• មេធាវី​ការពារ​ក្ដី​ឲ្យ​សកម្មជន​បក្សប្រឆាំង​ថា​តុលាការ​លម្អៀង​ចំពោះ​កូនក្ដី​

    • Issue Date 04-Jun-2015

    មេធាវី​ការពារ​ក្តី​ឲ្យ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ អះអាងថា សវនាការ​ជំនុំជម្រះ​នៅ​ថ្ងៃទី​៣ ខែមិថុនា នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ជុំវិញ​សំណុំរឿង​ហិង្សា​នៅលើ​ស្ពាន​នាគ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ កាលពី​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៤ កន្លង​ទៅនោះ គឺ​តុលាការ​បានដាក់​សំណួរ​លម្អៀង​ចំពោះ​កូនក្តី​របស់ខ្លួន​។​​សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ ១១​នាក់ ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ បើកសវនាការ​ជំនុំជម្រះ​បន្ត​នៅ​ថ្ងៃទី​៣ ខែមិថុនា ជុំវិញ​សំណុំរឿង​ហិង្សា​នៅលើ​ស្ពាន​នាគ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ កាលពី​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៤​។​​មេធាវី​ការពារ​ក្តី​ឲ្យ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក សំ សុ​គង់ សង្កេតឃើញថា សវនាការ​ជំនុំ​ជម្រះក្តី​នៅថ្ងៃនេះ ចៅក្រម និង​ព្រះរាជអាជ្ញា ហាក់​ពុំបាន​ប្រើ​តួនាទី​ត្រឹមត្រូវ​នោះទេ ពោលគឺ​សំណួរ​ភាគច្រើន​ជា​សំណួរ​ដាក់បន្ទុក ហើយ​ការ​ចោទសួរ​កូនក្តី​របស់លោក​ជាការ​សម្លុត ដែល​ធ្វើ​ឲ្យ​កូនក្តី​របស់លោក​មាន​អារម្មណ៍​ច្របូកច្របល់​៖ «​តួនាទី​របស់​ចៅក្រម គឺ​ត្រូវ​សួរ​សំណួរ​ទាំង​ដាក់បន្ទុក និង​ដោះ​បន្ទុក ដើម្បី​ស្វែងរក​ការពិត ប៉ុន្តែ​យើង​ស្តាប់​សំណួរ​ភាគច្រើន គឺជា​សំណួរ​ដាក់បន្ទុក​ទៅលើ​ជនជាប់ចោទ​តែម្តង​។ ដោយឡែក​សំណួរ​ភាគច្រើន​របស់​ព្រះរាជអាជ្ញា គឺ​ធ្វើ​ឲ្យ​ជនជាប់ចោទ​មាន​អារម្មណ៍​ភិតភ័យ​ឆ្លើយ​សំណួរ​ច្រឡំ​»​។​​សវនាការ​ពេញ​មួយថ្ងៃ តុលាការ​ចោទសួរ​ជនជាប់ចោទ​បាន​ចំនួន ៣​នាក់ ក្នុងនោះ​រួមមាន លោក ស៊ុំ ពុ​ទ្ធី សមាជិក​ក្រុមប្រឹក្សា​ខណ្ឌ​ច្បារអំពៅ លោក នាង សុ​ឃុន យុវជន​គណបក្ស​សង្គ្រោះ​ជាតិ ខណ្ឌ​ច្បារអំពៅ និង​លោក អាន បឋម យុវជន​គណបក្ស​សង្គ្រោះ​ជាតិ ក្រុងភ្នំពេញ​។ ជនជាប់ចោទ​ទាំង ៣​នាក់​នេះ សុទ្ធតែ​ឆ្លើយ​បដិសេធថា ពួកគេ​មិនបាន​ចូលរួម​កុប្បកម្ម​រំដោះ​ទីលាន​ប្រជាធិបតេយ្យ ដែល​ហ៊ុមព័ទ្ធ​ដោយ​បន្លា​លួស​នៅលើ​ស្ពាន​នាគ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​នោះទេ​។ ជនជាប់ចោទ​ទាំងនោះ​អះអាងថា ពួកគេ​គ្រាន់តែ​ទៅ​ឈរ​មើល និង​យក​ព័ត៌មាន​បង្ហោះ​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក (Facebook) ប៉ុណ្ណោះ​។​​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ ខណ្ឌ​ច្បារអំពៅ លោក នាង សុ​ឃុន ប្រាប់​វិទ្យុ​អាស៊ីសេរី ក្រោយ​ចេញពី​សវនាការ​ថា សំណួរ​ជាច្រើន​របស់​ចៅក្រម​ហាក់​ចង់បាន​ប្រយោជន៍​ពី​ជនជាប់ចោទ​៖ «​គាត់​ចង់បាន​ផលចំណេញ​អ្វីមួយ​ដែល​គាត់​ចង់បាន ប៉ុន្តែ​យើង​មិនដឹងថា​ផលប្រយោជន៍​អ្វី​នោះទេ​»​។​​វិទ្យុ​អាស៊ីសេរី មិនទាន់​អាចទាក់ទង​សុំ​ការឆ្លើយតប​ពី​លោក​ព្រះរាជអាជ្ញា កែវ សុជាតិ បានទេ​នៅ​ថ្ងៃទី​៣ មិថុនា នេះ​។​​សវនាការ​នៅថ្ងៃនេះ បានបញ្ចប់​នៅ​ម៉ោង​ប្រហែល ៤​កន្លះ​ល្ងាច ថ្ងៃទី​៣ មិថុនា ហើយនឹង​បន្ត​ជំនុំ​ជម្រះក្តី​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​ពីររូប​ទៀត​រួមមាន លោក មា​ជ សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ព័ត៌មាន និង​ផ្សព្វផ្សាយ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក ទេព ណារិន ជា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៥​។ ការពន្យារពេល​សវនាកា​រ​នេះ ត្រូវបាន​ជនជាប់ចោទ​រិះគន់ថា បានធ្វើ​ឲ្យ​ប៉ះពាល់​សិទ្ធិ​ពួកគេ ហើយ​ថា​តុលាការ​ពុំមាន​ឆន្ទៈ​បញ្ចប់​សំណុំរឿង​ហិង្សា​នៅលើ​ស្ពាន​នាគ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ កាលពី​ទី​១៥ កក្កដា កន្លងទៅ​ឲ្យ​បាន​ឆាប់ៗ​នោះទេ​៕​ដកស្រង់​ពី​វិទ្យុ​អាស៊ីសេរី ចេញផ្សាយ​ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០១៥​។​