• អង្គការ​សមាគម​អំពា​វ​នាវ​មិន​ឲ្យ​សភា​អនុម័ត​ច្បាប់​ស្តីពី​សមាគម និង​អង្គការ ខណៈ​បក្ស​ប្រជាជន​គាំទ្រ​

    • Issue Date 29-Jun-2015

    ​ក្រុម​តំណាង​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ប្រមាណ ៤០០​នាក់ បានទាមទារ និង​អំពាវនាវ​មិន​ឲ្យ​សភា​អនុម័ត​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ក្នុង​ព្រឹក​ថ្ងៃទី​២៨ ខែមិថុនា​នេះ​។ ការទាមទារ​នេះ បានធ្វើ​ឡើង​នៅខាងមុខ​រដ្ឋសភាជាតិ ដោយមាន​ការដើរ​ហែរ​ក្បួន​ជុំវិញ​រដ្ឋសភា និង​បង្ហោះ​ប៉េងប៉ោង​ផងដែរ​។ការអំពាវនាវ​នេះ បានធ្វើ​ឡើង​ម្តង​ហើយ​ម្តងទៀត ដើម្បី​កុំ​ឲ្យ​សភា​អនុម័ត​ច្បាប់​នេះ ព្រោះ​វា​ប៉ះពាល់​ដល់​សកម្មភាព​បំពេញការងារ​របស់​ស​មា​គម និង​អង្គការក្រៅរដ្ឋាភិបាល​។​​នេះ​ជា​សម្លេង​របស់​ក្រុម​តំណាង​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​បាន​ស្រែក​អំពាវនាវ​មិន​ឲ្យ​រដ្ឋសភាជាតិ​អនុម័ត​ច្បាប់​សមាគម​អង្គការ​។នៅ​ព្រឹក​នេះ មានការ​ចូលរួម​ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដែលមាន​ដូចជា​សមាគម​អាដហុក អង្គការ​លីកាដូ ជាដើម​។ លោក ធន សា​រ៉ា​យ ប្រធាន​សមាគម​អាដហុក​បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន អំពី​ការ​មក​ចូលរួម​នៅទីនេះ​ថា ដើម្បី​អំពាវនាវ​មិន​ឲ្យ​មានការ​អនុម័ត​ច្បាប់​នេះ ដោយសារតែ​វា​មិនបាន​បំរើ​ប្រយោជន៍​សង្គម​ទូទៅ​ទេ​។ តែ​វា​គឺជា​ច្បាប់ ដែល​ចងដៃ​ចងជើង​សមាគម និង​អង្គការក្រៅរដ្ឋាភិបាល​។​​លោក​ធន សា​រ៉ា​យ បន្តថា បើ​មាន​គណបក្សនយោបាយ​ណា​បន្ត​អនុម័ត​ច្បាប់​នេះ នោះ​ក្រុម​អង្គការ​សង្គម​ស៊ីវិល នឹង​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ជា​ម្ចាស់ឆ្នោត​មិន​ឲ្យ​បោះឆ្នោត​ឲ្យ​ពួក​អ្នកនយោបាយ​ទាំងនោះ​ទៀត​ទេ​។ ម្យ៉ាងវិញទៀត លោក​ថា គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា មាន​វប្បធម៌​សន្ទនា ចុះ​ហេតុអ្វី​រដ្ឋាភិបាល​មិនបង្កើត​ឲ្យ​មានការ​សន្ទនា​គ្នា​រវាង​អង្គការក្រៅរដ្ឋាភិបាល​ដែរ​ទៅ​។​​យ៉ាងណាមិញ បើតាម​អ្នកនាំពាក្យ​រដ្ឋសភា លោក ឈាង វុន ដែល​ធ្លាប់បាន​ប្រាប់​វិទ្យុ​បារាំង កាលពី​ថ្ងៃទី​១៦ ខែមិថុនា​កន្លងទៅ​ថា គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា នឹង​បញ្ជូន​សេចក្ដីព្រាងច្បាប់​នេះ​ទៅកាន់​គណៈកម្មការ​ជំនាញ ដើម្បី​សិក្សា ស្រាវជ្រាវ និង​ផ្ដល់យោបល់​ជាមុនសិន​។ ហើយ​ក្រោយពី​នោះ នឹងមាន​ការពិភាក្សា​ជាមួយ​រដ្ឋាភិបាល មុននឹង​រៀបចំ​ឲ្យ​មាន​សិក្ខាសាលា​ពិគ្រោះ​យោបល់​ជាមួយ​ភាគី​ពាក់ព័ន្ធ ផ្សេងទៀត​។​​ចំណែកឯ​ប្រធាន​គណបក្ស​ប្រជា​កម្ពុជា​បាន​ថ្លែង​ក្នុង​ពី​ធី​គំរប់​ខួប ៦៤​ឆ្នាំ​នៃ​ការបង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​ថា គណបក្ស​នេះ​គាំទ្រ​ការបង្កើត​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដើម្បី​ការពារ​សិទ្ធិសេរីភាព និង​ផលប្រយោជន៍​របស់​សមា​គម ព្រមទាំង​ធានា​ឲ្យ​កិច្ចដំណើរការ​របស់​អង្គការ​ទាំងនេះ ប្រព្រឹត្តិ​ទៅ​ប្រកបដោយ​ប្រសិទ្ធភាព​។​​សូមបញ្ជាក់ថា ច្បាប់​នេះ​បាន​ទៅដល់​រដ្ឋសភាជាតិ​កាលពី​ថ្ងៃទី​១៦ ខែមិថុនា ក្រោយពី​បាន​លុបចោល​២​មាត្រា និង​កែសម្រួល​២​មាត្រា ដោយ​ទីស្តីការគណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃទី​៥ ខែមិថុនា​។ ចំពោះ​ពេល​វេ​ល​សម្រាប់​ការពិភាក្សា​ជា​ផ្លូវការ​លើ​សេចក្តីព្រាងច្បាប់ ៩​ជំ​ពួក និង​៣៩​មាត្រា​នេះ ដោយ​រដ្ឋសភាជាតិ មិនទាន់បាន​ញ្ជា​ក់​ច្បាស់លាស់​នៅឡើយ​ទេ​៕​ដកស្រង់​ពី​វិទ្យុ​បារាំង​អន្តរជាតិ ចេញផ្សាយ​ថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ​២០១៥​។​