• សង្គម​ស៊ីវិល ព្រមាន​បោះឆ្នោត​ទំលាក់​បក្ស​កាន់អំណាច បើ​អនុម័ត​ច្បាប់​អង្គការ​

    • Issue Date 23-Jun-2015

    ក្រុម​អង្គការ​សង្គម​ស៊ីវិល ប្រមាណ​ជា​១០០​នាក់​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី​២៣ មិថុនា​នេះ បាន​ជួបប្រជុំគ្នា​នៅមុខ​សភាជាតិ ដើម្បី​ដាក់​ញត្តិ​តវ៉ា​ប្រឆាំងនឹង​ច្បាប់​សហជីព សមាគម និង​អង្គការក្រៅរដ្ឋាភិបាល ដែល​រដ្ឋសភា​គ្រោង​នឹងដាក់​អនុ​ម​ត័​។ យ៉ាងណាក៏ដោយ សង្គម​ស៊ីវិល​បាន​អះអាងថា​ខ្លួន​នឹង​បោះឆ្នោត​ទំលាក់​ចំពោះ​បក្សនយោបាយ​ណា​ដែល​គាំទ្រ​ច្បាប់​អង្គការ​សង្គម​ស៊ីវិល​នេះ​។​​សង្គម​ស៊ីវិល​បាន​ព្រមាន​បោះឆ្នោត​ទំលាក់​គណបក្ស​ប្រជាជន​កម្ពុជា​ប្រសិនបើ​គណបក្សកាន់អំណាច​នៅតែ​បន្ត​អនុម័ត​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​។ នេះ​គឺជា​ខ្លឹមសារ​ដែល​សង្គម​ស៊ីវិល​បាន​ព្រមាន​ទៅកាន់​រដ្ឋាភិបាល​តាមរ​យៈ​ញត្តិ​ផ្ញើជូន​ប្រធានរដ្ឋសភា​។ សង្គម​ស៊ីវិល​បានបង្ហាញ​ជំហរ​យ៉ាង​មុតមាំ​ថា «​ក្នុងករណី​ដែល​ច្បាប់​ថ្មី​ត្រូវបាន​អនុម័ត​ដោយ​មិន​កែប្រែ​ស្របតាម​គោលការណ៍​សិទ្ធមនុស្ស ថ្នាក់ដឹកនាំ​បុគ្គលិក នៃ​អង្គការ សមាគម នឹងមិន​បោះឆ្នោត​គាំទ្រ​គណបក្សនយោបាយ​ណា​ដែល​បាន​ចូលរួម​គាំទ្រ​ការអនុម័ត​ច្បាប់​នេះនោះ​ទេ​»​។​​សង្គម​ស៊ីវិល បាន​បញ្ជាក់ថា​ច្បាប់​ដែលមាន​៩​ជំពូក និង​៣៩​មាត្រា​នេះ គឺ​ពី​ផ្ទុយ​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​សេចក្តីថ្លែងការណ៍​ជា​សកល​របស់​អង្គការសហប្រជាជាតិ​ស្តីពី​សិទ្ធមនុស្ស​។ សិទ្ធមនុស្ស​ដែល​ត្រូវបាន​ធានា​ការពារ និង​លោក​ស្ទួយ​សិទ្ធ​សេរីភាព​គ្រប់យ៉ាង​។ក្នុង​ញត្តិ​ដែល​បាន​ផ្ញើជូន​ប្រធានរដ្ឋសភា លោក ហេង សំរិន ក្រុមអ្នកតវ៉ា​វ​បន្ថែមថា ខ្លឹមសារ​នៃ​សេចក្តីព្រាងច្បាប់​នេះ គឺ​ផ្ទុយ​ពី​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​ខ្លួនឯង​ផងដែរ​។​​សូមបញ្ជាក់ថា តាំងពី​ម៉ោង​ប្រមាណ​ជាង​៨​កន្លះ រហូតដល់​ម៉ោង​ប្រមាណ​ជាង​១០​ព្រឹក ក្រុមអ្នកតវ៉ា​បាន​លើក​បដា​ព័ណ៌​ស និង​ព័ណ៌​ខ្មៅ ដែលមាន​សរសេរ​អក្សរ​ថា និយាយថា​ទេ​ចំពោះ​ច្បាប់​សហជីព សមាគម និង​អង្គការ​។ អ្នកចូលរួម​មានមក​ពី​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​របស់លោក​វ៉ន​ពៅ ក្រុម​សកម្មជន​ដីធ្លី​ស្ត្រី​បឹងកក់ និង​អង្គការ​ជាច្រើន​ផ្សេងៗ​ទៀត​។ ក្រៅពី​ស្រែក​តវ៉ា​នៅខាងមុខ​សភា​ហើយ​នោះ ក្រុមអ្នកតវ៉ា បាន​ដើរ​ជុំវិញ​សភា​ចំនួន​ពី​២​ជុំ​មុននឹង​បំបែក​គ្នា​។ យ៉ាងណាក៏ដោយ​សមត្ថកិច្ច​ដែល​ឃ្លាំមើល​មិនបាន​រារាំង​បាតុកម្ម​នោះទេ​។​​ក្នុងអំឡុង​ពេលដែល​ស​ង្គ​ម​ស៊ីវិល កំពុង​ធ្វើបាតុកម្ម​ប្រឆាំង​តវ៉ា​នៅ​ខាងក្រៅ​សភា​នោះ គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​កិច្ចប្រជុំ​គណៈអចិន្ត្រៃយ៍​រដ្ឋសភា​នៅ​ព្រឹក​នេះ បានប្រកាស​ពី​គោលជំហរ​របស់ខ្លួន​ដែរ​ថា សេចក្ដីព្រាងច្បាប់​នេះ មិនបាន​ឆ្លុះបញ្ចាំង​ពី​ការលើកស្ទួយ​ឲ្យ​កាន់តែ​ទូលំទូលាយ​ឡើង នូវ​សិទ្ធិសេរីភាព​របស់​សង្គម​ស៊ីវិល និង អង្គការក្រៅរដ្ឋាភិបាល ដែលជា​ធាតុ​សំខាន់ នៅក្នុង​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​នោះដែរ​។​គណបក្ស​ប្រជាជន​កម្ពុជា បាន​បញ្ជាក់ថា បក្ស​កាន់អំណាច​មិន​ព្រួយបារម្ភ​ចំពោះ​ការព្រមាន​នេះ​នោះទេ ព្រោះតែ​ជាការ​ព្រមាន​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយ​ក្តាប់​តូច​តែប៉ុណ្ណោះ ក្នុងចំណោម​អង្គការ​ទាំង​៣៥០០​អង្គការ​នៅ​កម្ពុជា​។ នេះ​ជាការ​បញ្ជាក់​ពី​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្សកាន់អំណាច​៕​ដកស្រង់​ពី​វិទ្យុ​បារាំង ចេញផ្សាយ​ថ្ងែ​ទី ២៣ ខែ មិថុនា ឆ្នាំ​២០១៥​។​