• ពលរដ្ឋ​ប្ដឹង​មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​កែវ​សីមា​ថា​ប្រើ​ហិង្សា​និង​គំរាមកំហែង​

    • Issue Date 15-Jun-2015

    ​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ស្រែអំពិល ឃុំ​ស្រែ​ខ្ទុំ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ប្ដឹង​មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក ពីបទ​ដឹកនាំ​កងកម្លាំង​ចាប់​អ្នកភូមិ​ដាក់​ខ្នោះ និង​វាយដំ​រាងកាយ ទាក់ទិន​ជម្លោះ​ទាមទារ​ដីស្រែ ៧១​ហិកតារ​។ចំណែក​មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​បដិសេធថា មន្ត្រី​កងរាជអាវុធហត្ថ​មិនបាន​ប្រើ​អំពើហិង្សា​ដូច​ការ​ចោទ​នោះទេ​។​​មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស នៅ​ថ្ងៃទី​១៣ ខែមិថុនា អំពាវនាវ​សុំ​ឲ្យ​មន្ត្រី​អយ្យការ​តុលាការខេត្ត​មណ្ឌលគិរី ស៊ើបអង្កេត​ពាក្យ​ប្ដឹង​ចោទប្រកាន់​របស់​ប្រជាពលរដ្ឋ ដើម្បី​រក​ឲ្យ​ឃើញថា តើ​មន្ត្រី​កងរាជអាវុធហត្ថ ពិតជា​បាន​ប្រព្រឹត្ត​អំពើ​ផ្ទុយ​នឹង​វិន័យ​កងទ័ព រំលោភច្បាប់ និង​សិទ្ធិមនុស្ស ឬ​យ៉ាងណា​?​មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (adhoc) ខេត្តមណ្ឌលគិរី លោក សុក រដ្ឋា មានប្រសាសន៍​បញ្ជាក់ថា អ្នកភូមិ​ពីរ​នាក់ គឺ​លោក ដេ​ន ណា​រ៉ា និង​អ្នកស្រី កើត ទ្រើ​យ កាលពី​ថ្ងៃទី​១២ ខែមិថុនា បានដាក់​ពាក្យ​ប្ដឹង​សុំ​មក​សមាគម​លោក ឲ្យ​ជួយ​អន្តរាគមន៍​រក​យុត្តិធម៌​ដោយ​ចោទប្រកាន់​មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​កែវ​សីមា គឺ​លោក សាក់ សារុន និង​កងកម្លាំង​ពីរ​នាក់ ថា​បាន​ចាប់​ប្រជាពលរដ្ឋ​បីនាក់​ដាក់​ខ្នោះ និង​វាយដំ​រាងកាយ គំរាមកំហែង​ជេរប្រមាថ​ទៅលើ​ពលរដ្ឋ​ពីរ​នាក់​ផ្សេងទៀត ដែល​បាន​ថតរូប​នៅក្នុង​រោង​ចាំ​ដី​របស់លោក​៖ «​ក្រោយ​ជួប​ជនរងគ្រោះ​ឃើញថា ពួកគាត់​ដាច់ដោច​ខោអាវ ហើយ​មាន​ស្លាកស្នាម​ជាំ​សបញ្ជាក់​ឲ្យ​ឃើញ​ករណីនេះ ពិតជា​មានប្រើ​អំពើហិង្សា​ថា​ពួកគាត់​»​។​​យោងតាម​ពាក្យបណ្ដឹង​របស់​ពលរ​ដ្ឋ​ដាក់ជូន​សមាគម​អាដហុក ខេត្តមណ្ឌលគិរី កាលពី​ព្រឹក​ថ្ងៃទី​១១ ខែមិថុនា ឈ្មោះ ឡឹ​ក ហ៊ា ជា​អ្នកមើលការខុសត្រូវ​ដី​របស់ លោក សាក់ សារុន បានមក​ហៅ​ប្រជាពលរដ្ឋ ១៨​នាក់ កំពុង​ត្រួស​ត្រាយព្រៃ​ធ្វើស្រែ​នៅ​ចំណុច​ភូមិ​ទ្រោម​ចាស់ ឲ្យ​ទៅ​ជួប លោក សាក់ សារុន នៅ​រោង​ចាំ​ដី​មួយកន្លែង​ចម្ងាយ​ប្រមាណ ៣០០​ម៉ែត្រ​ពី​កន្លែង​អ្នកភូមិ​កាប់ឆ្ការ ដើម្បី​ដោះស្រាយ​រឿង​ដីស្រែ ៧១​ហិកតារ ដែល​អ្នកភូមិ​បម្រុង​ធ្វើស្រែ​។ រហូតដល់​ម៉ោង​ប្រមាណ ២​រសៀល ទើប​អ្នកភូមិ ៨​នាក់ បាន​ទៅដល់​ស្នាក់ការ​កងរាជអាវុធហត្ថ ក៏ប៉ុន្តែ​មិនបាន​ឃើញ​មន្ត្រី​អាវុធហត្ថ​នៅ​ទី​នោះទេ​។ គ្រានោះ អ្នកភូមិ​ម្នាក់​បាន​យក​ទូរស័ព្ទ​ថតរូប​ពួកគេ​ដែល​នៅ​រង់ចាំ​ក្នុង​រោង ស្រាប់តែ​ពីរ​នាទី​បន្ទាប់មក លោក សាក់ សារុន និង​កងរាជអាវុធហត្ថ​ពីរ​នាក់​មាន​អាវុធខ្លី​មួយ​ដើម វែង​មួយ​ដើម បានមក​ដល់ ហើយ​រករឿង​ថា ប្រជាពលរដ្ឋ​ថតរូប​ក្នុង​រោង​នោះ ហើយ​ចាប់​អ្នកភូមិ​បីនាក់​វាយតប់​ជាច្រើន​ដៃ ទើប​ដាក់​ខ្នោះ​។ ចំណែក​ប្រជាពលរដ្ឋ ៥​នាក់​ទៀត បាន​រត់គេច​ចេញពី​រោង និង​ផ្តល់ព័ត៌មាន​ទៅ​មេឃុំ ដើម្បី​ជួយ​អន្តរាគមន៍​បញ្ហា​នេះ​។​​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​១៣ ខែមិថុនា មិនអាច​ទាក់ទង លោក សាក់ សារុន សុំ​អធិប្បាយ​ការចោទប្រកាន់​នេះ​បានទេ​។​​ដោយឡែក​មេបញ្ជាការ​ក​ង​រាជ​អាវុធហត្ថ​ខេត្តមណ្ឌលគិរី លោក សាក់ សា​រាំង ដែល​ត្រូវជា​បង​បង្កើត លោក សាក់ សារុន បដិសេធថា មន្ត្រី​អាវុធហត្ថ​មិនបាន​ប្រើ​អំពើហិង្សា​អ្វី​រំលោភសិទ្ធិ​ប្រជាពលរដ្ឋ​នោះឡើយ​៖ «​អ្នកណា​ទៅ​វាយ​គេ គេ​ធ្វើតាម​ផ្លូវច្បាប់​តើ​! បីនាក់​ហ្នឹង​គាត់​មកដល់​ផ្ទះ​គេ គាត់​ថត​ផ្ទះ គេ​មក​ថត​ផ្ទះ​គេៗ​មិន​ចាប់​»​។​​ដើមបណ្ដឹង​មួយរូប គឺ​លោក ដេ​ត ណា​រ៉ា រៀបរាប់ថា លោក សាក់ សារុន ខឹង​នឹង​ប្រជាពលរដ្ឋ​ចូលទៅ​ត្រួស​ត្រាយព្រៃ​ធ្វើស្រែ​នៅ​លើដី​តំបន់​នោះ ដែល​លោក​ប៉ុនប៉ង​យក ក៏ប៉ុន្តែ​អ្នកភូមិ​មក​ធ្វើស្រែ​នៅ​ទីនោះ​ដោយសារ​មាន​លិខិតអនុញ្ញាត​ពី​មេឃុំ ប្រគល់​ដី​តំបន់​នោះ​សម្រាប់​អ្នកភូមិ​ធ្វើស្រែ​។ លោក​ថា នេះ​ជា​មូលហេតុ​ធ្វើ​ឲ្យ លោក សាក់ សារុន ប្រើ​អំណាច​កង​ប្រដាប់អាវុធ រំលោភសិទ្ធិ​ប្រជាពលរដ្ឋ​៖ «​ក្រុម​ខ្ញុំ​ម្នាក់​គាត់​ថត​ក្រុម​ខ្ញុំ​ទេ ស្រាប់តែ សាក់ សារុន ជិះឡាន​មកជា​មួយ​ប៉េ​អិ​ម​ពីរ​នាក់ ឡាន​ពីរ ឈប់​នៅមុខ​ផ្ទះ ចុះ​ពីលើ​ឡាន​អត់​និយាយ​រក​គេ​មួយ​ម៉ាត់​ទេ ស្រាប់តែ​វាយយកៗ​»​។​​ទាក់ទិន​ករណីនេះ​ដែរ មេឃុំ​ស្រែ​ខ្ទុំ លោក ព្យើ​ក ប៉េ ទទួលស្គាល់ថា លោក​បានទទួល​ទូរស័ព្ទ​ពី​អ្នកភូមិ​ឲ្យ​ជួយ​អន្តរាគមន៍ ខណៈ​អ្នកភូមិ​អះអាងថា មន្ត្រី​អាវុធហត្ថ​ចាប់​វាយដំ​ដាក់​ខ្នោះ​អ្នកភូមិ​។ ហេតុនេះ លោក​បាន​អន្តរាគមន៍​ទៅ​អាជ្ញាធរ​ស្រុក និង​ខេត្ត ទើប​ក្រុម​អាវុធហត្ថ​ដោះលែង​អ្នកភូមិ​វិញ​៖ លោក​កត់សម្គាល់ថា ដី​តំបន់​នោះ​ជា​អតីត​ដី​ប្រជាពលរដ្ឋ​ជនជាតិដើម​ធ្វើ​ចម្ការ​វិលជុំ ប៉ុន្តែ លោក សាក់ សារុន បាន​សង់រោង​កាន់កាប់​ដី​នោះ​ដោយ​មិនមាន​ការអនុញ្ញាត​៖ «​ប្រជាជន​ទូរស័ព្ទ​មក​ខ្ញុំ​ដែរ បាន​ខ្ញុំ​អន្តរាគមន៍​ទៅ​លោក​អភិបាលស្រុក ស្រុក​ទូរស័ព្ទ​ទៅ​ប៉េ​អិ​ម គេ​អត់​លើក​លោក​អភិបាលស្រុក​ខឹង​ដែរ គាត់​ទូរស័ព្ទ​ឲ្យ​ខ្ញុំ​ទូរស័ព្ទ​ទៅ​ខេត្ត​»​។​​ទោះជា​យ៉ាងនេះ​ក្តី សេចក្តីរាយការណ៍​រប​ស់​អ្នកភូមិ​ឲ្យ​ដឹងថា មន្ត្រី​ស្ថាប័ន​អយ្យការ​បានទទួល​ពាក្យ​ប្ដឹង​របស់​អ្នកភូមិ​ហើយ​កាលពី​ថ្ងៃទី​១២ ខែមិថុនា​។ អ្នកភូមិ​ទាមទារ​ឲ្យ​ផ្ដន្ទាទោស​មន្ត្រី​អាវុធហត្ថ​ពីបទ​ប្រើ​អំពើហិង្សា​ដោយ​ចេតនា គំរាមកំហែង និង​ជេរប្រមាថ រួមទាំង​ទាមទារ​ជំងឺ​ចិត្តជា​ប្រាក់ ៥​ពាន់​ដុល្លារ​៕ដកស្រង់​ពី​វិទ្យុ​អាស៊ី​សេរីចេញផ្សាយ​ថ្ងៃទី​១៣ ខែ មិថុនា ឆ្នាំ​២០១៥​។​