• រដ្ឋសភា​នឹង​ពិភាក្សា​សេចក្តីព្រាងច្បាប់​ស្ដីពី​អង្គការ​សមាគម​នៅ​ថ្ងៃទី​២៣​មិថុនា​

    • Issue Date 19-Jun-2015

    ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា គ្រោង​នឹង​បើក​កិច្ចប្រជុំ​ពិភាក្សា​សេចក្ដីព្រាងច្បាប់​ស្ដីពី​អង្គការ​សមាគម នៅ​ថ្ងៃ​ច័ន្ទ ទី​២៣ មិថុនា ដើម​សប្ដាហ៍​ក្រោយ​។ នៅ​មុនពេល​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​សភា​ប្រជុំ​នេះ ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល បានដាក់​សំណើ​ទៅ​អនុប្រធានរដ្ឋសភា ឲ្យ​ពិចារណា​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ ចំពោះ​សេចក្ដីព្រាងច្បាប់​ដ៏​ចម្រូងចម្រាស​នេះ និង​ថា ប្រសិនបើ​ចាំបាច់​ត្រូវមាន​ច្បាប់​នេះ គួរតែមាន​កិច្ច​ពិគ្រោះ​យោបល់​ឲ្យ​បាន​ពេញលេញ​ជាមុនសិន​។​​អ្នកតំណាងរាស្ត្រ និង​ជា​អ្នកនាំពាក្យ​រដ្ឋសភា បញ្ជាក់ថា កិច្ចពិភាក្សា​របស់​គណៈ​ក​ម្មា​ធិ​ការ​អចិន្ត្រៃយ៍ នឹងត្រូវ​ធ្វើឡើង​នៅមុន​ពេល​បញ្ជូន​សេចក្ដីព្រាងច្បាប់​ស្ដីពី​អង្គការ​សមាគម ទៅ​ឲ្យ​គណៈកម្មការ​ជំនាញ​ពាក់ព័ន្ធ​។​​អ្នកនាំពាក្យ​រដ្ឋសភា លោក ឈាង វុន មានប្រសាសន៍​នៅ​រសៀល​ថ្ងៃទី​១៧ ខែមិថុនា ថា បន្ទាប់ពី​កិច្ចប្រជុំ​នោះ គណៈកម្មការ​ជំនាញ​ពាក់ព័ន្ធ នឹង​ចាប់ផ្ដើម​ស្រាវជ្រាវ​ច្បាប់​ជាតិ និង​អន្តរជាតិ​ពាក់ព័ន្ធ​ជាមុនសិន​។ លោក​ថា ក្នុងដំណាក់កាល​នោះ​ហើយ​ដែល​គណៈកម្មការ​ជំនាញ​ត្រូវ​សម្រេច​ថា តើ​គួរ​ចេញ​ច្បាប់​នេះ ឬ​ទម្លាក់ចោល មុនពេល​បង្កើត​ឲ្យ​មាន​កិច្ច​ពិគ្រោះ​យោបល់​ជាមួយ​ភាគី​ពាក់ព័ន្ធ​។លោក ឈាង វុន ពុំបាន​ឆ្លើយថា​យ៉ាងណា​ឡើយ នៅពេលដែល​ចោទសួរ​ថា តើ​ច្បាប់​អង្គការ​នេះ​ជាការ​ប្រញាប់​ឬទេ​? ប៉ុន្តែ​លោក​បញ្ជាក់ថា កម្ពុជា គួរតែមាន​ច្បាប់​នេះ​នៅពេលដែល​បណ្ដា​ប្រទេស​ជាច្រើន​ក្នុង​ពិភពលោក មានច្បាប់​នេះដែរ​៖«​គណៈកម្មការ​ត្រូវ​ពិភាក្សា​ផ្ទៃក្នុង​នឹង​គណៈកម្មការ​ពាក់ព័ន្ធ​ផ្សេងទៀត​។ ជា​ទម្លាប់ គឺ​នីតិវិធី​មានតែ​មួយ​ទេ ច្បាប់​នេះ​ត្រូវ​យកទៅ​ពិគ្រោះ​យោបល់ ក្នុងនោះ អង្គការ​សង្គម​ស៊ីវិល​មួយចំនួនធំ ត្រូវ​អញ្ជើញ​មក មន្ត្រីរាជការ​ដែល​ពាក់​ព័ន្ធ អង្គទូត​ផ្សេងៗ​ដែល​យកចិត្តទុកដាក់​ក្នុង​ហ្នឹង​»​។​​ពាក់ព័ន្ធ​នឹង​សេចក្ដីព្រាងច្បាប់​ស្ដីពី​អង្គការ​សមាគម​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាង ១០​ស្ថាប័ន បាន​ជួប​ជាមួយ​អនុប្រធានរដ្ឋសភា លោក កឹម សុខា​។ ពួកគេ​ស្នើ​ឲ្យ​សភា​ទម្លាក់ចោល​ច្បាប់​នេះ ប្រសិនបើ​ពុំមាន​ការពិគ្រោះ​យោបល់​។​​នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល មានប្រសាសន៍ថា សេចក្ដីព្រាងច្បាប់​ចុងក្រោយ​ស្ដីពី​អង្គការ​សមាគម មាន​បញ្ហា​ជាច្រើន ដែល​រដ្ឋសភា​គួរតែ​ពិចារណា​ឲ្យ​បាន​ដិតដល់​៖ «​ធ្វើ​ឲ្យ​ទីធ្លា​ប្រជាធិបតេយ្យ​រួម​តូច និង​ដើរ​ថយក្រោយ ប៉ះពាល់​ដល់​សិទ្ធិសេរីភាព​ខាង​សមាគម នយោបាយ និង​ប៉ះពាល់​ដល់​ក្រុមយុវជន និង​ក្រុម​ប្រជាពលរដ្ឋ​ដែល​ធ្វើការ​ក្នុង​សហគមន៍ ដែល​រៀបចំ​ក្រៅផ្លូវការ ហើយ​គាត់​ធ្វើ​សកម្មភាព​ជួយ​ដល់​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ និង​អភិបាលកិច្ច​។ យើង​សង្ឃឹមថា រដ្ឋសភា និង​តំណាងរាស្ត្រ ពិចារណា​ដិតដល់​ពី​បញ្ហា​នេះ​មុននឹង​អនុម័ត​»​។​​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ដែល​បាន​វិភាគ​សេចក្ដីព្រាងច្បាប់​នេះ ថា​មាន​ចំណុច​ព្រួយបារម្ភ​ចំនួន​៥ រួមមាន ការមិន​ចែង​ពី​អង្គការ​សហគមន៍​មូលដ្ឋាន ដែល​អាច​ឲ្យ​មានការ​បកស្រាយ​ប៉ះពាល់​ដល់​ដំណើរការ​ពួកគេ​។ សមាគម និង​អង្គការ តម្រូវ​ឲ្យ​ចុះបញ្ជី​ដែល​លែង​ជា​ជម្រើស ដែល​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អង្គការ​សមា​គម ដែល​ត្រូវគេ​បដិសេធ​មិន​ឲ្យ​ចុះបញ្ជី​។ ចំណែក​អង្គការ​អន្តរជាតិ ក៏​តម្រូវ​ឲ្យ​ចុះបញ្ជី​តាម​នីតិវិធី​សាំញ៉ាំ​។ ការបង្ហាញ​បញ្ញត្តិ​មិន​ច្បាស់លាស់​ពី​ឯករាជភាព​របស់​អង្គការ​សមាគម​ពី​គណបក្សនយោបាយ និង​ការផ្ដល់អំណាច​ឲ្យ​ក្រសួងមហាផ្ទៃ លុបឈ្មោះ​អង្គការ​សមាគម​ពី​បញ្ជី ដែលជា​ចំណុច​គួរ​ឲ្យ​ព្រួយបារម្ភ​ជាងគេ​។​​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ក៏បាន​ស្នើ​ដែរ​ថា ប្រសិនបើ​ពុំមាន​កិច្ច​ពិគ្រោះ​យោបល់​ឲ្យ​បាន​ទូលំទូលាយ​ទេ ច្បាប់​នេះ​គួរតែ​ត្រូវ​រដ្ឋសភា​បដិសេធចោល​។​​ឆ្លើយតប​នឹង​សំណើ​នេះ អនុប្រធានរដ្ឋសភា និង​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា មានប្រសាសន៍ថា លោក និង​អ្នកតំណាងរាស្ត្រ​ដទៃទៀត​របស់​គណបក្ស​លោក នៅតែ​ប្រកាន់​ជំហរ​ថា ច្បាប់​នេះ​ពុំ​ចាំបាច់​ឡើយ​៖ «​បើ​អាច​ពន្យារពេលបាន គួរតែ​យក​ច្បាប់​ដែល​ចាំបាច់​មក​ធ្វើ​មុន​។ បើសិន​រដ្ឋាភិបាល​យល់​ឃើញថា​ចាំបាច់ ហើយ​បង្ហាញ​ពី​ហេតុផល​ច្បាស់លាស់ យើង​គួរតែមាន​ការពិភាក្សា​បើក​ឲ្យ​ទូលំទូលាយ​»​។​​សេចក្ដីព្រាងច្បាប់​ស្ដីពី​អង្គការ​សមាគម ដែល​ទើប​ទៅ​ដល់ដៃ​រដ្ឋសភា​នេះ​មាន ៩​ជំពូក និង ៣៩​មាត្រា បន្ទាប់ពី​គណៈរដ្ឋមន្ត្រី​បានសម្រេច​លុបចេញ​មាត្រា​ចំនួន​២ ទាក់ទង​នឹង​ថវិកា​អង្គការ​សមាគម​។ ទាំង​មន្ត្រី​រដ្ឋាភិបាល និង​អ្នកតំណាងរាស្ត្រ គណបក្សកាន់អំណាច​អះអាង​ជាច្រើនលើក​ច្រើនសា​ហើយ​ថា ច្បាប់​គ្រប់គ្រង​អង្គការ​សមាគម​ដែល​ត្រៀមចាំ​ការអនុម័ត​ពី​រដ្ឋសភា​នេះ គឺជា​បទដ្ឋាន​ច្បាប់​គាំពារ​ដល់​អង្គការ​សមា​គម គឺ​មិន​ដូច​អ្វីដែល​អង្គការ​មិនមែន​រដ្ឋាភិបាល​បារម្ភ​ឡើយ​៕​ដកស្រង់​ពី​វិទ្យុ​អាស៊ីសេរី ចេញផ្សាយ​ថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ​២០១៥​។​