-
លោក ឈាង វុន អះអាងថា នឹងបើកឲ្យមានកិច្ចពិភាក្សាលើសេចក្តីព្រាងច្បាប់អង្គការ
- Issue Date 24-Jun-2015
ប្រធានគណៈកម្មការទី៥រដ្ឋសភា លោក ឈាង វុន អះអាងថា លោកនឹងបើកឲ្យមានការពិគ្រោះយោបល់ជាមួយអង្គការសង្គមស៊ិវិល និងអង្គទូតនានា ទៅលើសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល បន្ទាប់ពីគណៈកម្មការទី៥របស់លោកទទួលបានភារកិច្ចធ្វើការត្រួតពិនិត្យលើសេចក្ដីព្រាងច្បាប់នេះ ។គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅថ្ងៃអង្គារនេះ បានប្រជុំសម្រេចប្រគល់ភារកិច្ចក្នុងការពិនិត្យសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលទៅឲ្យគណៈកម្មការទី៥ (គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន) ជាអ្នកពិនិត្យលើសេចក្តីព្រាងច្បាប់នេះ ដោយសហការណ៍ជាមួយគណៈកម្មការទី៤ (គណៈកម្មការមហាផ្ទៃ ការពារជាតិ និងកិច្ចការសាធារណៈ) និងគណៈកម្មការទី៦ (គណៈកម្មការនីតិកម្ម និងយុត្តិធម៌) ។លោក ឈាង វុន ប្រាប់VOD នៅរសៀលនេះថា គណៈកម្មការរបស់លោក នឹងធ្វើការសិក្សាពីសេចក្តីព្រាងច្បាប់នេះ នៅក្នុងផ្ទៃក្នុងគណៈកម្មការរបស់លោក រួចនឹងធ្វើការពិភាក្សាជាសហគណៈកម្មការជាមួយគណៈកម្មការទី៤ និងទី៦ ។ លោកថា ក្នុងដំណាក់កាលសិក្សានេះ គណៈកម្មការរបស់លោក យល់ថា សេចក្តីព្រាងច្បាប់នេះក៏នឹងត្រូវបើកឲ្យមានការពិគ្រោះយោបល់ពីអង្គការក្រៅរដ្ឋាភិបាល អង្គទូតនានា និងព្រឹទ្ធសភាផងដែរ ដើម្បីប្រមូលមតិយោបល់សម្រាប់សេចក្តីព្រាងច្បាប់នេះ ។លោក ឈាង វុន បន្តទៀតថា ក្រោយពីប្រមូលមតិយោបល់បានហើយ គណៈកម្មការរបស់លោកនឹងអញ្ជើញមន្ត្រីរដ្ឋាភិបាលមកការពារសេចក្តីព្រាងច្បាប់នេះ នៅមុខគណៈកម្មការទាំង១០នៅរដ្ឋសភា។ លោក ឈាង វុន បញ្ជាក់ថា «តាមខ្ញុំយល់ថា សេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនេះ នឹងត្រូវពិគ្រោះយោបល់ជាមួយអង្គការក្រៅរដ្ឋាភិបាលមួយចំនូន ក្នុងនោះរួមទាំងសមាជិករដ្ឋសភា ព្រឹទ្ធសភា ដែលត្រូវឲ្យគាត់ដឹង រួមជាគំនិតយោបល់ រួមទាំងអង្គទូតនានាផង រួចយើងយកព័ត៌មានទាំងអស់ហ្នឹងទៅចរចាជាមួយតំណាងរាជរដ្ឋាភិបាល» ។ស្រដៀងគ្នាដែរ ប្រធានគណៈកម្មការទី៤ លោក ហ៊ុន ណេង អះអាងថា សមាជិកគណៈកម្មការទាំង៣ នឹងធ្វើការសិក្សា និងរៀបចំឲ្យមានសិក្ខាសាលា ដើម្បីប្រមូលមតិពីសិក្ខាសាលាផងដែរ ។លោកបន្ថែម «គេនឹងសិក្សានៅតាមគណៈកម្មការមួយៗ នៅវែងឆ្ងាយទៀត នៅធ្វើសិក្ខាសាលា ដើម្បីមានការចូលរូមមតិពីសិក្ខាសាលាទៀត អញ្ចឹងនៅមិនទាន់បានធ្វើអ្វីទេ ទើបតែប្រជុំចប់នៅនៅព្រឹកមិញ(តើសិក្ខាសាលាហ្នឹងនឹងមានបើកឲ្យមានការចូលរួមពីអង្គការសង្គមស៊ីវិលទេ ឯកឧត្តម បាទ?) បាទពេលហ្នឹងគេមានបើកហើយ» ។គួរបញ្ជាក់ថា នៅព្រឹកថ្ងៃអង្គារនេះ មន្ត្រី និងសកម្មកជនសង្គការសង្គមស៊ិវិលប្រមាណជា៥០០នាក់បាននាំគ្នាដើរហែរក្បួន និងលើកបដាតវ៉ា នៅមុខរដ្ឋសភា ដើម្បីបង្ហាញការមិនពេញរបស់ពួកគេទៅនឹងសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនេះ ។ អង្គការសង្គមស៊ីវិលទាំងនោះក៏បានដាក់ញត្តិជំទាស់ការអនុម័តសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនេះផងដែរ ។សេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលដែលត្រូវបានគណៈរដ្ឋមន្ត្រីអនុម័តកាលពីថ្ងៃ ទី៥ ខែមិថុនា រួចបញ្ជូនទៅកាន់រដ្ឋសភា មាន៩ជំពូក និងមាន៣៩មាត្រា ៕ដកស្រង់ពីសារព័ត៌មានសម្លេងប្រជាធិបតេយ្យ ចេញផ្សាយថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ២០១៥។