• ក្រសួងការបរទេស​អា​មេ​រិ​ក​បន្ត​គាំទ្រ​ដំណើរការ​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​

    • Issue Date 15-Jun-2015

    ​ក្រសួងការបរទេស​អា​មេ​រិ​ក និង​ទីភ្នាក់ងារ​អាមេរិក​សំរាប់​អភិវឌ្ឍន៍​អន្តរជាតិ (USAID) ទើបតែ​បាន​ផ្ញើ​របាយការណ៍​មួយ ទៅកាន់​សភា​អាមេរិក​កាលពី​ថ្ងៃទី​១១​មិថុនា​កន្លងទៅ ដែល​ក្នុងនោះ​ក៍​មាននិយាយ​ពី​ប្រទេស​កម្ពុជា​ផងដែរ​។របាយការណ៍ ស្តីពី ដំណើរការ​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​នៅ​តំបន់​អាស៊ី​នេះ បានចាត់ទុក​ដំណើរការ​ប្រជាធិបតេយ្យ និង​ការលើកកម្ពស់​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ថា ជា​បញ្ហា​អាទិភាព​របស់​អាមេរិក​។​​ផ្នែក​មួយ​នៃ​របាយការណ៍​របស់​ក្រសួងការបរទេស​អាមេរិក និង​ទីភ្នាក់ងារ​អាមេរិក​សំរាប់​អភិវឌ្ឍន៍​អន្តរជាតិ (USAID) ដែល​បាន​ផ្ញើ​ទៅ​សភា​អាមេរិក​កាលពី​ថ្ងៃទី​១១​មិថុនា​កន្លងទៅ បាន​រៀបរាប់​ពី​ដំណើរ​វិវត្តន៍​នៃ​លទ្ធិប្រជាធិបតេយ្យ​និង​ការគោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ពិសេស​នៅក្រោយពី​ការបោះឆ្នោតជាតិ​កាលពី​ខែកក្កដា​ឆ្នាំ​២០១៣​កន្លងទៅ​។ របាយការណ៍​នេះ បាន​កត់សំគាល់ថា គណបក្សប្រឆាំង​បាន​បង្កើន​ចំនួន​កៅអី​ច្រើន​នៅក្នុង​រដ្ឋសភា ប៉ុន្តែ​បានធ្វើ​ពហិការ​មិន​ចូលរួម​ប្រជុំ​សភា​នោះទេ ដើម្បី​ទាមទារ​ឲ្យ​មាន​កំណែរ​ទម្រង់​មួយចំនួន ដូចជា ការបង្កើត​ច្បាប់បោះឆ្នោត​ថ្មី និង​ការបង្កើត​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​ថ្មី​ជាដើម​។​​ប៉ុន្តែ​ជាមួយនឹង​ចំណុច​វិជ្ជមាន​នេះ របាយការណ៍​ក៍​បានលើកឡើង​ពី​ក្តី​ព្រួយបារម្ភ​នានា​ផងដែរ ជុំវិញ​សេចក្តីព្រាងច្បាប់​ស្តីពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​, សេចក្តីព្រាងច្បាប់ ស្តីពី​ការប្រឆាំង​ឧក្រិដ្ឋកម្ម​តាម​បច្ចេកវិទ្យា (Cybercrime) និង​ច្បាប់​ស្តីពី​សហជីព​ជាដើម​។ សហរដ្ឋអាមេរិក​តាម​រយៈ​របាយការណ៍​នេះ បាន​អំពាវនាវ​ឲ្យ​មានការ​ចូលរួម​ពិភាក្សា​ដោយ​បើកចំហរ​មួយ​ទៅលើ​សេចក្តីព្រាងច្បាប់​ទាំងនេះ មុនពេល​បញ្ជូនទៅ​រដ្ឋ​សភា​ដើម្បី​អនុម័ត​។ របាយការណ៍​បាន​លើកឡើងថា ចាប់តាំងពី​ឆ្នាំ​១៩៩០​មក USAID និង​ក្រសួងការបរទេស​អាមេរិក បាន​ជួយ​ច្រើន​ដល់​ដំណើរការ​គាំទ្រ​របស់​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​។​​សហរដ្ឋអាមេរិក​នឹង​បន្ត​ជួយ​ប្រទេស​កម្ពុជា​នៅក្នុង​កំណែរ​ទម្រង់ការ​បោះឆ្នោត​បន្តទៀត រួមទាំង​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត​ផងដែរ​។ ហើយ​ចុងក្រោយ​នៃ​របាយការណ៍​នេះ សង្ឃឹមថា កិច្ចសន្ទនា​នយោបាយ​របស់​គណបក្ស​នយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា និង​ការលើកកម្ពស់​សិទ្ធិសេរីភាព​របស់​អង្គការ​សង្គម​ស៊ីវិល នឹង​នៅតែ​បន្ត​មាន ពិសេស​នៅក្នុង​ដំណើរ​ឆ្ពោះទៅកាន់​ការបោះឆ្នោតជាតិ​នៅ​ឆ្នាំ​២០១៨​ខាងមុខ​។​​សូមបញ្ជាក់ថា របាយការណ៍​របស់​ក្រសួងការបរទេស​អាមេរិក និង​ទីភ្នាក់ងារ​អាមេរិក​សំរាប់​អភិវឌ្ឍន៍​អន្តរជាតិ (USAID) ដែល​ផ្ញើ​ទៅកាន់​សភា​អាមេរិក​កាលពី​ថ្ងៃទី​១១​មិថុនា​នោះ ក៍​បានលើកឡើង​ពី​ដំណើរការ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​ប្រទេស​មួយចំនួនទៀត នៅ​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច រួមមាន​ប្រទេស​ភូមា រឺ​ម៉ី​យ៉ាន់​ម៉ា ប្រទេស​ថៃ និង​ទីក្រុង​ហុងកុង​ផងដែរ​។​​របាយការណ៍​នេះ បានធ្វើ​ឡើង នៅក្រោយ​ដំណើរ​ទស្សនកិច្ច​របស់ លោក Scott Busby ឧបការី​រង​រដ្ឋមន្ត្រី​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក ទទួលបន្ទុក​ផ្នែក​លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស​និង​ការងារ នៅ​កម្ពុជា​កាលពី​ថ្ងៃទី​១​និង​ទី​២​ខែមិថុនា​ឆ្នាំ ២០១៥​កន្លងទៅនេះ​៕​ដកស្រង់​ពី​វិទ្យុ​បារាំង​ចេញផ្សាយ​ថ្ងៃទី​១៤ ខែ មិថុនា ឆ្នាំ​២០១៥​។​