• កម្មករ​បារម្ភ​ថា​ច្បាប់​គ្រប់គ្រង​សហជីព​ប៉ះពាល់​ដល់​ជីវភាព​កម្មករ​

    • Issue Date 25-Jun-2015

    ​កម្មករ​រោងចក្រ អ្នក​បម្រើការ​ផ្នែក​សេវា​កម្សាន្ត និង​អ្នកធ្វើការ​ផ្នែក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ រិះគន់ថា ច្បាប់​ស្ដីពី​ការគ្រប់គ្រង​សហជីព​ដែល​កំពុង​ឋិត​ក្នុង​សេចក្ដីព្រាង​នៅឡើយ​នោះ នឹង​ប៉ះពាល់​ដល់​សេរីភាព​របស់​សហជីព​។ ក្រុមកម្មករ​បារម្ភ​ថា ច្បាប់​សហជីព​នឹង​ជះឥទ្ធិពល​ដល់​ជីវភាព​រស់នៅ​របស់​ពួកគេ ប្រសិនបើ​រដ្ឋាភិបាល​ក​ម្ពុ​ជា សម្រេច​អនុម័ត សេចក្ដីព្រាងច្បាប់​នេះ​។​​ការ​ព្រួយ​របស់​កម្មករ​រោងចក្រ អ្នក​បម្រើការ​ផ្នែក​សេវា​កម្សាន្ត និង​អ្នកធ្វើការ​ផ្នែក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ដែល​មកពី​បណ្ដា​រោងចក្រ និង​សហគ្រាស​នៅពេលនេះ ធ្វើឡើង​បន្ទាប់ពី​ច្បាប់​សហជីព​ដែល​កំពុង​ឋិត​ក្នុង​ដៃ​ក្រសួង​ការងារ និង​ត្រៀម​បញ្ជូន​ទៅកាន់​ទីស្ដីការគណៈរដ្ឋមន្ត្រី​។​​កម្មករ​ទាំងនោះ​ចង់ឃើញ​រដ្ឋាភិបាល​ទម្លាក់​ចោល​ច្បាប់​គ្រប់គ្រង​សហជីព ព្រោះ​កម្មករ​យល់ថា ច្បាប់​នេះ មិនទាន់​សក្ដិសម​នឹង​ស្ថានភាព​កម្មករ​បច្ចុប្បន្ន​នៅឡើយ​។​​បុគ្គលិក​បម្រើការ​នៅតាម​ស្ថានីយ​សាំង​នៅក្នុង​រាជធានី​ភ្នំពេញ កញ្ញា ណុប បញ្ញា បាន​និយាយថា កញ្ញា​ព្រួយបារម្ភ​ថា ប្រសិន​ច្បាប់​សហជីព​ត្រូវបាន​រដ្ឋាភិបាល​អនុម័ត​មែន​នោះ ច្បាប់​នេះ​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេរីភាព និង​ជីវភាព​រស់នៅ​របស់​ក​ម្មករ​ដែល​ទទួលបាន​ប្រាក់ខែ​តិចតួច​។ កញ្ញា​ឲ្យ​ដឹងថា ការងារ​របស់​កញ្ញា​តែងតែ​ត្រូវបាន​ថៅកែ​ស្ដីបន្ទោស និង​បង្ខំ​ឲ្យ​ធ្វើការ​ថែម​ម៉ោង​ជាដើម​។ កញ្ញា​ថា កន្លងមក​សហជីព​បា​ន​ជួយ​ច្រើនណាស់​ដល់ក​ម្មករ ដូចជា​ការចរចា​ជាមួយ​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​នៅពេល​មាន​បញ្ហា​ណាមួយ​៖ «»​។​​កម្មករ​រូបនេះ​បាន​និយាយទៀតថា កញ្ញា​មិន​ពេញចិត្ត និង​មិន​ចង់បាន​ច្បាប់​គ្រប់គ្រង​សហជីព​នោះទេ ដូច្នេះ​រដ្ឋាភិបាល​ត្រូវតែ​បញ្ឈប់​ការអនុម័ត​ច្បាប់​សហជីព ព្រោះ​ច្បាប់​នេះ​ប៉ះពាល់​ដល់​ផលប្រយោជន៍​កម្មករ​ជាច្រើន​៖ «»​។​​កម្មករ​រោងចក្រ​ម្នាក់ទៀត​មកពី​រោងចក្រ វីន​ស៊ីន​តិច នៅ​ម្ដុំ​ជំ​ពូ​វ័​ន្ត កញ្ញា ហ៊ុយ រិ​ន បាន​រៀបរាប់ថា កម្មករ​រោងចក្រ​នៅ​កម្ពុជា ភាគច្រើន​ជួប​បញ្ហា ដូចជា​គ្រោះថ្នាក់​ការងារ បរិស្ថាន​កន្លែង​ការងារ​មិនល្អ ប្រាក់ខែ​តិច បញ្ហា​សុខភាព​ដែល​បណ្ដាលមកពី​បរិភោគ​មិន​គ្រប់គ្រាន់ និង​ការ​មិនបាន​សម្រាក​គ្រប់គ្រាន់​ជាដើម ដែល​បញ្ហា​ទាំងនេះ​ត្រូវ​ទាមទារ​ឲ្យ​មាន​សហជីព​ជួយ​ដោះស្រាយ​ជូន​កម្មករ​។ កម្មករ​រូបនេះ​ព្រួយបារម្ភ​ថា នៅពេលដែល​មានច្បាប់​គ្រប់គ្រង​សហជីព​ពិតមែន​នោះ កម្មករ​ជាច្រើន​នឹង​បាត់បង់​សេរីភាព និង​រង​ការរំលោភ​សិទ្ធិ​កាន់តែខ្លាំង​ពី​ថៅកែ​រោងចក្រ​៖ «»​។​​ចំណែកឯ​អ្នកធ្វើការ​ផ្នែក​សេវា​កម្សាន្ត​ឯណេះ​វិញ លោកស្រី ស្រី ពៅ បាន​ឲ្យ​ដឹង​ដែរ​ថា អ្នកបម្រើ​ការ​ខាង​សេវា​កម្សាន្ត តែង​ជួបប្រទះ​បញ្ហា​ជាច្រើន​ពី​សំណាក​ថៅកែ និង​ភ្ញៀវ​ជាដើម ដូចជា ពួកគេ​មិនបាន​ផ្ដល់​តម្លៃ​ដល់​អ្នក​បម្រើសេវា​កម្សាន្ត​ជាដើម​។ លោកស្រី​ថា រដ្ឋាភិបាល​គួរតែ​ដោះស្រាយ​ប្រព័ន្ធ​សុវត្ថិភាព​ធ្វើដំណើរ ប្រព័ន្ធ​ថែរក្សា​សុខភាព និង​ដោះស្រាយ​ប្រាក់ខែ​សមរម្យ​ជូន​កម្មករ​ជាមុនសិន មុននឹង​បង្កើត​ច្បាប់​គ្រប់គ្រង​សហជីព​ដែល​អាច​បង្អាក់​ដល់​សក​ម្ម​ភាព​ទាមទារ​សិទ្ធិសេរីភាព​ជូន​កម្មករ​។​​ក្នុង​វេទិកា​យុវជន​កម្មករ ស្ដីពី "​បញ្ហា​ប្រឈម និង​ការទាមទារ​លក្ខខណ្ឌ​ការងារ​របស់​ក្រុមកម្មករ​" កាលពី​ថ្ងៃទី​១៤ ខែមិថុនា កន្លងទៅ កម្មករ​រោងចក្រ អ្នក​បម្រើការ​ផ្នែក​សេវា​កម្សាន្ត និង​អ្នកបម្រើ​ការងារ​តាម​ផ្ទះ ដែល​មកពី​បណ្ដា​រោងចក្រ សហគ្រាស​នៅ​កម្ពុជា បាននាំគ្នា​ជ្រើសរើស​ចំណុច​សំខាន់ៗ ចំនួន ៥​ចំណុច ចាត់ទុកជា​ចំណុច​អាទិភាព និង​ទទូច​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​ជាបន្ទាន់ រួមមាន ១. សុខភាព សុវត្ថិភាព​នៅ​កន្លែងធ្វើការ ២. ប្រាក់​ឈ្នួល​គោល​សមរម្យ ៣. ប្រព័ន្ធ​ធ្វើដំណើរ​ដែលមាន​សុវត្ថិភាព ៤. បញ្ហា​ស្ត្រី​ក្នុង​វិស័យ​ការងារ និង​ការឈប់​សម្រាកលំហែ​មាតុភាព និង​ទី​៥. ប្រព័ន្ធតុលាការ​ឯករាជ្យ​។​​កម្មករ​ទាំងនោះ​ក៏បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ទម្លាក់ចោល​ច្បាប់​សហជីព ដែល​កំពុង​ឋិត​ក្នុង​សេចក្ដីព្រាង​នៅឡើយ ព្រោះ​កម្មករ​យល់ថា ចំណុច​មួយចំនួន​នៅក្នុង​ច្បាប់​នេះ​រឹតត្បិត​សេរីភាព​របស់​សហជីព ដែល​អាច​រារាំង​ដល់​ការបំពេញ​ការងារ​អោយបាន​ពេញលេញ​របស់​សហជីព​ដើម្បី​ការពារ​ប្រយោជន៍​ពួកគេ ហើយ​ច្បាប់​នេះ នឹង​បង្អាក់​ដល់​ដំណោះស្រាយ​ទាំង ៥​ចំណុច​នេះ​។​​កាល​ថ្ងៃទី​២ ខែមិថុនា កន្លងទៅ​តំណាង​ក្រុម​សហជីព​កម្មករ និង​សមាគម​អ្នកធ្វើការ​ផ្នែក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ចំនួន ៣១ ក៏បាន​ទាមទារ​អោយ​រដ្ឋាភិបាល​ទម្លាក់ចោល​ច្បាប់​សហជីព ដែល​កំពុង​ឋិត​ក្នុង​សេចក្ដីព្រាង​នៅឡើយ ហើយ​ពួកគេ​បាន​ជំទាស់​ដាច់ខាត ប្រសិនបើ​រដ្ឋាភិបាល​នៅតែ​ប្រកាន់​ជំហរ​ចេញ​ច្បាប់​នេះ​។​​ទាក់ទង​នឹង​ការលើកឡើង​របស់​កម្ម​ករ​នេះដែរ អគ្គលេខាធិការ​របស់​សហព័ន្ធ​សហជីព​ចំណីអាហារ និង​សេវាកម្ម​កម្ពុជា លោក ទុយ ស៊ី​ធៀង មានប្រសាសន៍ថា ច្បាប់​សហជីព​ដែល​បច្ចុប្បន្ន​ស្ថិតនៅក្នុង​ដៃ​ក្រសួង​ការងារ​នៅឡើយ បានធ្វើ​ឲ្យ​ក្រុម​សហជីព និង​កម្មករ​នៅ​កម្ពុជា កំពុង​ព្រួយបារម្ភ​។លោក​ថា ចំណុច​ពីរ​ដែល​ជាការ​រឹតត្បិត​សិទ្ធិសេរីភាព​សហជីព​នៅ​ក្នុង​ច្បាប់​នេះ គឺ​ការកំណត់​ចំនួន​កម្ម​ករពី ២០% ទៅ ២៥% សម្រាប់​បង្កើត​សហជីព និង​ការពិន័យ​ថ្នាក់ដឹកនាំ​សហជីព​។ លោក​បន្តថា ច្បាប់​នេះ​មាន​ចេតនា​ដាក់​សម្ពាធ​សហជីព​មិន​ឲ្យ​ធ្វើ​សកម្មភាព​តវ៉ា​អំពី​សិទ្ធិ​ការងារ​ផ្សេងៗ​៖ «​សំឡេង​»​។​​អគ្គលេខាធិការ​របស់​សហព័ន្ធ​សហជីព​រូបនេះ បានបញ្ជាក់​ពី​ជំហរ​របស់លោក​ថា លោក​ចង់​ឲ្យ​រដ្ឋាភិបាល​ទាត់ចោល​ច្បាប់​នេះ ព្រោះ​នៅពេល​ច្បាប់​នេះ​ត្រូវ​បង្កើតឡើង​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេរីភាព​របស់​កម្មករ​គ្រប់​វិស័យ​ទាំងអស់​នៅ​កម្ពុជា ដូច្នេះ​រដ្ឋាភិបាល​ត្រូវតែ​បញ្ឈប់ និង​ពិចារណា​ពី​ផលប៉ះពាល់​នៃ​ច្បាប់​នេះ​ទៅលើ​សេរីភាព​សហជីព និង​អត្ថប្រយោជន៍​របស់​កម្ម​ករ​៖ «​សំឡេង​»​។​​វិទ្យុ​អាស៊ីសេរី មិនអាច​ទាក់ទង​រដ្ឋ​មន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង ដើម្បី​សាកសួរ​ជុំវិញ​ដំណើរការ​ពិភាក្សា​លើ​សេចក្ដីព្រាងច្បាប់​សហជីព​បាន​នៅឡើយ នៅ​ថ្ងៃទី​២៤ ខែមិថុនា​។ ប៉ុន្តែ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ កាលពី​ថ្ងៃទី​២៩ ខែឧសភា ប្រកាសថា ច្បាប់​សហជីព​នេះ មាន​គោលដៅ​ការពារ​សិទ្ធិ និង​ផលប្រយោជន៍​របស់​កម្ម​ករ​និយោជិត ធានា​នូវ​សិទ្ធិសេរីភាព​នៃ​អង្គការ​វិជ្ជាជីវៈ​របស់​កម្មករ និយោជិត និង​និយោជក ជំរុញ​ឲ្យ​មាន​សុខដុមរមនា​នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ បង្កើត​ការងារ​សមរម្យ ព្រមទាំង​បង្កើន​ផលិតភាព និង​លើកកម្ពស់​ជីវភាព​រប​ស់កម្មករ​និយោជិត​ជាដើម​។​​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូ​មែន រ៉ៃ​ត៍ វ៉​ច្ឆ (Human Rights Watch) កាលពី​ថ្ងៃទី​៨ ខែមិថុនា កន្លងទៅ បានចេញ​សេចក្ដីអំពាវនាវ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ឲ្យ​កែលំអ​សេចក្ដីព្រាងច្បាប់​ស្ដីពី​សហជីព​ឲ្យ​ស្របតាម​បទដ្ឋាន​អន្តរជាតិ និង​ដាក់​ឲ្យ​មានការ​ពិគ្រោះ​យោបល់​ជា​សាធារណៈ​។​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូ​មែន រ៉ៃ​ត៍ វ៉​ច្ឆ ចាត់ទុក​សេចក្ដីព្រាងច្បាប់​ស្ដីពី​សហជីព​ថា ជា​មហន្តរាយ​មួយ​ដល់​សិទ្ធិមនុស្ស​របស់​កម្មក​រ​។​​លើសពីនេះ នៅក្នុង​សេចក្ដីអំពាវនាវ​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូ​មែន រ៉ៃ​ត៍ វ៉​ច្ឆ បានសរសេរថា សេចក្ដីព្រាងច្បាប់​ស្ដីពី​សហជីព​កម្ពុជា នឹង​រំលោភសិទ្ធិ​ស្ដីពី​ការរៀបចំ​សមាគម ហើយក៏​ជា​ជំហាន​ដើរ​ថយក្រោយ​ដ៏​ធំ​មួយ​ចំពោះ​កម្មករ​នៅ​កម្ពុជា​។​​យ៉ាងណាក៏ដោយ កម្មករ​អះអាងថា សេចក្ដីព្រាងច្បាប់​ស្ដីពី​សហជីព​នេះ ប្រសិនបើ​រដ្ឋាភិបាល​អ​នុ​ម័ត​មែន​នោះ វា​នឹងមិន​ធានា​ដល់​ការការពារ​សិទ្ធិសេរីភាព​របស់​កម្ម​ករ និង​សហជីព​ឡើយ​។ កម្មករ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ដក​សេចក្ដីព្រាងច្បាប់​នេះ​វិញ ហើយ​ដាក់​ឲ្យ​មានការ​ពិគ្រោះ​យោបល់​ជាមួយ​អ្នកជំនាញ សមាជិក​សហជីព និង​អ្នកពាក់ព័ន្ធ​ផ្សេងៗ​ទៀត ដើម្បី​កែលំអ​ឲ្យ​ស្របតាម​បទដ្ឋាន​អន្តរជាតិ មុនពេល​បញ្ជូន​ឲ្យ​សភា​អនុម័ត​៕​ដកស្រង់​ពី​វិទ្យុ​អាស៊ីសេរី ចេញផ្សាយ​ថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ​២០១៥​។​