• អង្គការ​ជប៉ុន​នឹង​ប្រាប់​នាយករដ្ឋមន្ត្រី​ជប៉ុន​ពី​ខ្លឹមសារ​នៃ​សេចក្តីព្រាងច្បាប់​អង្គការ​នៅ​កម្ពុជា​

    • Issue Date 22-Jun-2015

    មន្ត្រី​អង្គការ​អន្តរជាតិ​ជប៉ុន​ដែល​ធ្វើការ​លើ​ការការពារ និង​លើកតម្កើង​សិទ្ធិមនុស្ស​នៅលើ​ពិភពលោក​(Human Rights Now) បាន​ឲ្យ​ដឹងថា​ខ្លួន​នឹង​បញ្ជូន​សេចក្តីថ្លែងការណ៍​អំពី​ការបារម្ភ​លើ​សេចក្តីព្រាងច្បាប់​អង្គការ​នៅ​កម្ពុជា​ទៅកាន់​នាយករដ្ឋមន្ត្រី​ជប៉ុន លោក Shinzo Abe នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ​។​​ថ្មីៗ​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជូន​សេចក្តីព្រាងច្បាប់​អង្គ​ការដែល​ត្រូវបាន​រិះគន់​ពី​សំណាក់​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ទៅ​រដ្ឋសភា ដើម្បី​ពិនិត្យ និង​អនុម័ត​។​​នៅថ្ងៃនេះ​អង្គការ​Human Rights Now ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ដោយ​បារម្ភ​ពី​សេចក្តីព្រាងច្បាប់​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នៅ​កម្ពុជា​។ អង្គការ​បានស្នើ​ឲ្យ​រដ្ឋាភិបាល​ជប៉ុន និង​សហគមន៍​អន្តរជាតិ ជំរុញ​ទៅ​រដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ពិនិត្យមើល​សេចក្តីព្រាង ច្បាប់​នេះ​ឡើងវិញ ដោយ​ចាត់ទុកថា​សេចក្តីព្រាងច្បាប់​នេះ​មិន​ស្របតាម ស្តង់ដារ​សិទ្ធិមនុស្ស​អន្តរជាតិ​។​​សេចក្តីថ្លែងការណ៍​រប​ស់​Human Rights Now ឲ្យ​ដឹងថា​អង្គការ​បាន​ពិនិត្យ​លើ​សេចក្តីព្រាងច្បាប់ ហើយ វិភាគ​ឃើញថា​ច្បាប់​នេះ​នឹងដាក់​ទណ្ឌកម្ម​ហួសហេតុ​ទៅលើ​អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើការ​នៅ​ប្រទេស​កម្ពុជា​។ អង្គការ​បន្តថា​ច្បាប់​នេះ​នឹង​ផ្តល់​អំណាច​លើសលុប​ទៅ​រដ្ឋាភិបាល​កម្ពុជា ក្នុងការ​ត្រួតពិនិត្យ​សកម្មភាព​របស់​សង្គម​ស៊ីវិល និង​រឹតត្បិត​សេរីភាព​។ សេចក្តីថ្លែងការណ៍​បញ្ជា​ក់ថា​ច្បាប់​នេះ​មិន​ស្របទៅនឹង រដ្ឋធម្មនុញ្ញ​កម្ពុជា និង​ក្រមព្រហ្មទណ្ឌ​ឆ្នាំ​២០១១​។​​បើតាម​សេចក្តីថ្លែងការណ៍ អង្គការ​Human Rights Now បាន​បញ្ជាក់ថា​«​យើង​ជា​សង្គម​ស៊ីវិល​ជប៉ុន ព្រួយបារម្ភ​លើ​សេចក្តីព្រាងច្បាប់​នេះ ព្រោះ​វា​រំលោភ​លើ​កាតព្វកិច្ច​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការធានា សេរីភាព​នៃ​ការជួបជុំ បញ្ចេញមតិ និង​ការប្រមូលផ្តុំ និង​ស្របតាម​រដ្ឋធម្មនុញ្ញ​ក​ម្ពុ​ជា និង​កតិកាសញ្ញា​អន្តរជាតិ​សម្រាប់​សិទ្ធិ​នយោបាយ និង​សិទ្ធិ​ស៊ីវិល ដែល​កម្ពុជា​ជា​ប្រទេស​ហត្ថលេខី​»​។​​អង្គការ​Human Rights Now បានស្នើ​ទៅ​រដ្ឋាភិបាល​ជប៉ុន និង​សហគមន៍​អន្តរជាតិ អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ពិនិត្យឡើងវិញ​លើ​សេចក្តីព្រាងច្បាប់​នេះ​។ សេចក្តីថ្លែងការណ៍​បញ្ជា​ក់ថា​«[​តាមរយៈ​រដ្ឋាភិបាល ជប៉ុន និង​សហគមន៍​អន្តរជាតិ​] អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ពិនិត្យឡើងវិញ​ជា​ចាំបាច់​លើ សេចក្តីព្រាងច្បាប់​អង្គការ ឲ្យ​ស្របតាម​ស្តង់ដារ​សិទ្ធិមនុស្ស​អន្តរជាតិ​»​និង​បើក​ឲ្យ​មានការ​ពិភាក្សា ជាមួយ​សង្គម​ស៊ីវិល​ជាតិ និង​សហគមន៍​អន្តរជាតិ​»​។​​អគ្គលេខាធិការ​អង្គការ​Human Rights Now​លោកស្រី Kazuko Ito ប្រាប់​VOD​តាមរយៈ​អ៊ីម៉េល​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា​លោកស្រី​បាន​បញ្ជូន​សេចក្តីថ្លែងការណ៍​នេះ​ទៅកាន់​ក្រសួងការបរទេស​ជប៉ុន​រួចរាល់​ហើយ​។ លោកស្រី​បញ្ជាក់​បន្ថែមថា​«​យើង​នឹង​បញ្ជូន​[​សេចក្តីថ្លែងការណ៍​នេះ​]​ជា​ផ្លូវការ​ទៅកាន់​នាយករដ្ឋមន្ត្រី​ជប៉ុន​នៅ​ថ្ងៃ​ចន្ទ​»​។​​លោកស្រី​មានប្រសាសន៍ថា​ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​ប​ន្ត​អនុម័ត​សេចក្តីព្រាងច្បាប់​អង្គការ​នេះ សហគមន៍​អន្តរជាតិ​នឹង​កាន់​តែមាន​ចម្ងល់​ខ្លាំង​ទៅលើ​ការការពារ​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​។​​កន្លងទៅ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​រដ្ឋាភិបាល ធ្លាប់បាន​បញ្ជាក់​ហើយ​បញ្ជាក់ទៀតថា​រដ្ឋាភិបាល​នឹង​បង្កើត​ច្បាប់ អង្គការ​នេះ​ឲ្យ​បាន​។ លោក ហ៊ុន សែន ធ្លាប់បាន​បញ្ជាក់ថា​«​ហើយ​ការពិគ្រោះ យោបល់​មិនមែន​រឿង​ថ្មីថ្មោង​ទេ ពិគ្រោះ​យោបល់​ហ្នឹង​វា​ច្រើនពេក​ហើយ​។ ឥឡូវ​ធាតុ​ចូល​ថ្មីៗ​បន្ថែមទៀត ក៏​ត្រូវបាន​យកចិត្តទុកដាក់​។ ប្រទេស​ដទៃ​មានច្បាប់ ប្រទេស​ខ្មែរ​ហេតុអ្វី​គេ​ជំទាស់​នឹង​ច្បាប់​។ ប៉ុន្តែ​ឥឡូវ សំឡេង​ហាក់ដូចជា​មិន​ជំទាស់​នឹងមិន​ឲ្យ​ចេញ​ច្បាប់​ទេ ប៉ុន្តែ​សុំ​ពិគ្រោះ​យោបល់​។ ហើយ​យោបល់​នេះ​យើង​បាន​យកចិត្តទុកដាក់​ពេញទំហឹង អ្វីដែល​យើង​អាច​ទទួលបាន អ្វីដែល​យើង​មិនអាច​ទទួលបាន​»​។ លោក​អះអាងថា​ច្បាប់​នេះ​នឹង​ការពារ និង​បើកទូលាយ​ឲ្យ​អង្គការ សមាគម ទាំងនេះ​ធ្វើ​សកម្មភាព​ដោយ​ទូលាយ​ទៅតាម​ផ្លូវច្បាប់ និង​មានច្បាប់​គ្រប់គ្រង​។​​អ្នកនាំពាក្យ​រដ្ឋសភា និង​ជា​ប្រធាន​គណៈកម្មការ​ទី​៥​នៃ​រដ្ឋសភា លោក ឈាង វុន មានប្រសាសន៍ថា​រដ្ឋសភា​បានទទួល​សេចក្តីព្រាងច្បាប់​នេះហើយ​។ លោក​បញ្ជាក់ថា​បើសិនជា​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​ប្រគល់ សេចក្តីព្រាងច្បាប់​នេះ​មកកាន់​គណៈកម្មការ​ទី​៥​របស់លោក នោះ​លោក​នឹង​បើក​ឲ្យ​មាន​កិច្ចពិភាក្សា​ឲ្យ​បាន​ទូលំទូលាយ​ភ្លាម បន្ទាប់ពី​ពិភាក្សា​ផ្ទៃក្នុង​គណៈកម្មការ​រួចរាល់​។​​សេចក្តីព្រាងច្បាប់​ចុងក្រោយ ដែល​រដ្ឋាភិបាល​បានដាក់​ទៅ​រដ្ឋសភា មាន​៩​ជំពូក និង​មាន​៣៩​មាត្រា​។ មាត្រា​២៤​នៃ​សេចក្តីព្រាងច្បាប់​នេះ​បាន​ចែងថា​« អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស ឬ​សមាគម​បរទេស ត្រូវ​ប្រកាន់​ជំហរ​អព្យាក្រឹត​ចំពោះ​គ្រប់​គណបក្សនយោបាយ​នៅ ព្រះរាជាណាចក្រ​កម្ពុជា​»​។ មាត្រា​១០​នៃ​សេចក្តីព្រាងច្បាប់​នេះ​ចែងថា សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ត្រូវ​ជូនដំណឹង​ជា​លាយលក្ខណ៍អក្សរ​អំពី​ព័ត៌មាន​រាល់​គណនី​ដែល​ត្រូវ បើក​សម្រាប់​កិច្ចប្រតិបត្តិការ​របស់​ខ្លួន​នៅ​ធនាគារ​ក្នុង ព្រះរាជាណាចក្រ​កម្ពុជា​។ មាត្រា​២៥​ចែងថា​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ត្រូវ​ផ្ញើ​បាយ​ការណ៍​បូកសរុប​សកម្មភាព​ការងារ និង​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំ​ឆ្នាំទៅ​ក្រសួងមហាផ្ទៃ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។ មាត្រា​២៥ បន្តថា​ក្នុងករណី​ចំ​បាច់ ក្រសួងមហាផ្ទៃ អាច​ស្នើសុំ​របាយការណ៍​ស្តីពី​សកម្មភាព និង​នយោបាយ​ហិរញ្ញវត្ថុ​ប្រចាំឆ្នាំ​របស់​សមាគម​។​​ករណី​ដែល​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល មិន​អនុវត្តតាម​មាត្រា​១០ មាត្រា​២៤ និង​មាត្រា​២៥ ក្រសួងមហាផ្ទៃ​ត្រូវ​ជូនដំណឹង​ជា​លាយលក្ខណ៍អក្សរ​ដោយ​ទុក​រយៈពេល​យ៉ាង យូរ​៣០​ថ្ងៃ ថ្ងៃ​នៃ​ថ្ងៃ​ធ្វើការ​។ ករណី​មិន​អនុវត្តតាម ក្រសួង​នឹង​ជូនដំណឹង​ជា​លាយលក្ខណ៍អក្សរ​ផ្អាក​សកម្មភាព​បណ្តោះអាសន្ន រយៈពេល​យ៉ាងយូរ​៩០​ថ្ងៃ​។ ក្នុងករណី​នៅតែ​មិន​ព្រម​អនុវត្ត ក្រសួងមហាផ្ទៃ​ត្រូវ​សម្រេច​ជា​លាយលក្ខណ៍អក្សរ​លុប​ឈ្មោះ​ចេញពី​បញ្ជី​។​​ប្រធាន​គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា លោក សឿង សារឿន យល់​ថាបើ​គណបក្សនយោបាយ​ណាមួយ​នៅតែ​រឹងទទឹង​បន្ត​អនុម័ត​សេចក្តីព្រាងច្បាប់​នេះ នោះ​គណបក្សនយោបាយ​ទាំងនោះ​នឹង​បាត់បង់​ប្រជាប្រិយភាព ព្រោះ​ប្រជាពលរដ្ឋ​អស់ជំនឿ​។ លោក​មានប្រសាសន៍ថា​«​ធម្មតា​ទេ​នៅពេល​ដែលមាន ផលប៉ះពាល់​ជា​អវិជ្ជមាន​ដល់​ប្រជាពលរដ្ឋ​ដែល​ធ្លាប់បាន​នូវ​សេវាកម្ម សុខាភិបាល អប់រំ​អី​ពី​សង្គម​ស៊ីវិល ជំនួយ​មនុស្សធម៌ ឬក៏​សេវាកម្ម​ផ្សេងៗ​ពី​សង្គម​ស៊ីវិល ហើយ​ត្រូវបាន​ក្រោយ​មានច្បាប់​នេះ​ចេញ​អាច​មានការ​រឹតត្បិត​មិន​ឲ្យ​មានការ​ចូលរួម​ពេញលេញ​ពី​សង្គម​ស៊ីវិល ហើយ​ពួកគាត់​ខ​តប​ង់ អាហ្នឹង​ខ្ញុំ​គិតថា​ជា​Automatically(​ជា​ស្វ័យប្រវត្តិ​) គឺ​ច្បាប់​នេះ​នឹង​អាច​បង្ក​ភាព​ក្ដៅក្រហាយ​ដល់​ប្រជាពលរដ្ឋ​ជាជាង​ដែល​ជំរុញ​ប្រជាពលរដ្ឋ​គាត់​ចូលរួម​ក្នុងការ​សម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​មួយ​សម្រាប់​អនាគត​នៃ​ការបោះឆ្នោត​ហ្នឹង​»៕​ដកស្រង់​ពី​សារព័ត៌មាន​សម្លេង​ប្រជាធិបតេយ្យ ចេញផ្សាយ​ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ​២០១៥​។​