• សហរដ្ឋអាមេរិក​បន្ត​ជំរុញ​ឲ្យ​កម្ពុ​ជាមាន​តម្លាភាព​ក្នុង​ដំណើរការ​បង្កើត​ច្បាប់​

    • Issue Date 15-Jun-2015

    ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក លើកឡើងថា ខ្លួន​នៅតែ​បន្ត​ជំរុញ​ឲ្យ​មានការ​សន្ទនា និង​អំពាវនាវ​ឲ្យ​កម្ពុ​ជាមាន​តម្លាភាព​ក្នុង​ដំណើការ​នៃ​ការបង្កើត​ច្បាប់ ខណៈ​រដ្ឋាភិបាល​បាន និង​កំពុង​រៀបចំ​សេចក្តីព្រាង​ច្បាប់​មួយចំនួន ដែល​សង្គម​ស៊ីវិល​អះអាងថា​នឹង​រឹតត្បិត​ដល់​សេរីភាព​ក្នុង​ការធ្វើ​ប្រតិបត្តិការ និង​ការ​បញ្ច​ញ​មតិ​របស់ខ្លួន និង​ប្រជាពលរដ្ឋ ។​​របាយការណ៍​របស់​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក​ស្តីអំពី​លទ្ធិប្រជាធិបតេយ្យនៅ​តំបន់​អាស៊ី ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃ​ម្សិលមិញ ឲ្យ​ដឹងថា នៅ​ដើមឆ្នាំ​២០១៥​នេះ រដ្ឋសភា​កម្ពុជា​បានអនុម័ត​ច្បាប់​ពី​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត ។ របាយ​ការ​បញ្ជាក់ថា គណបក្សកាន់អំណាច និង​គណបក្សប្រឆាំង​បានរួម​គ្នា​អនុម័ត​ច្បាប់​ទាំងពីរ​នេះ ដោយ​មិនបាន​បើក​ឲ្យ​មានការ​ពិភាក្សា​គ្រប់គ្រាន់​ជាមួយ​សង្គម​ស៊ីវិល​នោះទេ ហើយ​ផ្នែក​ខ្លះ​នៃ​ច្បាប់​នេះ​ត្រូវបាន​រង​ការរិះគន់​ពី​សង្គម​ស៊ីវិល​ថា បាន​រឹតត្បិត​ដល់​សកម្មភាព និង​សិទ្ធិ​ក្នុងការ​បញ្ចេញមតិ និង​ការជួបជុំ​របស់​របស់​អង្គការ​សង្គម​ស៊ីវិល ក្នុងកំឡុងពេល​ឃោសនាបោះឆ្នោត ។​​របាយការណ៍​ដដែល​ក៏បាន​លើកឡើង​ទៀតថា ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​រដ្ឋាភិបាល​បានអនុម័ត ហើយ​គ្រោង​នឹង​បញ្ជូន​ឲ្យ​សភា​អនុម័ន​នៅពេល​ខាងមុខ​នេះ ក៏​អាច​គំរាមកំហែង​ដល់​អង្គការ​សង្គម​ស៊ីវិល​ផងដែរ ។ របាយការណ៍​បន្តថា ទោះបីជា​សេចក្តីព្រាងច្បាប់​នេះ​ត្រូវបាន​គេ​ផ្សព្វផ្សាយ​ម្តង​កាលពី​ឆ្នាំ​២០១១ និង​បាន​បើក​ឲ្យ​មានការ​ពិភាក្សា​ជា​សាធារណៈ​៤​ដង​ក្តី ក៏​ខ្លឹមសារ​ខ្លះ​នៃ​សេចក្តីព្រាងច្បាប់​នេះ​រឹតត្បិត​អង្គការ​សង្គម​ស៊ី​ល​មិន​ឲ្យ​ធ្វើ​សកម្មភាព​ដោយ​សេរី​បាន ។​​របាយការណ៍​បន្ថែមថា រដ្ឋាភិបាល​សហរដ្ឋអាមេរិក​គាំទ្រ​ដល់​សង្គម​ស៊ីវិល​ក្នុង​ការតស៊ូ​មតិ ដើម្បី​ឲ្យ​មានការ​ពិនិត្យឡើងវិញ​ទៅលើ​ច្បាប់​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា និង​ព័ត៌មាន និង​ច្បាប់​ស្តីពី​សហជីព ដើម្បី​ឲ្យ​ស្របទៅតាម​សិទ្ធ​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ ។​​សហរដ្ឋអាមេរិក​ក៏បាន​ធ្វើការ​ក្រើន​រំឭកថា «​លទ្ធិប្រជាធិបតេយ្យ​គឺ​លើសពី​លទ្ធភាព​ក្នុងការ​បោះឆ្នោត​ដោយ​សេរី​នៅឯ​ធុង​ឆ្នោត​នោះទេ ។ លទ្ធិប្រជាធិបតេយ្យ​ក៏​ស្ដី​លទ្ធភាព​របស់​ប្រជាពលរដ្ឋ​ក្នុងការ​ធ្វើ​ឲ្យ​រដ្ឋាភិបាល​របស់ខ្លួន​មាន​គណនេយ្យ​ភាពជា​រៀងរាល់ថ្ងៃ​ផងដែរ​» ។​​អ្នកនាំពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក ទិ​ត សុធា មានប្រសាសន៍ថា ការលើកឡើង​របស់​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក​នេះ​ជាការ​វិនិច្ឆ័យ​ដោយ​មិនមាន​អ​ព្យា​ក្រិ​ត្យ​ភាព និង​បានទទួល​ព័ត៌មាន​តែ​ពី​ខាង​សង្គម​ស៊ីវិល ។ លោក​ថា សហរដ្ឋអាមេរិក​តាំងតែ​ពី​ដើម​មក​មិនដែល​មើលឃើញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល​នោះទេ ។ ​លោក ទិ​ត សុធា បន្ថែមថា សង្គម​ស៊ីវិល​មិនគួរ​មានការ​បារម្ភ​ពី​ច្បាប់​ទាំងនេះ​ពេក​ទេ ហើយ​ស្នើ​ឲ្យ​សង្គម​ស៊ីវិល​រង់ចាំ​តាមដាន​សេចក្តីព្រាងច្បាប់​នេះ​បន្តទៀត​នៅពេលដែល​រដ្ឋសភា​ជជែក​ដេញដោល​អំពី​សេចក្តីព្រាងច្បាប់​នេះ ។​​លោក​មានប្រសាសន៍ថា «​ពីព្រោះ​មុននឹង​សម្រេច​អនុម័ត​ដោយ​រដ្ឋសភា​យកមកប្រើ​ប្រាស់ តែងតែមាន​ការជជែក​ដេញដោល​គ្នា​នៅក្នុង​សភា​ទៀត ហើយ​មាន​តំណាង​គណបក្សនយោបាយ​ដែល​ល​ប្រជាពលរដ្ឋ​ផ្តល់​សេចក្តីទុកចិត្ត អញ្ចឹង​យើង​កុំ​បង្កើត​ការភ័យព្រួយ​ហួស​ពី​តំណាងរាស្ត្រ​ដែល​គេ​មាន​តួនាទី​ជា​អ្នកពិនិត្យ ពិភាក្សា និង​អនុម័ត​ច្បាប់​» ។​​លោក ទិ​ត្យ សុធា ថា​លោក​មិនអាច​បញ្ជាក់​បានទេ​ថា សេចក្តីព្រាងច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋា​បាល នឹងត្រូវ​បញ្ជូន​ទៅកាន់​រដ្ឋសភា​នៅពេលណា​នោះទេ ៕​ដកស្រង់​ពី​សារព័ត៌មាន​សម្លេង​ប្រជាធិបតេយ្យ ចេញផ្សាយ​ថ្ងៃទី​១២ខែ មិថុនា ឆ្នាំ​២០១៥​។​