• តុលាការ​បញ្ចប់​ការសាកសួរ​សកម្មជន​ទាំង​១១​នាក់​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​

    • Issue Date 12-Jun-2015

    ​សាលាដំបូង​រាជធានី​ភ្នំពេញ​បានបញ្ចប់​ការសាកសួរ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​១១​នាក់ នៅក្នុង​សវនាការ​ជំនុំជម្រះ​នា​ល្ងាច​ថ្ងៃ​ពុធ​នេះ ហើយនឹង​បន្ដ​សាកសួរ​ភាគី​ដើមបណ្ដឹង​រដ្ឋបវេណី នៅ​ថ្ងៃទី​២៩ ខែមិថុនា បន្ដទៀត ។​​មេធាវី​ការពារ​ក្ដី​របស់​សកម្មជន​គណ​បក្ស​សង្គ្រោះ​ជាតិ លោក ជូ​ង ជូ​ងី ប្រាប់​ក្រុម​អ្នកសារព័ត៌មាន ក្រោយពេល​សវនាការ​ថា នៅក្នុង​សវនាការ​ថ្ងៃនេះ តុលាការ​មិនអាច​រក​អ្វី ដើម្បី​ដាក់បន្ទុក​លើ​កូនក្ដី​របស់លោក​បានឡើយ ហើយ​លោក​ថា លោក​សង្ឃឹមថា តុលាការ​នឹង​ផ្ដល់​យុត្ដិធម៌​ជូន​កូនក្ដី​របស់លោក ។ លោក​បន្ដថា តុលាការ​នឹង​បើកសវនាការ​បន្ដ​ដើម្បី​សាកសួរ​លើ​ដើមបណ្ដឹង​រដ្ឋបវេណី​ដែលជា​សន្ដិសុខ​៣៩ នាក់​នៅ​ថ្ងៃ​២៩ ខែមិថុនា ទៀត ដោយ​តម្រូវ​ឲ្យ​កូនក្ដី​១១​នាក់​របស់លោក​ត្រូវមាន​វត្តមាន​ផងដែរ ។​​លោក ជួង ជូ​ងី មានប្រសាសន៍ថា «​ថ្ងៃនេះ​ខ្ញុំ​សង្កេតឃើញថា តុលា​ការរក​ដាក់បន្ទុក​កូនក្ដី​របស់ខ្ញុំ​អត់​ឃើញ​ទេ គឺ​ចម្លើយ​ដែល​កូនក្ដី​ខ្ញុំ​ឆ្លើយ​នៅពេលដែល​ចៅក្រម ឬក៏​តំណាង​អាយ​ការ ឬ​មេធាវី​សួរ គឺ​ដូច​រក​បន្ទុក​ដាក់​គាត់​អត់​ឃើញ​» ។​​អនុប្រធាន​ស៊ើបអង្កេត​ក្រុម​មេធាវី​របស់​សមាគម​អាដហុក លោក ណៃ វ៉ង់​ដា ដែល​បាន​ចូលរួម​ស្ដាប់​ការសួរដេញដោល​នៅក្នុង​សវនាការ​នៅថ្ងៃនេះ លើកឡើងថា លោក​សង្កេតឃើញថា តុលាការ​សួរនាំ​តែ​សំណួរ​ដដែលៗ ដើម្បី​រក​វិធី​ដាក់បន្ទុក​លើ​ជនជាប់ចោទ ។ លោក​ថា តុលា​ការគួរ​កែប្រែ​ទម្លាប់​សួរ​បែបនេះ​ដោយ​ជ្រើសរើស​យកតែ​សំនួ​រណា​ដែល​សំខាន់ៗ​ប៉ុណ្ណោះ ។​​លោក មានប្រសាសន៍ថា «​យើង​ឃើញថា ការ​សួរ​គឺ​ដដែលៗ គឺ​ឈ្លេច​ដេញដោល ដើម្បី​រក​កំហុស ហើយ​មិនមែន​តែ​នៅតែ​សាលាដំបូង​រាជធានី​ភ្នំពេញ​នេះ​ទេ ដោយនៅ​សាលាក្ដី​ដ៏ទៃទៀត​ដែលមាន​ការកាត់ក្ដី​ទៅលើ​សកម្មជន​ដីធ្លី ក៏ដូចជា​សកម្មជន​ន​យោ​បាយ គឺ​ប្រព្រឹត្តឡើង​បែបនេះ​ដ៏​ដែល គឺជា​ទម្លាប់​មិនល្អ​របស់​តុលាការ ដែល​គួរតែ​ផ្លាស់ប្ដូរ​» ។​​គួរ​បញ្ជាក់ថា លោក មា​ជ សុវណ្ណារ៉ា និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​មួយចំនួនទៀត ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន ក្នុងករណី​ហិង្សា​លើ​សន្តិសុខ​ខណ្ឌដូនពេញ នៅ​ជិត​ទីលាន​ប្រជាធិបតេយ្យ​កាលពី​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៤ កន្លងទៅ ។ នៅ​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០១៥ ពួកគេ ព្រមទាំង​ព្រះសង្ឃ​៣​អង្គ ត្រូវបាន​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន ។ សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ​ទាំង​១១​នាក់ ត្រូវ​តុលាការ​កោះហៅ​ឲ្យ​ចូលខ្លួន​បំភ្លឺ​យ៉ាងតិច​៣​ដង​ហើយ ៕​ដកស្រង់​ពី​សារព័ត៌មាន​សម្លេង​ប្រជាធិបតេយ្យ ចេញផ្សាយ​ថ្ងៃទី​១០ ខែ មិថុនា ឆ្នាំ​២០១៥​។​