• គណបក្ស​សង្គ្រោះ​ជាតិ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ទម្លាក់ចោល​សេចក្តីព្រាងច្បាប់​អង្គការ​

    • Issue Date 23-Jun-2015

    អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ទម្លាក់ចោល​សេចក្តីព្រាងច្បាប់​ស្តីពី​សមាគម និង​អង្គការ​មែនរដ្ឋាភិបាល ដោយ​ចាត់ទុកថា​សេចក្តីព្រាង​នេះ​រឹតបន្តឹង​សិទ្ធិសេរីភាព​របស់​សង្គម​ស៊ីវិល​។​​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ បាន​ជួប​ជាមួយ​តំណាង​អង្គការ​សង្គម​ស៊ីវិល​ជាង​១០ នៅ​វិមាន​រដ្ឋសភា​។​​អ្នកនាំពាក្យ​កណ​បក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ប្រាប់​VOD​ថា​គណបក្ស​សង្គ្រោះ​ជាតិ​ចាត់ទុកថា​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នេះ នៅ​មិនទាន់​ចាំបាច់​នៅឡើយ​សម្រាប់​កម្ពុជា​។ លោក​បន្តថា​គណបក្ស​ស​ង្គ្រោះ​ជាតិ​ចង់​ឲ្យ​រដ្ឋាភិបាល​ទម្លាក់​ច្បាប់​នេះ​មួយរយៈ​សិន ដោយ​ចាំ​លើក​យកមក​ពិភាក្សា​នៅក្រោយ​ឆ្នាំ​២០១៨​។​​លោក យឹម សុវណ្ណ បន្តថា​គណបក្ស​សង្គ្រោះ​ជាតិ​មិន​គាំទ្រ​សេចក្តីព្រាងច្បាប់​នេះនោះ​ទេ បើសិនជា​ខ្លឹមសារ​មួយចំនួន​នៃ​ច្បាប់​នេះ​មិនមាន​ការកែប្រែ​ឲ្យ​សមស្រប​ទៅតាម​ឆន្ទៈ​របស់​សង្គម​ស៊ីវិល​។ លោក​ឲ្យ​ដឹង​ទៀតថា​បើសិនជា​ចាំបាច់​ត្រូវតែ​មានច្បាប់​នេះ​មាន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ជំរុញ​ឲ្យ​មានការ​បើក​ឲ្យ​ទូលាយ ដើម្បី​ពិភាក្សា​ជាមួយ​សង្គម​ស៊ីវិល​។លោក​បន្ថែមថា​«​ក៏​ចង់​ឲ្យ​មានការ​កែប្រែ​ឲ្យ​ស្របទៅតាម​ឆ្ទៈ​របស់​ប្រជាពលរដ្ឋ ខាងយើង​ត្រូវដាក់​សេចក្តីព្រាងច្បាប់​ហ្នឹង​ឲ្យ​ពិភាក្សា​ឲ្យ​បាន​ទូលំទូលាយ​ក្នុងចំណោម​សង្គម​ស៊ីវិល​ដែល​កំពុង​ធ្វើ​សកម្មភាព​នៅ​កម្ពុជា ហើយ​មិនមែន​ដាក់​ឲ្យ​ពិភាក្សា​ទេ គឺ​ត្រូវយក​មតិយោបល់​របស់​គេ​មក​ដាក់​ក្នុង​សេចក្តីព្រាងច្បាប់​ហ្នឹង ដើម្បី​ស្របតាម​ឆន្ទៈ​របស់​ពួកគេ ព្រោះ​យើង​ចង់​ជួយ​សង្គម​ស៊ីវិល ប្រសើរ​ជាជាង​ធ្វើ​ច្បាប់ ដើម្បី​រឹតបន្តឹង​សិ​ទិ្ធ​សេរីភាព​របស់​សង្គម​ស៊ីវិល​»​។ ​លោក យឹម សុវណ្ណ ថា​គណបក្ស​សង្គ្រោះ​ជាតិ​យល់ឃើញថា​ច្បាប់​នេះ​នឹងធ្វើ​ឲ្យ​កម្ពុជា​មានការ​ខាតបង់​ច្រើន ដោយ​លោក​ថា​សមាគម​តូចៗ​នៅតាម​មូលដ្ឋាន​ជាច្រើន​ដែល​ធ្វើ​ប្រតិបត្តិការ ដោយ​មិនទាន់​ចុះបញ្ជី​នោះ​នឹងមិន​អាចធ្វើ​ប្រតិបត្តិការ​របស់ខ្លួន​ទៀត​បាន​។ លោ​កថា​កម្ពុជា​ទទួល​ជំនួយ​ប្រមាណ​ជា​៧០០​ទៅ​៨០០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ​តាមរយៈ​អង្គការ សមាគម ទាំងនេះ ដើម្បី​ជួយ​បម្រើ​ដល់​សេវាសាធារណៈ​នៅ​កម្ពុជា​។​​នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​សហប្រតិបត្តិ​ការ​ដើម្បី​កម្ពុជា លោក សឿង សារឿន ដែល​បាន​ចូលរួម​ពិភាក្សា​ជាមួយ​លោក សម រង្ស៊ី ឲ្យ​ដឹងថា​តំណាង​អង្គការ​ទាំង​ជាង​១០​នោះបាន​លើក​ពី​កង្វល់​របស់​ពួកគេ​ទាក់ទង​នឹង​ខ្លឹមសារ​របស់​សេចក្តីព្រាង​ច្បាប់​នេះ​។ លោ​កថា​តំណាង​អង្គការ​ទាំងនេះ​ក៏បាន​លើក​ពី​ក្តីបារម្ភ​របស់​ពួកគេ​ទៅលើ​ខ្លឹមសារ​ក្នុង​ច្បាប់​នេះ ដោយ​យល់ថា​បានផ្តល់​សិទ្ធិអំណាច​ច្រើនពេក​ទៅដល់​រដ្ឋាភិបាល​ក្នុងការ​លុបឈ្មោះ​អង្គការ​សមាគម​ចេញពី​បញ្ជី​។​​លោក​សឿង សារឿន ឲ្យ​ដឹងថា បើសិនជា​ច្បាប់​នេះ​ចាំបាច់​ត្រូវតែមាន​សម្រាប់​កម្ពុជា លោ​កថា​គួរតែ​បើក​ឲ្យ​បាន​ទូលាយ​ក្នុងការ​ពិភាក្សា​។ លោក​បន្ថែមថា​«​បើសិនជា​ចង់​ឲ្យ​មានច្បាប់​នេះ​ពិតប្រាកដ​មែន ត្រូវមាន​ការបើក​ឲ្យ​មានការ​ពិគ្រោះ​យោបល់​ឲ្យ​បាន​ទូលំទូលាយ​ពី​សាធារណជន​ជន​បាន​ចូលរួម​ជា​មតិយោបល់​របស់គាត់ និង​ដើម្បី​ធានា​ធា​ថា​ច្បាប់​នេះ នឹង​លើកកម្ពស់​សិទ្ធិសេរីភាព​របស់​អង្គារ​សង្គម​ស៊ីវិល​ជាជាង​ការ​រឹតត្បិត​សិទ្ធិសេរីភាព​របស់​ពួកគេ​ក្នុង​ការជួយ​សង្គម​»​។​​មន្ត្រី​សម្របសម្រួល​ផ្នែក​តស៊ូ​មតិ​របស់​អង្គការ​សមាគម​ផ្ទះ​សាមគ្គី លោក អ៊ុំ វិសាល ប្រាប់​VOD​ថា​សង្គម​ស៊ីវិល​មួយចំនួន​នឹង​ជួបជុំគ្នា​នៅមុខ​រដ្ឋសភា ព្រឹក​ថ្ងៃ​អង្គារ​ស្អែក​នេះ ដើម្បី​តវ៉ា​សុំ​កុំ​ឲ្យ​រដ្ឋសភា​អនុម័ត​សេចក្តីព្រាងច្បាប់​នេះ​។​​អ្នកនាំពាក្យ​រដ្ឋសភា និង​ជា​ប្រធាន​គណៈកម្មការ​ទី​៥​នៃ​រដ្ឋសភា លោក ឈាង វុន ធ្លាប់​ប្រាប់​VOD​ថា​បើសិនជា​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​ប្រគល់​សេចក្តីព្រាងច្បាប់​នេះ​មកកាន់​គណៈកម្មការ​ទី​៥​របស់លោក នោះ​លោក​នឹង​បើក​ឲ្យ​មាន​កិច្ចពិភាក្សា​ឲ្យ​បាន​ទូលំទូលាយ​ភ្លាម បន្ទាប់ពី​ពិភាក្សា​ផ្ទៃក្នុង​គណៈកម្មការ​រួចរាល់​។​​កន្លងទៅ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​រដ្ឋាភិបាល ធ្លាប់បាន​បញ្ជាក់​ហើយ​បញ្ជាក់ទៀតថា​រដ្ឋាភិបាល​នឹង​បង្កើត​ច្បាប់​អង្គការ​នេះ​ឲ្យ​បាន​។ លោក ហ៊ុន សែន ធ្លាប់បាន​បញ្ជាក់ថា​«​ហើយ​ការពិគ្រោះ យោបល់​មិនមែន​រឿង​ថ្មីថ្មោង​ទេ ពិគ្រោះ​យោបល់​ហ្នឹង​វា​ច្រើនពេក​ហើយ​។ ឥឡូវ​ធាតុ​ចូល​ថ្មីៗ​បន្ថែមទៀត ក៏​ត្រូវបាន​យកចិត្តទុកដាក់​។ ប្រទេស​ដទៃ​មានច្បាប់ ប្រទេស​ខ្មែរ​ហេតុអ្វី​គេ​ជំទាស់​នឹង​ច្បាប់​។ ប៉ុន្តែ​ឥឡូវ សំឡេង​ហាក់ដូចជា​មិន​ជំទាស់​នឹងមិន​ឲ្យ​ចេញ​ច្បាប់​ទេ ប៉ុន្តែ​សុំ​ពិគ្រោះ​យោបល់​។ ហើយ​យោបល់​នេះ​យើង​បាន​យកចិត្តទុកដាក់​ពេញទំហឹង អ្វីដែល​យើង​អាច​ទទួលបាន អ្វីដែល​យើង​មិនអាច​ទទួលបាន​»​។ លោក​អះអាងថា​ច្បាប់​នេះ​នឹង​ការពារ និង​បើកទូលាយ​ឲ្យ​អង្គការ សមាគម ទាំងនេះ​ធ្វើ​សកម្មភាព​ដោយ​ទូលាយ​ទៅតាម​ផ្លូវច្បាប់ និង​មានច្បាប់​គ្រប់គ្រង​។​​សេចក្តីព្រាងច្បាប់​ចុងក្រោយ ដែល​រដ្ឋាភិបាល​បានដាក់​ទៅ​រដ្ឋសភា មាន​៩​ជំពូក និង​មាន​៣៩​មាត្រា​។ មាត្រា​២៤​នៃ​សេចក្តីព្រាងច្បាប់​នេះ​បាន​ចែងថា​« អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស ឬ​សមាគម​បរទេស ត្រូវ​ប្រកាន់​ជំហរ​អព្យាក្រឹត​ចំពោះ​គ្រប់​គណបក្សនយោបាយ​នៅ ព្រះរាជាណាចក្រ​កម្ពុជា​»​។ មាត្រា​១០​នៃ​សេចក្តីព្រាងច្បាប់​នេះ​ចែងថា សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ត្រូវ​ជូនដំណឹង​ជា​លាយលក្ខណ៍អក្សរ​អំពី​ព័ត៌មាន​រាល់​គណនី​ដែល​ត្រូវ បើក​សម្រាប់​កិច្ចប្រតិបត្តិការ​របស់​ខ្លួន​នៅ​ធនាគារ​ក្នុង ព្រះរាជាណាចក្រ​កម្ពុជា​។ មាត្រា​២៥​ចែងថា​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ត្រូវ​ផ្ញើ​បាយ​ការណ៍​បូកសរុប​សកម្មភាព​ការងារ និង​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំ​ឆ្នាំទៅ​ក្រសួងមហាផ្ទៃ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។មាត្រា​២៥ បន្តថា​ក្នុងករណី​ចំ​បាច់ ក្រសួងមហាផ្ទៃ អាច​ស្នើសុំ​របាយការណ៍​ស្តីពី​សកម្មភាព និង​នយោបាយ​ហិរញ្ញវត្ថុ​ប្រចាំឆ្នាំ​របស់​សមាគម​។​​ករណី​ដែល​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល មិន​អនុវត្តតាម​មាត្រា​១០ មាត្រា​២៤ និង​មាត្រា​២៥ ក្រសួងមហាផ្ទៃ​ត្រូវ​ជូនដំណឹង​ជា​លាយលក្ខណ៍អក្សរ​ដោយ​ទុក​រយៈពេល​យ៉ាង យូរ​៣០​ថ្ងៃ ថ្ងៃ​នៃ​ថ្ងៃ​ធ្វើការ​។ ករណី​មិន​អនុវត្តតាម ក្រសួង​នឹង​ជូនដំណឹង​ជា​លាយលក្ខណ៍អក្សរ​ផ្អាក​សកម្មភាព​បណ្តោះអាសន្ន រយៈពេល​យ៉ាងយូរ​៩០​ថ្ងៃ​។ ក្នុងករណី​នៅតែ​មិន​ព្រម​អនុវត្ត ក្រសួងមហាផ្ទៃ​ត្រូវ​សម្រេច​ជា​លាយលក្ខណ៍អក្សរ​លុប​ឈ្មោះ​ចេញពី​បញ្ជី​៕​ដកស្រង់​ពី​សារព័ត៌មាន​សម្លេង​ប្រជាធិបតេយ្យ ចេញផ្សាយ​ថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ​២០១៥​។​