-
ILO ចង់ឲ្យមានការចូលរួមពីសហជីព និងនិយោជកក្នុងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីសហជីព
- Issue Date 12-Jun-2015
អង្គការអន្តរជាតិខាងការងារ (ILO) លើកឡើងថា ខ្លួនចង់ឲ្យដំណើរការនៃការតាក់តែងច្បាប់ស្ដីពីសហជីពមានការចូលរួមពី៣ភាគី គឺរដ្ឋាភិបាល សហជីព និងនិយោជក ។ការលើកឡើងនេះធ្វើឡើងស្របពេលដែលសហជីពមួយចំនួនទាមទារឲ្យរដ្ឋាភិបាលបញ្ឈប់ការធ្វើសេចក្ដី ព្រាងច្បាប់ស្ដីពីសហជីពនេះ ដោយលើកឡើងច្បាប់នេះកំពុងត្រូវបានធ្វើឡើងដោយគ្មានតម្លាភាព ។សេចក្តីប្រកាសព័ត៌មានរបស់អង្គការអន្តរជាតិខាងការងារ(ILO)ចេញផ្សាយកាលពីម្សិលមិញ ឲ្យដឹងថា តាមការស្នើសុំពីរាជរដ្ឋាភិបាល អង្គការ ILO បានជួយដល់ដំណើរការនៃការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីសហជីពចាប់ពីឆ្នាំ២០០៨ រហូតដល់ឆ្នាំ២០១១ ។ សេចក្ដីប្រកាសបន្តថា ក្នុងរយៈពេលនោះ កិច្ចប្រជុំជាច្រើនត្រូវបានរៀបចំឡើង ដោយមានការចូលរួមពីសំណាក់ភាគីទាំងបី ។សេចក្តីប្រកាសព័ត៌មានបន្តទៀតថា នៅដើមឆ្នាំ២០១៤ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចធ្វើការងារជាថ្មីទៅលើសេចក្ដីព្រាងច្បាប់ស្តីពីសហជីពនេះ ហើយរាជរដ្ឋាភិបាលកម្ពុជា ក៏បានស្នើសុំជំនួយម្តងទៀតពី ILO ។ អង្គការ ILO បន្តថា ខ្លួនបានធ្វើការពិគ្រោះយោបល់ជាច្រើនជាមួយរដ្ឋាភិបាល ហើយILO ផ្តល់ជូនយោបល់ជាលាយលក្ខណ៍អក្សរជាច្រើនផងដែរ ។ ILO បញ្ជាក់ទៀតថា ក្នុងរយៈពេលនោះ កិច្ចប្រជុំដែលមានការចូលរួមពី៣ភាគីត្រូវបានរៀបចំបានម្តង ។សេចក្ដីប្រកាសបន្តថា «គួរបញ្ជាក់ថា អង្គការ ILO សង្កត់ធ្ងន់លើការចូលរួមត្រីភាគី នៅក្នុងការវិវឌ្ឍនៃច្បាប់ការងារ» ។អង្គការ ILO ក៏បានប្រកាសថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តជួយគាំទ្រដល់ដំណើរការធ្វើសេចក្តីព្រាងច្បាប់ស្តីពីសហជីព ទៅតាមការស្នើសុំរបស់ភាគីរដ្ឋាភិបាល សហជីព និងនិយោជក និងបញ្ជាក់ឡើងវិញពីប្ដេជ្ញារបស់ខ្លួនក្នុងការគាំទ្រដល់កិច្ចប្រឹងប្រែងរបស់ភាគីទាំង៣ ដើម្បីឲ្យសម្រេចបាននូវលក្ខខណ្ឌការងារសមរមទាំងអស់គ្នា ។អង្គការ ILO បញ្ជាក់ផងដែរថា តួនាទីរបស់ ILO គឺផ្តល់ការប្រឹក្សាផ្នែកបច្ចេកទេស និងអនុសាសន៍មួយចំនួន ទៅកាន់ភាគីទាំងបីទៅលើខ្លឹមសារនៃច្បាប់នេះ និងដើម្បីឲ្យប្រកដថាច្បាប់នេះ នឹងអនុវត្តទៅតាមអនុសញ្ញាអន្តរជាតិដែលកម្ពុជាបានផ្តល់សច្ចាប័ន ។ អង្គការបន្តថា ដើម្បីធានាថាសេរីភាពក្នុងការប្រមូលផ្ដុំត្រូវបានឆ្លុះបញ្ចាំងទាំងក្នុងច្បាប់ និងការអនុវត្ត ទាមទារឲ្យមានការប្រឹងប្រែងជាបន្តបន្ទាប់ពីគ្រប់ភាគីពាក់ព័ន្ធ ។VOD មិនទាន់អាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ បាននៅឡើយទេដោយទូរសព្ទចូលតែពុំមានអ្នកទទួល ។គួរបញ្ជាក់ថា កាលពីដើមខែមិថុនានេះ សហជីពចំនួន៣១បានស្នើឲ្យក្រសួងការងារផ្អាកធ្វើសេចក្តីព្រាងច្បាប់ស្ដីពីសហជីព ដោយអះអាងថាច្បាប់ថ្មីនេះរឹតបន្តឹងសេរីភាពពួគគេ និងលើកឡើងថា សេចក្តីព្រាងនេះធ្វើឡើងដោយអាថ៌កំបាំង ពោលគឺមិនឲ្យសហជីពយោបល់ ។ សហជីពទាំងនោះអះអាងទៀតថា ច្បាប់ស្តីពីការងារបច្ចុប្បន្ននេះមានជាង៣០មាត្រា បានធ្វើឡើងដោយតម្លាភាព និងស្របតាមបទដ្ឋានអន្តរជាតិ និងស្របតាមអនុសញ្ញាអង្គការអន្តរជាតិ ILO រួចហើយ ដើម្បីការពារសហជីព ៕ដកស្រង់ពីសារព័ត៌មានសម្លេងប្រជាធិបតេយ្យ ចេញផ្សាយថ្ងៃទី១១ ខែ មិថុនា ឆ្នាំ២០១៥។