• សង្គម​ស៊ីវិល​ថា ការពិគ្រោះ​យោបល់​ស្តីពី​ច្បាប់​អង្គការ​ក្នុង​រយៈពេល​ខ្លី​គឺ​គ្រាន់តែ​ជាការ​បង្គ្រប់កិច្ច​

    • Issue Date 01-Jul-2015

    ​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន​លើកឡើងថា ការបើក​ឲ្យ​មានការ​ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល នៅ​ថ្ងៃទី​១០ ខែកក្កដា ខាងមុខនេះ គឺ​គ្រាន់តែ​ជា​សិក្ខាសាលា​បង្គ្រប់កិច្ច​មួយ​ប៉ុណ្ណោះ បើសិនជា​សិក្ខាសាលា​នេះ​នឹងត្រូវ​ធ្វើឡើង​តែមួយព្រឹក ឬមួយ​ថ្ងៃនោះ ។​​នៅ​ថ្ងៃទី​១០ ខែកក្កដា ខាងមុខនេះ រដ្ឋសភា​នឹង​បើក​ឲ្យ​មានការ​ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​សមាគម និង​អង្គការក្រៅរដ្ឋាភិបាល ដោយ​បើក​ឲ្យ​មានការ​ចូលរួម​ពី​អង្គទូត​នានា​ប្រចាំ​នៅ​កម្ពុជា អង្គការ​ជាតិ អន្តរជាតិ តំណាង​ក្រសួង​ពាក់ព័ន្ធ រដ្ឋសភា និង​ព្រឹទ្ធសភា ។​​អ្នកគ្រប់គ្រង​បច្ចេកទេស​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​អង្គការ​លីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ការពិគ្រោះ​យោបល់​មួយ​ដែលមាន​ប្រសិទ្ធភាព តម្លាភាព គឺ​ត្រូវការ​ពេលវេលា និង​មានការ​ពិភាក្សាគ្នា​ច្រើនដង ដើម្បី​មានឱកាស​ផ្តល់យោបល់​ឲ្យ​គ្នា​ទៅវិញទៅមក និង​មានការ​កែប្រែ​ជាដើម ។ លោក​ថា បើសិនជា​សិក្ខាសាលា​នេះ ធ្វើ​ឡើងជា​សាធារណៈ និង​មាន​ចំនួន​ច្រើនដង លោក​ថា សង្គម​ស៊ីវិល​នឹង​ពេញចិត្ត​ក្នុងការ​ចូលរួម​ពិគ្រោះ​យោបល់ ។​​លោក​បន្ថែមថា «​បើសិនជា​កិច្ច​ពិគ្រោះ​យោបល់​ធ្វើឡើង​តែមួយព្រឹក ឬមួយ​ថ្ងៃ​ដូចជា​ច្បាប់ គ​.​ជ​.​ប ឬក៏​ច្បាប់​ការបោះឆ្នោត គឺ​ខ្ញុំ​គិតថា​អាហ្នឹង​វា​គ្រាន់តែ​ជាការ​បង្គ្រប់កិច្ច​ទេ មិនមែនជា​សិក្ខាសាលា ឬ​ការពិគ្រោះ​យោបល់​នោះទេ ។ អញ្ចឹង​យើង​ជា​សង្គម​ស៊ីវិល​ចាំមើល បើសិនជា​ការពិគ្រោះ​យោបល់​បែប​បង្គ្រប់កិច្ច អាហ្នឹង​វា​ពិបាក​ណាស់​ក្នុង​ការចូលរួម​សិក្ខាសាលា​នោះ​បាទ​»​។​​នាយក​ប្រតិបត្តិ​សមាគម​ធាងត្នោត លោក អ៊ី សា​រ៉ុ​ម លើកឡើងថា ការធ្វើ​សិក្ខា​ពិគ្រោះ​យោបល់​គួរតែមាន​រយៈពេល​សម​រម្យ​មួយ ដើម្បី​ធ្វើការ​ពិភាក្សាគ្នា និង​ថ្លឹង​ថ្លែងថា​តើ​មតិយោបល់​ណាមួយ​អាចដាក់​បញ្ចូល​ក្នុង​សេចក្តីព្រាងច្បាប់​នេះ​បាន ។ លោក​បន្តថា ការបើក​ឲ្យ​មាន​សិក្ខាសាលា​ពិភាក្សា​រយៈពេល​ខ្លី គឺ​មិន​គ្រប់គ្រាន់​ក្នុងការ​ពិភាក្សា​ប្រកបដោយ​អត្ថន័យ​នោះទេ ។ លោក​បន្ថែមថា «​ខ្ញុំ​គិតថា​វា​អត់​មានន័យ​ក្នុងការ​ការពិគ្រោះ​យោបល់​ក្នុង​រយៈពេល​កន្លះ​ថ្ងៃ ឬមួយ​ថ្ងៃ ព្រោះថា​វា​អត់​គ្រប់គ្រាន់​នោះទេ ការដែល​បើក​ឲ្យ​មាន​សិក្ខាសាលា ការបើក​ឲ្យ​មានការ​ពិគ្រោះ​យោបល់​យើង​ត្រូវការ​ពេលវេលា​...​មិនមែន​រៀបចំ​តែមួយព្រឹក​ធ្វើ​បទ​បង្ហាញ​ហើយ បង្ខំ​ឲ្យ​ទទួលយក​នោះទេ​បាទ​» ។​​លោក អ៊ី សា​រ៉ុ​ម បន្តទៀតថា សង្គម​ស៊ីវិល​ចង់​ឲ្យ​ទម្លាក់ចោល​ច្បាប់​នេះ​តែម្តង ដោយ​លោក​យល់ថា​នៅ​កម្ពុជា​មិនទាន់​ចាំបាច់​ត្រូវមាន​ច្បាប់​នេះនោះ​ទេ ។ លោក​ថា អ្វីដែល​ចាំបាច់​សម្រាប់​កម្ពុជា គឺ​រដ្ឋាភិបាល​គួរ​គិតគូ​ពី​បញ្ហា​អត់​ការងារ​ធ្វើ បញ្ហា​ព្រំដែន អំពើពុករលួយ និង​ប្រព័ន្ធយុត្តិធម៌​មិន​ឯករាជ​ជាដើម ។ទោះយ៉ាងណា លោក​ថា លោក​នឹង​ទៅ​រួម​សង្កេតមើល​ការពិគ្រោះ​យោបល់​នៅ​ថ្ងៃទី​១០ ខែកក្កដា ។​​អ្នកនាំពាក្យ​រដ្ឋសភា និង​ជា​ប្រធាន​គណៈកម្មការ​ទី​៥ លោក ឈាង វុន មានប្រសាសន៍ថា រដ្ឋសភា​នឹងធ្វើ​លិខិតអញ្ជើញ​ទៅ​អង្គការ​សង្គម​ស៊ីវិល សមាគម និង​អង្គទូត​នានា ដើម្បី​ឲ្យ​ចូលរួម​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​នេះ ។ លោក​ឲ្យ​ដឹង​ដែរ​ថា សិក្ខាសាលា​ពិគ្រោះ​យោបល់​នេះ អាចធ្វើ​ឡើង​ក្នុង​រយៈពេល​កន្លះ​ថ្ងៃ ឬ​រហូតដល់​ពីរ​ថ្ងៃ​ទៅតាម​ស្ថានភាព​ជាក់ស្តែង ។ ​លោក ឈាង វុន បន្ថែមថា «​ខ្ញុំ​មិនដឹងថា​ទទួល​ឬ​មិន​ទទួល​ទេ តែ​យោបល់​ល្អ​ខ្ញុំ​ទទួល យោបល់​អត់​ល្អ​ខ្ញុំ​អត់​ទទួល​ទេ​» ។​​គួរ​បញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ក្រុម​អង្គការ​សង្គម​ស៊ិ​វិល និង​សកម្មជន​ដីធ្លី​ជិត​៦០០​នាក់​បានធ្វើ​យុទ្ធនា​ការហែក្បួន​ទៅ​ជួបជុំគ្នា​នៅមុខ​រដ្ឋសភា ប្រឆាំងនឹង​សេចក្ដីព្រាងច្បាប់​ស្ដីពី​ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល និង​សេចក្ដីព្រាងច្បាប់​ស្ដីពី​សហជីព​ផងដែរ ដោយ​ពួកគេ​យល់ថា សេចក្តីព្រាងច្បាប់​ទាំងពីរ​នោះ​មាន​លក្ខណៈ​គាបសង្កត់ ។​​សេចក្តីព្រាងច្បាប់​ចុងក្រោយ ដែល​រដ្ឋាភិបាល​បានដាក់​ទៅ​រដ្ឋសភា មាន​៩​ជំពូក និង​មាន​៣៩​មាត្រា ។ សេចក្ដីព្រាងច្បាប់​នោះ​តម្រូវ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​ប្រកាន់​ជំហរ​អ​ព្យា​ក្រិត និង​ត្រូវ​ផ្ញើ​របាយការណ៍​បូកសរុប​សកម្មភាព​ការងារ និង​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំ​ឆ្នាំទៅ​ក្រសួងមហាផ្ទៃ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។ ច្បាប់​នេះ​ក៏​អនុញ្ញាត​ឲ្យ​ក្រសួងមហាផ្ទៃ​អាច​លុបឈ្មោះ​អង្គការ​សង្គម​ស៊ីវិល ដែល​មិន​អុ​វត្ត​តាម​មាត្រា​មួយចំនួន​នៃ​ច្បាប់​នេះ​ផងដែរ ៕​ដកស្រង់​ពី​សារព័ត៌មាន​សម្លេង​ប្រជាធិបតេយ្យ ចេញផ្សាយ​ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ​២០១៥​។​