• ពលរដ្ឋ​នៅ​ព្រះវិហារ​ខ្វះ​ដី​ធ្វើស្រែ​រដូវវស្សា​ដោយសារ​ជម្លោះ​ដី​ជាមួយ​ក្រុមហ៊ុន​

    • Issue Date 16-Jun-2015

    ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច កំពុង​កើតមាន​ច្រើនឡើងៗ​ក្នុងស្រុក​ទាំង​៧ នៅ​ខេត្តព្រះវិហារ​។​​ក្រុម​សង្គម​ស៊ីវិល​មើលឃើញថា ទោះបី​ជាមាន​បញ្ហា​ទំនាស់​ដីធ្លី​ច្រើន​ក៏ដោយ ក៏ប៉ុន្តែ​អាជ្ញាធរ​ហាក់​មាន​វិធានការ​យឺតយ៉ាវ​ក្នុងការ​ដោះស្រាយ​ដែល​បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​រងគ្រោះ​ជួប​បញ្ហា​ជាច្រើន រួមមាន​ការចាប់ខ្លួន​ដាក់ពន្ធនាគារ ឬក៏​បាត់បង់​ដីស្រែ​ចម្ការ​ជាដើម​។​​អ្នកភូមិ​ប្រមាណ ៦​នាក់ នៅ​ឃុំ​សង្កែ​២ ស្រុក​ឆែប ខេត្តព្រះវិហារ កំពុង​នាំគ្នា​គេច​ចេញពីផ្ទះ​ជា​បណ្ដោះអាសន្ន ដោយសារតែ​ភ័យខ្លាច​កម្លាំង​ប៉ូលិស​តាម​ចាប់ខ្លួន​ពួកគេ​បញ្ជូនទៅ​តុលាការ​។​​ការភ័យខ្លាច​នេះ កើតមានឡើង​បន្ទាប់ពី​កាលពី​ល្ងាច​ថ្ងៃទី​១៣ ខែមិថុនា កន្លងទៅ ប៉ូលិស​បាន​បញ្ជូន​កម្លាំង ១​ក្រុម ប៉ុនប៉ង​ចាប់ខ្លួន​នៅពេលដែល​អ្នកភូមិ​១​ក្រុម​បាននាំគ្នា​ទៅ​សាបព្រោះ​គ្រាប់ស្រូវ​លើដី​ស្រែ​របស់​ពួកគេ​ដែល​ធ្លាប់តែ​ដាំ​ដុះ ប៉ុន្តែ​ត្រូវ​ក្រុមហ៊ុន​ចិន ឈ្មោះ រួយ ហ្វេ​ង (Ruy Feng) យក​ដាំ​អំពៅ​អស់​ទៅហើយនោះ​។​​តំណាង​សហគមន៍​ទំនាស់​ដីធ្លី​ឃុំ​សង្កែ​២ គឺ​លោក ដា រី​។លោក​អះអាង​កាលពី​រសៀល​អាទិត្យ ទី​១៤ ខែមិថុនា ថា អ្នកភូមិ​របស់លោក ៥-៦​នាក់ កំពុង​ភ័យខ្លាច​កម្លាំង​ប៉ូលិស​មក​ចាប់ខ្លួន​។ បុរស​ដដែល​បញ្ជាក់ថា នៅ​រដូវវស្សា​ឆ្នាំនេះ អ្នកភូមិ​របស់គាត់​ជាច្រើន​គ្រួសារ​បាន​ខ្វះ​ដី​ធ្វើស្រែ​ចិញ្ចឹមជីវិត ដោយសារតែ​ដីស្រែ​មួយ​ភាគ​ត្រូវ​ក្រុមហ៊ុន​ចិន ឈ្មោះ រួយ ហ្វេ​ង រំលោភ​យកទៅ​ដាំ​អំពៅ​តាម​រូបភាព​ដី​សម្បទាន​សេដ្ឋកិច្ច​។ បញ្ហា​ខ្វះ​ដីស្រែ​នេះ កាលពី​ថ្ងៃទី​១៣ ខែមិថុនា កន្លងទៅ ប្រជាពលរដ្ឋ​ខ្លះ​បាននាំគ្នា​ទៅ​សាបព្រោះ​គ្រាប់ស្រូវ​លើ​អតីត​ដីស្រែ​របស់​ពួកគេ ដែល​ក្រុមហ៊ុន​ចិន ភ្ជួរ​ដាំ​អំពៅ​អស់​ទៅហើយ ជាហេតុ​ធ្វើឱ្យ​អាជ្ញាធរ​បញ្ជូន​កម្លាំង​ប៉ូលិស​ទៅរក​ចាប់ខ្លួន​។​​លោក ដា រី​៖ «​ប្រជាជន​នៅតែមាន​ការភ័យព្រួយ ព្រោះថា វា​អត់​មានការ​ដោះស្រាយ ហើយ​យើង​ធ្វើ​នេះ​តាម​សន្តិវិធី តែ​គេ​មិន​ធ្វើតាម​សន្តិវិធី គេ​យក​អាវុធ​យក​ប៉ូលិស​មក​គំរាម​»​។​​តំណាង​សហគមន៍​ទំនាស់​ដីធ្លី​ដដែល​បញ្ជាក់ថា បើទោះបីជា​រដ្ឋាភិបាល​បានផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅឱ្យ​ក្រុមហ៊ុន​ចិន ដាំ​អំពៅ ហើយ​ប៉ះពាល់​លើដី​ស្រែ​របស់​អ្នកភូមិ​ជាច្រើន​ហិកតារ​ក៏ដោយ ក៏​រហូតមក​ដល់ពេលនេះ​មិនមាន​អាជ្ញាធរខេត្ត​ព្រះវិហារ ឬក៏​អាជ្ញាធរ​ស្រុក​ឆែប ណា​ចេញមុខ​ដោះស្រាយ​ជូន​ពួកគាត់​ឱ្យបាន​ឆាប់រហ័ស​នៅឡើយ​។​​ទោះយ៉ាងណា វិទ្យុ​អាស៊ីសេរី មិនអាច​ទាក់ទង​អភិបាលរង និង​ជា​អ្នកនាំពាក្យ​សាលាខេត្ត​ព្រះវិហារ លោក ស៊ូ សេរី ដើម្បី​សុំ​ការពន្យល់​ជុំវិញ​បញ្ហា​ដែល​អ្នកភូមិ​សង្កែ​២ អះអាងថា ពួកគេ​កំពុង​ភ័យខ្លាច​រឿង​ប៉ូលិស​តាម​ចាប់ខ្លួន​នោះបាន​ថា​យ៉ាងណា​នៅឡើយ​ទេ នៅ​ថ្ងៃទី​១៤ ខែមិថុនា​។​​ចំណែក​អភិបាលស្រុក​ឆែប លោក សុខ សាន​តារា បាន​ឆ្លើយតប​ថា រឿង​ដែល​ប៉ូលិស​បញ្ជូន​កម្លាំង​ទៅរក​ចាប់ខ្លួន​ប្រជាពលរដ្ឋ​ខ្លះ​នៅ​ឃុំ​សង្កែ​២​នោះ គឺ​បណ្ដាលមកពី​ប្រជាពលរដ្ឋ ៣-៤​គ្រួសារ​ដែល​នៅតែ​ចង់បាន​ដី​របស់​ក្រុមហ៊ុន ហើយ​យក​ថ្នាំ​គីមី​ទៅ​បាញ់សម្លាប់​កូន​អំពៅ ព្រមទាំង​យក​គ្រាប់ស្រូវ​ទៅ ព្រោះ​លើដី​ដែល​ក្រុមហ៊ុន​ចិន ភ្ជួរ​រាស់​រួចហើយ​ផង​។​​អភិបាលស្រុក​ដដែល​ប​ញ្ជា​ក់ថា កាលពីមុន​កន្លែង​ដែល​អ្នកភូមិ​ចូលទៅ​សាបព្រោះ​នោះ គឺជា​ដីស្រែ​របស់គាត់​មែន ក៏ប៉ុន្តែ​ជាច្រើន​ខែ​មកហើយ គណៈកម្មការ​របស់​ស្រុក​ឆែប បាន​ចុះទៅ​ដោះស្រាយ​ការប៉ះពាល់​ដោយ​ផ្ដិតមេដៃ និង​ទូទាត់​សំណង​ចប់សព្វគ្រប់ ក៏ប៉ុន្តែ​អ្នកភូមិ​ខ្លះ​នៅតែ​បំពាន​មកលើ​ក្រុមហ៊ុន​ដដែល​៖ «​និយាយ​អំពី​សច្ចភាព​ទៅ គឺថា​យើង​បាន​សម្របសម្រួល​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ជាង ១.០០០​ហិកតារ​នៅ​សង្កែ​២ ហើយ​សល់​តែ ២​ហិកតារ​ទេ ចំពោះ​ក្រុមហ៊ុន​នោះ ក៏ប៉ុន្តែ​ប៉ុន្មាន​ថ្ងៃនេះ​មាន​បងប្អូន តែ​គេ​ភ្ជួរ​ហើយ គឺមាន​ទម្លាប់​មួយ​យក​ស្រូវ​ទៅ​ព្រោះ ហើយ​បើ​គេ​ដាំ​អំពៅ​គឺ​គាត់​កាប់​ចោល​»​។​​អភិបាលស្រុក​ឆែប លោក សុខ សាន តារា បញ្ជាក់ថា អាជ្ញាធរ​មិន​ចង់​ប្រើ​កម្លាំង​ប៉ូលិស​ទៅ​ចាប់ខ្លួន​ប្រជាពលរដ្ឋ​ទេ ដោយ​កាលពី​ព្រឹក​ថ្ងៃអាទិត្យ ទី​១៤ ខែមិថុនា លោក​បាន​ប្រាប់​ទៅ​មេឃុំ​សង្កែ​២ ឱ្យជួយ​អប់រំ​ប្រជាពលរដ្ឋ​ទាំងនោះ​ជាថ្មីទៀត ដើម្បី​កុំឱ្យ​ទៅ​ឆាឆៅ និង​រំខាន​ដល់​ការធ្វើ​អាជីវកម្ម​របស់​ក្រុមហ៊ុន​តទៅទៀត ពីព្រោះ​ក្រុមហ៊ុន​ទាំងនោះ​មិនមែន​មក​យក​ដី​ខុសច្បាប់​ទេ​។​​នៅ​ខេត្តព្រះវិហារ ទាំងមូល ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច មិនមែន​ប៉ះពាល់​តែ​លើ​ប្រជាពលរដ្ឋ​នៅ​ស្រុក​ឆែប​ប៉ុណ្ណោះ​ទេ គឺ​ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​ចំនួន ៦​ទៀត ដូចជា​ស្រុក​រវៀង ស្រុក​ជាំ​ក្សាន្ត ស្រុក​ត្បែងមានជ័យ ស្រុក​ជ័យ​សែន ស្រុក​សង្គម​ថ្មី និង​ស​ស្រុក​គូលែន ក៏​កំពុង​ប៉ះពាល់​ដូចគ្នា​ដែរ​។​​កាលពី​ថ្ងៃទី​២ ទី​៣ ខែមិថុនា កន្លងទៅ​សហគមន៍​ទំនាស់​ដីធ្លី​មកពី​ស្រុក​ចំនួន ៧ បាន​លើកគ្នា​ទៅ​ប្រមូលផ្ដុំ​បំណង​តវ៉ា​ជា​ទ្រង់ទ្រាយ​ធំ​នៅក្នុង​ទី​រួម​ខេត្តព្រះវិហារ ម្ដងមកហើយ ក៏ប៉ុន្តែ​គម្រោង​តវ៉ា​ជា​ទ្រង់ទ្រាយ​ធំ​នោះ​ត្រូវ​បរាជ័យ ដោយសារតែ​ប៉ូលិស​បាន​រាយ​បណ្ដាក់​កម្លាំង​រារាំង​លើ​ដងផ្លូវ​ជាច្រើន​កំណាត់​មិនឱ្យ​អ្នកដំណើរ​ចូលទៅ​កាន់​ទី​រួម​ខេត្ត​បាន​។ កាលណោះ​សហគមន៍​ទំនាស់​ធ្លី​ប្រមាណ ៣០០​នាក់ ដែល​ចូលទៅ​ដល់ទី​រួម​ខេត្តព្រះវិហារ បាន​លើកគ្នា​ទាមទារ​ឱ្យ​អាជ្ញាធរខេត្ត​ត្រូវតែ​ដោះស្រាយ​បញ្ហា​ជម្លោះដីធ្លី​ឱ្យបាន​ឆាប់រហ័ស ដើម្បីឱ្យ​ពួកគេ​មាន​ដី​ធ្វើស្រែ​ចម្ការ​ក្នុង​រដូវវស្សា​ឆ្នាំនេះ​។​​អ្នកសម្របសម្រួល​សមា​គម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្តព្រះវិហារ លោក ឡោ ចាន់ មានប្រសាសន៍ថា លោក​បានដឹង​អំពី​ព័ត៌មាន​ស្ដីពី​ប៉ូលិស​ដែល​បញ្ជូន​កម្លាំង​ដើម្បី​ចាប់ខ្លួន​ប្រជាពលរដ្ឋ​នៅ​ឃុំ​សង្កែ​២​នោះ​។ លោក ឡោ ចាន់ រកឃើញថា មូលហេតុ​ដែល​ប្រជាពលរដ្ឋ​ជាច្រើន​នាំគ្នា​ចូលទៅ​សាបព្រោះ​ស្រូវ​នៅលើ​ដី​ដែល​ក្រុមហ៊ុន​ចិន ភ្ជួរ​ដាំ​អំពៅ​នោះ គឺ​ដោយសារតែ​ក្រុមហ៊ុន​បាន​ឈូសឆាយ​រំលោភ​ដីស្រែ​របស់​ពួកគាត់​។​​មន្ត្រី​អង្គការសិទ្ធិមនុស្ស​ដដែល​បញ្ជាក់ថា ការដែល​ក្រុមហ៊ុន​ចិន ឈូស​រំលោភ​យក​ដីស្រែ​របស់​ប្រជាពលរដ្ឋ​នោះ មិនមាន​អាជ្ញាធរ​ណា​ដោះស្រាយ​ទេ ក៏ប៉ុន្តែ​នៅពេលដែល​ប្រជាពលរដ្ឋ​នាំគ្នា​មក​តវ៉ា​យក​ដី​វិញ បែរ​ជាមាន​សមត្ថកិច្ច​បញ្ជូន​កម្លាំង​ទៅ​បង្ក្រាប​៖ «​យើង​ឃើញថា ក្រុមហ៊ុន​ពិតជា​បាន​រំលោភ​បទបញ្ជា ០០១ ជាពិសេស​ដីស្រែ​របស់​ប្រជាពលរដ្ឋ​ដែល​គាត់​កំពុង​បង្កបង្កើនផល​ជាក់ស្ដែង​»​។​​វិបត្តិ​ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​ខេត្តព្រះវិហារ ដែល​កាន់តែ​កើតមាន​ច្រើនឡើងៗ តាំងតែ​ពី ៣-៤​ឆ្នាំមុន រហូតមកដល់​ពេលនេះ គឺ​អាជ្ញាធរ​រដ្ឋាភិបាល​ហាក់ដូចជា​ដោះស្រាយបាន​លទ្ធផល​តិចតួច​។ ចំណែក​ការតវ៉ា​របស់​ប្រជាពលរដ្ឋ​នៅ​កន្លែង​ខ្លះ​គឺ​អាជ្ញាធរ​មិន​ត្រឹមតែ​ដោះស្រាយ​មិនបាន​លទ្ធផល​ទេ បែរជា​ចង់​រករឿង​អង្គការក្រៅរដ្ឋាភិបាល​ដែល​កំពុង​តាមឃ្លាំមើល​ការគោរព​សិទ្ធិ​នៅ​ទីនោះ​ទៀតផង​។​​កាលពី​ថ្ងៃទី​៣ ខែមិថុនា កន្លងទៅ នៅពេលដែល​សហគមន៍​ទំនាស់​ដីធ្លី​មកពី ៧​ស្រុក បាន​លើកគ្នា​ទៅ​តវ៉ា​ក្នុង​ទី​រួម​ខេត្ត គឺ​អភិបាលរង​ខេត្តព្រះវិហារ លោក ស៊ូ សេរី បានដាក់​ការសង្ស័យ​ទៅលើ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក និង​អង្គការ​ពន្លក​ខ្មែរ ថា​អាចជា​អ្នកដឹកនាំ​ប្រជាពលរដ្ឋ​ទាំងនោះ​ឱ្យ​ឡើងទៅ​តវ៉ា​។​​ការដាក់​ការសង្ស័យ​នេះ ត្រូវបាន​អង្គការក្រៅរដ្ឋាភិបាល​ប​ញ្ចេ​ញ​ប្រតិកម្ម​តបត​វិញ​ថា គឺជា​ការ​លាប​ពណ៌​ខុសពី​ការពិត​មួយ និង​ក៏​ជាការ​គំរាមកំហែង​ទៅលើ​សកម្មជន​អ្នកការពារ​សិទ្ធិមនុស្ស​ក្រៅ​រដ្ឋាភិបាល​ទៀតផង​៕ដកស្រង់​ពី​វិទ្យុ​អាស៊ី​សេរី ចេញផ្សាយ​ថ្ងៃទី​១៥ ខែ មិថុនា ឆ្នាំ​២០១៥​។​​