សេចក្តីបំភ្លឺ​បន្ថែមថា​ការតាក់តែង​ព្រាង​ច្បាប់​នេះ ក៏មាន​ការសហការ​ពី​ប្រទេសមួយ​ចំនួន​ក្នុង​តំបន់ មាន​ប្រទេស​ថៃ ឥណ្ឌូនេស៊ី ហ្វីលីពីន អូស្ត្រាលី និង​ណូ​វែ​ល​ហ្សេ​ឡង់​។បើតាម​សេចក្តីបំភ្លឺ ដំណើរការ​ព្រាង​ច្បាប់​នេះ ទើបតែ​បាន​ចងក្រង​ឡើង​ដោយ​ប្រមូល​នូវ​ឯកសារ​ពាក់ព័ន្ធ​នានា ដាក់បញ្ចូល​គ្នា និង​បានធ្វើ​ការពិភាក្សា​ខ្លះៗ​ក្នុង​កម្រិត​ការងារ​បច្ចេកទេស​តែប៉ុណ្ណោះ​។ សេចក្តីបំភ្លឺ​បញ្ជាក់​បន្ថែមថា​ក្រោយមក​សេចក្តីព្រាង​ច្បប់​នេះ​ទុក​មួយអន្លើ​សិន ដោយសារ​រាជរដ្ឋាភិបាល​ជាប់​ដោះស្រាយ​ការងារ​នានា​ដែលមាន​លក្ខណៈ​បន្ទាន់ និង​អាទិភាព​ជាង​។​​ក្រសួង​ប្រៃសណីយ៍​បន្តថា​ច្បាប់​នេះ​មានបំណង​កំណត់​វិធាន​ការអប់រំ បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​ការប្រព្រឹត្ត​បទល្មើស​នានា​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន ដើម្បី​ធានា​ការអនុវត្ត​ច្បាប់ ប្រយុទ្ធប្រឆាំង និង​បង្ក្រាប​បទល្មើស​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន ក៏ដូចជា​សុវត្ថិភាព និង​ការពារ​ផលប្រយោជន៍​ស្របច្បាប់​ក្នុងការ​ប្រើប្រាស់ និង​អភិវឌ្ឍ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​។ សេចក្តីបំភ្លឺ​បន្តថា​«​ឧក្រិដ្ឋកម្ម និង​បទល្មើស​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន មាន​ច្រើន​ប្រភេទ ហើយ​ពាក់ព័ន្ធ​នឹង​សមត្ថកិច្ច​ជាច្រើន រាប់​ពី​ការភ្ជាប់​ដោយ​ខុសច្បាប់​ទៅកាន់​ប្រព័ន្ធ​កំ​ព្យូ​ទ័​រ​អ្នកដទៃ ការជ្រៀតជ្រែក​ទិន្នន័យ​-​ប្រព័ន្ធ​ការផលិត​ចែកចាយ​រូប​អាសអាភាស​កុមារ ការ​ឆបោក ការ​ក្លែងបន្លំ​តាមរយៈ​កំ​ព្យូ​ទ័​រ ក៏ដូចជា​បទល្មើស​ផ្សេងទៀត​ដែល​ប៉ះពាល់​ដល់​ឯករាជ្យ អធិបតេយ្យ សន្តិសុខ​ជាតិ​»៕​ដកស្រង់​ពី​សារព័ត៌មាន​សម្លេង​ប្រជាធិបតេយ្យ ចេញផ្សាយ​ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០១៥​។​