-
ពលរដ្ឋមានទំនាស់ដីធ្លីចោទអាជ្ញាធរខេត្តក្រចេះថាប្រើអាវុធបាញ់គំរាមបណ្ដេញចេញ
- Issue Date 22-Jun-2015
ពលរដ្ឋរស់នៅភូមិប្រមា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ដាក់ញត្តិជាលើកទីពីរទៅថ្នាក់ជាតិ និងស្ថានទូតប្រទេសមហាអំណាចនៅថ្ងៃទី២០ មិថុនា។ ពលរដ្ឋអះអាងថា កម្លាំងសមត្ថកិច្ចបានឈូសឆាយផលដំណាំកសិកម្មពលរដ្ឋជាច្រើនហិកតារ និងប្រើអាវុធបាញ់រះគំរាមពលរដ្ឋកាលពីថ្ងៃទី១៩ មិថុនា។ ចំណែកមន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស ចាត់ទុកទង្វើរបស់សមត្ថកិច្ចថារំលោភសិទ្ធិពលរដ្ឋធ្ងន់ធ្ងរ។ពលរដ្ឋជាង ៥០នាក់ក្នុងចំណោមពលរដ្ឋ ៦៥គ្រួសារ មានទំនាស់ដីធ្លីនៅខេត្តក្រចេះ នៅព្រឹកថ្ងៃទី២០ មិថុនា ធ្វើដំណើរទៅរាជធានីភ្នំពេញដើម្បីដាក់ញត្តិទៅស្ថាប័នកំពូលថ្នាក់ជាតិ ជួយអន្តរាគមន៍ទាក់ទិនអាជ្ញាធរខេត្តក្រចេះ ឈូសឆាយផលដំណាំកសិកម្មពួកគាត់តាំងពីថ្ងៃទី២៥ ខែឧសភា រហូតបច្ចុប្បន្ន ព្រមទាំងប្រើកម្លាំងប្រដាប់អាវុធបាញ់គំរាមពលរដ្ឋ នៅពេលដែលអាជ្ញាធរចុះវាស់វែងដីសម្រាប់ផ្តល់ដីសម្បទានសង្គមកិច្ចដល់ពលរដ្ឋផ្សេងទៀត។ក្រុមពលរដ្ឋ ៦៥គ្រួសាររស់នៅឃុំកំពង់ដំរី ស្រុកឆ្លូង អះអាងថា ក្រុមសមត្ថកិច្ចចម្រុះប្រដាប់ដោយអាវុធ បានចុះវាស់វែងដីធ្លីដើម្បីផ្តល់ដីឲ្យពលរដ្ឋចំនួន ៩៩៨គ្រួសារផ្សេងទៀត ដែលជាដីសម្បទានសង្គមកិច្ចពីរដ្ឋាភិបាល។តំណាងពលរដ្ឋ អ្នកស្រី សុវណ្ណ ច្រឹប រៀបរាប់នៅថ្ងៃទី២០ មិថុនា ថា គ្រួសារអ្នកស្រីមានដីធ្លីអាស្រ័យផលចំនួន ៣ហិកតារ មានដំណាំដូចជាដំឡូង និងស្វាយចន្ទី ត្រូវបានសមត្ថកិច្ចចម្រុះយកគ្រឿងចក្រឈូសឆាយអស់ជិត ១ហិកតារ ថែមទាំងគំរាមចាប់ពលរដ្ឋដាក់គុក បើពលរដ្ឋណានៅតែរឹងទទឹងមិនព្រមចាកចេញ។ ជាងនេះទៅទៀត សមត្ថកិច្ចទាំងនោះចោទក្រុមពលរដ្ឋថា រស់នៅលើដីរដ្ឋខុសច្បាប់។ អ្នកស្រីអំពាវនាវឲ្យស្ថាប័នថ្នាក់ជាតិ ជួយអន្តរាគមន៍ និងទប់ស្កាត់ជាបន្ទាន់៖ «បើយើងមិនទប់ស្កាត់ទេ វាត្រូវអាលាយទាំងអស់ គ្នាចងការគេដូចជាខ្ញុំអីយកលុយមកទិញពូជដាំដំឡូង។ សូមជួយដោះស្រាយឲ្យពួកយើងខ្ញុំទាំងអស់គ្នាផង យើងខ្ញុំទាំងអស់គ្នាលំបាកណាស់ គ្មានស្អីទេជាសំអាង មានតែចម្ការស្រែប៉ុណ្ណឹង»។វិទ្យុអាស៊ីសេរី មិនអាចទាក់ទងដើម្បីសុំការបំភ្លឺបញ្ហានេះពីអភិបាលខេត្តក្រចេះ លោក ស ចំរុង បានទេនៅថ្ងៃទី២០ មិថុនា ព្រោះទូរស័ព្ទចូលគ្មានអ្នកទទួល។ ប៉ុន្តែលោកធ្លាប់ប្រាប់វិទ្យុអាស៊ីសេរី ថា អាជ្ញាធរមិនបានឈូសដីពលរដ្ឋណារស់នៅលើដីស្របច្បាប់នោះទេ។ លោកចោទប្រកាន់ថា ក្រុមពលរដ្ឋទាំងនោះចូលមករស់នៅដោយអនាធិបតេយ្យលើដីរដ្ឋ ដោយមានអ្នកញុះញង់។អនុក្រឹត្យលេខ៥៤ របស់រដ្ឋាភិបាលចុះថ្ងៃទី៦ ខែមេសា ឆ្នាំ២០១២ សម្រេចផ្ដល់ដីសម្បទានសង្គមកិច្ចចំនួន ៣.៦៧១ហិកតារ ឲ្យទៅក្រុមពលរដ្ឋ ៩៩៨គ្រួសារ នៅឃុំកំពង់ដំរី ស្រុកឆ្លូង។ ក្រុមពលរដ្ឋ ៦៥គ្រួសារអះអាងថា ពលរដ្ឋចំនួន ៩៩៨គ្រួសារ ត្រូវបានក្រុមហ៊ុនកាសូទីត របស់រុស្ស៊ី បណ្ដេញចេញកាលពីឆ្នាំ២០០៧។ បន្ទាប់មក ក្រុមពលរដ្ឋទាំងនោះបានស្នើសុំដីសម្បទានសង្គមកិច្ចទៅរដ្ឋាភិបាល ហើយរដ្ឋាភិបាលបានសម្រេចផ្ដល់ដីសម្បទានសង្គមកិច្ចនៅឃុំកំពង់ដំរី ជូនពលរដ្ឋចំនួន ៩៩៨គ្រួសារ លើផ្ទៃដីទំហំ ៣.៦៧១ហិកតារ ចំដីពលរដ្ឋចំនួន ៦៥គ្រួសារ។មន្ត្រីស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (adhoc) ប្រចាំខេត្តក្រចេះ លោក ហេង ភារៈ រិះគន់យន្តការរបស់អាជ្ញាធរខេត្តនេះ ថាមិនបានសិក្សាវាយតម្លៃពីផលប៉ះពាល់ជាក់លាក់ មុនពេលផ្តល់ដីសម្បទានសង្គមកិច្ច ដែលប៉ះពាល់ដល់ការរស់នៅ និងការប្រកបរបរអាស្រ័យផល។ លោកថា ការផ្តល់ដីសម្បទានសង្គមកិច្ចដល់ពលរដ្ឋផ្សេង និងមានពលរដ្ឋផ្សេងទៀតត្រូវបណ្ដេញចេញ និងត្រូវឈូសឆាយផលដំណាំ មិនមែនជាយន្តការត្រឹមត្រូវដើម្បីកាត់បន្ថយភាពក្រីក្រនោះទេ ថែមទាំងជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ លោកអំពាវនាវឲ្យអាជ្ញាធរខេត្ត ផ្អាកការឈូសឆាយផលដំណាំពលរដ្ឋ ស្របពេលដែលរដ្ឋសភាកំពុងស៊ើបអង្កេត៖ «ដីសម្បទានសង្គមកិច្ចឲ្យពលរដ្ឋមួយក្រុម ទៅបណ្ដេញពលរដ្ឋមួយក្រុមអ៊ីចឹងទេ វាធ្វើឲ្យពលរដ្ឋមួយក្រុមរងគ្រោះ ហើយវាជាករណីរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ព្រោះថា ប្រជាពលរដ្ឋត្រូវបានគេបំផ្លាញដំណាំ ត្រូវបានគេធ្វើឲ្យយំស្រែក»។ទាក់ទិនករណីនេះ ប្រធានស្តីទីគណៈកម្មការទី១ នៃរដ្ឋសភា លោក សុខ ឥសាន ឲ្យដឹងនៅថ្ងៃទី២០ មិថុនា ថា កន្លងទៅគណៈកម្មការទី១ នៃរដ្ឋសភា បានចុះទៅត្រួតពិនិត្យលើបញ្ហានេះ និងទាក់ទងទៅអាជ្ញាធរខេត្ត តែមិនទាន់មានការឆ្លើយតបពីអាជ្ញាធរខេត្តនៅឡើយទេ។ លោកថា គណៈកម្មការទី១ នៃរដ្ឋសភា គ្រោងកោះអញ្ជើញអភិបាលខេត្តជាលើកទីពីរ ដើម្បីឆ្លើយបំភ្លឺទាក់ទិនទំនាស់ដីធ្លីពលរដ្ឋ ៦៥គ្រួសារ៖ «ទៅខេត្តក្រចេះ ហើយបានត្រួតពិនិត្យលើបញ្ហាហ្នឹង ហើយកំពុងតែទាក់ទងទៅនឹងជាមួយអាជ្ញាធរខេត្ត ដើម្បីធ្វើការដោះស្រាយ»។ពលរដ្ឋឲ្យដឹងថា ពលរដ្ឋចំនួន ៦៥គ្រួសារ មានដីធ្លីនៅឃុំកំពង់ដំរី ស្រុកឆ្លូង ចំនួន ១៤៥ហិកតារ ដែលគ្រប់គ្រងតាំងពីឆ្នាំ២០០៤។ ចំណែកផលដំណាំកសិកម្ម ត្រូវអាជ្ញាធរឈូសឆាយមានចំនួនជាង ២០ហិកតារ។ ការឈូសឆាយផលដំណាំនោះ ចាប់ផ្ដើមកាលពីចុងខែឧសភា រហូតមកដល់បច្ចុប្បន្ន នៅតែបន្តការឈូសឆាយបន្តទៀត ហើយក្រុមពលរដ្ឋច្រើនចេញមករារាំងរហូតដល់យកអាវុធបាញ់គំរាមចំនួន ៨គ្រាប់ កាលពីថ្ងៃទី១៩ មិថុនា ថែមទាំងព្រមានចាប់ពលរដ្ឋ បើពលរដ្ឋមករារាំងប្រតិបត្តិការសមត្ថកិច្ច៕ដកស្រង់ពីវិទ្យុអាស៊ីសេរី ចេញផ្សាយថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ២០១៥។