-
ពលរដ្ឋប្រមាណ៣០០នាក់នៅខេត្ដសៀមរាបបិទផ្លូវជាតិ ទាមទារឲ្យមានដំណោះស្រាយជម្លោះដីធ្លី
- Issue Date 12-Jun-2015
អ្នកមានជម្លោះដីធ្លីប្រមាណ៣០០នាក់ មកពីឃុំចំនួនពីរ នៅស្រុកស្វាយលើ ខេត្ដសៀមរាប នាំគ្នាបិទកំណាត់ផ្លូវជាតិលេខ៦៥ ត្រង់ចំណុចសាលាស្រុកនេះ មិនឲ្យធ្វើចរាចរណ៍ ដើម្បីជំរុញឲ្យអាជ្ញាធរដោះស្រាយជម្លោះពួកគាត់ និងដកគ្រឿងចក្រចេញពីដីជម្លោះ ។ករណីនេះធ្វើឡើងបន្ទាប់ពីពលរដ្ឋប្រមាណ៣០០នាក់ ជួបប្រជុំដោះស្រាយជម្លោះដីធ្លី នៅចំណុចជប់ព្រីង ឃុំស្វាយលើ និងចំណុចអូរទី៤ឃុំកន្ទួត នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ។ពលរដ្ឋមកពីភូមិរលំទូក ឃុំស្វាយលើ លោក ផា ឡាន ឲ្យ VOD ដឹងថា ដីពលរដ្ឋជាង២០០០ហិកតា ប្រឈមនឹងការបាត់បង់ ដោយសារអាជ្ញាធរមានគម្រោងឈូសឆាយ យកប្រគល់ឲ្យពលរដ្ឋមកពីតំបន់កំពង់ភ្លុក ស្រុកប្រាសាទបាគង ដោយមិនមានដោះស្រាយនៅឡើយ ។លោកបន្ដ កាលពីថ្ងៃទី២២ ខែឧសភា អាជ្ញាធរខេត្ដបានសន្យា ចុះដោះស្រាយ និងឲ្យផ្អាកគ្រឿងចក្របណ្ដោះអាសន្ន ប៉ុន្ដែមកដល់ពេលនេះ គ្រឿងចក្រនៅតែបន្ដធ្វើសកម្មភាពឈូសឆាយដដែល ។ពលរដ្ឋមួយរូបទៀត មកពីឃុំកន្ទួត ដែលមានជម្លោះដីធ្លីជាមួយយោធា យោធភូមិភាគទី៤ លោក ឃីម យូ ឲ្យដឹងថា ក្រុមយោធាបានគំរាមកំហែង និងដុតបំផ្លាញផ្ទះ ព្រមទាំងហាមឃាត់ពួកគាត់មិនឲ្យបង្កបង្កើនផលចិញ្ចឹមជីវិត ដោយមិនមានដំណោះស្រាយ ទើបបណ្ដាលឲ្យពួកគេបិទផ្លូវជាតិមិនឲ្យធ្វើចរាចរណ៍ ។ លោកបញ្ជាក់បន្ដថា បច្ចុប្បន្ននេះ ផ្ទះពលរដ្ឋចំនួនពីរខ្នង ត្រូវបានទាហ៊ានឡើងចូលទៅរស់នៅ ខណៈដែលពួកគាត់ចេញទៅប្រកបរបរដូចសព្វដង ដោយទាហានលើកឡើងថាជាដីយោធា ។អភិបាលស្រុកស្វាយលើ លោក ស៊ិក ប៊ុនស៊ិន មានប្រសាសន៍ថា លោកបានសម្រួលឲ្យមានការបើកផ្លូវឡើងវិញ ហើយនឹងបញ្ឈប់គ្រឿងចក្របណ្ដោះអាសន្នតាមការទាមទារ របស់ពលរដ្ឋ ។តំណាងរាស្ដ្រខេត្ដសៀមរាប មកពីគណបក្សសង្គ្រោះជាតិ លោកស្រី កែ សុវណ្ណរតន៍ លោកស្រីធ្លាប់អន្ដរាគមន៍ឲ្យអាជ្ញាធរខេត្ដ បែងចែកផ្ដល់ដីសម្បទានសង្គមកិច្ចតំបន់នោះ ឲ្យបានផលចំណេញទាំងពលរដ្ឋមកពីតំបន់ផ្សេង និងរស់នៅផ្ទាល់ ចៀងវាងជម្លោះដីធ្លីចេះតែអូសបន្លាយ និងបង្កឲ្យមានជម្លោះរវាងពលរដ្ឋ និងពលរដ្ឋខ្លួនឯង ធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់ពួកគាត់ ។អ្នកសម្របសម្រួលអង្គការការពារសិទ្ធិមនុស្សលីកាដូ ខេត្ដសៀមរាប លោកយល់ឃើញថា សកម្មភាពបិទផ្លូវរកដំណោះស្រាយរបស់ប្រជាពលរដ្ឋននេះ បង្ហាញឲ្យអាជ្ញាធរមិនមានឆន្ទៈ ក្នុងដោះស្រាយជម្លោះដីធ្លី តាមការការសន្យារបស់ខ្លួន ។ លោកថា ពលរដ្ឋបានរកអន្ដរាគមន៍ពីអាជ្ញាធរជាច្រើនលើកមកហើយ ប៉ុន្ដែបានត្រឹមសន្យាប៉ុណ្ណោះ ។សូមរំឭកថា កាលពីថ្ងៃទី២២ ខែឧសភា អភិបាលរងខេត្ដសៀមរាប លោក គឹម ឆៃហៀង បានទទួលយកញត្ដិ អ្នកមានជម្លោះដីធ្លីចំនួន៧ស្រុក ក្នុងនោះមានស្រុកស្វាយលើផងដែរ ដោយសន្យាចុះដោះស្រាយតាមលទ្ធភាព រយៈពេល១០ថ្ងៃក្រោយ ។ ប៉ុន្ដែរហូតមកថ្ងៃនេះ មិនទាន់មានដំណោះស្រាយសមស្របណាមួយឡើយ ទើបពួកគាត់បិទផ្លូវរកដំណោះស្រាយបន្ដ ៕ដកស្រង់ពីសារព័ត៌មានសម្លេងប្រជាធិបតេយ្យ ចេញផ្សាយថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០១៥។