• សេចក្តីព្រាងច្បាប់​ស្តីពី​អង្គការ​មិនមែន​រដ្ឋាភិបាល​បាន​បញ្ជូន​ដល់​រដ្ឋសភា​

    • Issue Date 17-Jun-2015

    ​ភ្នំពេញ​—​សេចក្តីព្រាងច្បាប់​ដ៏​ចម្រូងចម្រាស​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​បាន​បញ្ជូន​ដល់​រដ្ឋសភាជាតិ​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ដើម្បី​ពិភាក្សា​បន្ត និង​អនុម័ត​។ អ្នកនាំពាក្យ​រដ្ឋសភា​បាន​អះអាងថា សិក្ខាសាលា​ជា​សាធារណៈ​មួយ​នឹងត្រូវ​ធ្វើឡើង​ដើម្បី​ទទួល​មតិយោបល់​បន្ថែម​។​​លោក ឈាង វុន អ្នកនាំពាក្យ​រដ្ឋសភា និង​ជា​តំណាងរាស្ត្រ​គណបក្សកាន់អំណាច បាន​ឲ្យ​ដឹងថា សេចក្តីព្រាងច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នេះ​ត្រូវបាន​បញ្ជូន​ដល់​រដ្ឋសភា​នា​ព្រឹក​ថ្ងៃ​អង្គារ​នេះ ហើយ​គណៈកម្មការ​អចិន្ត្រៃយ៍​នៃ​សភាជាតិ នឹង​បញ្ជូនទៅ​គណៈកម្មាធិការ​ជំនាញរ​បស់​រដ្ឋសភាជាតិ​ដើម្បី​ពិនិត្យ មុនពេល​ដាក់​ឲ្យ​មានការ​ពិភាក្សា​នោះ​។​«​គេ​ផ្ញើរ​មកហើយ​។ ខ្ញុំ​បានដឹង​ហើយ​។ កាលពី​ព្រឹក​មិញ មកដល់​រដ្ឋសភា ដល់​រដ្ឋសភា​ហើយ​។ គេ​ដាក់ចូល​គណៈកម្មការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា ហើយ​គណៈកម្មការ​អចិន្ត្រៃយ៍​គេ​នឹង​ប្រជុំគ្នា​ថា តើ​នឹងត្រូវ​បញ្ជូនទៅ​គណៈកម្មាធិការ​ជំនាញ​មួយណា​ដើម្បី​ពិនិត្យ​។ ហើយ​គណៈកម្មការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​អត់​ទាន់​ប្រជុំ​ផង អត់​ដឹង​ពេលណា​គេ​ប្រជុំ​ផង​»​។​​លោក​ឈាង វុន​ក៏បាន​ឲ្យ​ដឹងផង​ដែរ​ថា សេចក្តីព្រាងច្បាប់​ដែល​ទទួល​ការរិះគន់​ដ៏​ច្រើន​នេះ នឹង​អាច​បញ្ជូនទៅ​គណៈកម្មាធិការ​ទី​៤ ឬ​ទី​៥​នៃ​រដ្ឋសភា នាពេល​ឆាប់ៗ​នេះ​។​​កាលពីដើម​ខែមិថុនា​ក​ន្ល​ង​ទៅ រដ្ឋាភិបាល​កម្ពុជា​បាន​ឯកភាព​លើ​សេចក្តីព្រាងច្បាប់​ចុងក្រោយ ដែលមាន​៩​ជំពូក និង​៣៩​មាត្រា​។ ការឯកភាព​របស់រ​ដ្ឋា​ភិ​បាល​លើ​សេចក្តីព្រាងច្បាប់​ដ៏​ចម្រូងចម្រាស​នេះ​ធ្វើឡើង​មិនបាន​ប៉ុន្មាន​ខែ​ទេ បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ប្រកាស​ដាក់​កំហិត​ឲ្យ​មន្ត្រី​របស់លោក​បញ្ចប់សេចក្តី​ព្រាង​នេះ​ឲ្យ​បាន​មុន​ដំណាច់​ខែឧសភា​កន្លងទៅ​ជា​កំហិត​។​​នៅក្នុង​ការប្រជុំ​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​នា​ដើមខែ​មិថុនា​នេះ លោក ហ៊ុន សែន​ក៏បាន​បញ្ជា​ឲ្យ​មានការ​កែសម្រួល​ពាក្យពេចន៍ និង​ដក​មាត្រា​ចំនួន​ពីរ​ចេញពី​សេចក្តីព្រាងច្បាប់​នោះ រួមមាន​ការដាក់កំហិត​លើ​ការចំណាយ​ថវិកា​រដ្ឋបាល​របស់​អង្គការ សមាគម និង​នីតិវិធី​នៃ​ការចុះបញ្ជី​របស់​អង្គការ​អន្តរជាតិ​។​​បើទោះជា​យ៉ាងនេះ​ក៏ដោយ ក៏​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​នៅតែមាន​ក្តីបារម្ភ​ពី​ការ​រឹតត្បិត និង​ការដាក់​សម្ពាធ​មកលើ​ខ្លួន បន្ទាប់ពី​ច្បាប់​នេះ​ត្រូវ​បានអនុម័ត​នោះ​។​​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​បានបញ្ជាក់​ពី​ការបារម្ភ​របស់ខ្លួន​ចំពោះ​សេចក្តីព្រាងច្បាប់​ស្តីពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ថ្មី​នេះ ដោយ​ថ្លែងថា សេចក្តីព្រាងច្បាប់​ថ្មី​គឺ​មិន​មានចែង​ច្បាស់​ក្នុង​មាត្រា​មួយចំនួន ដែល​ទុក​ឱកាស​ឲ្យ​មានការ​គាបសង្កត់​លើ​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​។ យោងតាម​បទ​វិភាគ​ប្រវែង​៤​ទំព័រ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​បាន​ឲ្យ​ដឹងថា មាត្រា​មួយចំនួន​ដែល​អាចជា​ការដាក់​សម្ពាធ​នោះ រួមមាន​មាត្រា​ទី​៤ ដែល​មិន​បានចែង​ពី​អង្គការ​សហគមន៍​មូលដ្ឋាន មាត្រា​ទី​៩ ដែល​តម្រូវ​ឲ្យ​មាន​ស្ថាបនិក​យ៉ាងហោចណាស់​៥​រូប​ក្នុង​ស្ថាប័ន​មួយៗ​សម្រាប់​ការចុះបញ្ជី​នោះ​។ មាត្រា​ទី​២៦​ដែល​ចែង​ពី​ឯករាជ្យភាព និង​ការជ្រៀតជ្រែក​របស់​អង្គការ​សង្គម​ស៊ីវិល​ដែល​មិន​មានចែង​ច្បាស់លាស់​។ ជាងនេះទៀត អង្គការ​សង្គម​ស៊ីវិល​អាច​ប្រឈម​នឹង​ការ​លុបឈ្មោះ​ចេញពី​បញ្ជី រួមទាំង​ការ​ប្រឈម​នឹង​ទោស​បញ្ញត្តិ​ផងដែរ​។​​លោកស្រី ចក់ សុខភាព នាយិកា​ប្រតិបត្តិ​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​ប្រាប់​វី​អូ​អេ​ខេមរភាសា​ថា សេចក្តីព្រាងច្បាប់​ចុងក្រោយ​ដែល​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​បានទទួល​គឺមាន​សភាព «​ធ្ងន់ធ្ងរ​»​និង​រឹតត្បិត​ជាង​សេចក្តីព្រាងច្បាប់​ឆ្នាំ​២០១១​ទៅទៀត ដោយមាន​បញ្ចូល​មាត្រា​ថ្មី​មួយចំនួន​ថែមទៀត​។​«​ច្បាប់​ថ្មី​នេះ​គឺមាន​បញ្ចូល​បញ្ញត្តិ​ថ្មី​ជាច្រើន ហើយ​ដែល​វា​អាច​ប៉ះពាល់​ដល់​លទ្ធភាព​ដែល​អង្គការ​សង្គម​ស៊ីវិល​អាច​ដំណើរការ​ដោយ​សេរី ហើយ​ដែល​បំពាន​ទៅលើ​សិទ្ធិសេរីភាព​ខាង​សមាគម ដែល​អាច​ចូលរួម​ក្នុង​ជីវភាព​នយោបាយ​របស់​សង្គមជាតិ​យើង​ហ្នឹង​»​។​​ជាមួយគ្នានេះដែរ លោក​វៀរ​លៀម ថត (William Todd) ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា បាន​សរសេរ​នៅក្នុង​ទំព័រ​ទស្សនៈ​របស់លោក​ក្នុង​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត​កាលពី​ថ្ងៃអាទិត្យ​កន្លងទៅ​ថា​៖ «​រដ្ឋសភា​កម្ពុជា​គួរ​គិត​រឿង​ផ្សេងទៀត រួមមាន​ការកាត់បន្ថយ​ភាពក្រីក្រ ការអប់រំ បញ្ហា​សុខុមាលភាព និង​ការការពារ​បរិស្ថាន​ជាជាង​ផ្តោតលើ​ការធ្វើ​ច្បាប់​អង្គការ ដែល​ខ្ញុំ​ជឿថា វា​មិនមាន​ការចាំបាច់​នោះទេ​»​។​​លោក​ឈាង វុន អ្នកនាំពាក្យ​រដ្ឋសភា និង​ជា​តំណាងរាស្ត្រ​មកពី​គណបក្សកាន់អំណាច​គឺ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រតិកម្ម​ចំពោះ​ការលើកឡើង​របស់លោក​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​វៀរ​លៀ​ម ថត ដោយ​ចោទថា លោក​ឯកអគ្គរដ្ឋទូត​«​ព្រហើន​» ហ៊ាន​លូកដៃ​ចូល​កិច្ចការ​របស់​ប្រទេស​កម្ពុជា​ឯករាជ្យ​។ ទោះជា​មិនទាន់​បានឃើញ​សេចក្តីព្រាងច្បាប់​ចុងក្រោយ​នេះ​ក៏ដោយ ក៏​លោក​ឈាង វុន​អំពាវនាវ​ដល់​អង្គការ​សង្គម​ស៊ីវិល និង​អ្នកពាក់ព័ន្ធ​«​កុំ​ខ្វាយខ្វល់​ពេក​»​ចំពោះ​ច្បាប់​នេះ ដោយ​សភាជាតិ​នឹង​បើក​ឲ្យ​មាន​សិក្ខាសាលា​មួយ បន្ទាប់ពី​គណៈកម្មាធិការ​ជំនាញរ​បស់​រដ្ឋសភា​ពិនិត្យ​រួច​នោះ​។​​លោកស្រី​ចក់ សុភាព​សង្ឃឹមថា សិក្ខាសាលា​របស់​រដ្ឋសភា​នាពេលខាងមុខ​នេះ​នឹង​ផ្តល់​ពេលវេលា​ឲ្យ​គ្រប់គ្រាន់​ដល់​អង្គការ​សង្គម​ស៊ីវិល​ក្នុងការ​បញ្ចេញមតិ យោបល់​ជាជាង​រៀបចំ​សិក្ខាសាលា​មួយ​ដែលជា​បទ​បង្ហាញ​ដែលមាន​រយៈពេល​ខ្លី​នោះ​។​«​ការពិគ្រោះ​យោបល់​មួយ​ត្រូវតែ​ធ្វើ​ឲ្យ​មាន​លក្ខណៈ​ត្រឹមត្រូវ សមរម្យ​និង​មាន​ពេល​វេ​ល​គ្រប់គ្រាន់​សម្រាប់​ឲ្យ​អង្គការ​សង្គម​ស៊ីវិល និង​រដ្ឋសភា​ខ្លួនឯង​ហ្នឹង​អាច​ទទួល​ស្តាប់​នូវ​ក្តីកង្វល់​របស់​អង្គការ​សង្គម​ស៊ីវិល ហើយ​បញ្ចូល​អនុសាសន៍​នានា​ហ្នឹង​ទៅក្នុង​សេចក្តីព្រាងច្បាប់​ថ្មី​ដែល​អាច​ធានាថា ច្បាប់​នោះ​ធ្វើឡើង​ដើម្បី​សម្រួល​ដល់​ប្រតិបត្តិការ​របស់​អង្គការ​សង្គម​ស៊ីវិល​»​។​​គួរបញ្ជាក់​ផងដែរ​ថា រាជរដ្ឋាភិបាល​កម្ពុជា​បានចាប់ផ្តើម​ព្រាង​ច្បាប់​ដ៏​ចម្រូងចម្រាស​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នេះ ចាប់តាំងពី​ឆ្នាំ​២០១០​មក​។ សេចក្តីព្រាងច្បាប់​នេះ​បាន​ទទួលរង​ការរិះគន់​ជាច្រើន​ពី​សំណាក់​អង្គការ​សង្គម​ស៊ីវិល ប្រទេស​ម្ចាស់ជំនួយ និង ទីភ្នាក់ងារ​អភិវឌ្ឍន៍​របស់​អង្គការសហប្រជាជាតិ​ផងដែរ ព្រោះ​វា​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ និង​គម្រោង​អភិឌ្ឍន៍​ធំៗ​នៅក្នុង​ប្រទេស​ដ៏​ក្រីក្រ​នេះ​៕​ដកស្រង់​ពី​វិទ្យុ​សម្លេង​សហរដ្ឋអាមេរិក ចេញផ្សាយ​ថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ​២០១៥​។​