-
សាលាឧទ្ធរណ៍ប្រកាសសាលដីកាសកម្មជនធនធានធម្មជាតិ គុជ វេង នៅថ្ងៃទី២៦ខែមិថុនា
- Issue Date 17-Jun-2015
សាលា ឧទ្ធរណ៍ នៅរសៀលថ្ងៃអង្គារនេះ បានបញ្ចប់ការសាកសួរទៅលើសកម្មជនធនធានធម្មជាតិមកពីខេត្តពោធិ៍សាត់ លោក គុជ វេង ដោយនឹងប្រកាសសាលដីកានៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៥ វេលាម៉ោង៨ព្រឹក។កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៣ សាលាដំបូងខេត្តពោធិ៍សាត់ បានកាត់ទោសឲ្យលោក គុជ វេង ជាប់ពន្ធនាគារ១ឆ្នាំ និងបង់ប្រាក់សំណង៤៥០០ដុល្លារ។ តុលាការបានចោទលោកពីបទឆបោកប្រាក់ចំនួន៤៥០០ដុល្លារ ពីដើមបណ្តឹងអ្នកស្រី អ៊ុំ ធារី ពាក់ព័ន្ធនឹងការសន្យាថានាំប្តីរបស់អ្នកស្រីឲ្យបានចូលធ្វើជា នគរបាលមានស័ក្តិ២។ ប៉ុន្តែតុលាការបានសម្រេចឲ្យគុជ វេង ជាប់ពន្ធនាគារតែ៣ខែកន្លះប៉ុណ្ណោះ ហើយនៅសល់ប៉ុន្មានព្យួរទោស។ទាក់ទងនឹងការចោទប្រកាន់នេះ លោក គុជ វេង បានប្រាប់ចៅក្រមនៅក្នុងសវនាការថាលោកមិនបានយកប្រាក់ពីដើមបណ្តឹង នោះទេ។ លោកថាលោកជាកសិករក្រីក្រ ហើយបងប្អូនលោកក៏សុទ្ធតែជាកសិករ និងអ្នករត់ម៉ូតូឌុប ដែលលោកអះអាងថាលោកគ្មានលក្ខណៈសម្បត្តិនឹងធ្វើឲ្យដើមបណ្តឹងជឿថា លោកមានសមត្ថភាពក្នុងការរកកាងារជាមន្ត្រីរាជការជូនដល់ប្តីរបស់ ដើម្បណ្តឹងនោះទេ។ក្នុងសវនាការសាលាឧទ្ធរណ៍ ចៅក្រមជំនុំជម្រះបានសាកសួរលោក គុជ វេង ថាតើបានទទួលប្រាក់ពីដើមបណ្តឹង ឬយ៉ាងណា និងសាកសួរថាតើជនជាប់ចោទធ្លាប់ស្គាល់ ឬមានជម្លោះជាមួយដើមបណ្តឹងឬយ៉ាងណា។ លោក គុជ វេង បានបដិសេធ និងថាលោកស្គាល់ដើមបណ្តឹងនៅឆ្នាំ២០១០តែប៉ុណ្ណោះ។ ប៉ុន្តែដើមបណ្តឹងថាអ្នកស្រីបានស្គាល់លោក គុជ វេង តាំងពីកុមារភាព តែអ្នកស្រីប្រាប់ចៅក្រមថាអ្នកស្រីមិនស្គាល់បងប្អូនជនជាប់ចោទ នោះទេ។លោក គុជ វេង បានផ្តល់បទសម្ភាសន៍នៅក្រៅសវនាការថាការចោទប្រកាន់មកលើរូបលោកពី បទឆបោកនេះ មិនត្រឹមត្រូវទេ លោកថាការចោទប្រកាន់នេះគ្រាន់តែជាការរារាំងលោកមិនឲ្យធ្វើ សកម្មភាពការពារធនធានធម្មជាតិតែប៉ុណ្ណោះ។ លោកចាត់ទុកការចោទប្រកាន់នេះមានអ្នកមានអំណាចនៅពីក្រោយ តែលោកសុំមិនបញ្ចេញឈ្មោះអ្នកមានអំណាចនោះទេ។ លោកបញ្ជាក់ថាបើសិនជាតុលាការឯករាជ្យ តុលាការនឹងសម្រេចឲ្យរូបលោករួចផុតពីការចោទប្រកាន់នៅថ្ងៃប្រ កាសសាលដីកា ថ្ងៃទី២៦ ខែមិថុនា។ដើមបណ្តឹងអ្នកស្រី អ៊ុំ ធារី មិននិយាយអ្វីទេ ក្រោយចេញពីបន្ទប់សវនាការ ដោយអ្នកស្រីបញ្ជាក់ថាសូមរង់ចាំការចេញសាលដីកាជាមុនសិន។លោក ចាន់ សុជាតិ ដែលជាមេធាវីរបស់គុច វេង មានប្រសាសន៍ថាលោក គុជ វេង បានអនុវត្តទោស៣ខែកន្លះរួចមកហើយ នៅតែមិនទាន់បង់ប្រាក់សំណងជូនដើមបណ្តឹង។ លោកបញ្ជាក់ថាការប្តឹងទៅសាលាឧទ្ធរណ៍នេះ គឺដើម្បីលុបចោលការចោទប្រកាន់នានាមកលើរូបលោក និងដើម្បីរួចពីការបង់សំណង៤៥០០ដុល្លារ៕ដកស្រង់ពីសារព័ត៌មានសម្លេងប្រជាធិបតេយ្យ ចេញផ្សាយថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ២០១៥