• CCHR​អះអាងថា​ច្បាប់​អង្គការ​នឹង​ផ្តល់​អំណាច​ដល់​រដ្ឋាភិបាល​គ្រប់គ្រង​សង្គម​ស៊ីវិល​

    • Issue Date 19-Jun-2015

    ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​(CCHR) បាន​ចាត់ទុកថា​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល នឹង​ផ្តល់​អំណាច​ដល់​រដ្ឋាភិបាល​ក្នុងការ​គ្រប់គ្រង អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា ដោយ​មជ្ឈមណ្ឌល​អំពាវនាវ​ឲ្យ​រដ្ឋសភា​បដិសេធ​សេចក្តីព្រាងច្បាប់​នេះ ប្រសិនបើ​មិនមាន​ការពិភាក្សា​ឲ្យ​បាន​ទូលំទូលាយ​។​​សេចក្តីថ្លែងការណ៍​រប​ស់​មជ្ឈមណ្ឌល​ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​ពុធ​នេះ​ឲ្យ​ដឹងថា​រដ្ឋាភិបាល​កម្ពុជា​បានធ្វើ​សេចក្តីព្រាងច្បាប់​នេះ​«​យ៉ាង​សម្ងាត់​» និង​«​ព្រងើយកន្តើយ​»​ចំពោះ​មតិយោបល់​ពី​សង្គម​ស៊ីវិល​។ សេចក្តីថ្លែងការណ៍​បន្ត​ថា «​ប្រសិនបើ​ច្បាប់​នេះ​ត្រូវ​បានអនុម័ត ច្បាប់​អង្គការ​សមាគម​នេះ​នឹង​ប្រគល់​អំណាច​យ៉ាង​ទូលាយ​ដល់​រដ្ឋាភិបាល​ក្នុងការ គ្រប់គ្រង​សកម្មភាព​របស់​សមាគម និង​អង្គការក្រៅរដ្ឋាភិបាល​ទាំងអស់ នឹង​អាច​នាំ​ឲ្យ​មានការ​រំលោភបំពាន​ដ៏​ធ្ងន់ធ្ងរ​លើ​សិទ្ធិសេរីភាព​ក្នុង ការបង្កើត​សមាគម និង​ការចូលរួម​ក្នុង​ជីវភាព​សាធារណៈ ដែល​ធាន​ក្នុង​ច្បាប់​ជាតិ និង​កតិកាសញ្ញា​អន្តរជាតិ​នានា​ដែល​កម្ពុជា​ជា​រដ្ឋ​ភាគី រួមទាំង​កតិកាសញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​ម​យោ​បាយ​ផងដែរ​»​។​​សេចក្តីថ្លែងការណ៍​ឲ្យ​ដឹង​ទៀតថា​«​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា សោកស្តាយ​ជាខ្លាំង​ដែល​កន្លងមក​រដ្ឋាភិបាល​បានត្រឹមតែ​សន្យា​លើ បបូរមាត់​ថា​នឹង​អនុញ្ញាត​ឲ្យ​អង្គនីតិប្រតិបត្តិ និង​អង្គការ​សង្គម​ស៊ីវិល​ធ្វើការ​រួមគ្នា ដើម្បី​ទទួលបាន​សេចក្តីព្រាង​ដែល​អាច​ទទួលយកបាន​ទាំងសងខាង​»​។​​មជ្ឈមណ្ឌល​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​បង្ហាញ​ពី​ឥរិយាបថ​បើកទូលាយ​ក្នុង ការពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​នេះ​។ មជ្ឈមណ្ឌល​បញ្ជាក់ថា​«​ប្រសិនបើ​មិនមាន​ការពិគ្រោះ​យោបល់​ដ៏​មាន​អត្ថន័យ និង​ភ្លាមៗ​ទេនោះ សេចក្តីព្រាងច្បាប់​នេះ​គួរតែ​ត្រូវបដិសេធ​»​។​​កន្លងទៅ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បញ្ជាក់ថា​«​ហើយ​ការពិគ្រោះ យោបល់​មិនមែន​រឿង​ថ្មីថ្មោង​ទេ ពិគ្រោះ​យោបល់​ហ្នឹង​វា​ច្រើនពេក​ហើយ​។ ឥឡូវ​ធាតុ​ចូល​ថ្មីៗ​បន្ថែមទៀត ក៏​ត្រូវបាន​យកចិត្តទុកដាក់​។ ប្រទេស​ដទៃ​មានច្បាប់ ប្រទេស​ខ្មែរ​ហេតុអ្វី​គេ​ជំទាស់​នឹង​ច្បាប់​។ ប៉ុន្តែ​ឥឡូវ សំឡេង​ហាក់ដូចជា​មិន​ជំទាស់​នឹងមិន​ឲ្យ​ចេញ​ច្បាប់​ទេ ប៉ុន្តែ​សុំ​ពិគ្រោះ​យោបល់​។ ហើយ​យោបល់​នេះ​យើង​បាន​យកចិត្តទុកដាក់​ពេញទំហឹង អ្វីដែល​យើង​អាច​ទទួលបាន អ្វីដែល​យើង​មិនអាច​ទទួលបាន​»​។ លោក​អះអាងថា​ច្បាប់​នេះ​នឹង​ការពារ និង​បើកទូលាយ​ឲ្យ​អង្គការ សមាគម ទាំងនេះ​ធ្វើ​សកម្មភាព​ដោយ​ទូលាយ​ទៅតាម​ផ្លូវច្បាប់ និង​មានច្បាប់​គ្រប់គ្រង​។​​អ្នកនាំពាក្យ​រដ្ឋសភា និង​ជា​ប្រធាន​គណៈកម្មការ​ទី​៥​នៃ​រដ្ឋសភា លោក ឈាង វុន មានប្រសាសន៍ថា លោក​បានដឹងថា​សេចក្តីព្រាងច្បាប់​នេះ​បាន​មកដល់​រដ្ឋសភា​ហើយ​កាលពី ម្សិលមិញ តែ​លោ​កថា​លោក​មិនទាន់​បានទទួល​សេចក្តីព្រាងច្បាប់​នេះ​នៅឡើយ​ទេ​។ លោ​កថា​លោក​មិនដឹងថា​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​នឹង​បញ្ជូន សេចក្តីព្រាងច្បាប់​នេះ​ទៅកាន់​គណៈកម្មការ​ណាមួយ​នៃ​រដ្ឋសភា​នោះទេ​។ លោក​បញ្ជាក់ថា​បើសិនជា​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា ប្រគល់​សេចក្តីព្រាងច្បាប់​នេះ​មកកាន់​គណៈកម្មការ​ទី​៥​របស់លោក នោះ​លោក​នឹង​បើក​ឲ្យ​មាន​កិច្ចពិភាក្សា​ឲ្យ​បាន​ទូលំទូលាយ​ភ្លាម បន្ទាប់ពី​ពិភាក្សា​ផ្ទៃក្នុង​គណៈកម្មការ​រួចរាល់​។​​អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ និង​ជា​អនុប្រធាន​ទី​១​រដ្ឋសភា លោក កឹម សុខា បាន​អះអាង​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ច្បាប់​អង្គការ​នេះ​មិនទាន់មាន​ភាពចាំបាច់ នៅឡើយ​នៅពេលនេះ ដោយ​លោក​ថា​កម្ពុ​ជាមាន​ច​ច្បាប់​ជាច្រើន​ទៀត​ដែល​ត្រូវ​យកចិត្តទុកដាក់ ។​​សេចក្តីព្រាងច្បាប់​ចុងក្រោយ ដែល​រដ្ឋាភិបាល​បានដាក់​ទៅ​រដ្ឋសភា មាន​៩​ជំពូក និង​មាន​៣៩​មាត្រា​។ មាត្រា​២៤​នៃ​សេចក្តីព្រាងច្បាប់​នេះ​បាន​ចែងថា​« អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស ឬ​សមាគម​បរទេស ត្រូវ​ប្រកាន់​ជំហរ​អព្យាក្រឹត​ចំពោះ​គ្រប់​គណបក្សនយោបាយ​នៅ ព្រះរាជាណាចក្រ​កម្ពុជា​»​។ មាត្រា​១០​នៃ​សេចក្តីព្រាងច្បាប់​នេះ​ចែងថា សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ត្រូវ​ជូនដំណឹង​ជា​លាយលក្ខណ៍អក្សរ​អំពី​ព័ត៌មាន​រាល់​គណនី​ដែល​ត្រូវ បើក​សម្រាប់​កិច្ចប្រតិបត្តិការ​របស់​ខ្លួន​នៅ​ធនាគារ​ក្នុង ព្រះរាជាណាចក្រ​កម្ពុជា​។ មាត្រា​២៥​ចែងថា​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ត្រូវ​ផ្ញើ​បាយ​ការណ៍​បូកសរុប​សកម្មភាព​ការងារ និង​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំ​ឆ្នាំទៅ​ក្រសួងមហាផ្ទៃ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។ មាត្រា​២៥ បន្តថា​ក្នុងករណី​ចំ​បាច់ ក្រសួងមហាផ្ទៃ អាច​ស្នើសុំ​របាយការណ៍​ស្តីពី​សកម្មភាព និង​នយោបាយ​ហិរញ្ញវត្ថុ​ប្រចាំឆ្នាំ​របស់​សមាគម​។​​ករណី​ដែល​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល មិន​អនុវត្តតាម​មាត្រា​១០ មាត្រា​២៤ និង​មាត្រា​២៥ ក្រសួងមហាផ្ទៃ​ត្រូវ​ជូនដំណឹង​ជា​លាយលក្ខណ៍អក្សរ​ដោយ​ទុក​រយៈពេល​យ៉ាង យូរ​៣០​ថ្ងៃ ថ្ងៃ​នៃ​ថ្ងៃ​ធ្វើការ​។ ករណី​មិន​អនុវត្តតាម ក្រសួង​នឹង​ជូនដំណឹង​ជា​លាយលក្ខណ៍អក្សរ​ផ្អាក​សកម្មភាព​បណ្តោះអាសន្ន រយៈពេល​យ៉ាងយូរ​៩០​ថ្ងៃ​។ ក្នុងករណី​នៅតែ​មិន​ព្រម​អនុវត្ត ក្រសួងមហាផ្ទៃ​ត្រូវ​សម្រេច​ជា​លាយលក្ខណ៍អក្សរ​លុប​ឈ្មោះ​ចេញពី​បញ្ជី​។​​នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​សហប្រតិបត្តិ​ការ​ដើម្បី​កម្ពុជា លោក សឿង សារឿន មានប្រសាសន៍ថា​សេចក្តីព្រាងច្បាប់​នេះ​មិនបាន​កំណត់​និយមន័យ​ឲ្យ​បាន ច្បាស់ ដែល​អាច​ឲ្យ​រដ្ឋាភិបាល​ចាត់វិធានការ​ចំពោះ​សមាគម ឬ​អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​រដ្ឋាភិបាល​យល់ថា​មិន​ផ្តល់​ប្រយោជន៍​ដល់​ខ្លួន​។ លោក​បញ្ជាក់ថា​ពាក្យ​ទាំងនោះ​រួមមាន​អព្យាក្រឹតភាព ពាក្យ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម សណ្តាប់ធ្នាប់​សាធារណៈ និង​វប្បធម៌​ជាដើម​។​​លោក​មានប្រសាសន៍ថា​«​តាម​ការវិភាគ​មួយចំនួន វា​មាន​លក្ខណៈ​ហានិភ័យ​ខ្ពស់​។ អត់​មាន​និយមន័យ​ឲ្យ​ច្បាស់​ពាក្យ​អព្យាក្រឹត​។ ត្រូវការ​ពន្យល់​ឲ្យ​បាន​លម្អិត បើ​មិន​អញ្ចឹង​ការបកស្រាយ​នឹងមាន​ភាពចម្រូងចម្រាស់ ហើយ​ការអនុវត្ត​ស្រេច​តែ​ចិត្ត​»៕​ដកស្រង់​ពី​សារព័ត៌មាន​សម្លេង​ប្រជាធិបតេយ្យ ចេញផ្សាយ​ថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ​២០១៥​។​