• សាលាដំបូង​កោះហៅ​មន្ត្រី​សិទ្ធិមនុស្ស​ល្បីឈ្មោះ​មួយរូប​តាម​បណ្តឹង​របស់​មន្ត្រី​តុលាការ​

    • Issue Date 29-Jun-2015

    សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​បង្គាប់​ឲ្យ​អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​ល្បីឈ្មោះ​មួយរូប ចូល​បំភ្លឺ​នៅ​ពាក់កណ្តាល​ខែក្រោយ​នេះ ជុំវិញ​បណ្តឹង​របស់​មន្ត្រី​តុលាការ​ខេត្តសៀមរាប ខណៈ​បណ្តឹង​របស់​មន្ត្រី​សិទ្ធិមនុស្ស​មិនទាន់​យកមក​ដោះស្រាយ​នៅឡើយ ។ ​ការកោះហៅ​នេះ ធ្វើឡើង​បន្ទាប់ពី​លោក នី ចរិយា រិះគន់​មន្ត្រី​តុលាការ​ខេត្តសៀមរាប ថា​បាន​ឃុបឃិត​គ្នា​ប្រ​ព្រឹ​ត្ដ​អំពើពុករលួយ យក​ដី​ពលរដ្ឋ​ខ្មែរ​ប្រគល់​ឲ្យ​សហគមន៍​ជនជាតិ​វៀតណាម និង​បាន​ចាប់ខ្លួន​ពលរដ្ឋ​ខ្មែរ​ពីរ​នាក់​ដាក់ពន្ធនាគារ ដែល​លោក​ថា​ធ្វើឡើង​ខុស​នីតិវិធី​ច្បាប់ ។​​ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក នី ចរិយា ប្រាប់ VOD នៅ​ថ្ងៃ​ចន្ទ​នេះ​ថា សាលាដំបូង​រាជធានី​ភ្នំពេញ​បានចេញ​ដីកា​បង្គាប់​ឲ្យ​រូបលោក ចូលទៅ​បំភ្លឺ​នៅ​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៥ ក្រោម​បណ្តឹង​របស់​ចៅក្រម​ស៊ើបសួរ និង​ព្រះរាជអាជ្ញារង​ខេត្តសៀមរាប ដែល​ប្តឹង​លោក​ពីបទ​បរិហារ​បង្កាច់​កេ​រិ៍្ត បរិហាកេរ្តិ៍​ជា​សាធារណៈ និង​បទ​ផ្សព្វផ្សាយ​នូវ​ការអត្ថាធិប្បាយ​ដើម្បី​ដាក់​សម្ពាធ​លើ​យុត្តាធិការ ។ លោក​បន្តថា លោក​នឹង​ចូលទៅ​បំភ្លឺ​តាម​ដីកាកោះ​របស់​តុលាការ​នោះ ។​​ទោះជា​យ៉ាងណា លោក នី ចរិយា យល់ថា​ការអនុវត្ត​នីតិវិធីរ​បស់​តុលាការ​នេះ លម្អៀង​ទៅរក​អ្នកនយោបាយ ឬ​អ្នកមានអំណាច ខណៈ​ពាក្យបណ្តឹង​របស់លោក​ដែល​ប្តឹង​មន្ត្រី​តុលាការខេត្ត​សៀមរាប​ដា​ក់​ទៅ​សាលាឧទ្ធរណ៍ ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម និង​ក្រសួងយុត្តិធម៌​មុន​បណ្តឹង​របស់​មន្ត្រី​តុលាការ​នោះ តែ​មិន​ត្រូវបាន​យកទៅ​ដោះស្រាយ ។លោក​ថា «​ទាក់ទង​ទៅនឹង​ករណី​ឪពុក​លោក ថោង សារ៉ាត់ និង​ករណី​លោក ថោង សារ៉ាត់ ហ្នឹង​គឺថា​គ្រាន់តែ​នាយករដ្ឋមន្ត្រី​ពី​ពេលព្រឹក សុំ​ឲ្យ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ធ្វើការ​ពិនិត្យឡើងវិញ ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ហ្នឹង​បាន​កោះប្រជុំ​ភ្លាមៗ រហូតដល់​ល្ងាច​ឡើង​រហូតដល់​ល្ងាច​ឡើង ធ្វើការ​ដកតំណែង​ប្រធាន​តុលាការ​មួយ​ភ្លាម ដែល​ខុសពី​ករណី​របស់​យើង ដែល​យើង​ដាក់​ប្តឹងទៅ​មកដល់ពេលនេះ គឺថា​វា​មួយខែ​ជាង ហើយ​យើង​អត់​ឃើញ​ការឆ្លើយតប​អី​ទាល់តែសោះ ពី​ស្ថាប័ន​ទាំងបី​ហ្នឹង​» ។​​អ្នកគ្រប់គ្រង​បច្ចេកទេស​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​អង្គការ​លីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ការកោះហៅ​មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​អាដហុក​ឲ្យ​ចូល​បំភ្លឺ​នោះ ជាការ​រឹតត្បិត​សេរីភាព​បញ្ចេញមតិ និង​គំរាមកំហែង បំភិតបំភ័យ​លើ​មន្ត្រី​សង្គម​ស៊ីវិល​ដែល​និយាយ​ពី​ចំណុច​ខ្វះខាត​របស់​មន្ត្រី​តុលាការខេត្ត​សៀមរាប​នោះ ។ លោក​ថា «​នេះ​ជា​សិទ្ធិសេរីភាព​ក្នុងការ​បញ្ចេញមតិ​រប​ស់​ពលរដ្ឋ​នីមួយៗ របស់​បុគ្គលិក​របស់​អង្គការ​នីមួយៗ ហើយ​ប្រសិនជា​មានការ​ចោទប្រកាន់​ណាមួយ​នោះ ដែល​យើង​គិតថា វា​ជាការ​បំបិទ​សិទ្ធិសេរីភាព​ក្នុងការ​បញ្ចេញមតិ ក៏ដូចជា​ការគំរាមកំហែង​ទៅលើ​បុគ្គលិក​នៃ​អង្គការ សមាគម​ការពារ​សិទ្ធិមនុស្ស​» ។​​លោក អំ សំអាត បន្ថែមទៀតថា ករណីនេះ​តុលាការ​ត្រូវ​ទម្លាប់​បទ​ចោទ ឬ​តម្កល់​រឿង​នោះ​ទុក​មិន​ចាត់ការ ចៀសវៀង​បង្ហាញ​ពី​រូបភាព​គំរាមកំហែង​លើ​មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស ។​VOD មិនអាច​ទាក់ទង​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​នៅឡើយ ។​​លោក នី ចរិយា បានធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ ចោទ​ព្រះរាជអាជ្ញារង លោក សុខ កែវ​បណ្ឌិត និង​ចៅក្រម​ស៊ើបសួរ លោក គី ឬ​ទ្ធី បាន​ឃុបឃិត​គ្នា​ប្រ​ព្រឹ​ត្ដ​អំពើពុករលួយ យក​ដី​ពលរដ្ឋ​ខ្មែរ​ប្រគល់​ឲ្យ​សហគមន៍​ជនជាតិ​វៀតណាម និង​បាន​ចាប់ខ្លួន​ពលរដ្ឋ​ពីរ​នាក់ ដាក់ពន្ធនាគារ​ធ្វើឡើង​ខុស​នីតិវិធី​ច្បាប់ ហើយ​សមាគម​អាដហុក​បានដាក់​ពាក្យ​ប្ដឹងទៅ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ក្រសួង​យុត្ដិធម៌ និង​សាលាឧទ្ធរណ៍ ដើម្បី​កោះហៅ​មន្ដ្រី​ទាំងនោះ​ទៅ​បំភ្លឺ​លើ​ករណីនេះ ។​​ប៉ុន្ដែ​បន្ទាប់ពី​មានការ​ចោទប្រកាន់​មន្ដ្រី​តុលាការ​ខេត្ដ​សៀមរាប បាន​តម្រូវ​ឲ្យ​សមាគម​ការពារ​សិទ្ធិមនុស្ស ធ្វើការ​កែតម្រូវ​នូវ​បទ​ចោទថា តុលាការ​នេះ បាន​ចាប់ខ្លួន​ពលរដ្ឋ​ពីរ​នាក់​ដាក់ពន្ធនាគារ​ខុសច្បាប់ ដោយ​តុលាការ​យល់ថា ការចោទប្រកាន់​នេះ ជា​រូបភាព​ញុះញង់​នាំ​ឲ្យ​មានការ​រើសអើង​ពូជសាសន៍ ៕​ដកស្រង់​ពី​សារព័ត៌មាន​សម្លេង​ប្រជាធិបតេយ្យ ចេញផ្សាយ​ថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ​២០១៥​។​