-
រដ្ឋសភានឹងបើកឲ្យមានការពិភាក្សាលើសេចក្តីព្រាងច្បាប់អង្គការនៅថ្ងៃទី១០ ខែកក្កដា
- Issue Date 30-Jun-2015
រដ្ឋសភានឹងបើកឲ្យមានការពិភាក្សាលើសេចក្តីព្រាងច្បាប់អង្គការនៅថ្ងៃទី១០ ខែកក្កដាអ្នកនាំពាក្យរដ្ឋសភា លោក ឈាង វុន ឲ្យដឹងថារដ្ឋសភានឹងបើកឲ្យមានការពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល នៅថ្ងៃទី១០ខែកក្កដា ខាងមុខនេះ ខណៈសង្គមស៊ីវិល និងប្រជាពលរដ្ឋមួយចំនួនចាប់ផ្តើមយុទ្ធនាការតវ៉ាជាបន្តបន្ទាប់ប្រឆាំងនឹងច្បាប់នេះ។លោក ឈាង វុន បានលើកឡើងបែបនេះនៅក្នុងជំនួបមួយជាមួយលោកJoachim Baron von Marschell ឯកអគ្គរដ្ឋទូតអាឡឺម៉ង់ប្រចាំកម្ពុជា កាលពីថ្ងៃចន្ទ ម្សិលមិញ។ បើតាមគេហទំព័ររបស់រដ្ឋសភា ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់បានសម្តែងការព្រួយបារម្ភពីសេចក្តីព្រាងច្បាប់នេះ។ជាការឆ្លើយតប លោក ឈាង វុន មានប្រសាសន៍ថាច្បាប់នេះគោលបំណងពង្រឹងតួនាទីរបស់សមាគមនិងអង្គការក្រៅរដ្ឋាភិបាលឲ្យទៅជាដៃគូអភិវឌ្ឍន៍ល្អរបស់កម្ពុជា។បើតាមគេហទំព័រ លោក ឈាង វុន បានលើកឡើងថាក្រោយពីបានទទួលសេចក្តីព្រាងច្បាប់នេះ គណៈកម្មការទី៥នៃរដ្ឋសភាដែលមានលោកជាប្រធាន បានសហការជាមួយគណៈកម្មការជំនាញទី៤ និងទី៦ ពិនិត្យ និងពិភាក្សាគ្នាយ៉ាងល្អិតល្អន់។គេហទំព័ររដ្ឋសភាបន្តថា«ឯកឧត្តម ឈាង វុន បានបញ្ជាក់ថារដ្ឋសភានឹងធ្វើសិក្ខាសាលាពិគ្រោះយោបល់មួយពីសេចក្តីព្រាងច្បាប់នេះនៅថ្ងៃទី១០ខែកក្កដា ឆ្នាំ២០១៥ ដោយមានការចូលរួមពីអង្គទូតនានាប្រចាំនៅកម្ពុជា អង្គការជាតិ អន្តរជាតិ តំណាងក្រសួងពាក់ព័ន្ធ រដ្ឋសភា និងព្រឹទ្ធសភា»។សេចក្តីព្រាងច្បាប់ចុងក្រោយ ដែលរដ្ឋាភិបាលបានដាក់ទៅរដ្ឋសភា មាន៩ជំពូក និងមាន៣៩មាត្រា។ មាត្រា២៤នៃសេចក្តីព្រាងច្បាប់នេះបានចែងថា« អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក អង្គការមិនមែនរដ្ឋាភិបាលបរទេស ឬសមាគមបរទេស ត្រូវប្រកាន់ជំហរអព្យាក្រឹតចំពោះគ្រប់គណបក្សនយោបាយនៅ ព្រះរាជាណាចក្រកម្ពុជា»។ មាត្រា១០នៃសេចក្តីព្រាងច្បាប់នេះចែងថា សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរអំពីព័ត៌មានរាល់គណនីដែលត្រូវ បើកសម្រាប់កិច្ចប្រតិបត្តិការរបស់ខ្លួននៅធនាគារក្នុង ព្រះរាជាណាចក្រកម្ពុជា។ មាត្រា២៥ចែងថាសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវផ្ញើបាយការណ៍បូកសរុបសកម្មភាពការងារ និងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំទៅក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ មាត្រា២៥ បន្តថាក្នុងករណីចំបាច់ ក្រសួងមហាផ្ទៃ អាចស្នើសុំរបាយការណ៍ស្តីពីសកម្មភាព និងនយោបាយហិរញ្ញវត្ថុប្រចាំឆ្នាំរបស់សមាគម។ករណីដែលសមាគម និងអង្គការមិនមែនរដ្ឋាភិបាល មិនអនុវត្តតាមមាត្រា១០ មាត្រា២៤ និងមាត្រា២៥ ក្រសួងមហាផ្ទៃត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរដោយទុករយៈពេលយ៉ាង យូរ៣០ថ្ងៃ ថ្ងៃនៃថ្ងៃធ្វើការ។ ករណីមិនអនុវត្តតាម ក្រសួងនឹងជូនដំណឹងជាលាយលក្ខណ៍អក្សរផ្អាកសកម្មភាពបណ្តោះអាសន្ន រយៈពេលយ៉ាងយូរ៩០ថ្ងៃ។ ក្នុងករណីនៅតែមិនព្រមអនុវត្ត ក្រសួងមហាផ្ទៃត្រូវសម្រេចជាលាយលក្ខណ៍អក្សរលុបឈ្មោះចេញពីបញ្ជី៕ដកស្រង់ពីសារព័ត៌មានសម្លេងប្រជាធិបតេយ្យ ចេញផ្សាយថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ២០១៥។