-
សមត្ថកិច្ចចាប់ខ្លួនក្រុមយុវជនដែលតវ៉ាប្រឆាំងក្រុមហ៊ុនបូមខ្សាច់នៅខេត្តកោះកុង
- Issue Date 25-Jun-2015
យ៉ាងហោចណាស់យុវជន៣នាក់ និងមន្ត្រីឃ្លាំមើលសិទ្ធិមនុស្សម្នាក់ទៀត ត្រូវកម្លាំងចម្រុះចាប់ខ្លួន នៅព្រឹកថ្ងៃហស្បតិ៍នេះ ខណៈពួកគេប្រមាណជា១០នាក់ ព្យាយាមដាក់ញត្តិ ជំរុញឲ្យរដ្ឋសភាបញ្ឈប់ហ៊ុនបូមខ្សាច់មួយនៅខេត្តកោះកុង ដែលក្រុមអ្នកតវ៉ាអះអាងថាសកម្មភាពបូមខ្សាច់នោះបង្កផលប៉ះពាល់ដល់បរិស្ថាន និងមុខរបនេសាទរបស់ពលរដ្ឋជិត៣០០គ្រួសារ។យុវជន៣នាក់នោះជាសមាជិកចលនាអង្គការមាតាធម្មជាតិ មានឈ្មោះ ឌឹម គុណឌី សន ចាន់ដារ៉ា និងលោក ចិត្រា។ ចំណែកមន្ត្រីព័ត៌មានរបស់សមាគមការពារសិទ្ធិមនុស្សអាដហុកម្នាក់ទៀត ដែលចុះឃ្លាំមើល គឺលោក ឌិត សុធី ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន។អភិបាលខណ្ឌដូនពេញ លោក គួច ចំរើន ដែលចុះបញ្ជាផ្ទាល់អះអាងថាវិធានការចាប់ខ្លួន ដើម្បីរៀបចំសណ្តាប់ធ្នាប់សារធារណៈ។មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សសមាគមអាដហុក លោក យី សុខសាន្ត ដែលមានវត្តមាននៅកន្លែងកើតហេតុបង្ហាញការខកចិត្តពីវិធានការនេះ។ មន្ត្រីសិទ្ធិមនុស្សរូបនោះឲ្យដឹងថាការអនុវច្បាប់នៅកម្ពុជា មិនស្មើភាពគ្នារវាងអ្នកគាំទ្របក្សកាន់អំណាច និងសកម្មជនការពារបរិស្ថាន ឬសកម្មជនការពារសិទ្ធិមនុស្សដទៃទៀត ព្រោះតែយុវជនច្រើនរយនាក់ ដែលធ្វើពិធីស្បថគាំទ្រគណបក្សប្រជាជនកម្ពុជាមិនត្រូវបានអាជ្ញាធរ រារាំងនឹងចាប់ខ្លួននោះទេ។អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ អះអាងថាការចាប់ខ្លួនយុវជននាពេលនេះ លោកថាគ្មានការរើសអើងទេ ដែលលោកយល់ថាជាវិធានការច្បាប់។នៅម៉ោងជាង១១ព្រឹក សមត្ថកិច្ចបានដោះលែងពួកគេវិញ ក្រោយពីមានការផ្តិតមេដៃលើកិច្ចសន្យាថាមុនពេលដាក់ញត្តិ ត្រូវសុំការអនុញ្ញាតពីអាជ្ញាធរជាមុនសិន។កន្លងទៅ ក្រុមអង្គការសង្គមស៊ីវិលច្រើនរយស្ថាប័នធ្លាប់តវ៉ាជំរុញឲ្យរដ្ឋាភិបាលទំលាក់ចោលនូវសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលពួកគេយល់ថាច្បាប់នោះនឹងរឹតបន្តឹងសេរីភាពនៃការបញ្ចេញមតិ។អគ្គលេខាធិការនៃគណៈកម្មាធិការប្រព្រឹត្តិកម្ម លោក សួន ប៊ុនស័ក្តិ លើកឡើងថាការចាប់ឃាត់ខ្លួន យុវជនដែលព្យាយាមយកញត្តិទៅដាក់រដ្ឋសភាដោយសន្តិវិធីនេះបង្ហាញថាសេរីភាពបញ្ចេញមតិនៅ កំពុង តែស្ថិតក្នុងការព្រួយបារម្ភខ្លាំង។សកម្មជនចលនាមាតាធម្មជាតិបានឲ្យអ្នកសារព័ត៌មានដឹងមុនអាជ្ញាធរចាប់ឃាត់ខ្លួននោះថាគម្រោងដាក់ញត្តិទៅរដ្ឋសភានេះ គឺគ្រាន់តែស្នើឲ្យក្រុមហ៊ុនបញ្ឈប់បូមខ្សាច់នៅស្រុកគីរីសាគរ ខេត្តកោះកុង ដែលពួក គេបញ្ជាក់ថាបានបង្កឲ្យបាត់បង់ព្រៃកោងកាង និងប៉ះពាល់មុខរបរ ប្រជានេសាទជាង៣០០គ្រួសារ ហើយ ករណីនេះ អាជ្ញាធរគ្មានការទប់ស្កាត់ឡើយ៕ដកស្រង់ពីសារព័ត៌មានសម្លេងប្រជាធិបតេយ្យ ចេញផ្សាយថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ២០១៥។