• សង្គម​ស៊ីវិល​រិះគន់​ការចាប់​យុវជន​តវ៉ា​ប្រឆាំង​ក្រុមហ៊ុន​បូម​ខ្សាច់​នៅ​កោះកុង​

    • Issue Date 26-Jun-2015

    ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​សិទ្ធិមនុស្ស បាន​រិះគន់​កងកម្លាំង​សមត្ថកិច្ច​ដែល​បាន​ចាប់ខ្លួន​ក្រុមយុវជន ៣​នាក់ របស់​អង្គការ​ចលនា​មាតា​ធម្មជាតិ ខណៈ​ពួកគេ​ចេញមុខ​តវ៉ា​ជំរុញ​ឲ្យ​រដ្ឋសភា​បញ្ឈប់ និង​ប្រឆាំង​សកម្មភាព​ក្រុមហ៊ុន​បូម​ខ្សាច់​នៅក្នុង​ខេត្តកោះកុង នៅ​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៥​។​​សង្គម​ស៊ីវិល​ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​សិទ្ធិមនុស្ស​រិះគន់ថា ការចាប់ខ្លួន​ក្រុមយុវជន និង​មន្ត្រី​សង្គម​ស៊ីវិល ជាការ​រំលោភសិទ្ធិ​បញ្ចេញមតិ និង​ជា​រឿង​ខុសច្បាប់​។​​ការរិះគន់​នេះ ធ្វើឡើង​បន្ទាប់ពី​សមត្ថកិច្ច​ខណ្ឌ​ចំការមន ប្រមាណ​ជិត ១០០​នាក់ បាន​ចាប់ខ្លួន​យុវជន ៣​នាក់ ជា​សមាជិក​ចលនា​អង្គការ​មាតា​ធម្មជាតិ មានឈ្មោះ សន ចាន់​ដា​រ៉ា ឌឹ​ម គុណ​ឌី និង ចេក នី​ត្រា ព្រមទាំង​មន្ត្រី​ព័ត៌មាន​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ម្នាក់ទៀត គឺ​លោក ឌិ​ត សុធី ខណៈ​មន្ត្រី​សង្គម​ស៊ីវិល​រូបនេះ​ចុះ​ឃ្លាំមើល​ការតវ៉ា​ប្រឆាំង​សកម្មភាព​ក្រុមហ៊ុន​បូម​ខ្សាច់​នៅក្នុង​ខេត្តកោះកុង របស់​ក្រុមយុវជន​។​​ទាក់ទង​នឹង​ការចាប់ខ្លួន​ក្រុមយុវជន​សមាជិក​ចលនា​អង្គការ​មាតា​ធម្មជាតិ​នេះ មន្ត្រី​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក ដែល​បាន​ចុះ​ឃ្លាំមើល​សកម្មភាព​តវ៉ា​នៅ​កន្លែងកើតហេតុ​ផ្ទាល់ លោក យី សុខសាន្ត ចាត់ទុកថា ការចាប់ខ្លួន​ក្រុមយុវជន​ដែល​គ្រាន់តែ​តវ៉ា​ទាមទារ​ដើម្បី​ការពារ​បរិស្ថាន​នៅ​កម្ពុជា គឺជា​ការរំលោភ​សិទ្ធិសេរីភាព​របស់​យុវជន​។​​លោក យី សុខសាន្ត បន្តថា នៅពេល​យុវជន​កម្ពុជា មាន​សកម្មភាព​ផុសផុល​ការពារ​ផលប្រយោជន៍​បរិស្ថាន រដ្ឋាភិបាល​ក៏ដូចជា​សមត្ថកិច្ច គួរតែ​យកចិត្ត​ទុក​រក្សា​សណ្ដាប់ធ្នាប់ និង​ជួយ​សម្រួល​ដល់​សកម្មភាព​យុវជន​៖ «»​។​​សមាគម​សិទ្ធិមនុស្ស​អា​ដ​ហុក បាន​សម្ដែង​ការសោកស្ដាយ​ចំពោះ​ទង្វើ​របស់​សមត្ថកិច្ច​ដែល​បាន​ចាប់ខ្លួន​ក្រុមយុវជន និង​មន្ត្រី​ព័ត៌មាន​របស់​សមាគម​អាដហុក នៅពេលនេះ ថា​គឺជា​រឿង​ខុសច្បាប់ និង​បានដាក់​ការសង្ស័យថា សកម្មភាព​របស់​ក្រុម​សមត្ថកិច្ច​នៅពេលនេះ គឺមាន​ចេតនា​រារាំង​ដល់​សកម្មភាព​របស់​ស​ង្គ​ម​ស៊ីវិល ព្រះសង្ឃ និង​សហជីព ដែល​គ្រោង​ធ្វើ​យុទ្ធនា​ការបញ្ឈប់​ការអនុម័ត​ច្បាប់​ស្ដីពី​ការ​គ្រប់​គ្រង់​អង្គការ សមាគម និង​សហជីព ដែលមាន​អ្នកចូលរួម​ជាង ៥០០​នាក់ ខាងមុខ​រដ្ឋសភា ចាប់ពី​ថ្ងៃទី​២៨ ខែមិថុនា ខាងមុខនេះ​។​​ឆ្លើយតប​នឹង​ការរិះគន់​នេះ អភិបាលរង​ខណ្ឌចំការមន លោក ជ គឹម​ស៊ អះអាងថា វិធានការ​ចាប់ខ្លួនរ​បស់​សមត្ថកិច្ច គឺ​ដើម្បី​រៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈ បញ្ចៀស​ការកកស្ទះ​ចរាចរណ៍ ម្យ៉ាងទៀត​ដោយសារ​ក្រុមយុវជន​ទាំងនោះ​មិនបាន​ជូនដំណឹង​ទៅ​ខណ្ឌ​ជាមុន​។​​ទោះជា​យ៉ាងណា នៅ​ម៉ោងជាង ១១​ព្រឹក សមត្ថកិច្ច​ខណ្ឌចំការមន បាន​ដោះលែង​ក្រុមយុវជន​ទាំងនោះ​វិញ ក្រោយពី​មានការ​ផ្ដិតមេដៃ​លើ​កិច្ច​សន្យាថា មុនពេល​ដាក់​ញត្តិ ត្រូវសុំ​ការអនុញ្ញាត និង​ជូនដំណឹង​ទៅ​អាជ្ញាធរ​ជាមុនសិន​។​​យ៉ាងណាក៏ដោយ ក្រុមយុវជន​នៃ​ចលនា​អង្គការ​មាតា​ធម្មជាតិ ចាត់ទុកថា ការរារាំង​របស់​ក្រុម​សមត្ថកិច្ច មិន​សម​ហេតុផល ហើយ​យុវជន​ទាំងនោះ​នឹង​បន្តសកម្មភាព​តវ៉ា​បញ្ឈ​ប់​សកម្មភាព​ក្រុមហ៊ុន​បូម​ខ្សាច់ International Rainbow Co., Ltd. នៅក្នុង​ខេត្តកោះកុង បន្តទៀត ព្រោះ​ក្រុមហ៊ុន​នេះ​បានធ្វើ​អាជីវកម្ម​ខ្សាច់​ជាច្រើន​ឆ្នាំ ធ្វើ​ឲ្យ​ប៉ះពាល់​ធនធានធម្មជាតិ និង​ជីវភាព​រស់នៅ​របស់​ព​ល​រដ្ឋ​ជាច្រើន​ពាន់​គ្រួសារ​នៅក្នុង​ខេត្តកោះកុង​៕​ដកស្រង់​ពី​វិទ្យុ​អាស៊ីសេរី ចេញផ្សាយ​ថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ​២០១៥​។​