-
ក្រុមយុវជន ចាប់ផ្តើមខ្វល់ពីសេចក្តីព្រាងច្បាប់ NGO
- Issue Date 30-Jun-2015
ក្រុមយុវជនខ្មែរមួយក្រុម បានចាប់ផ្តើមសម្តែងការព្រួយបារម្ភពីផលប៉ះពាល់ នៃសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល។ ក្រុមយុវជន អះអាងថា ច្បាប់នេះ នឹងក្លាយជាឧបសគ្គយ៉ាងខ្លាំង ចំពោះការចូលរួមរបស់យុវជន ក្នុងសកម្មភាពសង្គម។ការលើកឡើងនេះ បានធ្វើឡើងនៅក្នុងសន្និសីទកាសែតរបស់ក្រុមយុវជននៃសភាយុវជនត្រាប់ នាអង្គការ OXFAM នៅថ្ងៃអង្គារ ទី ៣០មិថុនានេះ។ក្រុមយុវជននៃសភាយុវជនត្រាប់ បានបង្ហាញក្តីបារម្ភ នៅក្នុងសន្និសីទរបស់ខ្លួនថា សេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល ត្រង់មាត្រា៥ មាត្រា១០ មាត្រា២៤ មាត្រា២៥ មាត្រា២៦ មាត្រា៣០ និងមាត្រា៣២ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សកម្មភាពជួយសង្គម របស់ក្រុមយុវជន។ថ្លែងនៅក្នុងសន្និសីទកាសែត ក្រុមយុវជន បញ្ជាក់ថា បើសេចក្តីព្រាងច្បាប់នេះ ត្រូវបានអនុម័តដោយសភាជាតិ នោះវានឹងក្លាយជាឧបសគ្គយ៉ាងខ្លាំង ដល់ការចូលរួមរបស់យុវជនយ៉ាងប្រាកដ។យុវជន បារម្ភថាការតម្រូវឲ្យមានការចុះបញ្ជីអង្គការ និងសមាគម គឺមិនបានលើកទឹកចិត្តឲ្យក្រុមយុវជន មានលទ្ធភាពបង្កើតសមាគម និងអង្គការដោយសេរីនោះទេ។ ហើយវាជាហេតុ ធ្វើឲ្យប៉ះពាល់ដល់ការផ្តួចផ្តើមគំនិតរបស់យុវជន ក្នុងការបង្កើតការងារ និងស្វែងរកបទពិសោធន៍។ កត្តានេះ នឹងនាំឲ្យយុវជនដែលគ្មានការងារធ្វើ អាចក្លាយជាជនក្រីក្រហើយអាចបង្កចលាចលក្នុងសង្គមនៅថ្ងៃអនាគត។ក្រៅពីនេះ ការធ្វើរបាយការណ៍ហិរញ្ញវត្ថុ និងសកម្មភាពប្រចាំឆ្នាំ ផ្ញើរឲ្យរដ្ឋាភិបាល ក៏ជាការបង្អាក់ស្មារតីនៃការអភិវឌ្ឍសង្គមរបស់យុវជនផងដែរ។ ក្រុមយុវជន អះអាងថា រដ្ឋមានកាតព្វកិច្ចបង្ហាញរបាយការណ៍ចំណូលចំណាយប្រចាំឆ្នាំ ដល់ក្រុមអង្គការ ដោយសាររដ្ឋបានប្រើប្រាស់ថវិកាប្រមូលពន្ធពីពលរដ្ឋ។ ប៉ុន្តែអង្គការមិនគួរ ផ្តល់គ្រប់របាយការណ៍ពីសកម្មភាពរបស់ខ្លួន ទៅរដ្ឋទេ ព្រោះអង្គការ សមាគម ទទួលបានថវិកាជំនួយ។តាមក្រុមយុវជន សេចក្តីព្រាងច្បាប់នេះ វាក៏ជាឧបសគ្គ ក្នុងការអនុវត្តគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍយុវជនកម្ពុជា ដែលបានចែងថា ត្រូវបង្កលក្ខណៈងាយស្រួលឲ្យយុវជនចូលរួមឲ្យបានពេញលេញក្នុងសហគមន៍មូលដ្ឋាននិងស្ថាប័ននានា។ក្រុមយុវជនសភាយុវជនត្រាប់ ចង់ឲ្យសភាបើកកិច្ចប្រជុំពិភាក្សាជាសាធារណៈ ជាមួយនឹងក្រុមអង្គការសង្គមស៊ីវិល ជាមុនសិន មុននឹងសម្រេចអនុម័តសេចក្តីព្រាងច្បាប់នេះ។យុវជន គិតថាពេលនេះជាពេលវេលាល្អ សម្រាប់មានច្បាប់គ្រប់គ្រងអង្គការនៅកម្ពុជា ប៉ុន្តែច្បាប់នេះ គួរតែជាច្បាប់មួយដែលប្រកបដោយតម្លាភាព ហើយមិនរឹតត្បិតដល់សេរីភាព និងសិទ្ធិរបស់យុវជន។ យុវជន គាំទ្រវប្បធម៌សន្ទនា រវាងបក្សជាប់ឆ្នោតទាំងពីរ ដើម្បីស្វែងរកដំណោះស្រាយរួមមួយ ធ្វើឲ្យល្អប្រសើរឡើងនូវសេចក្តីព្រាងច្បាប់ស្តីពីអង្គការក្រៅរដ្ឋាភិបាលនេះ៕ដកស្រង់ពីវិទ្យុបារាំងអន្តរជាតិ ចេញផ្សាយថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ២០១៥។