• អាជ្ញាធរខេត្ត​ព្រះវិហារ​សង្ស័យ​អង្គការ​ពីរ​ថា​នៅ​ពីក្រោយ​ការតវ៉ា​របស់​អ្នកមាន​ជម្លោះដីធ្លី​

    • Issue Date 04-Jun-2015

    ​យ៉ាងហោចណាស់​ក៏មាន​ប្រជាពលរដ្ឋ​ម្នា​ក់នៅ​ស្រុក​រវៀង បាន​ស្លាប់ និង ៦​នាក់​ផ្សេងទៀត​រងរបួស ដោយសារតែ​គ្រោះថ្នាក់​ក្រឡាប់​គោយន្ត នៅពេលដែល​ពួកគេ​នាំគ្នា​ឡើងទៅ​តវ៉ា​បញ្ហា​ទំនាស់​ដីធ្លី​នៅ​ទី​រួម​ខេត្តព្រះវិហារ ហើយ​ព្យាយាម​គេច​ចេញពី​កម្លាំង​ប៉ូលិស​ដែល​រាយ​បណ្ដាក់​រារាំង​នៅតាម​ដងផ្លូវ កាលពី​ថ្ងៃទី​២ ខែមិថុនា​។​​អាជ្ញាធរខេត្ត​ព្រះវិហារ បានដាក់​ការសង្ស័យ​ទៅលើ​ការលើក​គ្នា​តវ៉ា​បញ្ហា​ទំនាស់​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ទាំងនោះ ថា​អាចមាន​ការដឹកនាំ​ពី​អង្គការក្រៅរដ្ឋាភិបាល​ចំនួន​២ ដែល​កំពុងធ្វើការ​ងារ​នៅក្នុង​ទឹកដី​ខេត្ត​នេះ​។​​សហគមន៍​ទំនាស់​ដីធ្លី​មកពី​ស្រុក​ចំនួន​៧ បានសម្រេច​ចិត្ត​បញ្ចប់​យុទ្ធនា​ការតវ៉ា​ទំនាស់​ដីធ្លី នៅក្នុង​ទី​ខេត្តព្រះវិហារ ហើយ​នៅ​រសៀល​ថ្ងៃ​ពុធ ទី​៣ ខែមិថុនា​។​​ការបញ្ចប់​យុទ្ធនា​ការតវ៉ា​នេះ បន្ទាប់ពី​កាលពី​ថ្ងៃទី​២ ខែមិថុនា ប៉ូលិស​បាន​រាយ​បណ្ដាក់​កម្លាំង​នៅតាម​ដងផ្លូវ​ជាច្រើន​កំណាត់ ដើម្បី​រារាំង​ប្រជាពលរដ្ឋ​មិន​ឲ្យ​ចូលទៅ​ទី​រួម​ខេត្ត​បាន​គ្រប់​ចំនួន ២​ពាន់​នាក់ ដើម្បី​ធ្វើ​សកម្មភាព​តវ៉ា​ជា​ទ្រង់ទ្រាយ​ធំ​ទៅតាម​ការគ្រោងទុក​។​​ស្ត្រី​អ្នក​តវ៉ា​ទំនាស់​ដីធ្លី​ម្នាក់​មកពី​ឃុំ​គូលែន ស្រុក​គូលែន ក្នុងចំណោម​អ្នក​តវ៉ា​ជាង ៣០០​នាក់​ផ្សេងទៀត មានប្រសាសន៍​កាលពីរ​សៀ​ល​ថ្ងៃ​ពុធ ទី​៣ ខែមិថុនា ថា ពួកគាត់​ជម្នះ​លើកគ្នា​មកពី​តាម​បណ្ដា​ស្រុក ដើម្បី​តវ៉ា​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​ដីធ្លី​ដែល​ក្រុមហ៊ុន​រំលោភ​យក​។ កាលពី​ព្រឹក​ថ្ងៃទី​៣ ខែមិថុនា អាជ្ញាធរខេត្ត​ព្រះវិហារ បានអនុញ្ញាត​ឲ្យ​តំណាង​អ្នក​តវ៉ា​ចំនួន ២០​នាក់ ចូលជួប​ពិភាក្សា និង​ដាក់​ញត្តិ​ទាមទារ​ផង​។ ស្ត្រី​ដដែល​បញ្ជាក់ថា រូបគាត់​ក៏ដូចជា​អ្នកមាន​ទំនាស់​ដីធ្លី​ជាច្រើន​ទៀត គឺ​បានទាមទារ​ឲ្យ​អាជ្ញាធរ​ខេត្តព្រះវិហារ ដោះស្រាយ​បញ្ហា​មួយចំនួន​៖ «​ទាមទារ​ឲ្យ​អាជ្ញាធរខេត្ត​នេះ​ចុះ​ត្រួតពិនិត្យ​យក​ដី​ពី​ក្រុមហ៊ុន​ឲ្យ​ប្រជាជន​វិញ ហើយ​ឲ្យ​ទម្លាក់​ព្រះរាជអាជ្ញារង​អម​តុលាការ​ម្នាក់​ឈ្មោះ ឡុង ស៊ីថា ចេញពី​តួនាទី​»​។​​កាលពី​ល្ងាច​ថ្ងៃទី​២ ខែមិថុនា កន្លងទៅ ក្រុម​ប្រជាពលរដ្ឋ​បាន​លើកគ្នា​ទៅ​តវ៉ា​នៅមុខ​គេហដ្ឋាន​របស់ លោក ឡុង ស៊ីថា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តព្រះវិហារ ហើយ​ថា​ព្រះរាជអាជ្ញារង​រូបនេះ មិនដែល​ផ្ដល់​យុត្តិធម៌​សម្រាប់​ពួកគេ​ទេ​។​​អភិបាលរង​ខេត្តព្រះវិហារ លោក ស៊ូ សេរី បានទទួល​ស្គាល់​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ដែល​លើកគ្នា​មក​តវ៉ា​នោះ ក៏ប៉ុន្តែ​លោក​ចាត់ទុកថា​មិន​ត្រឹមត្រូវ​ទេ ពីព្រោះ​វា​មិនមាន​ច្បាប់ទម្លាប់​។អភិបាលរង​ខេត្តព្រះវិហារ ដដែល​បញ្ជាក់ថា ទោះយ៉ាងណា អាជ្ញាធរ​មិន​ព្រងើយកន្តើយ​ក្នុងការ​ដោះស្រាយ​បញ្ហា​នេះ​ទេ គឺ​នឹង​បង្កើត​គណៈកម្មការ​គ្រប់​ជំនាញ ដើម្បី​ចុះ​ដោះស្រាយ​រឿងនេះ​ឲ្យ​បាន​ឆាប់ៗ​៖ «​ឯកឧត្តម​អភិបាលខេត្ត គាត់​កំណត់​ពេលវេលា​មួយ​នៅពេល​ក្រោយ ប៉ុន្តែ​ឆាប់ៗ​នេះ​នឹង​បង្កើត​គណៈកម្មការ​មួយ ដើម្បី​ចុះ​ពិនិត្យ​គ្រប់កន្លែង​ដែលមាន​បញ្ហា​ទាំងអស់​»​។​​អាជ្ញាធរខេត្ត​ព្រះវិហារ បានដាក់​ការសង្ស័យ​ទៅលើ​ប្រជាពលរដ្ឋ​ដែល​លើកគ្នា​តវ៉ា​បញ្ហា​ទំនាស់​ដីធ្លី​នោះ ថា​គឺអាច​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (adhoc) និង​អង្គការ​ពន្លក​ខ្មែរ នៅក្នុង​ខេត្ត​នោះ ជា​អ្នកដឹកនាំ​។ អាជ្ញាធរ​ដែល​ដាក់​ការសង្ស័យ​ទៅលើ​អង្គការក្រៅរដ្ឋាភិបាល​ទាំងពីរ​នេះ គឺ​បន្ទាប់ពី​ប្រជាពលរដ្ឋ​នៅ​ស្រុក​រវៀង ដែល​លើកគ្នា​តវ៉ា​ម្នាក់​បាន​ស្លាប់ និង ៦​នាក់​ផ្សេងទៀត​រងរបួស ដោយសារតែ​ក្រឡាប់​គោយន្ត នៅពេល​ធ្វើដំណើរ​ឆ្ពោះទៅ​ទី​រួម​ខេត្ត​។​​ប៉ុន្តែ​មន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ខេត្តព្រះវិហារ លោក ឡោ ចាន់ និង​មន្ត្រី​អង្គការ​ពន្លក​ខ្មែរ លោក ប៉ិក សោភ័ណ បាន​ច្រានចោល​ការសង្ស័យ​របស់​អាជ្ញាធរ​នេះ ថា​វា​មិន​ត្រឹមតែ​ជា​ការដែល​គេចវេស​មិន​ដោះស្រាយ​បញ្ហា​របស់​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ​ទេ គឺ​វា​ថែមទាំង​កំពុង​គំរាមកំហែង​ដល់​ក្រុម​សង្គម​ស៊ីវិល ដែល​ធ្វើ​ឲ្យ​មាន​ឧបសគ្គ​លើ​ការងារ​ឃ្លាំមើល​សិទ្ធិមនុស្ស និង​កិច្ចសហការ​ល្អ​រវាង​អង្គការក្រៅរដ្ឋាភិបាល ជាមួយនឹង​មន្ត្រី​រដ្ឋាភិបាល​ទៀតផង​៕​ដកស្រង់​ពី​វិទ្យុ​អាស៊ីសេរី ចេញផ្សាយ​ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០១៥​។​